31 C
Phnom Penh

ក្រសួងការងារនិង អ្នកពាក់ព័ន្ធណែនាំឱ្យនយោជក និងកម្មករមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ និយោជក និងកម្មករឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណា                  ស្រដៀងគ្នាទៅនឹងការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារការឆ្លងនៃជំងឺប្រភេទនេះ។

សេចក្តីណែនាំរបស់ក្រសួងការងារដើម្បីបង្ការឬទប់ស្កាត់មេរោគកូរ៉ូណា តាមរោងចក្រ ឬ សហគ្រាស និងគ្រឹះស្ថាន ដែលផ្សព្វផ្សាយនៅថ្ងៃនេះ បានបង្ហាញនូវវិធានការចំនួន១២ចំណុច។

វិធានការទាំងនោះរួមមាន ការណែនាំដល់នយោជក និងកម្មករនយោជិត ធ្វើដំណើរពីតំបន់ដែលមានការរាតត្បាតនៃវីរុសកូរ៉ូណាប្រភេទថ្មី និងមានប្រវត្តិមកពីប្រទេសចិន ពេលដែលមានអាការៈមួយចំនួនដូចជាក្តៅលើសពី៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពងក ដង្ហើមខ្លី ឬ ពិបាកដកដង្ហើម ត្រូវពិនិត្យតាមដានរយៈពេល ១៤ថ្ងៃនៅតាមសេវាព្យាបាលសុខាភិបាល។

ជៀសវាងប៉ះពាល់ដោយផ្ទាល់ ចំពោះអ្នកមានអាការៈបែបនេះ និងត្រូវនៅឆ្ងាយយ៉ាងហោចជាង១ម៉ែត្រ។ 

បន្ថែមពីនេះ ម្ចាស់រោងចក្រសហគ្រាស ត្រូវដាស់តឿន ឬរំឭកដល់        កម្មករឲ្យពាក់ម៉ាស់ការពារទាំងក្នុង និងក្រៅកន្លែងធ្វើការងារ ព្រមទាំងលាងសម្អាតដៃរបស់ខ្លួនជាមួយសាប៊ូឬ អាល់កុល ទឹកលាងដៃ ឱ្យបានស្អាត និងឱ្យបានញឹកញាប់។

ជៀសវាងទៅផ្សារលក់សត្វរស់ ឬទៅកសិដ្ឋានចិញ្ចឹមសត្វ ឬទៅកន្លែងដែលសង្ស័យថាមានជំងឺឆ្លង និងបរិភោគអាហារឆ្អិន ពិសេសសាច់ឆ្អិនគ្រប់ពេលវេលា។  ជៀសវាងខាកស្តោះនៅតាមទីសាធារណៈឬ នៅកន្លែងការងារ និងវិធានការផ្សេងទៀត។

ជាមួយគ្នានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា GMAC នៅថ្ងៃទី២៨ ខែមករានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានអំពាវនាវទៅដល់សមាជិករបស់ខ្លួន និងកម្មករនិយោជិតទាំងអស់ ត្រូវគោរពឲ្យបានតឹងរឹងតាមសេចក្តីណែនាំរបស់ក្រសួង សុខាភិបាលអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះ។

សមាគមរោងចក្រកាត់ដេរ បានប្រកាសជំហរត្រៀមខ្លួនសហការតាមនីតិវិធី និងគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ជាពិសេសតាមរយៈការផ្សព្វផ្សាយនូវសេចក្តីណែនាំ ព្រមទាំងព័ត៌មានពិត និងសុក្រឹតទៅដល់គោលដៅរបស់ខ្លួនផងដែរ។

កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសអំពីការរកឃើញការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីលើកដំបូងនៅឯខេត្តព្រះសីហនុ ដែលបានកើតឡើង លើបុរសជនជាតិចិនម្នាក់ក្នុងចំណោមសមាជិកក្រុមគ្រួសាររបស់គាត់ ៣នាក់ផ្សេងទៀត។

បុរសជនជាតិចិនដែលមានវ័យ ៦០ឆ្នាំ ត្រូវបានបញ្ជូនទៅសម្រាកក្នុងបន្ទប់ដាច់ដោយឡែកពីគេ ដោយស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

នៅថ្ងៃនេះផងដែរ នាយកដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងនៃក្រសួងសុខាភិបាល អះអាងថា រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៨ ខែមករា ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរូណាវីរុសប្រភេទថ្មីជាជនជាតិចិននោះ គាត់មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ ។

បន្ថែមពីនេះ ប្រភពដដែលបញ្ជាក់ថា អ្នកដែលប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺរូបនោះ ក៏ពួកគេពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយទេ ។

យ៉ាងនេះក្តីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដដែល បន្ថែមថាមន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងនោះជារៀងរាល់ថ្ងៃ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ ដែលមិនទាន់ឃើញមានចេញរោគសញ្ញាអ្វីដែរ។ ជាងនេះទៀតគ្រប់គ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបម្រើការងារក្នុងមន្ទីរពេទ្យជាធម្មតា ដោយពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ។ លោកអ្នកនាងអាចហៅទូរស័ព្ទទៅកាន់លេខ ១១៥ ស្វែងរកព័ត៌មានបន្ថែមជុំវិញករណីទាំងនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស