29.6 C
Phnom Penh

សមត្ថកិច្ចបញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបង្ហោះវីដេអូរិះគន់ចំណាត់ការរដ្ឋាភិបាលលើបញ្ហាជំងឺកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចក្រុងភ្នំពេញ សម្រេចបញ្ជូនបុរសម្នាក់ ដែលរងការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គម ទៅតុលាការនៅថ្ងៃនេះ។ ការសម្រេចបញ្ជូននេះ ក្រោយពេលបុរសរូបនោះ បានបង្ហោះសារវីដេអូខ្លីបមួយ ដោយរិះគន់រដ្ឋាភិបាល ចំពោះវិធានការទប់ស្កាត់មេរោគកូវីត-១៩ ឬ កូរ៉ូណា។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា បុរសរូបនោះឈ្មោះ កូយ សំអាត ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួន លោក កូយ សំអាត កាលពីម្សិលមិញ ក្រោយរូបគាត់ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ដែលបង្ហោះវីឌីអូឃ្លីបមួយនិយាយបែបឌឺដងទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដោយលោកថ្លែង អរគុណវៀតណាម ព្រោះបានរកឃើញករណីជនជាតិជប៉ុនម្នាក់ផ្ទុកមេរោគកូរ៉ូណា បន្ទាប់ពីបុរសរូបនោះចេញពីកម្ពុជា។ លោកថ្លែងក្នុងវីដេអូនោះ ថា បើកុំតែវៀតណាមរកឃើញជំងឺនេះ លើបុរសជប៉ុននោះ ម្លេះ កម្ពុជានៅតែមិនអាចរកឃើញជំងឺនេះលើទឹកដីរបស់ខ្លួន ហើយពលរដ្ឋក៏មិនបានដឹងអំពីបញ្ហានេះឡើយ។

លើសពីនេះ លោកថា សំណាងហើយដែលវៀតណាជាអ្នករកឃើញ ប្រសិនបើពលរដ្ឋខ្មែរធម្មតាស្រែកវិញប្រហែលជាតាមចាប់ខ្លួនទៀត  ជាមិនខាន។

កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានព្រមានបុរសម្នាក់ទៀតនៅខេត្តព្រៃវែង ដោយថាលោកនឹងបញ្ជាឱ្យទៅចាប់ខ្លួនដល់ផ្ទះតែម្តង បើនៅតែនិយាយថាលោកមានជំងឺកូវីត-១៩ ហើយបានទៅព្យាបាលនៅប្រទេសសិង្ហបុរីដោយសម្ងាត់ទៀតនោះ។

លោក កូយ សំអាត មានអាយុ ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានមុខរបរជាអ្នកលក់ទំនិញតាម Online។

កាលពីថ្ងៃទី ២ មីនា អ្នកវិភាគនយោបាយលោក គឹម សុខ អះអាងថានៅដើមឆ្នាំ២០២០នេះ លោកហ៊ុន សែន នឹងប្រើប្រាស់មេរោគកូរ៉ូណា ជាមធ្យោបាយក្រឡុកកម្ពុជា និងពិភពលោក ដើម្បីបិទបាំងឧក្រិដ្ឋកម្មសម្លាប់ប្រជាធិបតេយ្យខ្មែរ ក្នុងបុព្វហេតុការពារអំណាចផ្តាច់ការរបស់ខ្លួន។

លើសពីនេះ លោកថា ពលរដ្ឋខ្មែរណាដែលហ៊ាននិយាយអំពីការព្រួយបារម្ភចំពោះបញ្ហាជំងឺកូរ៉ូណា ឬសង្ស័យថាមាននរណាកើតជំងឺនេះ នឹងត្រូវជាប់គុកច្រវ៉ាក់ ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចោទប្រកាន់ថា បំផុសព័ត៌មានមិនពិត ឬជាក្រុមភេរវករជាដើម។ លោកថា គ្រោះថ្នាក់ទាំងនោះ នឹងធ្លាក់ជាពិសេសទៅលើក្រុមសកម្មជនបក្សប្រឆាំងដែលហ៊ានរិះគន់រដ្ឋាភិបាល ជុំវិញបញ្ហានេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស