27 C
Phnom Penh

របាយការណ៍ព្រៃឈើថា លោក ទ្រី ភាព មានទ្រព្យមហាសាលបានមកពីរបររកស៊ីឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនព្រៃឈើរកឃើញថាឧកញ៉ាមហាសេដ្ឋីដែលរកស៊ីឈើ និងបំផ្លាញឈើរបស់ខ្មែរយ៉ាងល្បីល្បាញឈ្មោះ ទ្រី ភាព មានទ្រព្យសម្បត្តិដ៏មហាសាលជាង១ពាន់លានដុល្លារ។

របាយការណ៍របស់ក្រុមយុវជនការពារព្រៃឈើដែលចេញផ្សាយកាលពីសប្តាហ៍មុនឲ្យដឹងថាឧកញ៉ា ទ្រី ភាព  មានទឹកប្រាក់វិនិយោគបច្ចុប្បន្នជាង ១ពាន់ លានដុល្លារសហរដ្ឋអាមេរិក ដោយបើកក្រុមហ៊ុនអាជីវកម្មរកស៊ីឈើចំនួន ២១កន្លែង ក្នុងនោះបានទទួលដីសម្បទានសេដ្ឋកិច្ច និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤ ក្រុមហ៊ុន ពីរដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានផ្ទៃដីសរុបជិត៧ម៉ឺន ហិកតា។

ប្រភពដដែល លើកឡើងទៀតថា ដីសម្បទានសេដ្ឋកិច្ច និងដីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសរបស់លោកឧកញ៉ារូបនេះមានចំនួន ១៤ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២ នៅតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគីរី មានទំហំប្រមាណ២ម៉ឺន  ហិកតា ត្រូវបានប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រមូលឈើ រួចរាល់ជាស្ថាពរ។

របាយការណ៍នេះក៏បានឲ្យដឹងដែរថា នាពេលបច្ចុប្បន្នឧកញ៉ា ទ្រី ភាព បានបំបែកជំនួញរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជារាប់សិបក្រុមហ៊ុន។

នៅលើឆាកអន្តរជាតិ ទ្រី ភាព បានចាប់ដៃសហការវិនិយោគ ជាមួយក្រុមហ៊ុន មកពីប្រទេស ចិន ដូចជាបើកកំពង់ផែអន្តរជាតិ នៅទឹកឈូ ខេត្តកំពត ក្រុមហ៊ុនផលិតម៉ូតូ ឡាន សម្រាប់នាំចេញ និងក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ជាដើម។ ជាងនេះទៅទៀត លោក ទ្រី ភាព ក៏បានសហការជាមួយក្រុមហ៊ុន មកពីប្រទេសថៃ ក្នុងការនាំចេញដំឡូងមី និងមានមហិច្ឆិតា សហការជាមួយក្មួយរបស់ប្រធាធិបតីរុស្សី លោក Ruman Putin ក្នុងការវិនិយោគផលិតថាមពល ជាមួយក្រុមហ៊ុន Putin Consulting បន្តទៀត។

ក្រុមហ៊ុន ទ្រី ភាព គ្រុប មានការិយាល័យនៅកណ្តាលទីក្រុងភ្នំពេញ ទល់មុខមន្ទីរពេទ្យព្រះអង្គឌួង ដែលសាងសង់ពីឈើប្រណិត សាងសង់ខុនដូរប្រណិត លើអតីតដីសាលាកំពូល នៅបឹងកេងកង មានសណ្ឋាគារ និងកាស៊ីណូមិត្តភាពនៅជាប់ព្រំដែនវៀតណាមក្នុងស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។

មានសណ្ឋាគារ និងកាស៊ីណូ ក្បែច្រកអន្តរជាតិថ្មដា នៃស្រុកវាលវែងខេត្តពោធិសាត់ ជាប់ព្រំដែនថៃ។ មានសណ្ឋាគារ និងកាស៊ីណូនៅអានសេះ ជាប់ព្រំដែនថៃ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមានរីសត  ស្ប៉ា នៅកណ្តាលក្រុងកែប ផងដែរ។

ក្រៅពីនេះ លោក ទ្រី ភាព មានចំការកៅស៊ូ និងចម្ការម្រេចរាប់ពាន់ហិកតា នៅខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារថែមទៀត។ លើសពីនេះ លោក ទ្រី ភាព មានសិប្បកម្មកែច្នៃឈើពីរកន្លែងធំៗ គឺសារមន្ទីរ ក្រញូង នៅស្រុកអង្គស្នួល ខេត្តកណ្តាល និងមួយទៀតនៅស្រុកកណ្តៀង ខេត្តពោធិសាត់។

ជាងនេះទៀត លោកមានកំពង់ផែស្ងួតចំនួន ៣ធំៗ រួមមាន កំពង់ផែរកុងតឺន័រ នៅចោមចៅ រាជធានីភ្នំពេញ។ ផែរស្ងួតស្តុកឈើនៅភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងផែរស្ងួត មួយទៀតនៅអូរយ៉ាដាវ ជាប់ព្រំដែនវៀតណាម។ លោក ទ្រី ភាព មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ២ ទៀតផងដែរ មួយនៅអូរយ៉ាដាវ ជាប់ព្រំដែនវៀតណាម និងមួយទៀតថ្មដារ ជាប់ព្រំដែន ថៃ និងជំនួញប្រេងពីក្រៅប្រទេសដែលមានទំហំរាប់រយលានដុល្លារផ្សេងទៀត។

ជំនួញរាប់សិបក្រុមហ៊ុន របស់លោក ទ្រី ភាព ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរពីជំនួញខុសច្បាប់របស់ខ្លួន ទៅជាជំនួញស្របច្បាប់ ឬហៅថាជាការលាងលុយផងដែរ។

ទោះបីជាទ្រព្យសម្បត្តិមហាសាលរបស់ លោកទ្រី ភាព មានច្រើនហូរហែបែបនេះ និងធ្លាប់មានរឿងអាស្រូវរាប់មិនអស់ចំពោះជំនួញឈើខុសច្បាប់របស់ខ្លួន ហើយអង្គការអន្តរជាតិជាច្រើន ពិសេសអង្គការGlobal Witness ក៏បានដាក់បញ្ចូលឈ្មោះឧកញ៉ារូបនេះក្នុងរបាយការណ៍របស់ពួកគេក្តី  ប៉ុន្តែសម្រាប់អាជ្ញាធររដ្ឋាភិបាលលោកហ៊ុន សែន វិញ មិនដែលហ៊ានស៊ើបអង្កេតលើសំណុំរឿងឧកញ៉ា ទ្រី ភាពឡើយ។

ក្រៅពីឧកញ៉ា ទ្រី ភាព មានឧកញ៉ាជាច្រើនទៀតដែលមានបានពីវិស័យព្រៃឈើនៅកម្ពុជា បានបំបែកជំនួញរបស់ខ្លួន ទៅវិនិយោគវិស័យផ្សេងៗ ដូចជាឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នាជាដើម។

សាព័ត៌មាន The Cambodia Daily បានព្យាយាមសុំការឆ្លើយបំភ្លឺករណីនេះពីលោក ទ្រី ភាព តាមទូរស័ព្ទ ប៉ុន្តែគ្មានអ្នកទទួល។ ទោះជាយ៉ាងណាក៏ដោយ លោក អេង ហ៊ី ដែលជាអ្នកនាំពាក្យនៃកងរាជអាវុធហត្ថ និងជាអ្នកនាំពាក្យគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ បានប្រាប់ក្រុមអ្នកសាព័ត៌មានថា លោកនៅមិនទាន់បានទទួលព័ត៌មាននេះ នៅឡើយទេ ហើយក៏មិនដែលដឹងថាលោក ទ្រី ភាព មានសម្បតិ្តដ៏មហាសាលនេះដែរ។

ឧកញា ទ្រី ភាព ធ្លាប់សច្ចាស្បថស្បែ ជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ថា លោកនឹងលាងដៃឈប់រកស៊ីឈើ ស្របពេលដែលរដ្ឋមន្ត្រីរូបនេះ បានប្រកាសប្រើកណ្តាប់ដៃដែក ទៅលើឈ្មួញរកស៊ីឈើកំរិតខ្ពស់ ក្នុងនោះ មានឧកញា វីរៈសេនីយ គង់ ក្រឹង កាលពីមុនបោះឆ្នោតឆ្នាំ ២០១៨ ជាដើម។

ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ២០១៨ រួច នៅខែសីហា រដ្ឋាភិបាលបានប្រកាសឲ្យក្រុមហ៊ុនសម្បទានមានសិទ្ធិប្រមូលឈើឡើងវិញ ដែល ពេលនោះហើយ ឧកញា រកស៊ីឈើទាំងអស់បានត្រឡប់មកវិញ ក្នុងនោះ ក៏មានក្រុមរបស់លោក ទ្រី ភាព បានកាប់ឈើពីតំបន់ ការពារ នានា ដូចជា ភ្នំសំកុស ភ្នំក្រវាញ ភ្នំឳរ៉ាល់ ជាដើម។

លោក ទ្រី ភាព បានប្រមូលឈើប្រណិតរាជកុល ដែលជាឈើសាងសង់ប្រាសាទអង្គរ ស្ទើរគ្មានសល់ និងបើករោងចក្រអារឈើ ខុសច្បាប់ ក្នុងរយៈពេលខ្លី នៅអន្លង់រាប ស្រុក វាលវែង ហើយក្រោយមកបានដុតកំទេចចោល នៅដើមខែមេសា ២០១៩ មុនពេលគណៈកម្មការជាតិ ចុះបង្រ្កាបជាទ្រង់ទ្រាយធំនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស