30.4 C
Phnom Penh

រដ្ឋាភិបាលគ្រោងជួបអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួន២ ពាក់ព័ន្ធការចេញរបាយការណ៍រិះគន់គ្រឹះស្ថានហិរញ្ញវត្ថុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល គ្រោងជួបជាមួយអង្គការការពារសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត ដើម្បីពិភាក្សាលើចំណុចខ្វែងគំនិតគ្នារវាងភាគីអង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងស្ថាប័នមីក្រូហិរញ្ញវត្ថុ លើរបាយការណ៍ដែលអង្គការទាំងពីរនេះបានចេញនាពេលថ្មីៗនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានលើកឡើងក្នុងឱកាសសន្នីសិទកាសែតនាព្រឹកនេះនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដោយចាត់ទុករបាយការណ៍របស់អង្គការទាំងពីរនេះដែលចេញផ្សាយកាលពីពេលកន្លងមកថា ជាការបញ្ចេញមតិមួយជ្រុងតែប៉ុណ្ណោះ។

លោកបន្តថា រដ្ឋាភិបាល ត្រៀមអញ្ជើញស្ថាប័នសិទ្ធិមនុស្សទាំងពីរនេះ មកចូលរួមជជែកគ្នា និងបង្ហាញជុំវិញការរកឃើញរបស់ពួកគេថាត្រឹមត្រូវដែរឬទេ ហើយមានភស្តុតាងអ្វីខ្លះ?

លោកផៃ ស៊ីថា គម្រោងជួបពិភាក្សានោះ នឹងរៀបចំដោយបិទទ្វារ និងមានភាគីតំណាងធនាគារ និងផ្នែកស្រាវជ្រាវ ព្រមទាំងសមាសភាពទាំងអស់ មកអង្គុយជជែកគ្នាអំពីបញ្ហានេះ។

កាលពីថ្ងៃទី៧ ខែសីហា អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត បានចេញរបាយការណ៍មួយ ដោយរកឃើញថា បំណុលមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និង ជាប្រព័ន្ធ។

របាយការណ៍នោះ ក៏បានរកឃើញថាបំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើឱ្យគ្រួសារខ្លះឬ កូនបំណុលខ្លះ បាត់បង់ដីធ្លី ដោយការបង្ខំឱ្យលក់ដើម្បីសងទៅគ្រឹះស្ថានម្ចាស់បំណុលទាំងនោះ ឬ រឹបអូសសម្រាប់លក់ ដោយមិនអនុវត្តតាមគោលការណ៍ក្រមសីលធម៌ក្នុងការផ្តល់ប្រាក់កម្ចី ព្រមទាំងការឃុបឃិតពីអាជ្ញាធរមូលដ្ឋានផងដែរ។

លើសពីនេះ ដោយសារប្រាក់បំណុលទាំងនោះ ក៏បានបង្កផលប៉ះពាល់ដល់ការសិក្សារបស់កុមារ ព្រោះពួកគេត្រូវបង្ខំចិត្តឈប់រៀនទៅរកការងារធ្វើ ឬត្រូវចំណាកស្រុក ជាដើម។

ក្រោយរបាយការណ៍នេះ ចេញបានមួយថ្ងៃ សមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា បានបញ្ចេញប្រតិកម្មរបស់ខ្លួន ដោយចាត់ទុករបាយការណ៍នោះថា គ្មានលក្ខណៈវិទ្យាសាស្ត្រ មិនឆ្លុះបញ្ចាំងអំពីការពិត និងគ្មានភាពត្រឹមត្រូវជាដើម។

ទោះបីយ៉ាងណាក៏ដោយចុះ ប្រធានសមាគមធាងត្នោត លោក សឿង សារ៉ន បានប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD ថា អង្គការលោក និងអង្គការលីកាដូនៅតែប្រកាន់ជំហរដដែលចំពោះរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ៧សីហានោះ ហើយលោកស្វាគមន៍ចំពោះការប្រជុំណាមួយជាមួយអ្នកពាក់ព័ន្ធទៅលើការចេញរបាយការណ៍របស់ខ្លួនទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស