អ្នកវិភាគនយោបាយសង្គម រិះគន់ ការកោះហៅមន្ត្រីអតីតបក្សប្រឆាំង ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ជាសញ្ញានៃការគម្រាមកំហែង និងជាការបន្លាចសកម្មជនប្រជាធិបតេយ្យ ដែលមិនទាន់ចេញធ្វើសកម្មភាពថា ពួកគេបានកំណត់មុខសញ្ញាអ្នកទាំងនោះ ព្រមទាំងបានត្រៀមទុកដើម្បីចាត់ការរួចជាស្រេចហើយ។
អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះដោយ អះអាងថា បើចង់បានការប្ដូរផ្លាស់ ទាល់តែមានកម្លាំងយុទ្ធសាស្ត្រនយោបាយមា្រប់ធ្វើប្រតិបត្តិការ ពុំមែនស្រែកអង្វរសុំឲ្យគេដូរឥរិយាបថទេ ត្បិតពួកកុម្មុយនិស្ដគ្មានគោលការណ៍ស្ដាប់ពាក្យអង្វរករនោះឡើយ។
លោក គឹម សុខ បញ្ជាក់ថា ប្រសិនបើមន្ត្រីអតីតបក្សប្រឆាំង ចង់បន្ធូរបន្ថយភាពតានតឹងនយោបាយ ពួកគេត្រូវនាំគ្នាដោះស្រាយបញ្ហារបស់មន្ត្រី ឬសកម្មជនរបស់ខ្លួនដែលបានរងការចោទប្រកាន់កន្លងមកជាមុនសិន ត្បិតការកោះហៅរបស់តុលាការកម្ពុជានេះ ទំនងជាការរៀបក្បួនដើម្បីបន្ធូរការភ័យព្រួយ ពីការបាក់ជន្ទល់អំណាចពួកផ្តាច់ការតែប៉ុណ្ណោះ។
ការរិះគន់នេះធ្វើឡើង ក្រោយពីមន្ត្រីជាន់ខ្ពស់អតីតៃគណបក្សសង្គ្រោះជាតិ បរាជ័យក្នុងការប្រមូលផ្តុំគ្នានៅមុខស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមរិកដើម្បីស្នើរសុំឲ្យមន្ត្រីទូតកម្ពុជាផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ពួកគេឡើងវិញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ព្រោះមន្ត្រីទូតខ្មែរនៅទីនោះមិនបើកទ្វារធ្វើការ និងទទួលយកលិខិតស្នើសុំរបស់ពួកគេឡើយ។
ទាក់ទិននឹងបញ្ហានេះ បណ្ឌិត ឡៅម៉ុងហៃ អ្នកវិភាគនយោបាយ បានលើកឡើងក្នុងបណ្តាញសង្គមថា មាត្រា ១៤ នៃកតិកាសញ្ញាអន្តរជាតិស្តីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចែងថា ជនគ្រប់រូបត្រូវមានសិទ្ធិទទួលបានការកាត់ទោសដោយតុលាការឯករាជ្យ និងឥតលំអៀង ។
លោក បញ្ជាក់ថា សិទ្ធិនេះ គឺជាសិទ្ធិដាច់ខាត។ ជាងនេះទៀត លោកបានចោទជាសំនួរថា បើតុលាការមិនឯករាជ្យ តើឲ្យពលរដ្ឋការពារខ្លួនរបស់ពួកគេយ៉ាងដូចម្តេច?
បែបនេះក្តី សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការលើមន្ត្រី និងសកម្មជនអតីតបក្សប្រឆាំងសរុប ១១៤ នាក់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដែលរងការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់បង្ករឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបានប្រព្រឹត្តកាលពីចុងខែមករា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ប៊ុត សុសិខា ស្នងការងនគបាលរាជធានភ្នំពេញ បានយកដីកាតុលាការ ទៅបិទនឹងរបងខាងមុខស្នាក់ការអតីតបក្សប្រឆាំងដើម្បីជូនដំណឹងដល់ មន្ត្រី និងសកម្មជនគណបក្សនេះ ចំនួន ៦៨នាក់ ឲ្យចូលសវនាការនៅថ្ងៃទី២៦ វិច្ឆិកា ខាងមុខ លើសំណុំរឿង ពាក់ព័ន្ធករណីការចូលរួមក្នុងផែនការ ៩វិច្ឆិកា ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមាជិកសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំនួន៨ រូប រួមមានលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) លោក ថិត យ៉ូហូ (Ted Yoho) សមាជិកព្រឹទ្ធសភា អ្នកស្រី Elizabeth Warren និងតំណាងរាស្ត្រ ៦រូបផ្សេងទៀត បានជុំរុញទៅលោក ម៉ៃ ផុមផេអូ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកអន្តរាគមន៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក ដើម្បីប្រើច្បប់ Magnitsky Act ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្ត្រីយោធា និងមន្ត្រីកងរាជអាវុធហត្ថដែលបានចូលរួមយ៉ាងសកម្មក្នុងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អង្គការសមាគមន៍ជាតិ និងអន្តរជាតិទាមទារឲ្យរដ្ឋាភិបាលកម្ពុជាលុបចោល ឬកែប្រែបទចោទញុះញង់ ដែលមាននៅក្នុងក្រមព្រហ្មទណ្ឌ ដើម្បីឱ្យស្របនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ត្បិតច្បាប់នេះ បានក្លាយជាឧបករណ៍យ៉ាងមានប្រសិទ្ធភាពរបស់អាជ្ញាធរក្នុងការបង្ក្រាបលើក្រុមអ្នកតវ៉ាដើម្បីសេរីភាព និងសំឡេងប្រឆាំងនៅកម្ពុជា៕