រដ្ឋមន្ត្រីក្រសួងបរិស្ថានអះអាងថា ថវិកាបានពីលក់កាបូន យកជួយការងារអភិរក្ស និងជីវភាពសហគមន៍

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សដើម្បីអាចឲ្យកម្ពុជាលក់ ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តបន្តទៀត។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មានប្រសាសន៍ថាថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅគាំពារលើការងារអភិរក្សធនធានធម្មជាតិ ពិសេសព្រៃឈើ និងការបង្កើន                    សដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិផងដែរ។

ការអះអាងរបស់លោក សាយ សំអាល់ ធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីជំនាញ អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធ ចុះពិនិត្យការងារគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃទី ២៨ ខែមេសានេះ។

លោក  សាយ សំអាល់ បញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុង ដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកា សរុបជាង១១លានដុល្លារសហរដ្ឋអាមេរិក។ 

លោកឱ្យដឹងថា ថវិកាទាំងនោះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។

ជាមួយគ្នានេះលោកថា រាជរដ្ឋាភិបាលកម្ពុជាក៏មាន ទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីបុរាណមក។

មុខរបរថ្មីទាំងនោះ ដូចជាមុខរបរបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តនៅក្នុងសហគមន៍របស់ពលរដ្ឋផងដែរ។

លោក សាយ សំអាល់ ឱ្យដឹងថា រហូតមកដល់ពេលនេះ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន គឺ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

យ៉ាងនេះក្តីព្រៃឈើនៅកម្ពុជា រួមទាំងនៅតំប់អភិរក្សកែវសីម៉ា ក៏រងការកាប់បំផ្លាញជាបន្តបន្ទាប់។

ជាមួយគ្នានេះ សកម្មភាពរបស់មន្ត្រីជំនាញ និងប្រជាសហគមន៍ការពារព្រៃឈើនៅមូលដ្ឋានក៏ត្រូវបានគេមើលឃើញថាមានភាពមិនចុះសម្រុងគ្នាឡើ ទោះបីជាប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន និង រដ្ឋមន្ត្រីវ័យក្មេងរូបនេះ អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាការពារធនធានធម្មជាតិ ពិសេសព្រៃឈើបែបណាក្តី ហើយថាធ្វើឡើងគ្រាន់តែល្អមើលប៉ុណ្ណោះ ពោលគឺមាត់ធ្វើផ្សឹង សកម្មភាពជាក់ធ្វើផ្សេង។

ជាក់ស្តែងសកម្មភាពប្រជាសហគមន៍នៅតំបន់ព្រៃឡង់ ក៏ត្រូវបានមន្ត្រីជំនាញហាមឃាត់តឹងរ៉ឹងមិនឱ្យចូលព្រៃអភិរក្សមួយនេះឡើយ បើទោះបីជាការធ្វើបុណ្យខួបគម្រប់៨ឆ្នាំ នៃការបាញ់សម្លាប់វីរៈជនការពារព្រៃឈើលោក ឈុត វុទ្ធី នៅឆ្នាំនេះ ក៏រងការរឹតត្បិតយ៉ាងខ្លាំង ក្រោមហេតុផលថាសហគមន៍ធ្វើសកម្មភាពដោយខុសច្បាប់។

លើសពីនេះ កាលពីសប្តាហ៍មុនក្រសួងបរិស្ថានក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកទង្វើរបស់ អង្គការ សមាគម និងក្រុមអ្នកស្រលាញ់បរិស្ថាន ដែលបានធ្វើកន្លងមកនៅតំបន់ការពារធម្មជាតិ ថាជាសកម្មភាពអនាធិបតេយ្យ និងមានចេតនាទុច្ចរិតប្រឆាំងរដ្ឋាភិបាល៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.