28.4 C
Phnom Penh

លោក ហ៊ុន សែន និងលោក សម រង្ស៊ី បបួលគ្នាភ្នាល់ដាក់លក្ខខណ្ឌបញ្ចប់ជីវិតនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានអះអាងថា ប្រសិនបើលោក សម រង្ស៊ី ហ៊ានជាន់ដីស្រុកខ្មែរ នៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះមែន ហើយបើលោកចាប់ខ្លួនលោក សមរង្ស៊ី មិនបានក្នុងរយៈពេល២៤ម៉ោងទេ នោះលោកព្រមចុះចេញពីតំណែងតែម្តង។

សារព័ត៌មាន Fresh News បានដកស្រង់សម្តីលោក ហ៊ុន សែន ចុះផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែសីហា នេះថា កម្លាំងសមត្ថកិច្ចនឹងចាប់ លោក សម រង្ស៊ី ញាត់គុកតាមដីការបស់តុលាការ ក្នុងរយៈពេល២៤ម៉ោង បើហ៊ានចូលប្រទេសកម្ពុជា។ លោកអះអាងថា បើចាប់ខ្លួនលោក សម រង្ស៊ី មិនបានទេ នោះលោកសុខចិត្តចុះចេញពីតំណែងភ្លាមៗតែម្តង។

លោក ហ៊ុន សែន លើកឡើងថាការ ភ្នាល់របស់លោក សម រង្ស៊ី កន្លងមក វាជាទង្វើគួរឲ្យអស់សំណើច និងបង្ហាញចេតនាច្បាស់ក្រឡែតដោយចង់គេចចេញ ពីការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចកម្ពុជា និងជាលេសមួយមិនចង់ត្រឡប់មកកម្ពុជាវិញ។

ជាការឆ្លើយតបនៅថ្ងៃនេះ អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន បានបង្ហាញចរិតក្រឡេចក្រឡុច ក្នុងការចូលរួមភ្នាល់គ្នា ទាក់ទងសកម្មភាពរបស់លោកទៅថ្ងៃមុខ។

ជាក់ស្តែងលោកថា កាលពីថ្ងៃ ២៣ សីហា កន្លងទៅ លោក ហ៊ុន សែន បានយល់ព្រមធ្វើជាសាក្សី ក្នុងការភ្នាល់គ្នាមួយ ស្នើដោយកូនចៅគាត់ម្នាក់ ដែលបបួលដាក់លុយមួយលានដុល្លារអាមេរិកចំពោះវត្តមានលោក សម រង្ស៊ីនៅកម្ពុជានាថ្ងៃទី ៩វិច្ឆិកា ប៉ុន្តែមកទល់នឹងថ្ងៃទី៣០ ខែសីហានេះ លោកហ៊ុន សែន បែជាបបួលលោក ភ្នាល់គ្នា ដោយប្តូរលក្ខខណ្ឌថ្មីទាំងស្រុងតែម្តង។

យ៉ាងនេះក្តី អតីតមេបក្សប្រឆាំងរូបនេះ បានយល់ព្រមភ្នាល់ជាមួយលោកហ៊ុន សែន ប៉ុន្តែលោកបានដាក់សំណើចុងក្រោយមួយទៅលោក ហ៊ុន សែនវិញ។  សំណើនោះ លោក សម រង្ស៊ីថា ប្រសិនបើនៅថ្ងៃទី០៩ ខែវិច្ឆិកា ២០១៩ ខាងមុខនេះ មានចំនួនប្រជាពលរដ្ឋមកស្វាគមន៍វត្តមានលោក នៅលើទឹកដីប្រទេសកម្ពុជាដោយមិនមានការរារាំង ឬបំភិតបំភ័យ តិចជាងមួយលាននាក់ មេបក្សប្រឆាំងរូបនេះយល់ព្រមឲ្យកម្លាំងសមត្ថកិច្ច ចាប់ខ្លួនលោក ហើយលោក ក៏យល់ព្រមបញ្ចប់ជីវិតនយោបាយរបស់ខ្លួនផងដែរ។  
លោក សម រង្ស៊ី ក៏បានចោទជាសំណួរតបវិញថា ប៉ុន្តែប្រសិនបើចំនួនប្រជាពលរដ្ឋមកគាំទ្រលោក នៅថ្ងៃ ១៩ វិច្ឆិកា កើនដល់ទៅមួយលាននាក់ ឬលើសពីនេះ តើលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចដែរទេ? 

ជាមួយគ្នានេះ ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក ទូច វិបុល បានលើកឡើងថាលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានយល់ព្រមគ្នាថានឹងបញ្ចប់ជីវិតនយោបាយនៅថ្ងៃ៩ វិច្ឆិកានេះតាមរយៈការល្បែងភ្នាល់គ្នាបែបនយោបាយនេះ។ លោកលើកឡើងថា លោកក៏នឹងត្រឡប់មកប្រទេសកម្ពុជាដើម្បីស្វាគមន៍លោក សម រង្ស៊ី ព្រមទាំងធ្វើជាសាក្សីនៅថ្ងៃ ប្រវត្តិសាស្ត្រនេះផងដែរ។

ដោយឡែកនាយកមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៃកម្ពុជា លោក ប៉ា ងួនទៀង បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់លោក បែបឌឺដងថា ប្រហែលអាចជាកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោកផង ខណៈមេដឹកនាំនយោបាយខ្មែរ២រូប បានបបួលគ្នាភ្នាល់ម្តងម្នាក់ដើម្បីដោះស្រាយបញ្ហានយោបាយរបស់ជាតិ។

លោកបន្តថា ចំណែកអ្នកគាំទ្រម្ខាងៗវិញ តែងស្រែកបន្ទរថាគឺជាយុទ្ធសាស្ត្រដ៏អស្ចារ្យ ហើយថាមេដឹកនាំនយោបាយប្រទេសជឿនលឿនជាច្រើនមិនដែលគិតឃើញយុទ្ធសាស្ត្របែបនេះសោះ ប៉ុន្តែពួកគេនៅតែដឹកនាំប្រទេសរបស់គេជឿនលឿនហើយ ថែមទាំងធ្លាប់ទទួលបានការពឹងពាក់ពីមេដឹកនាំនយោបាយខ្មែរទាំងពីរនេះទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស