34 C
Phnom Penh

សង្គមស៊ីវិលថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ បានធ្វើឲ្យការចូលរួមរបស់ពលរដ្ឋក្នុងសង្គមធ្លាក់ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គការសង្គមស៊ីវិល បានរកឃើញថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ប្រឆាំងនឹងការចូលរួមជាសាធារណៈ គឺជាបណ្តឹង ដែលធ្វើឡើងដោយចេតនា ដើម្បីបំបាក់ស្មារតី បំភិតបំភ័យ រំខាន និងបំបិទសំឡេងរិះគន់ផងដែរ។

លើសពីនេះ ពួកគេថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ត្រូវបានប្រើប្រាស់ដោយស្ថាប័នមានអំណាច ដូចជា រាជរដ្ឋាភិបាល ឬអ្នកមានអំណាច ដែលធ្វើឱ្យការចូលរួមរបស់ពលរដ្ឋក្នុងសង្គមកាន់តែធ្លាក់ចុះ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ បានចេញផ្សាយសលាកប័ត្រព័ត៌មានមួយ ក្រោមចំណងជើងថា «យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ប្រឆាំងនឹងការចូលរួមជាសាធារណៈ»។

ប្រភពដដែលឱ្យដឹងថា មានអង្គការសង្គមស៊ីវិលចំនួនបួននៅកម្ពុជាដែលអនុវត្តគម្រោងឃ្លាំមើលសេរីភាពជាមូលដ្ឋាន ដែលបានចង់ក្រងទិន្នន័យយកមកបង្ហាញក្នុងសលាកប័ត្រព័ត៌មាននេះ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់ដោយមិនយកកម្រៃ (ICNL) និង សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ។

អង្គការសង្គមស៊ីវិលទាំងនេះ បានប្រើពេលមួយឆ្នាំក្នុងការអនុវត្ត គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន ដោយផ្តោតទៅលើ យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ គឺចាប់ពីថ្ងៃទី១ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។

ក្នុងរយៈពេល១ឆ្នាំមកនេះ ក្រុមអង្គការសង្គមស៊ីវិលដដែលរកឃើញថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ប្រឆាំងនឹងការចូលរួមជាសាធារណៈ ឬយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់នេះ មានចំនួន១៣២ករណី ដែលមានមនុស្សជិត៤រយនាក់(៣៧៩) ។ ក្នុងនោះ មានមនុស្ស១៧២នាក់ ត្រូវបានកោះហៅ ហើយមនុស្សចំនួន១៣៧នាក់ទៀត ត្រូវបានចាប់ខ្លួន ដោយឡែកមនុស្សចំនួន១៦៨នាក់ ត្រូវបានចោទប្រកាន់ និង ៧នាក់ ត្រូវបានផ្តន្ទាទោស។

យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ភាគច្រើនធ្វើឡើងពីសំណាក់រាជរដ្ឋាភិបាល មន្ត្រីរាជការរដ្ឋាភិបាល ឬស្ថាប័នតុលាការកម្ពុជា ហើយតែងដៅមុខសញ្ញាទៅលើបុគ្គលគ្រប់ប្រភេទ។ ក្រុមអង្គការសិទ្ធិមនុស្សទាំងនេះ លើកឡើងទៀតថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ បានធ្វើឲ្យការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសង្គមធ្លាក់ចុះ ដោយសារតែការភ័យខ្លាចជាប់ពន្ធនាគារ និងខ្លាចបង្កជាបន្ទុកធ្ងន់ធ្ងរផ្នែកថវិកា ក្នុងការចំណាយលើសេវាច្បាប់ និងការពិន័យប្រាក់ផ្សេងៗ។

ជាមួយគ្នានេះ យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ត្រូវបានយកមកប្រើប្រាស់ជាយុទ្ធសាស្ត្រមួយ ក្នុងការបំភិតបំភ័យបុគ្គល តួអង្គសង្គមស៊ីវិល ថ្នាក់ដឹកនាំសហគមន៍ អ្នកកាសែត និង អ្នកការពារសិទ្ធិមនុស្ស ឲ្យភ័យខ្លាចនិងស្ងៀមស្ងាត់ជាដើម។ 

ហេតុនេះហើយ ដែលនាំឱ្យមានការចាប់ខ្លួនបុគ្គលជាច្រើន និងការជំនុំជម្រះរឿងក្តីព្រហ្មទណ្ឌទៀតសោតមានរយៈពេលយូរមិនកំណត់ ព្រមទាំងចំណាយធនធានច្រើន ហើយជារឿយៗ ករណីទាំងនោះតែងមានការឃុំខ្លួនបណ្តោះអាសន្នជាច្រើនខែឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ធ្លាប់អះអាងថា ក្រុមមនុស្សដែលត្រូវបានចាប់ខ្លួនកន្លងមក គឺជាការអនុវត្តច្បាប់សុទ្ធសាធ ។

ប៉ុន្តែបញ្ហាទាំងនេះ ក្រុមសង្គមស៊ីវិលដដែលបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរជំរុញឱ្យមានច្បាប់ដែលហាមប្រាមយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ប្រឆាំងនឹងការចូលរួមជាសាធារណៈ ហើយច្បាប់នោះមានចែងពីការផ្តន្ទាទោសដល់បុគ្គល ឬ ស្ថាប័នដែលប្រើប្រាស់យុទ្ធសាស្ត្រ បណ្តឹងផ្លូវច្បាប់នេះ។

បន្ថែមពីនេះ គួរពិនិត្យ និងវិសោធនកម្មក្រមព្រហ្មទណ្ឌជាពិសេសបទល្មើសបរិហាកេរ្តិ៍ និងការញុះញង់ឱ្យស្របតាមក្របខណ្ឌច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដូចអ្វីដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ជាងនេះទៀត រដ្ឋាភិបាលគប្បីផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីនគរបាល និងតុលាការ ឱ្យយល់ដឹង និងទទួលស្គាល់ពីផលប៉ះពាល់អំពីយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ និងការចូលរួមជាសាធារណៈ។

ជាចុងក្រោយពួកគេជំរុញទៅរដ្ឋាភិបាល ឱ្យបង្ក និងបង្កើតបរិយាកាសល្អសម្រាប់អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មានឯករាជ្យ និងសកម្មជនដែលអនុញ្ញាតឱ្យអ្នកទាំងនោះ អាចធ្វើការ និងសកម្មភាពស្របច្បាប់របស់ខ្លួនបាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស