27 C
Phnom Penh

តើអ្នកនយោបាយគួរធ្វើខ្លួនបែបណាដែលដើម្បីអាចបន្សល់ឈ្មោះ និងស្នាដៃជាវីរជនរបស់ប្រទេស?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នណាក៏ដឹងដែរថា ខ្មែរធ្លាប់មានប្រវត្តិជាប្រទេសខ្លាំងក្លា ដូចដែលបានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ថា “យើងប្រជារាស្ត្រខ្មែរដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំថ្កើង រុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្យពណ្ណរាយ”។

ជាធម្មតា សម័យកាលមួយ ឬប្រទេសមួយពិតជាមិនអាចរុងរឿងខ្លាំងក្លាទៅបាននោះទេ ប្រសិនបើគ្មានមេដឹកនាំដ៏អស្ចារ្យ ដែលមានចក្វិស័យវែងឆ្ងាយ និងគុណសម្បត្តិខ្ពស់ក្នុងការដឹកនាំ ការបង្ហាញនូវភាពជាគំរូ និងការលើកទឹកចិត្តដល់ពលរដ្ឋរបស់ខ្លួនឲ្យមានចក្ខុវិស័យរួមនិងសេចក្តីក្លាហានក្នុងការតស៊ូ ដោយអត់ធ្មត់។

ដោយឡែកកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ គឺច្បាស់ជាមានមេដឹកនាំ ឬវិរៈបុរសដ៏អស្ចារ្យក្នុងសម័យកាលដ៏អស្ចារ្យរបស់ខ្លួន ដូចជាព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យអង្គរជាដើម។

ប៉ុន្តែទោះបីជាតិធ្លាក់ចុះដុនដាបជាបន្តបន្ទាប់ក្រោយការដួលរលំនៃសម័យអង្គរក៏ដោយ ក៏គេឃើញខ្មែរនៅតែមានឈាមជ័រវិរៈបុរស និងជាជាតិសាស្ត្រមួយដ៏ក្លាហានបន្តការតស៊ូដ៏អង់អាចរហូតដល់ ហ៊ានលះជីវិតជូនជាតិដើម្បីជាគំរូ និងជាការទឹកចិត្តដ៏ល់ខ្មែរដទៃទៀតនិងគ្រប់ជំនាន់។

វីរជនទាំងនោះ គឺពិតជាគួរអោយគោរពនិងដឹងគុណជាទីបំផុត ដូចជា ព្រះបាទជ័យវរ្ម័នទី៧ លោកឩកញ្ញ៉ា ឃ្លាំង មឿង លោកឩកញ្ញ៉ា សឺន គុយ អាចារ្យហែម ជាវ លោកតាក្រម ង៉ុយ បណ្ឌិតកែម ឡី និងវីរជនដ៏ទៃទៀត។

ទោះបីវីរជនទាំងនោះបានកើតក្នុងសម័យកាលផ្សេងគ្នានិងមានគុណសម្បត្តិខុសគ្នាក្តី ក៏ពួកគាត់ មានចំណុចរួមខ្លះដែរ គឺមានជំហរម៉ឺងម៉ាត់ និងរឹងប៉ឹង ក្នុងការតស៊ូនៅគ្រាដែលប្រទេសជាតិមានគ្រោះថ្នាក់ គឺពួកគេហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួន មិនចុះញ៉មសត្រូវ និងមិនរត់ចោលទីលានប្រយុទ្ធបើទោះបីត្រូវលះ បង់ជីវិតបែបណាក៏ដោយ។

ភាពជាគំរូនិងសាររបស់វីរជនទាំងនោះពិតជាសំខាន់ និងមានឥទ្ធិពលណាស់ក្នុងការលើកទឹកចិត្តពលរដ្ឋខ្មែរ។ តែផ្ទុយទៅវិញ អ្នកនយោបាយខ្មែរខ្លះមិនបានចាប់អារម្មណ៍ ឬឲ្យតម្លៃទៅលើសារៈប្រយោជន៍បែបនោះសំរាប់ជាតិសាស្ត្ររបស់ខ្លួនឡើយ ហើយបញ្ហានេះកំពុងកើតមានខ្លាំងឡើងៗក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលអាចនាំមកនូវវិនាសកម្មកាន់តែធំថែមទៀតសំរាប់ខ្មែរ ទាំងពេលបច្ចប្បន្ន និងអនាគត។

 
ផ្ទុយទៅវិញ លោកហ៊ុន សែន ត្រូវបានដកស្រង់សំដីដោយកាសែត The Cambodia Daily នាខែកុម្ភៈ ឆ្នាំ២០០៨ថា លោកនឹងផ្តល់ក្តារម្ឈូសឲ្យដោយឥតគិតថ្លៃដល់នរណាដែលចង់ទាមទារទឹកដីកម្ពុជា ក្រោមមកវិញ។

ជាការពិត អត្ថន័យនៃសំដីនេះគឺពិតជាមិនគ្រាន់តែជាការបំបាក់ទឹកចិត្តជាតិសាស្ត្រឯង ប៉ុណ្ណោះទេ ហើយវាក៏មិនសមចេញពីមាត់មេដឹកនាំនៃជាតិមួយនោះឡើយ។ ផ្ទុយពីលោកហ៊ុន សែន មេដឹកនាំពិភពលោកជាច្រើនតែងតែនិយាយលើកទឹកចិត្តជនជាតិរបស់គេឲ្យមានសេចក្តីសង្ឃឹម ក្លាហាន និង អត់ធ្មត់ក្នុងការតស៊ូដើម្បីសម្រេចគោលដៅរួម។

សម្តេចព្រះសង្ឃរាជ ដាឡៃ ឡាម៉ាទី១៤ ធ្លាប់មានសង្ឃដីកា “ប្រសិនបើអ្នកគិតថា អ្នកតូចតាចពេកដែលមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរ ចូរអ្នកសាកល្បងដេកជាមួយនឹងសត្វមូសមួយក្បាលមើល”។

សម្តេចព្រះសង្ឃរាជ ដាឡៃ ឡាម៉ា គឺជាមេដឹក នាំព្រះពុទ្ធសាសនាមួយអង្គដែលជានិមិត្តរូបនៃការឯកភាពជាតិទីបេ និងកំពុងដឹកនាំជាតិសាសន៍ ដែលមានពលរដ្ឋប្រមាណប្រាំមួយលាននាក់ប៉ុណ្ណោះក្នុងការប្រឆាំងនឹងចិនដែលមានប្រជាជន ជិតមួយពាន់បួនរយលាននាក់ដើម្បីទាមទារឯករាជ្យភាពនៃទឹកដីទីបេ។

ថ្វីបើប្រទេសចិនជាមហាយក្សដ៏ធំ ហើយការប្រឆាំងនឹងមហាយក្សនេះជារឿងដ៏មហាលំបាក ប៉ុន្តែសម្តេចព្រះសង្ឃរាជ ដាឡៃ ឡាម៉ា បានបណ្តុះស្មារតីប្រយុទ្ធ និងផ្តល់ការលើកទឹចិត្តដល់ជនជាតិរបស់ព្រះអង្គ ដោយបន្តការតស៊ូនោះតាំងពីជាងកន្លះសតវត្សមុន រហូតដល់ពេលបច្ចុប្បន្ននេះ។

ថ្វីបើព្រះអង្គមិនទាន់ទទួលបានជ័យជំនេះមែន តែព្រះអង្គ និងចលនាតស៊ូរបស់ព្រះអង្គបានទទួលការគោរព និងការគាំទ្រពីពិភពលោក។

ស្រដៀងគ្នាដែរ លោកបារ៉ាក់ អូបាម៉ា (Barack Obama) ដែល បានក្លាយជាប្រធានាធិបតេយ្យទី៤៤របស់ប្រទេសអាមេរិកក្នុងឆ្នាំ២០០៨ និងជាប្រធានាធិបតី ស្បែកខ្មៅដំបូងបំផុតនៃប្រទេសមហាអំណាចទី១របស់ពិភពលោកនេះបានធ្វើអោយពលរដ្ឋអាមេរិក និងពិភពលោកមានជំនឿចិត្តថា អ្វីៗសុទ្ធតែអាចទៅរួច។

ក្នុងប្រវត្តិសាស្ត្រអាមេរិក ជនជាតិស្បែកខ្មៅដូច លោក អូបាម៉ាធ្លាប់ជាទាសកររបស់ពួកស្បែក ស។ ដូច្នេះហើយ ការឈរជាបេក្ខជនប្រធានាធិបតីរបស់ លោកអូបាម៉ា គឺជារឿងមួយដែលធ្វើឲ្យពលរដ្ឋអាមរិកាំងនិងពិភពលោកមានការភ្ញាក់ផ្អើល និងពិបាក ជឿថា លោកអូបាម៉ា អាចក្លាយជាប្រធាបតីស្បែកខ្មៅរបស់អាមេរិក ព្រោះវាជារឿងពុំដែលកើតមាន ទាល់តែសោះក្នុងរយៈពេលេជាងពីររយឆ្នាំនៃប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ក្នុងយុទ្ធនាការបោះឆ្នោត លោកអូបា ម៉ា បានប្រើពាក្យស្លោកថា “Yes We Can គឺ មានន័យថា បាទ យើងអាចធ្វើបាន” ហើយទីបំផុតគឺគាត់ ធ្វើបានមែន។

ស្រដៀងគ្នានឹងលោកហ៊ុន សែន ក្រុមអ្នកនយោបាយបក្សប្រឆាំង ខ្លះក៏បានចូលរួមក្នុងការបំបាក់ស្មារតីពលរដ្ឋខ្មែរដែរ ទោះដោយចេតនា ឬអចេតនាក្តី។

នៅឯវេទិការមួយក្នុងទីក្រុងម៉ុងត្រេអាល់នៃប្រទេសកាណាដាកាលពីខែធ្នូ ឆ្នាំ២០១៥ លោកអេង ឆៃអ៊ាង បានបន្ទោសលោកឩកញ្ញ៉ា សឺន គុយ ដែលប្រគល់ខ្លួនអោយយួនសំលាប់ក្នុងឆ្នាំ១៨៤១នោះថាជារឿងអត់ ប្រយោជន៍ បើទោះបីការលះបង់នោះដើម្បីជាការដោះដូរជាមួយយួនក្នុងការបញ្ឈប់ការសំលាប់ពលរដ្ឋខ្មែរនិងការរំលាយព្រះពុទ្ធសាសនានៅកម្ពុជាក្រោមក៏ដោយ។

ជាថ្មីម្តងទៀត លោកអេង ឆៃអ៊ាង ក្នុងឋានៈជាអនុប្រធាន គណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងវេទិការមួយក្នុងប្រទេសអាមេរិកកាលពីដើម ឆ្នាំ២០១៨ ថា គណបក្សសង្គ្រោះជាតិ គឺជាកប៉ាល់មួយដែលបានជាប់គាំងបាត់ទៅហើយ ហើយក្រុមរបស់លោក ក៏កំពុងបង្កើតយន្តការថ្មីមួយ គឺចលនាសង្គ្រោះជាតិ ដែលមានលោកសម រង្ស៊ី ជាប្រធាន។

បើទោះបីការថ្លែងបែបនោះត្រូវបានគេយល់ថា វាជាលេសក្នុងបង្កើតចលនាសង្គ្រោះជាតិសំរាប់ក្រុមគាត់ក៏ដោយ តែវាអាចជាការបំបាក់ស្មារតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឲ្យអស់សង្ឃឹម ដូចអ្វីដែលលោកហ៊ុន សែន និងបក្សពួកតែងតែលើកឡើងថា គណបក្សសង្គ្រោះជាតិបានស្លាប់បាត់ទៅហើយ។

តែជាក់ស្តែង លោកហ៊ុន សែន ក៏កំពុងតតាំងជាមួយគណបក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេស ហើយលោកអេង ឆៃអ៊ាង និងលោកសម រង្ស៊ី ក៏ងាកមកស្រវ៉ាឱបយកគណបក្សសង្គ្រោះជាតិវិញតាមរយៈសន្និសីទរបស់ ក្រុមលោក នៅទីក្រុងអាតាឡង់តាក្នុងរដ្ឋជរចា (Georgia) សហរដ្ឋអាមេរិក កាលពីដើមខែធ្នូ ឆ្នាំ២០១៨។

ក្រៅពី លោកអេង ឆៃអ៊ាង លោកសម រង្ស៊ី កឺធ្លាប់លើកឡើងដែរថា ការជាប់គុកដូចលោកកឹម សុខា និងការស្លាប់ដូចលោកបណ្ឌិតកែម ឡី គឺជារឿងអត់ប្រយោជន៍។ ប៉ុន្តែ លោកសម រង្ស៊ី បានធ្វើយុទ្ធនាការយ៉ាងសកម្មនៅក្រៅប្រទេសដោយប្រកាសថា កឹម សុខា និងសម រង្ស៊ី ជាមនុស្សតែមួយ ហើយក៏បានជួបក្រុមគ្រួសារ របស់លោក បណ្ឌិតកែម ឡី ក្នុងទីក្រុមែលប៊ន ប្រទេសអូស្ត្រាលីនាឆ្នាំ២០១៩ ដោយសម្តែង ពីការសោកស្តាយនៃការស្លាប់របស់លោក បណ្ឌិត។

បើពិនិត្យមើលកាយវិការខាងលើ អាចជាការឆ្លុះបញ្ចាំងអំពី ការយល់ឃើញរបស់លោកសម រង្ស៊ីថា ការលះបង់របស់លោក កឹម សុខា និង លោកបណ្ឌិតកែម ឡី ពិតជាសំខាន់ បើទោះបីលោកបានផ្ញើរសារ ជាសាធារៈ ផ្ទុយពីនោះក៏ដោយ ហើយអត្ថន័យនៃសារគាត់ដែលថា ការជាប់គុករបស់លោកកឹម សុខា និងការស្លាប់របស់បណ្ឌិតកែម ឡី អត់ប្រយោជន៍នោះ អាចជាការបំបាក់ស្មារតីរបស់ពលរដ្ឋខ្មែរកុំឲ្យហ៊ានធ្វើការលះបង់ដើម្បីសង្គមជាតិ។

ដូចគ្នាដែរ ក្រុមមន្រ្តីគណបក្សសង្គ្រោះជាតិខ្លះទៀតដែលបាន ឬមានបំណងបើកគណបក្សថ្មីបាន និងកំពុងឃោសនាថា លោកកឹម សុខា មិនអាចត្រូវបានដោះលែងទេ ហើយសហគមន៍អន្តរជាតិមិនអាច ជួយអ្វីកើតឡើយ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពួកគេបានប្រាប់អ្នកគាំទ្រសង្គ្រោះជាតិថា ពួកគេបង្កើតបក្សថ្មីដើម្បីទុកជូនលោកកឹម សុខា នៅពេលដែលគាត់មានសេរីភាពពេញលេញ។

ដូច្នេះ វាមានន័យថា ពួកមន្ត្រីទាំងនោះនៅតែគិតថា លោកកឹម សុខានឹងមានសេរីភាពធ្វើនយោបាយក្នុងពេលណាមួយ។ ប៉ុន្តែការផ្ញើរសារជាអវិជ្ជមានបែបនោះប្រហែលអាចជាហេតុផលដើម្បីទាក់ទាញ ការគាំទ្រពីមហាជនតែប៉ុណ្ណោះ ហើយវាក៏ជាសារដែលអាចធ្វើឲ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ អាចនឹងបាក់ទឹកចិត្ត ឬអស់សេចក្តីសង្ឃឹមទៅវិញ។

ផ្ទុយពីអ្នកនយោបាយ សហគមន៍អន្តរជាតិហាក់ផ្តល់នូវតម្លៃនៃការលះបង់របស់អ្នក តស៊ូខ្មែរដូចជារូបលោកកឹម សុខា ជាដើម។ ឩទាហរណ៍ ឯកអគ្គរដ្ឋទូតអាមរិកប្រចាំនៅកម្ពុជា គឺ លោក Patrick Murphy បានថ្លែងក្រោយការជួបជាមួយលោកកឹម សុខា ក្នុងខែមិនា ឆ្នាំ២០២០ថា “លោកកឹម សុខា សមនឹងទទួលបានកិត្តិនាមដ៏ល្បីល្បាញជុំវិញពិភពលោក ជាជើងឯកខាងសិទ្ធិមនុស្សនិងសេរី ភាព”។

ក្រៅពីនេះ គេឃើញសហគមន៍អន្តរជាតិបន្តជួបលោកកឹម សុខា ក្នុងនាមជាប្រធានគណបក្ស សង្គ្រោះជាតិ និង បន្តការជំរុញរបបលោកហ៊ុន សែន ដោះលែងលោកកឹម សុខា និង ស្តារលទ្ធិប្រជាធិប តេយ្យនៅកម្ពុជាឡើងវិញ។ ដូច្នេះ ចំណុចនេះអាចបង្ហាញនូវការផ្តល់តម្លៃពីសហគមន៍អន្តរជាតិចំពោះ ការតស៊ូនិងការលះបង់របស់លោកកឹម សុខា ដែលជាការលើកទឹកចិត្តដល់មនសិការអ្នកតស៊ូនិងប្រជា ពលរដ្ឋខ្មែរ។

បើទោះបី គេមិនអាចវាយតម្លៃជាផ្លូវការអំពីទឹកចិត្តមហាជនខ្មែរចំពោះលោកកឹម សុខា នាពេល បច្ចុប្បន្នក្នុងខណៈដែលគាត់កំពុងជាប់បំរាមនយោបាយក្តី តែគេអាចមើលឃើញនូវតម្លៃនៃភាពជាគំរូ របស់គាត់ក្នុងការតស៊ូដោយអហឹង្សាដោយភាពអត់ធ្មត់និងក្រាញននៀលលើសមរភូមិនយោបាយក្នង ប្រទេសរហូតដល់ជាប់ពន្ធនាគារម្តងហើយម្តងទៀត។

ការកសាងនូវភាពជាគំរូ ឬ និមិត្តរូបជាតិរបស់អ្នក នយោបាយ ឬ មេដឹកនាំណាមួយគឺជារឿងដ៏លំបាក ប៉ុន្តែវាជារឿងសំខាន់ណាស់សម្រាប់ជាតិសាសន៍និមួយៗ។

ជាក់ស្តែងព្រះបាទជ័យវ្មរ័នទី៧គឺជានិមិត្តរូបនៃភាពខ្លាំងក្លារបស់ខ្មែរនាស័មយនោះ ហើយអតីតព្រះមហាក្សត្រខ្មែរ គឺសម្តេចនរោត្តម សីហនុ ក៏ជាមិត្តរូបនៃឯករាជ្យភាពរបស់ប្រទេសកម្ពុជា ដែលខ្មែរតែងតែចាត់ទុក ព្រះអង្គថា ជាបិតាឯករាជ្យជាតិ។

ជាទូទៅ សង្គមមួយដែលមានវិរៈជន ឬឥស្សរជនណាម្នាក់ជានិមិត្តរូបរបស់ជាតិ គឺមានអត្ថប្រយោជន៍ពិសេសណាស់សំរាប់សង្គមនោះ ព្រោះ វីរជន ឬឥស្សរជននោះអាចមានឥទ្ធិពល និងលទ្ធភាពក្នុងការ សំរបសំរួលជាមួយបណ្តាលភាគីពាក់ពន្ធ័ នានាដើម្បីដោះស្រាយបញ្ហាជាតិធំៗ ដូចជាវិបត្តិនយោបាយ ជាដើម។

ដូច្នេះ ការចូលរួមផ្តល់សេចក្តីសង្ឃឹមដល់ពលរដ្ឋខ្មែរគឺជារឿងសំខាន់សំរាប់ដំណើរការតស៊ូដើម្បីផ្លាស់ប្តូរ របបផ្តាច់ការនៅកម្ពុជា។ រីឯការចូលរួមលើកតម្លៃដល់ការលះបង់របស់អ្នកតស៊ូណាម្នាក់នោះ គឺកាន់តែមាន ប្រយោជន៍ខ្លាំងថែមទៀត ព្រោះ វាជាការបង្កើតនូវភាពជាគំរូសំរាប់ពលរដ្ឋផង និងអាចជានិមិត្តរូបសំរាប់ជាតិផង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស