30.4 C
Phnom Penh

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនជាតិចិនជាង១រយនាក់ ទៅប្រទេសដើមវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចកម្ពុជាបានឱ្យដឹងថា ក្រោយបញ្ចប់នីតិវិធីរួចសមត្ថកិច្ចកម្ពុជា នឹងបណ្តេញជនជាតិចំនួន ១២៧នាក់ ចេញពីកម្ពុជា ទៅកាន់ប្រទេសដើមពួកគេវិញ។ ការសម្រេចនេះ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា និងកម្លាំងសមត្ថកិច្ចចិន បានចាប់ខ្លួនជនជាតិចិនជាង១រយនាក់(១២៧) ដោយមានស្រីចំនួន១០នាក់ កាលពីថ្ងៃពុធ សប្តាហ៍នេះពាក់ព័ន្ធករណីចាប់ជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត នៅខេត្តព្រះសីហនុ។

សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តី អ៊ី សុខឃី មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន របស់ក្រសួងមហាផ្ទៃចុះផ្សាយថាជនជាតិចិនចំនួន១២៧ រូបនោះ ត្រូវបានបញ្ជូនមកឃុំខ្លួននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រាជធានីភ្នំពេញ ដោយរង់ចាំបញ្ចប់នីតិវិធី និងបណ្តេញចេញទៅប្រទេសដើមរបស់ពួកគេវិញ។ ប៉ុន្តែចំពោះនីតិវិធីបន្តនៅប្រទេសដើមរបស់ពួកគេយ៉ាងណានោះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ មិនបានដឹងឡើយ។

កាលពីខែកញ្ញា ឆ្នាំមុន ក្រសួងមហាផ្ទៃ បានចេញផ្សាយរបាយការណ៍របស់ខ្លួនមួយដោយបង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់ ក្នុងនោះជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានចំនួន ជិត៨ម៉ឺននាក់។

ចំណែករបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្ហាញថា គិតត្រឹមបំណាច់ឆ្នាំ២០១៨កម្ពុជាបានបញ្ជូនជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានជាង ៧រយនាក់ ចេញពីកម្ពុជា រីឯបទល្មើសដែលសមត្ថកិច្ចអះអាងថាមានច្រើនជាងគេនោះ គឺបទល្មើសគំរាមជំរិត និងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (VOIP)។

កន្លងមក អង្គការសង្គមស៊ីវិលធ្លាប់សម្តែងក្តីព្រួយបារម្ភចំពោះកំណើនជនជាតិចិននៅកម្ពុជាកាន់តែច្រើន ស្របពេលការអនុវត្តច្បាប់កម្ពុជានៅមានភាពធូរលុងខ្លាំង ដែលអាចផ្តល់ឱកាសឱ្យជនជាតិចិនមួយចំនួនបង្កអសន្តិសុខ និងការរំខានដល់ម្ចាស់ស្រុក ដូចជាការប្រព្រឹត្តបទល្មើសផ្សេងៗ រួមមានបទល្មើសចាប់ជំរិត បទល្មើសល្បែងស៊ីសង ជួញដូរគ្រឿងញៀន ពេស្យាចារជាដើម។

លើសពីនេះ ជនជាតិចិនមួយចំនួនក៏បានសម្រុកចូលមកដណ្តើមការងារឬមុខរបរម្ចាស់ស្រុកកាន់តែច្រើនប្រសិនបើរដ្ឋាភិបាលគ្មានវិធានការទប់ស្កាត់ ព្រោះគេមើលឃើញថាជនជាតិចិនដែលចូលមកកម្ពុជាបាននាំគ្នារកស៊ីស្ទើរគ្រប់ជំនាញ តាំងពីរបរលក់ដូរតូចតាចធម្មតា រហូតដល់ជំនួញធំៗផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស