41.3 C
Phnom Penh

កម្ពុជា-វៀតណាម ប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំកម្ពុជា និងមេដឹកនាំវៀតណាម នៅថ្ងៃនេះបានប្តេជ្ញាធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរឱ្យបានចប់សព្វគ្រប់។

ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន នៅព្រឹកនេះ បានលើកឡើងថាក្នុងជំនួបរវាងលោក ជាមួយលេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាមលោក ង្វៀន វ៉ាន់ណេន ភាគីទាំងពីរបានប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយបានផ្លាស់ប្ដូរមតិជុំវិញសភាពការណ៍នៃប្រទេសទាំងពីរផងដែរ។

លើសពីនេះទៅទៀត មន្ត្រីជាន់ខ្ពស់នៃប្រទេសកុម្មុយនីស្តរូបនេះនឹងបន្តការពង្រឹងទំនាក់ទំនងក្នុងន័យបន្តរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍ ហើយជាពិសេសទៀតគឺការអភិវឌ្ឍតាមព្រំប្រទល់នៃប្រទេសទាំងពីរ។ លោក ហ៊ុន សែន បានប្រាប់ទៅមន្ត្រីជាន់ខ្ពស់វៀតណាមវិញថា ទំនាក់ទំនងនៃប្រទេសទាំងពីរមិនត្រឹមតែទៅលើវិស័យការទូតប៉ុណ្ណោះទេ ប៉ុន្តែគ្រប់វិស័យទាំងអស់តែម្តង។ លោកហ៊ុន សែន ក៏បានប្តេជ្ញាខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសលើទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះ ដែលមានទឹកប្រាក់ជាង៥ ពាន់លានដុល្លារសហររដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។

លើសពីនេះទៅទៀត  លោក ហ៊ុន សែនថានឹងខិតខំធ្វើការរួមគ្នាបន្តទៀត ជាពិសេសប្តេជ្ញាដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរដែលនៅសេសសល់។

មកទល់ពេលបច្ចុប្បន្ន ភាគីទាំងពីរធ្លាប់អះអាងថាការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរសម្រេចបាន៨៤% ដោយឡែកនៅសល់តែ១៤%ទៀត នៅមិនទាន់បានសម្រេចនៅឡើយទេ។

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន ធ្លាប់លើកឡើងថា ដំណើរការបោះបង្គោលឬ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម កន្លងមក គឺ កម្ពុជាតែងចាញ់ប្រៀបភាគីវៀតណាមរហូត ដែលនាំឱ្យកម្ពុជាបាត់បង់ដីតាមព្រំដែន ទៅភាគវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់។

ជាងនេះទៀត គម្រោងកសាងផ្លូវក្រវាត់តាមព្រំដែន របស់កម្ពុជា ដោយផ្លូវនោះស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាក្តី ប៉ុន្តែក៏ត្រូវបានរំខានពីភាគីអាជ្ញាធរវៀតណាម ដោយពួកគេមិនឱ្យកម្ពុជាសាងសង់នៅតាមតំបន់ខ្លះ ជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តរតនៈគិរីជាដើម។

កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំវៀតណាម ក៏បានមកបំពេញទស្សនៈកិច្ចនៅកម្ពុជាដែរ ហើយដំណើរទស្សនៈកិច្ចនោះ ត្រូវបានចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានវៀតណាមថាថ្នាក់ដឹកនាំវៀតណាមមកកម្ពុជា ដើម្បីឱ្យថ្នាក់ដឹកនាំកម្ពុជាចុះកិច្ចព្រមព្រៀងទទួលស្គាល់ជាផ្លូវការនូវការបោះបង្គោលព្រំដែនរវាងភាគីទាំងពីរកន្លងមក។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេស Norwayធ្លាប់រិះគន់ថា កិច្ចព្រមព្រៀងទាំងឡាយណាដែលធ្វើឡើងតាមការចង់បានរបស់វៀតណាមនឹងធ្វើឱ្យកម្ពុជាកាន់តែបាត់បង់ដែនដីរបស់ខ្លួន ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស