37 C
Phnom Penh

បទវិភាគ៖ អរគុណសន្តិភាពគឺជាយុទ្ធសាស្ត្របំបាត់តម្លៃខ្មែរ និងជាការពង្រឹងលទ្ធិកុម្មុយនិស្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ដែលមានឈ្មោះថា ប្រវត្តិសាស្រ្តខ្មែរ បោះពុម្ពផ្សាយ លើកទី៣ ក្នុងឆ្នាំ២០០៩ បានសរសេរថា បក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើងក្នុងទីក្រុង ហុង កុង ក្នុងឆ្នាំ១៩៣០ ដោយពុំមានការចូលរួមសម្រេចពីជនជាតិខ្មែរណាម្នាក់ឡើយ បើទោះបីមានជនជាតិ ខ្មែរមួយចំនួនជាសមាជិកបក្សនេះនាពេលនោះក៏ដោយ។

សៀវភៅដដែលបន្តថា  បក្សកុម្មុយនិស្តឥណ្ឌូចិន បានប្រែក្លាយទៅជាបក្ស កុម្មុយនិស្តរៀងៗខ្លួនក្នុងប្រទេសលាវ កម្ពុជា និង វៀតណាម វិញក្នុងឆ្នាំ១៩៥១។  

របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ឬ CPP ដែលវៀតណាមលើកបន្តុបឲ្យគ្រប់គ្រងអំណាចក្នុងឆ្នាំ១៩៧៩ បានបោះពុម្ពផ្សាយសៀវភៅមួយដែលមានឈ្មោះថា អ្នកឃោសនា  ក្នុង ឆ្នាំ១៩៨៣។

ក្នុងផ្នែកទី១ ស្តីពី ប្រភពកំណើតរបស់បក្ស នៃសៀវភៅនោះ បានសរសេរថា៖ បក្សប្រជាជនបដិវត្តន៍កម្ពុជា “មុននោះមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ” បានចាប់បដិសន្ធិ ក្នុងមហាសន្និបាតលើកទី១នាថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១  ហើយបានបន្តបុព្វហេតុតស៊ូបដិវត្តន៍ដ៏ត្រចះត្រចង់ និងរុងរឿង ព្រមទាំងរក្សាប្រពៃណីដ៏ប្តូរផ្តាច់របស់បក្សកុម្មុយនិស្តឥណ្ឌូចិន។

បន្ថែមលើការអះអាងរបស់អ្នកប្រវត្តិសាស្ត្រជនជាតិអាមេរិក លោក ដេវិឌ ឆាណ្ឌល័រ និងឯកសារផ្លូវការណ៍របស់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៨៣នោះ គេក៏សង្កេតឃើញCPP តែងតែធ្វើ ពិធីគំរប់ខួបកំណើតរបស់ខ្លួនជារៀងរាល់ឆ្នាំនៅថ្ងៃទី២៨ ខែមិថុនា។

ក្រុមអ្នកសង្កេតការណ៍បានធ្វើសេចក្តីសន្និដ្ឋានថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សនយោបាយមួយដែលមាន ដើមកំណើតពីបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយដែលកំពុងបន្តបេសកកម្មនៃបក្សកុម្មុយនិស្ត នេះនៅកម្ពុជា។

ឯកសារប្រវត្តិសាស្រ្តមួយចំនួនបានឲ្យដឹងថា ដោយមានការបារម្ភអំពីឥទ្ធិពលវៀតណាម និងកុម្មុយនិស្តនៅកម្ពុជា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុក បានបង្កើតចលនាតស៊ូនៅតាមបណ្តោយព្រុំដែនខ្មែរ-ថៃក្នុងទស្សវត្សឆ្នាំ១៩៨០ ដើម្បីប្រឆាំងនឹងត្រួតត្រារបស់គណប្សប្រជាជនកម្ពុជា និងវត្តមានកងទ័ពវៀតណាមក្នុងទឹកដីខ្មែរ។

ការតស៊ូនោះទទួលបានការគាំទ្រ យ៉ាងខ្លាំងខ្លាពីសហគមន៍អន្តរជាតិ។ ក្រុមអ្នកតស៊ូទាំងនោះបានចាត់ទុកវត្តមានកងទ័ពបរទេសចូលត្រួតត្រាប្រទេសកម្ពុជាថា ជាអំពើឈ្លានពាន និងចាត់ទុករបបគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជនកម្ពុជានៅពេលនោះថា ជារដ្ឋាភិបាលខុសច្បាប់។

ការតស៊ូនោះបានជម្រុញឲ្យមានកិច្ចព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ និងមានការបោះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលមួយតាមបែបលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩៣ ក្រោមការរៀបចំរបស់អាជ្ញាអង្គការសហប្រជាតិ ដែលហៅកាត់ថាអ៊ុនតាក់។

ប៉ុន្តែបន្ទាប់ពី លោកហ៊ុន សែន ធ្វើរដ្ឋប្រហារក្នុងខែកក្កដា ឆ្នាំ១៩៩៧មក អ្វីៗត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ ដែលនាំឲ្យកម្ពុជាវិលទៅរករបបឯកបក្ស របស់គណបក្សប្រជាជនកម្ពុជាវិញ ដូចកាលពីទស្សវត្សឆ្នាំ១៩៨០ ដែលបានបង្កើតឡើងដោយបក្សកុម្មុយនិស្តវៀតណាម។

ទោះបីជាបានអំណាច តាមផ្លូវមិនសុច្ចរិតយ៉ាងណាក្តី លោកហ៊ុន សែន នៅតែអួតអាងអំពីការកាន់ដំណែងដ៏យូរលង់របស់លោក ហើយតែងជំរុញឲ្យពលរដ្ឋខ្មែរដឹងគុណវៀតណាម និងគណបក្សរបស់លោក។ តើការជំរុញអោយពលរដ្ឋខ្មែរដឹងគុណវៀតណាមបែបនេះធ្វើឡើងដើម្បីអ្វី ហើយវាអាចមានប្រយោជន៍ ឬប៉ះពាល់អ្វីខ្លះដល់ប្រទេសកម្ពុជា?

ក្នុងរបបកុម្មុយនិស្តខ្មែរក្រហមកាន់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រុមអាវខ្មៅនេះបានយកពលរដ្ឋខ្មែរទាំងហ្វូងៗ ទៅសំលាប់ចោល ដោយចាត់ទុកពលរដ្ឋខ្មែរ អ្នកចេះដឹងថាជាសត្រូវ។

ក្រុមអាវខ្មៅទាំងនេះ បានរំលាយសាសនា បង្រៀនកូនៗមិនអោយគោរព ឪពុកម្តាយ និងមិនអនុញ្ញាតិឲ្យពលរដ្ឋខ្មែរគោរពដូនតា ឬវិរៈបុរសខ្មែរណាមួយឡើយ។

របបអាវខ្មៅនោះ បានឲ្យខ្មែរគោរពតែអង្គការរបស់ពួកគេតែមួយគត់ ហើយដែលពាក្យអង្គការនេះ សំដៅលើក្រុមអ្នកកាន់អំណាច ឬគណបក្សកុម្មុយនិស្តរបស់ពួកគេ។ ទង្វើរបស់ក្រុមកុម្មុនិស្តខ្មែរក្រហមនោះគឺជាទង្វើដ៏កម្ររកើតមាន ក្នុងពិភពលោកនេះណាស់។ ផ្ទុយទៅវិញ ប្រទេសនានាតែងតែបង្រៀនពលរដ្ឋរបស់គេអោយចេះគោរពដូនតា ជាពិសេសវិរៈបុរសរបស់ខ្លួន ហើយគេបង្កើតសារៈមុន្ទីរតម្កល់រូបសំណាក ប្រវត្តិ និងស្នាដៃ របស់វិរបុរសនៃជាតិរបស់គេ។

ការរំលឹកអំពីវិរៈបុរសរបស់ខ្លួននេះ ធ្វើឲ្យជនជាតិនោះមានមោទនភាពចំពោះជាតិខ្លួន និងកាន់តែធ្វើឲ្យជាតិនោះកាន់តែខ្លាំងក្លាឡើងៗ។ តែទោះជាយ៉ាងណាក៏ដោយ វាជារឿងហួសពីការនិយាយអំពីទង្វើរបស់ពួកកុម្មុនិស្តខ្មែរក្រហម ព្រោះរបបនោះបានបំផ្លាញជាតិគ្រប់វិស័យ និងសំលាប់ពលរដ្ឋខ្មែរទូទៅរាប់លាននាក់គ្មានរើសមុខ ដែលសហគមន៍អន្តរជាតិចាត់ទុកថា ជាអំពើប្រល័យពូជសាសន៍។

ប៉ុន្តែអ្វីដែលស្រដៀងគ្នានឹងក្រុមខ្មែរក្រហមទាំងនោះដែរ គឺរបប លោក ហ៊ុន សែន បច្ចុប្បន្នក៏មិនបានជំរុញលើកទឹក ចិត្តពលរដ្ឋខ្មែរឲ្យគោរព  វិរៈបុរសរបស់ខ្លួនដែរ ហើយផ្ទុយទៅវិញលោក ហ៊ុន សែន បែរជាខិតខំជំរុញឲ្យពលរដ្ឋខ្មែរគិតតែពីការអរគុណ ចំពោះវៀតណាម និងរូបលោក ឬគណបក្សរបស់លោកតែប៉ុណ្ណោះ។

ជាក់ស្តែង លោកហ៊ុន សែន បានប្រើធនធានរបស់រដ្ឋ និងបញ្ជារឲ្យមន្ត្រីរបស់រដ្ឋាភិបាលធ្វើស្តូបរំលឹកគុណវៀតណាម គ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។ ក្រៅពីនេះ លោកហ៊ុន សែន ក៏តែងតែរំលឹកនិងប្រកាសនៅតាមវេទិកានានា ជាពិសេសពិធីរំលឹកថ្ងៃ៧មករា ឲ្យខ្មែរដឹងគុណវៀតណាមថែមទៀត។

អ្នកឃ្លាំមើលបញ្ហាសង្គមរិះគន់ថា ក្នុងកិច្ចការទំនាក់ទំនងការទូតរវាងប្រទេស និងប្រទេស ការលើកមុខមាត់គ្នាទៅ វិញទៅមកជារឿងធម្មតា ប៉ុន្តែអ្វីដែលលោកហ៊ុន សែនបានធ្វើចំពោះវៀតណាម គឺជាយុទ្ធនាការជាតិតែម្តង។

ផ្ទុយទៅវិញ គេកម្រឃើញរដ្ឋាភិបាល ឬប្រទេសឯករាជ្យណាមួយក្នុងលោកនេះ ប្រើប្រាស់ធនធានរដ្ឋ និងដើរតួរធ្វើយុទ្ធនាលើកតំកើងប្រទេសដទៃដូចអ្វីដែលលោកហ៊ុន សែន បាន ធ្វើចំពោះវៀតណាមនោះណាស់ ព្រោះការធ្វើបែបនេះ គឺជាទង្វើដែលធ្វើឲ្យពលរដ្ឋរបស់ខ្លួនលែងឲ្យតម្លៃ និងបាត់ជំនឿលើជាតិខ្លួនឯង ហើយវាអាចនាំឲ្យជាតិ ចុះទន់ខ្សោយបន្តិចម្តងៗ។

មហាជនទូទៅលើកជាសំណួរថា តើហេតុអ្វីបានជាលោកហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេសមួយ បែរជាមិនលើកតម្កើងជាតិឯងតែគិតតែពីលើកតម្កើងជាតិដទៃទៅវិញ? តើលោកហ៊ុន សែនធ្វើបែបនេះ ដោយសារតែខ្មែរគ្មានវីរៈបុរសសោះ ឬយ៉ាងណា? ចុះព្រះបាទជ័យវរ័្មនទី៧ លោកឩកញ្ញ៉ា សឺន គុយ និងវីរៈបុរសខ្មែរដ៏ទៃទៀតនោះ?

ចម្លើយដ៏ខ្លី គឺខ្មែរពិតជាមានវិរៈបុរសរបស់ខ្លួន តែហេតុអ្វីបានជាលោកហ៊ុន សែន មិនលើកតម្កើង វិរៈបុរសជាតិឯង? បើទោះបី គេពិបាករកចម្លើយពិតប្រាកដសំរាប់សំណួរនេះក៏ដោយ ក៏គេអាចធ្វើការ វិភាគបានខ្លះ ដែលអាចឆ្លុះបញ្ចាំងអំពីបេះដូងរបស់លោកហ៊ុន សែន។

ជាក់ស្តែង ពលរដ្ឋខ្មែរមិនដែលបានឮ លោកហ៊ុន សែន សម្តែងការគោរពវិរៈបុរសជាតិខ្លួនណាម្នាក់ឡើយ ហើយក៏មិនដែលអំពាវនាវឲ្យពលរដ្ឋខ្មែរដឹងគុណ ឬគោរពវិបុរសជាតិឯងណាម្នាក់នោះដែរ។

ការដែល លោកហ៊ុន សែន ធ្វើបែបនេះ ប្រហែលជាលោកមិនចង់ឲ្យខ្មែរណាម្នាក់មានតម្លៃខ្ពស់ជាងលោកនោះឡើយ។ ការសង្ស័យបែបនេះប្រហែលជាអាចត្រូវខ្លះដែរក្នុងបរិបទសង្គមបច្ចុប្បន្ន ព្រោះជាក់ ស្តែងលោកតែងលើកតម្កើងខ្លួនឯង ដោយអួតអាងអំពីសមិទ្ធិផលនានារបស់លោក បើទោះបីជាសមិទ្ធិផលនោះមិនមែន ជាតម្រូវការជាក់ស្តែង របស់ពលរដ្ឋខ្មែរក៏ដោយ។

មានភស្តុតាងខ្លះបង្ហាញថា ក្នុងពេលដែលពលរដ្ឋកំពុងរស់ក្នុងភាពក្រីក្រ ឬជំពាក់បំណុលគេវ័ណ្ឌ “ក” លោក ហ៊ុនសែនជម្រុញឲ្យពលរដ្ឋខ្មែរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ”អរគុណសន្តិភាព” ទៅវិញ ហើយលោកក៏មិនភ្លេចដែរក្នុងការប្រាប់ពលរដ្ឋខ្មែរថា លោកជាអ្នកបង្កើតសន្តិភាពនោះ។

ដូច្នេះ ការដែល លោកហ៊ុន សែន ខំឲ្យពលរដ្ឋខ្មែរ ”អរគុណសន្តិភាព” គឺដើម្បីអរគុណ ឬលើកតម្កើងខ្លួនគាត់ ជាមហាបុរសបើទោះបីលោកមិនអាចជួយដោះស្រាយបញ្ហាក្រីក្រ និងទុក្ខវេទនា របស់ពលរដ្ឋខ្មែរយ៉ាងណាក៏ដោយ។

អ្នកឃ្លាំមើលខ្លះរិះគន់ថា សន្តិភាពក្នុងរបបលោក ហ៊ុន សែន ប្រៀបដូចជាសន្តិភាពបែបបះសក់ សន្តិភាពបែបព្រឺរោម សន្តិភាពបែបលួសព្រលឹង សន្តិភាពបែបញាក់សាច់ សន្តិភាពបែបបោកបញ្ឆោត សន្តិភាពបែបទឹកភ្នែក និងជាសន្តិភាពបែបស៊ីឡាក់ប៉ុណ្ណោះ។

បើនិយាយអំពីភស្តុតាងសម្រាប់សន្តិភាពដ៏ខ្លោចផ្សាទាំងនេះ ប្រហែលជារកកន្លែង ឬទូដាក់មិនអស់នោះទេ រាប់ទាំងការរំលោភដីធ្លី ការរំលោភសិទ្ធិមនុស្ស អំពើពុករលួយជាប្រព័ន្ធ ឃាតកម្មខា្នតតូច និងឃាតកម្មខ្នាតធំ ហើយដែលយុត្តិធម៌ហាក់នៅដ៏សែនឆ្ងាយដូចជើងមេឃរកត្រើយមិនឃើញ។

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បីថ្ងៃក្រោយការរំលាយគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន និយាយថា លោកសោកស្តាយណាស់ដែលលោកមិនសម្លាប់ក្រុមប្រឆាំងកាលពីឆ្នាំ២០១៣។

ពាក្យសម្លាប់មនុស្សនេះ ប្រហែលជាភាសាដ៏សាមញ្ញពេកហើយសម្រាប់លោក ហ៊ុន សែន ដែលរដ្ឋាភិបាលរបស់លោក ញាំញីទៅដោយអំពើឧក្រិដ្ឋកម្មខ្នាតធំច្រើនរាប់មិនអស់ និងភាពអយុត្តិធម៌ចាក់ស្រេះដ៏សែនជ្រៅ។

អង្គការអន្តរជាតិនៃប្រទេសលោកសេរីជាច្រើនបានបន្តឲ្យពិន្ទុកម្ពុជាទាបបំផុតករណីគោរពសិទ្ធិមនុស្ស ការគោរពនីតិរដ្ឋ ការគោរពលទិ្ធប្រជាធិបតេយ្យ ឬការបើកលំហរសេរីភាពរបស់ពលរដ្ឋ។

អ្នកសង្កេតការណ៍ខ្លះនិយាយថា កំហុសដ៏ធំបំផុតរបស់លោក ហ៊ុន សែន គឺការទាញប្រទេសឲ្យដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនិងធ្វើលំហរសេរីភាពរួមចង្អៀតរកច្រកចេញមិនឃើញ ដែលនាំឲ្យសហគមន៍អន្តរជាតិបន្តដាក់ទណ្ឌកម្មមកលើកម្ពុជាឥតឈប់ឈរ ហើយធ្វើឲ្យពលរដ្ឋខ្មែរទូទាំងនគររងគ្រោះដោយសារស្នាដៃដឹកនាំប្រទេសរបស់លោក។

តើការដែលលោក ហ៊ុន សែន ខិតខំជម្រុញឲ្យពលរដ្ឋខ្មែរអគុណសន្តិភាពនៃរបបដឹកនាំរបស់លោក អាចជាការខុសឆ្គងដែរឬទេ?

អ្នកសង្កេតការណ៍ខ្លះវាយតម្លៃថា លោកហ៊ុន សែន ប្រហែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់លាននាក់ដែលតែងចង់បានការលើកតម្កើងខ្លួនពីមហាជនទូទៅ។

ប៉ុន្តែ ការលើកតម្កើងខ្លួនរបស់លោក ប្រហែលអាចជាបញ្ហាធំសំរាប់ជាតិខ្មែរទាំងមូល ព្រោះលោកហ៊ុន សែន ជាមេដឹកនាំម្នាក់ដែលកំពុងគ្រប់គ្រងគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ដែលមានដើមកំណើតពីគណបក្សកម្មុយនិស្តឥណ្ឌូចិន ហើយលោកក៏កំពុងអនុវត្តន៍អំណាចផ្តាច់ការដែលជារបៀបគ្រប់គ្រងប្រទេសតាមបែបលទ្ធិកុម្មុយនិស្ត ដែរ។

លើសពីនេះទៀត លោកហ៊ុន សែន ក៏កំពុងដើរតួជាទាយាទរបស់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមក្នុង ការលើកតម្កើងតម្លៃ ឬគុណូបការៈរបស់វៀតណាមនៅកម្ពុជា។

ដូច្នេះ យុទ្ធសាស្រ្តដែលលោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា របស់លោកជម្រុញឲ្យពលរដ្ឋខ្មែរ ”អរគុណសន្តិភាព” នោះ វាគ្រាន់តែគឺជាយុទ្ធសាស្រ្ត លើកតម្កើង និងពង្រឹងអំណាចរបស់លោក និងគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

អ្នកវិភាគខ្លះវាយតម្លៃថា នៅពេលដែលអំណាចរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង ពេលនោះលោក និងក្រុមរបស់លោក ក៏កាន់តែមានលទ្ធភាពបន្តបេសកកម្មគណបក្សកុម្មុយនិស្តឥណ្ឌូចិនកាន់តែខ្លាំងក្លាដែរ។

ពួកគេនិយាយថា ដោយសារតែលោកជាមេដឹកនាំយុទ្ធនាការខ្មែរដឹងគុណវៀតណាម ហើយបំភ្លេចចោលគុណតម្លៃវិរៈបុរសជាតិឯង លោកអាចបង្កគ្រោះធំសំរាប់ជាតិខ្មែរ តាមរយៈការបង្កើនឥទ្ធិពលវៀតណាម ហើយបំបាត់តម្លៃខ្មែរតែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស