អំពើ និងទង្វើរំលោភសិទ្ធិមនុស្សទាក់ទងនឹងវិវាទដីធ្លី វាតទី ច្បាមកាន់កាប់យកធ្វើកម្មសិទ្ធិពីសំណាក់អ្នក មានបុណ្យសក្តិ លុយកាក់ អំណាច ពីសំណាក់ក្រុម ហ៊ុនឯកជន ឬ តាមរយៈការលួចក្លែងបន្លំឯកសារពី សំណាក់ចោរស្រុក ដើម្បីយកដីទុកលក់ឲ្យចោរព្រៃក្នុងតំបន់ខ្លះ កើតចេញជាប្រព័ន្ធ ព្រោះតែការបង្កើតសម្ពន្ធមេត្រីភាពរវាងកងទ័ពជាតិ កងនគរបាលជាតិ ជា មួយស្ថាប័ន អង្គភាពស៊ីវិល ពោលគឺក្រុមហ៊ុនឯកជន ដែលតម្រូវឲ្យកងកម្លាំងប្រដាប់អាវុធការពារ ក្រុមហ៊ុនឯកជន ដែលរកលុយចិញ្ចឹមពួកគេតាមបញ្ជាប្រមុខរដ្ឋាភិបាល។
ក្រៅពីវិវាទដីធ្លីរវាងក្រុមហ៊ុនឯកជន ការពារដោយកងកម្លាំងប្រដាប់អាវុធ ជាមួយនឹងប្រជា ពលរដ្ឋខ្មែរ មានការរំលោភសិទ្ធិមនុស្ស បំពានច្បាប់មួយផ្នែកទៀត គឺការប្រព្រឹត្តិឧក្រិដ្ឋកម្មលើធនធានធម្មជាតិព្រៃឈើ ហើយនិងធ្វើឃាត និង ការចាប់ខ្លួនសកម្មជនការពារបរិស្ថាន និង ធនធានធម្មជាតិ។
ក្រុមហ៊ុនធ្វើអាជីវកម្មកាប់ឈើ ដឹកឈើលក់ សុទ្ធតែមានកងកម្លាំងប្រដាប់ អាវុធការពារ មានទាំងស្លៀកឯកសណ្ឋានយោធា មានទាំងស្លៀកពាក់ស៊ីវិល។ មានថៅកែរកស៊ីកាប់ឈើខ្លះជាឧកញ៉ា ខ្លះជាមានថានន្តរសក្តិក្នុងកងយោធពលខេមរភូមិន្ទ ខ្លះជាសាច់ញាតិសារលោហិតអ្នកដឹកនាំ។
ក្នុងអត្ថបទលោក David Hutt អ្នកកាសែតជំនាញខាងវិភាគនយោបាយ នៅថ្ងៃ២៣ មិថុនា២០២០ និយាយអំពីចំណាយខាងវិស័យយោធាការពារជាតិខណៈសេដ្ឋកិច្ចធ្លាក់ចុះជិត ៦% អកម្មភាព ឬ ភាពអត់ការធ្វើប្រមាណ ២០% ដោយសារជម្ងឺ កូវិដ−១៩ ភាពក្រីក្រកើនឡើងវិញ ១១%នោះ លោកបានស្រង់សេចក្តីថ្លែង ការណ៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់អំពីថវិកាយោធាថា៖ ទាំងអគារថ្មីសម្រាប់បក្ស ប្រជាជាជនកម្ពុជា ដែលសង់អស់លុយ ៣០លានដុល្លារ ទាំងរថ យន្តយោធា២៩០គ្រឿង ពីចិនម៉ាក ជិនលីយ៉ុន (GENLYON) ដែលអស់ លុយ ៤០លានដុល្លារ បន្ថែមលើចំណាយ ២៩០លានដុល្លារទិញគ្រឿងអាវុធពីចិននោះ រដ្ឋាភិបាលមិនបានចំណាយថវិកាពីឃ្លាំងរដ្ឋទេ។
លោក ហ៊ុន សែន បង្ហើបថា មានសប្បុរសជន ទាយកខាងផ្នែកឯកជន ជួយកងទ័ពជើងគោក ពេលណាមាន ហេតុការណ៍អវិជ្ជមាន។ ហេតុនេះហើយបានជាមាន ដៃគូ ឬ សម្ពន្ធមេត្រីភាពរវាងផ្នែកឯកជន និងយោធា។ នេះ ជាដៃគូដែលមិនអាចបំបែកបានជាដាច់ខាត។ ប្រ មុខរដ្ឋាភិបាល ថ្លែងទៀតថា ថវិកាចំណាយទាំងអស់នោះ បានមកពីអំណោយឯកជន មានដូចជាពីសមា
ជិកបក្ស ប្រជាជនកម្ពុជា កម្មករ កសិករ អាជីវករ ដល់សេដ្ឋី និង កូនចៅរបស់សេដ្ឋី។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូន ក៏គាំទ្រគោលនយោបាយរបស់ឪពុករបស់ខ្លួនដែរ។ លោកថា ឪពុកលោកអំពាវនាវឲ្យសប្បុរសជនទ្រងទ្រង់កងទ័ពយូរឆ្នាំមកហើយ មិនមែនជារឿងអ្វីថ្មីនោះទេ។
អ្នកសង្កេតការណ៍នយោបាយ យោធាជាតិ និង បរ ទេស និយាយថាកងទ័ពក្នុងប្រទេសប្រជាធិបតេយ្យ ជាស្ថាប័នជាតិ ជាស្ថាប័នរដ្ឋ បង្កើតឡើងដើម្បីបម្រើ និង ការពារប្រទេសជាតិ ឬ រដ្ឋ មិនមែនបម្រើ និង ការពារបក្សនយោបាយនោះទេ។ ដូច្នេះ រដ្ឋ គឺរដ្ឋាភិ បាលត្រូវតែទទួលខុសត្រូវ រកថវិកាសម្រាប់សេចក្តីត្រូវការក្នុងកងទ័ព ដើម្បីបម្រើ និង ការពាររដ្ឋ មិនត្រូវពឹងផ្អែកលើវិស័យឯកជនទេ។ បើកងទ័ពទទួលការឧបត្ថម្ភប្រាក់ខែពីវិស័យឯកជន ស្ថាប័ននេះ លែងជាកងទ័ពហើយ វាជាអ្នកម៉ៅការឯកជន ដែលអង់គ្លេសហៅថា private contractors។
គោលការណ៍នយោបាយយកកងទ័ពទៅការពារស្ថាប័ន−អង្គភាពស៊ីវិល ក្រុមហ៊ុន ឬ សហគ្រាសឯក ជន ហើយស្ថាប័ន−អង្គភាពស៊ីវិល ក្រុមហ៊ុន ឬ សហ គ្រាសឯកជន ឧបត្ថម្ភរបបប្រចាំខែបែបនេះ សកម្ម ភាព ល្មើសច្បាប់ទាំងឡាយ ឧក្រិដ្ឋកម្មបែបណាមួយ មិនត្រឹមតែរដ្ឋអំណាចមិនហ៊ានបង្រ្កាប ឬ មិនអាចផ្តន្ទាទោសតាមច្បាប់ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះ ទេ ប៉ុន្តែការអនុវត្តច្បាប់ជាធរមាននៅក្នុងប្រទេសកម្ពុ ជា ក៏មិនអាចធ្វើទៅបានដោយស្មើភាពគ្នា ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញនោះដែរ។ ជនណារកចិញ្ចឹមបក្ខ ពួកខ្លួន ជននោះគ្មានទោសពៃរ៍អ្វីចំពោះបទល្មើស ឬ បទឧក្រិដ្ឋរបស់ខ្លួនទេ។
ពលរដ្ឋខ្មែរសង្កេតឃើញថា កងវរសេនាធំលេខ ៤២ ប្រចាំយោធភូមិភាគទី ១ ដែលមានខេត្ត ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ការពារក្រសួង បរិស្ថាន ដែលការពារក្រុមហ៊ុនរកស៊ីកាប់ឈើ អង្គរប្លាយវោដ (Angkor Plywood) រួមនឹងកងវរសេនាតូចលេខ ១០១, ១០២, ១០៣ការពារក្រុមហ៊ុន ទ្រី ភាព ដែលរកស៊ីកាប់ឈើ ដឹកឈើលក់ទៅស្រុកយួន។
បញ្ជាការដ្ឋានយោធភូមិភាគទី ៣ នៅទីរួមខេត្តកំពង់ ស្ពឺ ចំណុះដោយខេត្ត តាកែវ កំពត កែប ព្រះសីហនុ និង កោះកុង ការពារក្រសួង រៀបចំដែនដី នគរូបនិយកម្ម និង សំណង់ រួមនឹងកងវរសេនាតូចលេខ ៣០១, ៣០២, ៣០៣ ការពារក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ហើយនិង ក្រុមហ៊ុន លី យ៉ុងផាត់ ទាក់ទងនឹងរឿងដីធ្លី។
យោធភូមិភាគទី ៤ ដែលមានខេត្តកំពង់ធំ ឧត្តរមាន ជ័យ ព្រះវិហារ មានបញ្ជាការដ្ឋាននៅទីរួមខេត្តសៀម រាប
- ភ្ជាប់ជាមួយក្រសួង ទេសចរណ៍ ការពារ អាជ្ញាធរអប្សរា ក្រុម ហ៊ុនទូរស័ព្ទ ម៉ូប៊ីតែល (Mobitel 012)
- ភ្ជាប់កងពលតូចថ្មើរជើងលេខ ៤១ ជាមួយក្រសួង ប្រៃសនីយ៍ ទូរគមនាគមន៍ ការពារក្រុមហ៊ុន ចំការកៅស៊ូជុប
- ភ្ជាប់កងពលតូចថ្មើរជើងលេខ ៤២ ជាមួយ អគ្គិសនីកម្ពុជា ការពារក្រុមហ៊ុន កាស៊ីណូ លី យ៉ុងផាត់ អូរស្មាច់
- ភ្ជាប់ កងការពារព្រំដែនលេខ ៤០១ ជាមួយក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ វិទ្យុ និង ទូរទស្សន៍ បាយ័ន
- ភ្ជាប់ កងការពារព្រំដែនលេខ ៤០២ ជាមួយក្រសួង សាធារណការ និង ដឹកជញ្ជូន ទូរទស្សន៍ខ្សែកាប ស៊ីធីអិន (CTN)ភ្ជាប់ កងការពារព្រំដែនលេខ ៤០៣ ជាមួយក្រសួង សាធារណការ និង ដឹកជញ្ជូន សណ្ឋាគារ ខេមបូឌីយ៉ាណា (Cambodiana)
- ភ្ជាប់ កងការពារព្រំដែនលេខ ៤០៤ ជាមួយក្រុមប្រឹក្សា ជំនួយការ និង ខុទ្ទការល័យនាយករដ្ឋមន្រ្តី និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ការពារ ភូមិវប្បធម៌ កាណាឌីយ៉ា ខេត្តសៀមរាប
អ្នកសង្កេតការណ៍បរទេសឆ្ងល់ថា តើហេតុអ្វីពលរដ្ឋ ខ្មែរសុខចិត្ត យល់ព្រម ទទួលយកបាន បើកងទ័ពជាតិ ហៅថា កងយោធពលខេមរភូមិន្ទ ឬ មានន័យថា កង កម្លាំងរបស់ស្តេចខ្មែរ មិនការពារប្រយោជន៍ជាតិខ្មែរ ប៉ុន្តែក្លាយជាកងកម្លាំងការពារប្រយោជន៍ឯកជនតាមបែបផែន រចនាសម្ពន្ធតបស្នងសងគុណគ្នា រវាងអ្នក មានសគុណ និង អ្នកមានគុណូបការៈទៅវិញនោះ។
តើខ្មែរស្នេហាប្រជាធិបតេយ្យ យុត្តិធម៌ សិទ្ធិ សេរីភាពមនុស្ស គោរពច្បាប់ទម្លាប់ គិតយ៉ាងណាដែរ? រឿងហ្នឹងមិនពិបាកយល់ទេ បើសិនជាកុំនាំគ្នាគិតតែអំពីរឿងដកលោក ហ៊ុន សែន ម្នាក់នោះ។ ដូចយើងខ្ញុំជម្រាបពីសប្តាហ៍មុន ថាអ្នកដឹកនាំផ្តាច់ការផ្តាច់មុខ មិនអាចរស់ខ្លួនឯងបានទេ បើពុំមានឃាតក ឬ មនុស្សស្មោះស ស្ម័គ្រចិត្តជួយទ្រទ្រង់ ជ្រោមជ្រែងទេនោះ៕