ប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅតែបន្ដដើរក្បួនបាតុកម្មយ៉ាងគគ្រឹកគគ្រេងពេញទីក្រុងទាំងកណ្ដាលភ្លៀង ចូលដល់សប្ដាហ៍ទី១១ហើយ។ សម្រាប់ចុងសប្ដាហ៍កន្លងមកនេះ ក្រុមបាតុករបាំងឆ័ត្របានបង្ហាញពីអំណាចរបស់ពួកគេ ជាម្ចាស់ដែនដី សល់ពីអាណានិគមអង់គ្លេស ដែលមិនចុះញម ការគំរាមវាយបង្រ្កាមពីសំណាក់បក្សកុម្មុយនិស្តក្រុងប៉េកាំងឡើយ។
រូបភាពនៃការហែរក្បួនរបស់បាតុករដ៏សម្បើមនេះ មើលទៅដូចជាគំរាមចិនទៅវិញទេ ដែលកំពុងហ្វឹកហាត់កងទ័ពបង្រ្កាបលើបាតុករ។ តាមការអង្កេត គឺក្រុងប៉េកាំងហាក់ដើរដល់ចំណុចទាល់ច្រក ហើយរឿងនេះ ព្រោះ បើហ៊ានតែបង្ក្រាបដូចការបាញ់សម្លាប់នៅទៀនអាន់មីន នៅក្រុងប៉េកាំង១៩៨៩ គឺព្រៃផ្សៃខ្លាំងណាស់ ហើយសហគមន៍អន្តរជាតិនឹង ថ្កោលទោសជាខ្លាំងណាស់។
មានការចោទសួរថាបើចិនប៉េកាំងមិនបង្ក្រាបបាតុករក្រុងទេ នោះអនាគតចិនក៏នឹងមិនអាចកាន់កាប់កោះតៃវ៉ាន់បានដែរ។ តើ ចិន ប៉េកាំងពិតជាមិនអាចកាន់កាប់តៃវ៉ាន់មែនទេ?
ខណៈបាតុករនៅក្រុងហុងកុងធ្វើអោយ ចិនកុម្មុយនិស្តប៉េកាំង ឈឺចាប់ កាន់តែខ្លាំង ដែលមើលទៅចិន នៅមិនហ៊ានវាយបង្រ្កាបដូចនៅទីលានធៀនអានមេនកាលពីឆ្នាំ១៩៨៩ នៅឡើយទេ ចំណែកកោះតៃវ៉ាន់ដែលចិនតែងគំរាមចង់លេបទាំងរស់ ពេលនេះចិនក៏លំបាកចូលលុកលុយ យកមកធ្វើជាអាណាខេត្តរបស់ខ្លួនបានដែរ។
ក្រុមគណបក្សសេរីជឿនលឿនរបស់លោកស្រីប្រធានាធិបតីសាយអ៊ឺងវែន បានកំពុងសំឡឹងមើលមិនដាក់ភ្នែកឡើយ អំពីចលនា សង្រ្គាមចិត្តសាស្ត្ររបស់ប្រជាជនក្រុងហុងកុងដែលធ្លាប់រស់នៅក្រោមរបបសេរីជាងមួយសតវត្សរបស់អាណានិគមអង់គ្លេស។
គណបក្សនេះ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកជាសត្រូវរបស់ខ្លួន ព្រោះប្រធានគណបក្សលោកស្រីសាយអ៊ឹងវែន មានមហិច្ឆតាប្រកាសថា កោះតៃវ៉ាន់ជារដ្ឋឯករាជ្យ ផ្ដាច់ចេញពីប្រទេសចិន។ ចំណែកបក្សមួយទៀត គឺបក្សគួនមីនតាំង ដែលគេហៅថាបក្ស រណបរបស់ចិននោះ មិនមានចិត្តកញ្ជ្រោលដើម្បីចង់ប្រកាសជារដ្ឋឯករាជ្យពីចិនម្ដងណាឡើយ។ គណៈរដ្ឋមន្ត្រីរបស់បក្សនេះ ចាត់ទុកកោះតៃវ៉ាន់ ជា ដៃគូយ៉ាងណាល្អ ជាមួយចិនប៉េកាំង លើវិស័យពាណិជ្ជកម្ម។
កោះតៃវ៉ាន់ បានបំបែកចេញពីចិន តាមរយៈសង្រ្គាមស៊ីវិលនៅឆ្នាំ១៩៤៩។ រហូតមកទល់ពេលនេះ តៃវ៉ាន់ជាដែនដីសេដ្ឋកិច្ច ឯករាជ្យ លើវិស័យពាណិជ្ជកម្មរបស់ខ្លួនទាំងស្រុង។ ប៉ុន្តែដែនដី សេរីនិយមមួយនេះ ពុំមានស្ថានទូតរបស់ខ្លួន នៅតាមបណ្ដាប្រទេសនានាលើពិភពលោកទេ គឺមានតែស្ថានកុងស៊ុលផ្នែកពាណិជ្ជកម្មប៉ុណ្ណោះ។
សម្រាប់លោកស្រីសាយអ៊ឹងវែន ជាប្រធានាធិបតីស្រីដែលមានបេះដូងឯករាជ្យ តែងតែចង់ប្រកាសឯករាជ្យពីចិនប៉េកាំងប្រសិនបើស្ថានការណ៍មកដល់។ ទោះជាបែបនេះក្ដី ក្រុងប៉េកាំងគំរាមវាយកាន់កាប់ភ្លាមបើ ហ៊ានប្រកាសរដ្ឋឯករាជ្យ។
រហូតមកទល់ពេលនេះ មានរយៈពេលជិត៧០ឆ្នាំហើយ ដែលចិនធ្វើអ្វីតៃវ៉ាន់មិនបាន ដោយសារចិនគិតពីកក្តាហានិភ័យទាំងឡាយអាចធ្លាក់មកលើខ្លួន ប្រសិនបើចូលកាន់កាប់ដោយកម្លាំងទ័ពក្នុងទឹកដីកោះតៃវ៉ាន់ ពីព្រោះតៃវ៉ាន់ដែលមានពលរដ្ឋជិត២៤លាននាក់នេះ ជាដែនដីមួយមាន សព្វាវុធទំនើបៗជាច្រើន ហើយសុទ្ធតែជារបស់អាមេរិកថែមទៀត។ មិនតែប៉ុណ្ណោះ ដែនដីកោះមួយនេះមានអ្នកជំនាញការយោធាអាមេរិក រាប់រយនាក់ជាអ្នកបណ្ដុះបណ្ដាលកងទ័ព នៅជាមួយផង។
ម្យ៉ាងទៀតផ្នត់គំនិតរបស់ពលរដ្ឋតៃវ៉ាន គឺជាអ្នកប្រជាធិនបតេយ្យ សេរីនិយម ដែលនាំឲ្យចិនលំបាក ក្នុងការបញ្ជូលមនោគមវិជ្ជាកុម្មុយនិស្តគឺដូចពលរដ្ឋហុងកុងអញ្ចឹងដែរ។
ប្រជាជនក្រុងហុងកុងដែលមានចរិតនយោបាយដិតដាមដោយផ្នត់គំនិតសេរីនិយមនៃលទ្ធិប្រជាធិបតេយ្យតែងតែទាមទារជាច្រើននូវសិទ្ធិស្វ័យសម្រេចរបស់ពួកគេ ក៏ប៉ុន្ដែការទាមទាររាល់លើករបស់ពួកគេមិនធ្លាប់មានរូបភាពបែបនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ មហាបាតុកម្ម ម្ដងនេះ ពលរដ្ឋក្រុងហុងកុងចង់បង្ហាញថា គោលនយោបាយប្រទេសមួយប្រព័ន្ធពីររបស់ចិនពោរពេញដោយការគម្រាមកំហែង សេរីភាពរបស់ក្រុងហុងកុង។
បាតុករបានលើកបដាដោយ សរសេរបដាថា Free Hong Kong ដោះលែងហុងកុងឱ្យមានសេរីភាពទៅ និង Democracy Now លទ្ធិប្រជាធិបតេយ្យឥឡូវនេះ។ ជាងនេះបាតុករថាចិនកំពុងអនុវត្តនូវប្រព័ន្ធនយោបាយមួយដែលធ្វើឲ្យពលរដ្ឋមិនអាចរស់នៅបានឡើយ។
ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងមិនដែលដកសម្ដីព្រមានរបស់ខ្លួនម្ដងណាឡើយ ហើយថាសហរដ្ឋអាមេរិកក្ដី កាណាដា ឬអង់គ្លេសក្ដី សូមកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ហើយថាសហគមន៍អន្ដរជាតិ ត្រូវយល់ឱ្យបានច្បាស់មុនវាយតម្លៃព្រោះរដ្ឋាភិបាលក្រុងប៉េកាំង អនុវត្ត គោលនយោបាយ«ប្រទេសមួយ ប្រព័ន្ធពីរ»។
គោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរនេះ ក៏ក្រុងប៉េកាំង តាមរយៈប្រធានាធិបតីស៊ីជីនពីងក៏ធ្លាប់គំរាមកោះតៃវ៉ាន់ផងដែរ ដោយប្រាប់ថាត្រូវរៀនយកគោលនយោបាយនេះ មកអនុវត្តបណ្ដើរៗទៅ ហើយពេលណាមួយ ក្រុងប៉េកាំងនឹងបង្ខំអោយអនុវត្តហើយ គឺដូចក្រុងហុងកុងនេះដែរ។ ប៉ុន្តែគោលនយោបាយនេះហាក់បរាជ័យទៅហើយសំរាប់ការគ្រប់គ្រងរបស់ខ្លួនក្នុងទីក្រុងហុងកុង។ បើទៅមិនរួច មានតែចិន នាំទ័ពចូលកាន់កាប់ដែនដីកោះនេះតែម្តង។ ប៉ុន្តែមានការចោទសួរថាតើពលរដ្ឋកោះតៃវ៉ាន់ សុខចិត្តដេកអោយចិនប៉េកាំងបើករថក្រោះកិន ដូចក្រុមបាតុករនៅធៀនអាន់ម៉ីនដែរឬទេ? ត្រង់នេះហើយ ដែលពលរដ្ឋតៃវ៉ាន់ទាមទារឯករាជ្យ កំពុងសំឡឹងមើលយ៉ាងខ្លាំងអំពីវិបត្តិនៅហុងកុង ថាតើចិនប៉េកាំងហ៊ានប្រើវិធានការហិង្សាឬ ក៏សម្របសម្រួលជាមួយនឹងបាតុករ ដោយសុខចិត្តអោយកម្មាភិបាលរបស់ខ្លួនគឺលោកស្រី ខារីឡាំ វិចបង្វិចទៅរស់នៅក្រុងប៉េកាំងវិញនោះ៕