28 C
Phnom Penh

ភាគ៣៖ តើក្រុមមន្រ្តីមានអំណាចកំពូលៗរបស់លោក ហ៊ុន សែន បានលុយពីប្រភពណាដែលអាចទិញអចលនទ្រព្យ និងទិញសញ្ជាតិបរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកផ្នែកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សឈ្មោះ Human Rights Watch មេធា វី Brad Adams បាននិយាយក្នុងកម្មវិធីផ្សាយ The Cambodia Daily ថ្ងៃទី២៧ តុលា ឆ្នាំ២០២០ អំពីទ្រព្យសម្បត្តិមហាសាលនៃពួកនាយ ទាហាន នាយប៉ូលិស នាយកងរាជអាវុធហត្ថ ថ្នាក់ឧត្តមសេ នីយ៍១២រូប ដែលគេប្រសិទ្ធនាមឲ្យថា៖ ឧត្តមសេនីយ៍គគ្រក់បីដំប (Dirty Dozen) ជុំវិញនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក Brad Adams ថាឧត្តមសេនីយ៍ នេត សា

វឿន អគ្គស្នងការនគរបាលជាតិ ជំនួសឧត្តមសេនីយ៍ ហុក ឡងឌី មានភូមិគ្រឹះដូចប្រាសាទនៅរាជាធានីភ្នំពេញ, និវេសនដ្ឋានរបស់ឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ក្នុងខេត្តកណ្តាលមានទំហំសឹងតែដូចទីក្រុងតូចមួយ។

ឧត្តមសេនីយ៍ ប៉ុល សារឿន កាលនៅជាអគ្គមេបញ្ជាការកងទ័ពជាតិ ធ្លាប់ប្រើឧទ្ធម្ភាគចក្រ និង កូនទាហាន ធ្វើដំ ណើរពីភ្នំពេញទៅកំពត ដើម្បីទៅមើលស្រះចិញ្ចឹមបង្កង បង្គា ហើយមានភូមិគ្រឹះដូចវាំងស្តេច។ លោក Brad Adams មិនបាននិយាយអំពីរឿងទ្រព្យសម្បត្តិឧត្តមសេ នីយ៍ដទៃទេ ប៉ុន្តែ លោកនិយាយអំពីរឿងរំលោភសិទ្ធិមនុស្សនៃឧត្តមសេនីយ៍គគ្រក់បីដំបនោះ មានដូចជាឧត្តម សេនីយ៍ប៉ូលិស សុខ ផល ឧត្តមសេនីយ៍ប៉េអឹម សៅ សុ ខា ឧត្តមសេនីយ៍កងឆត្រយោង ចាប ភក្តី ជាដើម។ ប៉ុន្តែ ឧត្តមសេនីយ៍១១រូប មិនជាប់សាច់ឈាមជាមួយគ្រួសារ លោក ហ៊ុន សែន ទេ គឺគ្រាន់តែជាមនុស្សមានស្វាមីភក្តិ មានភក្តីភាព ស្លាប់រស់ជាមួយគ្នា ការពារគ្នាទៅវិញទៅមក ព្រោះមកពីមានផលប្រយោជន៍ យសសក្តិ លុយកាក់

ជាមួយគ្នាក្នុងរបបសព្វថ្ងៃ។

លោក Brad Adams បញ្ជាក់ថា បើករណីចោទប្រកាន់លើឧត្តមសេនីយ៍គគ្រក់បីដំបឡើងទៅតុលាការព្រហ្មទណ្ឌអន្តរ ជាតិ (ICC) គេមិនដឹងជាឆ្លើយដូចម្តេចទេ ពេលចៅក្រមសួរថាគេមានទ្រព្យសម្បត្តិមហាសាលពីណាមកនោះ។ បើគេធ្លាក់ខ្លួនទៅក្នុងសាលជំនុំជម្រះអន្តរជាតិពេលណាមួយមុនស្លាប់ ជនរងគ្រោះដែលស្រែកដង្ហោយរកយុត្តិធម៌ នឹងនាំគ្នានិយាយថា នេះមកពី កម្ម ដែលប្រែថា អំពើ ហើយ អំពើនិងទង្វើដែលពួកគេបានប្រព្រឹត្ត វានឹងចេញជា ផល ហើយផលនោះល្អ ឬ អាក្រក់ វាអាស្រ័យលើ កម្ម ឬ អំពើនិងទង្វើរបស់គេនោះឯង។

លោក ហ៊ុន សែន គ្រប់គ្រងនគររបៀបចងសម្ព័ន្ធរវាងមនុស្សនិងមនុស្សជាសែស្រឡាយ ជាសម្ព័ន្ធភាព ផ្តល់បុណ្យសក្តិ លាភសក្ការៈជាទីពេញចិត្តដល់ជនណាស្មោះ ស្ម័គ្រនឹងលោក ហើយអ្នកទទួលផលប្រយោជន៍នឹងតប ស្នងសងគុណលោកវិញជារបៀបជួយឧបត្ថម្ភធនធាន និង ការពារអំណាចរបស់លោក។ ទ្រឹស្តីនេះហៅថា រស់ពឹងគ្នា ជួយគ្នាទៅវិញទៅមក មួយអត់មួយទៀតមិនបាន ដែលអង់គ្លេសហៅ symbiotic politics។ ជាមួយគ្នានេះ លោក ហ៊ុន សែន គឺជាប្រភពអំណាច ឲ្យមុខងារ មុខតំណែង និង អភ័យឯកសិទ្ធិ អង់ គ្លេសហៅថា patronage តាមបំណង តាមចំណង់លោកពេញចិត្ត ឲ្យមានអំណាច មានសិទ្ធិ ធ្វើ អាជីវកម្ម ជាពិសេសលើធនធានធម្មជាតិ ហើយកើបទ្រព្យធនផ្តាច់មុខ យកទៅចែកឲ្យលោក ព្រមទាំងការពារអំណាចឲ្យលោក។

ឧទាហរណ៍មានច្រើនរាប់មិនអស់អំពីរបៀបគ្រប់គ្រងប្រ ទាក់ក្រឡាគ្នា៖ អ្នកនេះជាដន្លងអ្នកនោះ អ្នកនោះកូនប្រសាអ្នកនេះជាដើម។ សមាជិករដ្ឋសភា ហ៊ុន ម៉ានី កូនលោក ហ៊ុន សែន រៀបការនឹង យឹម ឆៃលីន កូនស្រីឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី។ យឹម លាង កូនប្រុសឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី រៀបការនឹង ជា សុផាម៉ាដែន កូន ស្រី លោក ជា សុផារ៉ា ហើយកូនស្រីឧត្តមសេនីយ៍ឯកប៉ូលិស យឹម លាង ឈ្មោះ យឹម បូណ៌មី ជាប្រពន្ធរបស់កូនលោកឧត្តមសេនីយ៍ មាស សុភា ឈ្មោះ មាស សុភា

រិទ្ធ។ កូនស្រីលោក ហ៊ុន សែន ហ៊ុន ម៉ាលី ការជាមួយ កូនលោក សុខ អាន ឈ្មោះ សុខ ពុទ្ធាវុធ ដែលរៀននៅ ស.រ.អា និង ពូកែបាញ់សត្វព្រៃ។ ហ៊ុន ម៉ាណែត រៀបការនឹង ពេជ្រ ចន្ទមុនី កូនស្រីរដ្ឋលេខាធិការក្រសួងការងារ ពេជ្រ សោភ័ណហ៊ុន ម៉ានិត ការនឹងកូនស្រីអតីតមេនគរបាលជាតិ ហុក ឡងឌី ឈ្មោះ ឌីហុក ចិន្តាវី។ កូនប្រុសលោក ហុក ឡងឌី ឌី វិជ្ជា លែងកូនស្រីលោក ហ៊ុន ណេង ឈ្មោះ ហ៊ុន ចន្ថា ទៅការជាមួយ ហ៊ុន ម៉ាណា កូន ស្រីលោក ហ៊ុន សែន។ ក្នុងប្រព័ន្ធច្បាប់ នេះរបៀបក្រុម ម៉ាហ្វីយ៉ា រៀបចំបែងក្រឡាគ្រប់គ្រងផលប្រយោជន៍។ អ្វីក៏គេហ៊ានធ្វើដែរ ទោះជាបំពានច្បាប់ធ្ងន់ធ្ងរបែបណាក៏ដោយ ព្រោះគេអាងមហាបុរសខ្លាំង ហ៊ុន សែន ចាំការពារ។

សប្តាហ៍មុន យើងបានផ្សាយអំពីទ្រព្យសម្បត្តិមហាសាលរបស់គ្រួសារឧត្តមសេនីយ៍ នេត សាវឿន ក្មួយប្រសាលោក  ហ៊ុន សែន កូនប្រសាលោក ហ៊ុន ណេង ស្វាមីអ្នកស្រី ហ៊ុន គិម ឡេង ដែលទិញអចលនាទ្រព្យនៅក្រៅ ប្រទេស និង មានសញ្ជាតិបរទេសយ៉ាងតិចពីរ។ ប្អូនស្រី អ្នកស្រី ហ៊ុន គិមឡេង អ្នកស្រី ហ៊ុន ចន្ថា ជាម្ចាស់រួមហ៊ុនអ្នកដទៃលើអគារផ្ទះល្វែងមួយតម្លៃជិត ៦លានដុល្លារកន្លះ នៅក្រុងឡុងដ្រ៍ អង់គ្លេស។ ទីភ្នាក់ព័ត៌មាន រ៉យទ័រ បញ្ជាក់ឈ្មោះមិនទាន់បាន។ អ្នកស្រី ហ៊ុន ចន្ថា មានដើមទុនក្នុងក្រុមហ៊ុនទាំងអស់ ២៧លានដុល្លារ។

មនុស្សជុំវិញ ជិតស្និទ្ធនឹងគ្រួសារលោក ហ៊ុន សែន ក៏មានផែនការដាក់ទុននៅក្រៅប្រទេស និង ទិញសញ្ជាតិប្រទេសថ្មីដែរ ជាពិសេសប្រទេស ស្ហីប្រ ឬ សាយប្រ៉ឹស។ ប្រទេសបីក្នុង សហភាពអឺរ៉ុប ដែលស្វែងរកទុនពីបរទេសតាមរយៈអ្នកមានលុយ ហើយចង់បានសញ្ជាតិ គឺ ស្ហីប្រ ម៉ាល់តា និង ប៊ុលហ្គារី។ ច្បាប់កោះស្ហីប្រ ឲ្យសញ្ជាតិដល់ជនជាតិណាដែលដាក់ទុន ២លានអឺរ៉ូ ឬស្មើនឹងជាង ២លាន ៣សែនដុល្លារស.រ.អា ដោយតម្រូវឲ្យដាក់ទុនទិញអច លនទ្រព្យជាអចិន្រ្តៃយ៍ ៥សែនអឺរ៉ូ ឬស្មើនឹងជាង ៦សែនដុល្លារស.រ. អា។ ក្រៅពី ហ៊ុន គិមឡេង ដាក់ទុនជាង ២លានដុល្លារ នៅកោះស្ហីប្រ ដើម្បីបានសញ្ជាតិនោះ ជឹង សុភាព ហៅយាយ ភូ អ្នករកស៊ីកាប់ឈើ លក់ឈើ រួមនឹងស្វាមី ឧកញ៉ា សមា ជិកព្រឹទ្ធសភា ឡៅ ម៉េងឃិន អ្នករកស៊ីលុប និង សង់ផ្ទះលើបឹងកក់ ព្រមទាំងកូន២នាក់ ក៏បានដាក់ទុនម្នាក់ៗ ២ លានអឺរ៉ូ នៅស្ហីប្រ និង សុំសញ្ជាតិគេដែរ។ លើសពីនេះទៀតមានអ្នកស្រី អ៊ឹម ប៉ូលីកា ភរិយារដ្ឋមន្រ្តី ក្រសួង ហិរញ្ញវត្ថុ អូន ព័ន្ធមុរីរតន៍ ដាក់ទុន ២លានអឺរ៉ូ ហ៊ុនចូលជាមួយ ជឹង សុភាព ឬ យាយ ភូ សង់សណ្ឋាគារ Radisson Blu នៅក្រុងមាត់សមុទ្រ ឡាណាកា (Larnaca) ប៉ែកអ

គ្នេយ៍កោះនោះ។ ហ៊ុន តូ ខ្មែរខ្លះថាកូនលោក ហ៊ុន ណេង ខ្មែរខ្លះថាកូនលោក ហ៊ុន សែន ជាប់ជំពាក់រឿងអាភៀនមានទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ មានផ្ទះនៅអូស្រា្តលី។

ថ្លែងទៅកាន់កម្មកររោងចក្រមួយក្បែរក្រុងភ្នំពេញ នៅខែ កុម្ភៈ ឆ្នាំ២០១៩ លោក ហ៊ុន សែន ថា៖ “លោកអត់មានសញ្ជាតិណាទៀតទេ និង គ្មានផ្ទះនៅក្រៅប្រទេសឡើយ ហើយសុខចិត្តស៊ីស្មៅជាមួយនឹងប្រជាជនកម្ពុជានេះហើយ”។ ភាសានេះចង់ប្រាប់ថាលោកជាមនុស្សស្អាតស្អំ។ លោកប្រកាសថា លោករស់នៅជាប់ជាមួយប្រជាជនក្រីក្រជានិច្ច។ ធនាគារអភិវឌ្ឍន៍ អាស៊ី បានប៉ានស្មានថា ប្រជា ពលរដ្ឋខ្មែរប្រមាណ ៧០% រស់រកចំណូលបានប្រមាណ ៣ដុ ល្លារស.រ.អា ឬជាង ១ម៉ឺន ២ពាន់រៀលក្នុងមួយថ្ងៃ។ សំណួរដដែលៗ គឺនៅត្រង់ ថាតើពួក មន្រ្តី និង សមាជិកក្រុមគ្រួសារលោក ហ៊ុន សែន បានលុយពីប្រភពណាមក រកស៊ីអ្វី បង់ពន្ធដារត្រឹមត្រូវ ឬអត់? រាស្រ្តខ្មែរខ្លះនិយាយថា៖ គេលួចទ្រព្យជាតិពេញនគរ ពលរដ្ឋសាមញ្ញឃើញអំណោយអង្ករ ១−២ការ៉ុង ត្រីខ ៤−១០កំប៉ុង ក្រមា−សារុងមួយបន្លាស់ រួចដឹងគុណគេរហូត៕

នៅមានត! តើត្រកូល ហ៊ុន គ្រប់គ្រងមុខរបរអ្វីខ្លះ? ភាគទី៤ សូមជូនសប្តាហ៍ក្រោយ។

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស