38.8 C
Phnom Penh

តើសម្បត្តិទ្រព្យជាតិខ្មែរ ក្រុមណាបានទទួលផលជាងគេក្នុងសង្គមបច្ចុប្បន្ន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកមានប្រាជ្ញាចេះរិះរេ គ្នេរគ្នាន់ គិត ពិចារណាលើរឿង ហេតុអ្វីមួយនិយាយថា៖ បើនរណាស្តាប់ខាងណាជ្រប់ ជឿខាងណាស្លុង កាន់ខាងណាផ្កាប់មុខ ជននោះបាត់បង់វិចា រណញ្ញាណរកឃើញសច្ចៈ ឬ ការណ៍ពិត។

នេះជាបញ្ហាក្នុងសង្គមជាតិខ្មែរបច្ចុប្បន្ន។ ទោះមានអ្នករាយការណ៍អំពីហេតុពិត រឿងពិតយ៉ាងណាក៏ដោយ ក៏មនុស្សជ្រប់ មនុស្សស្លុង មនុស្សផ្កាប់មុខមិនជឿឡើយ។

អ្នកមិនជឿហេតុពិត រឿងពិត ការណ៍ពិត តែងតែឆ្លើយតបវិញរបៀបខ្លៅអវិជ្ជា ជេរ ប្រមាថអ្នកនិយាយការណ៍ពិតថាជាមនុស្សអគតិ មនុស្សច្រ ណែន មនុស្សប្រឆាំង មានចេតនាផ្តួលរំលំ បង្កទុក្ខភ័យដល់សេចក្តីសុខអ្នកដទៃ ចង់បានអំណាចទៅវិញ។

ជាមួយគ្នានេះ អ្នកដែលមិនព្រមទទួលស្គាល់ការណ៍ពិតនោះ គឺជាអ្នករំលោភគេ អ្នកបង្កទុក្ខភ័យដល់ប្រជាពលរដ្ឋសាមញ្ញស្លូតត្រង់ឥតឈប់ឈរ។ ព្រះសព្វញ្ញុពុទ្ធ ប្រដៅថា៖ វត្ថុបីយ៉ាងលើលោកដែលលាក់បាំងយូរមិនបានគឺ ព្រះអាទិត្យ ព្រះចន្ទ និង សច្ចៈ (ឬសេចក្តីពិត)។ ពាក្យចាស់បុរាណខ្មែរមាននិយាយថា៖ ដំរីប៉ុនដំរីស្លាប់ យកចង្អេរបាំង។

សេចក្តីរាយការណ៍ជាច្រើនផ្សាយជាភាសាអង់គ្លេសតាមសារព័ត៌មានបរទេស និង អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនានា ជាច្រើនឆ្នាំកន្លងមកនេះបង្ហាញអំពីការគ្រប់គ្រង កាន់ កាប់ ចាត់ចែងមុខរបរ អាជីវកម្មនៅប្រទេសកម្ពុជាជាច្រើនមុខ ជាបក្ស ជាពួក ជារបៀបគ្រួសារនិយម ដោយអាងឈ្មោះនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាល និង  ជាប្រធានបក្សប្រជាជនកម្ពុជា ដែលមានអំណាចដ៏មហិមា។

មួយឆ្នាំមុន ថ្ងៃទី១៦ តុលា ២០១៩ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ផ្សាយសេចក្តីរាយការណ៍ស៊ើបអង្កេតមួយអំពី ធនលួចលាក់របស់សមាជិកក្រុមគ្រួសារសាច់ញាតិលោក ហ៊ុន សែន នៅបរទេស ដោយដាក់ចំណងជើងថា៖ ភោគទ្រព្យខ្មែរ, របៀបប្រមូលទ្រព្យសម្បត្តិនៃសាច់សារលោហិត និង បក្ស ពួក របស់មេដឹកនាំប្រទេសកម្ពុជា ឯនាយសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ ឆ្លើយតបនឹងការដាក់ទណ្ឌកម្ម ខ្ទប់ទ្រព្យសម្បត្តិមន្រ្តីពុករលួយនៅជុំវិញលោកពីស.រ.អា លោក ហ៊ុន សែន ថ្លែងបែបផ្គើនថា៖

បើក្លាហានមែន ធ្វើទៅ។ គេគ្មានទៅល្ងើភ្លីភ្លើរហូតដល់ទៅទុកសម្បត្តិទ្រព្យនៅក្រៅប្រទេសនោះទេ។ ក្រុមមនុស្សជិត ស្និទ្ធនឹងលោក ហ៊ុន សែន មិនត្រឹមតែមានទ្រព្យលួចលាក់ទុកឯប្រ ទេសក្រៅប៉ុណ្ណោះទេ គេថែមទាំងមានផែនការចេញ ពីស្រុកខ្មែរទៅនៅបរទេសទៀតផង។

យើងសូមផ្តើមមើលពីបងប្អូនធម៌ និង ក្លើម្រាក់របស់ក្រុមគ្រួសារលោក ហ៊ុន សែន មុន ដែលយកលោកជាខ្នងបង្អែក ដើម្បីធ្វើអាជីវកម្មលើធនធានធម្មជាតិខ្មែរ កើបទ្រព្យធន និង ជួយពង្រឹងអំណាចលោក ហ៊ុន សែន។ ពួករកស៊ីលួចជាតិទាំងនោះ ទទួលរងទណ្ឌកម្មមុនគេពីក្រសួងហិរញ្ញវត្ថុស.រ.អានៅថ្ងៃ៩ ខែធ្នូ ២០១៩។

ទ្រី ភាព និង ក្រុមហ៊ុនទាំង១១ ស្ថិតក្រោមឆត្រ ឬ ការគ្រប់គ្រងដោយឧកញ៉ា ទ្រី ភាព ជាប់ឈ្មោះក្នុងបញ្ជីខ្មៅអាមេរិក យោងតាមការចោទ ប្រកាន់ពីរដ្ឋការក្រុងវ៉ាស៊ិនតុន មានដូចតនេះ៖

បណ្តុំក្រុមហ៊ុន ទ្រីភាព (Try Pheap Group Co., Ltd.); ក្រុមហ៊ុន អាហរ័ណ នីហរ័ណ អឹមឌីអេស (M.D.S Import Export Co.); ក្រុមហ៊ុន ផែស្ងួត ទ្រី ភាព) (Try Pheap Dry Port Co.); ក្រុមហ៊ុន វិស្វកម្មនិងសំណង់ ទ្រី ភាព (Try Pheap Engineering and Construction Co.); ក្រុមហ៊ុន ទ្រី ភាព ហ្គ្រាន់រ៉ូយ៉ល់ (Try Pheap Grand Royal Co.); ក្រុមហ៊ុន អាហរ័ណ នីហរ័ណ ទ្រី ភាព (Try Pheap Import Export Co.); ក្រុមហ៊ុន ប្រេងឥន្ធនៈ ប៉ាប៉ា (Papa Petroleum Co.); ក្រុមហ៊ុន អចលទ្រព្យ ទ្រី ភាព (Try Pheap Property Co.); ក្រុមហ៊ុន ទេសចរណ៍ និង ដើរកម្សាន្ត (Try Pheap Travel & Tours Co.); ក្រុមហ៊ុន អឹមឌីអេស ថ្មដា តំបន់សេដ្ឋកិច្ចពិសេស (M.D.S Thmorda SEZ Co.); និង ក្រុមហ៊ុន ទ្រី ភាព អូរយ៉ាដាវ តំបន់សេដ្ឋកិច្ចពិសេស (Try Pheap Oyadav SEZ Co.)។

រដ្ឋាភិបាលស.រ.អា ចោទក្រៅតុលាការថា ទ្រី ភាព ជាជន បរទេសម្នាក់ ឥឡូវ ឬ ជាអតីតមន្រ្តីរដ្ឋាភិបាល ដែលទទួលខុសត្រូវ ឬ រួមគំនិតដោយផ្ទាល់ ឬ ដោយប្រយោល ចូលដៃចូលជើងក្នុងអំពើពុករលួយ រាប់ទាំងការបន្លំ បំភ័ន្ត កេងប្រវ័ញ្ចសម្បត្តិរដ្ឋ ការដកហូតយកសម្បត្តិឯកជនធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ពុករលួយក្នុងរឿងចុះកិច្ចសន្យាជា មួយរដ្ឋាភិបាល ដើម្បីទាញផលពីធនធានធម្មជាតិ ឬ សូក ប៉ាន់។

ទ្រី ភាព ដែលក្លាយជាបណ្ឌិតសេដ្ឋកិច្ចឆ្នាំ២០១៦ ធ្លាប់ប្រើប្រាស់បណ្តាញធំធេងរបស់ខ្លួនក្នុងប្រទេស ដើម្បីបង្កើតប្រព័ន្ធកាប់ឈើខុសច្បាប់ដោយ ពឹងផ្អែកលើការសមគំនិតពីមន្រ្តីរដ្ឋាភិបាល ដូចជាកិច្ចការពារពីរដ្ឋាភិបាលរឿងទិញដូរ កិច្ចការពារពីយោធាក្នុងការដឹកជញ្ជូនផលិតផលឈើខុសច្បាប់។ កិច្ចគាំពារពីមន្រ្តីរដ្ឋាភិបាល បង្កជាឧបសគ្គដល់ការបង្រ្កាបស កម្មភាពខុសច្បាប់របស់ ទ្រី ភាព ពីអាជ្ញាធរមូលដ្ឋាន។

ឧត្តមសេនីយ៍ គន់ គីម រងការចោទ និង ទណ្ឌកម្មពីរដ្ឋា ភិបាលអាមេរិក ដូចឧកញ៉ា ទ្រី ភាព ដែរ។ លើសពីនេះ ឧត្តមសេនីយ៍ គន់ គីម ជាប់ទាក់ទិននឹងរឿងដីធ្លីខេត្ត កោះកុង ដែលលោកជួយសម្រួលយកឲ្យក្រុមហ៊ុនអភិ វឌ្ឍន៍ចិន Tianjin Union Development Group (UDG) កាន់កាប់ ដោយគម្រាម សម្លុត ប្រជាពលរដ្ឋឲ្យចាកចេញពីលំនៅដ្ឋាន ហើយបានផលកម្រៃមិនចែកគ្នីគ្នា។ ឧត្តមសេនីយ៍ គន់ គីម មានសមាជិកក្រុមគ្រួសារយកឈ្មោះធ្វើអាជីកម្ម ដែលនៅក្រោមការគ្រប់គ្រងរបស់លោក។

ក្រុមហ៊ុនក្រោមឆត្ររបស់លោក មាន៖ ក្រុមហ៊ុន ចំការកៅស៊ូ ខេឌី (K D Rubber Plantation Co.) គ្រប់គ្រងដោយឈ្មោះ គីង ចាន់ឌី; គីម សុផារី គ្រប់គ្រងក្រុមហ៊ុន កម្លាំងសន្តិសុខឆ្នើមខែមបូ (Cambo Elite Security Force Co.); ក្រុមហ៊ុន ផារី ៧មករា (7 Makara Phary Co.)។ ចំណែកឯឈ្មោះ គីម ផារ៉ា គ្រប់គ្រងក្រុមហ៊ុន

បញ្ចាំទុនរំដួល (Romdoul Capital Pawn Co.) និង ក្រុមហ៊ុន រំដួលអភិវឌ្ឍន៍ (Romdoul Development Co.)។

សប្តាហ៍ក្រោយ សូមជូនភាគទី២ អំពី ក្រុមហ៊ុនគ្រប់គ្រងដោយកូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ខ្ញុំ ហាស់ សាន The Cambodia Daily រដ្ឋធានី វ៉ាស៊ិនតុន។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស