30 C
Phnom Penh

បទវិភាគ៖ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកហ៊ុន សែន ធ្វើឲ្យមន្រ្តីថ្នាក់ក្រោម ក្រខ្លាំង ហើយមន្រ្តីថ្នាក់លើមានហួសហេតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិដ្ឋភាពជាក់ស្តែងក្នុងសង្គមខ្មែរបច្ចុប្បន្ន គេសង្កេតឃើញក្រុមមនុស្សថ្នាក់ក្រោម រួមមាន កសិករ កម្មករ មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធដែលមានឋានៈទាប សុទ្ធតែរស់ក្នុងស្ថានភាពក្រីក្រតោកយ៉ាក ខ្វះមុខខ្វះក្រោយ រីឯក្រុមមនុស្សថ្នាក់លើវិញ រួមមាន នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឩត្តមសេនីយ៍ ឩកញ្ញ៉ា និងមនុស្សជាច្រើនទៀត សុទ្ធតែរស់ក្នុងជីវភាពហ៊ឺហារ មានលុយកប់ពពក ហើយសូម្បីតែការចំណាយ លើម្ហូបឆ្កែរបស់អ្នកមានខ្លះក្នុងមួយខែ អាចស្មើរនឹងប្រាក់ខែកូនទាហានដល់ទៅរាប់ខែ ឬរាប់ឆ្នាំឯណោះ។

ថ្វីបើជាក់ស្តែង គេសង្កេតឃើញដូច្នេះមែន ប៉ុន្តែអ្វីទៅជាញ្ហាចំបងដែលនាំឲ្យស្ថានភាពជីវិតថ្នាក់ក្រោម និងថ្នាក់លើមានភាពខុសគ្នាដូចឋាននរក និងឋានសួគ៌បែបនេះ?

ជាការពិត ភាពខុសគ្នានៃជីវភាព ឬភាពមានបានខុសៗគ្នារបស់មនុស្សក្នុងសង្គមនិមួយៗគឺជារឿងធម្មតា។

អ្វីដែលគួរកត់សំគាល់សំរាប់កម្ពុជាវិញ គឺនៅពេលដែលគណបក្សប្រជាជនកម្ពុជាបានក្តោបក្តាប់អំណាចក្នុងឆ្នាំ១៩៧៩ គេសង្កេតឃើញជីវភាពរបស់កម្មាភិបាលថ្នាក់លើ និងថ្នាក់ក្រោម មានកំរិតប្រហាក់ប្រហែលគ្នា។ ប៉ុន្តែបច្ចុប្បន្ននេះ ជីវភាពថ្នាក់ក្រោម និងថ្នាក់លើនៃគណបក្សកាន់អំណាចមួយនេះ មានគម្លាតខុសគ្នាដូចមេឃ និងដី។

តើភាពខុសគ្នានេះ ដោយសារអំពើពុករលួយ ឬដោយដោយសារប្រព័ន្ធគ្រប់គ្រងអំណាចរបស់របប លោកហ៊ុន សែន?

ជាការពិត របាយការណ៍ជាច្រើនបានបង្ហាញពីទ្រព្យសម្បត្តិដ៍មហាសាល និងលុយរាប់រយលានដុល្លាររបស់ ពួកអ្នកមានអំណាចក្នុងរបបលោកហ៊ុន សែន និងបក្សពួក ដែលបានមកពីអំពើពុករលួយនិង                មធ្យោបាយទុច្ចរិកផ្សេងៗ។

កាលពីពាក់កណ្តាលខែកុម្ភៈនេះ វិទ្យុ RFAបានផ្សាយនូវរបាយការណ៍មួយអំពី ការគ្រប់គ្រងអចលនទ្រព្យ និងជំនួញមួយចំនួននៅប្រទេសអូស្រ្តាលីក្នុងតម្លៃរាប់សិបលានដុល្លារ អាមេរិកដែលជាកម្មសិទ្ធិរបស់បុគ្គល១៤ រូបនៃគ្រួសារចំនួនបួនដ៍មានអំណាចខ្លាំងនៅកម្ពុជា គឺ គ្រួសារលោកហ៊ុន សែន លោកឡៅ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភា លោកអូន ព័ន្នមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោកជា សុផារ៉ា ក្រសួងរៀបចំដែនដី។

សាព័ត៌មានដដែលឲ្យដឹងថា នេះគ្រាន់ជាទំហំទឹកប្រាក់នៃទ្រព្យសម្បត្តិរបស់គ្រួសារទាំងបួនខាងលើដែលបានបោះទុនវិនិយោគតែក្នុងរយៈ ពេលប្រាំឆ្នាំប៉ុណ្ណោះ ចាប់ពីឆ្នាំ ២០១៥ មក។

បីថ្ងៃមុនការធ្វើឃាតលោកបណ្ឌិតកែម ឡី គឺ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ អង្គការ Global Witness បានចេញរបាយការណ៍មួយឈ្មោះថា “Hostile Takeover” ឬហៅថា អាណាចក្រជំនួញគ្រួសារត្រកូលហ៊ុន។ អង្គការនេះបានបើកការស៊ើបអង្កេតដ៍ធំមួយដោយលាតត្រដាងអំពីការត្រួតត្រាសេដ្ឋកិច្ចយ៉ាងសំង៉ាត់ ដោយគ្រួសារ និងខ្សែស្រលាយត្រកូលហ៊ុន នៅកម្ពុជា ដែលបង្កឲ្យមានការខាតបង់យ៉ាងច្រើនដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ និងបង្ករហានិភ័យធំធេងសំរាប់វិនិយោគិនបរទេស។

ក្នុងពេលជាមួយគ្នានោះ សារព័ត៌មាន The Diplomat របស់អាមេរិកាំងបានដកស្រង់របាយការណ៍នោះថា ក្រុមគ្រួសារត្រកូលហ៊ុនបានគ្រប់គ្រងក្រុមហ៊ុន ដោយប្រយោល ឬផ្ទាល់ចំនួន១៤ ក្រុមហ៊ុន ដែលតម្លៃប្រមាណ២០០លានដុល្លារអាមេរិក។

បើតាម សារព័ត៌មាន The Diplomat របាយការណ៍នោះមិនបានរួមបញ្ចូលទាំងតម្លៃដីធ្លីរបស់គ្រួសារនេះទេ ដែល អ្នកសង្កេតការខ្លះគិតថាវាអាចមានតំលៃជាទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់បន្ធែមទៀត។

លោក Patric Alley ដែលជាសហស្ថាបនិកនៃអង្គការ Global Witness បានប្រាប់សារព័ត៌មាននេះថា តួរលេខនៃតំលៃ អចលនទ្រព្យនោះគឺប្រមាណ ពីប្រាំរយលាន ទៅបួនពាន់លានដុល្លារ ប៉ុន្តែគេមិនមានឯកសារផ្លូវការណ៍បញ្ជាក់នោះទេ។

ប្រសិនបើដូចអ្វីដែលបានលើកឡើងក្នុងរបាយការណ៍នេះមែន នោះ    មានន័យថា គ្រួសារត្រកូលហ៊ុនអាចមានទឹកប្រាក់រហូតដល់៤ពាន់ ២០០លានដុល្លារអាមេរិកយ៉ាងតិច បើគិតត្រឹមថ្ងៃនៃការ ចេញផ្សាយរបាយការណ៍ខាងលើ។

ដូចគ្នាដែរ លោកបណ្ឌិតកែម ឡី បានផ្តល់កិច្ចសម្ភាសន៍អំពីរបាយការណ៍នោះ ដល់បណ្តាញសារព័ត៌មានក្នុងស្រុកនានា ដែលជាការវិភាគ ដ៏ស៊ីជំរៅ និងចំៗលើអំពើទុច្ចរិតរបស់គ្រួសារ លោក ហ៊ុន សែន ហើយពីរថ្ងៃក្រោយមកគឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកត្រូវបានឃាតក របាញ់សំលាប់ទាំងព្រឹកក្នុងហាងលក់ទំនិញ ឬស្តាម៉ាតនៃស្ថានីយ៍ចាក់សាំង កាលតិច ក្បែរស្តុបបូកគោ ក្នុងទីក្រុងភំ្នពេញ។

ក្រៅពីក្រុមគ្រួសារអ្នកនយោបាយកំពូលៗទាំងនេះ ពួកមេបញ្ជាការគ្រាក់ៗនៃកងកម្លាំងប្រដាប់អាវុធក៍ត្រូវបាន គេរកឃើញថាមានជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយ និងការបំផ្លាញជាតិធ្ងន់ធ្ងរដែរ។

ក្នុងរបាយការណ៍ចេញ ផ្សាយក្នុងខែតុលា ឆ្នាំ២០២០ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានលើកឡើងអំពីឩត្តម សេនីយ៍កំពូលៗ១២រូប ដែលជាមេបញ្ជាការនគរបាល និងកងទ័ព មានទ្រ័ព្យសម្បត្តិមហាសាលយ៉ាងអាថ៌កំបាំង និងបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សយ៉ាងឃោរឃៅ បាតដៃប្រឡាក់ឈមនៅកម្ពុជា។

មន្ត្រីទាំងនោះរួមមាន លោកប៉ុល សារឿន លោកគន់ គីម លោកសៅ សុខា លោកនេត សាវឿន លោកជា មន លោកប៊ុន សេង លោកឈឿន សុវន្ថា លោក រត្នន៍ ស៊្រាង លោកសុខ ផល លោកម៉ក់ ជីតូ និង លោកជួន សុវណ្ណ។

ពួកមន្រ្តី ទាំងនេះត្រូវបានគេដឹងថា បានប្រព្រឹត្តិអំពើពុករលួយធ្ងន់ធ្ងរតាមមធ្យោបាយផ្សេងៗដែលធ្វើអោយពួក គេម្នាក់ៗមានលុយរាប់សិបឬរយលានដុល្លារអាមេរិក។

កាលពីខែតុលា ឆ្នាំ២០១៩ សារព័ត៌មាន Reuter បានរាយការណ៍អំពីទ្រព្យមហាសាលរបស់សាច់ញ្ញាតិ និងមនុស្សជំនិតៗរបស់លោកហ៊ុន សែន ក្នុងបណ្តាល ប្រទេសមួយចំនួន។

ក្មួយស្រីរបស់លោកហ៊ុន សែន គឺអ្នកស្រីហ៊ុន គឹមឡេង ដែលជាភរិយារបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទិញអាផាតមែន (Apartment) ដ៏ទំនើបមួយមានតម្លៃជិតបីលាន ដុល្លារអាមេរិក នៅកណ្តាលទីក្រុងឡុង្គ នៃប្រទេសអង់គ្លេសក្នុងឆ្នាំ២០១០ រីឯកូនស្រីរបស់គាត់ឈ្មោះ នេត វិចឈុណា ក្នុងវ័យ២៦ឆ្នាំ កំពុងគ្រប់គ្រង អាផាតមែន (Apartment) ដ៏ទំនើបមួយទៀតមានតម្លៃជិត ប្រាំបី លានដុល្លារអាមេរិក ក្នុងទីក្រុងនេះដែរ។

សាព័ត៌មាន Reuter ក៍បានឲ្យដឹងដែរថា គ្រួសារលោក នេត សាវឿន និងភរិយា ហ៊ុន គឹមឡេង បានចំណាយរប្រាក់រាប់លានដុល្លារទិញខុនដូទំនើបក្នុងប្រទេសសង្ហបូរី វិនិយោគក្នុងប្រទេស Cyprus និងបាននាំគ្នាទិញសញ្ជាតិ Cyprus ថែមទៀត។

ដូចគ្រួសារ លោកនេត សាវឿនដែរ លោកអូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងភរិយាឈ្មោះ អ៊ឹម ផល្លិកា លោកឡៅ ម៉េងឃីន  សមាជិកព្រឹទ្ធសភា និងភរិយាឈ្មោះ ជឹង សុភាព ហៅយាយភូ ដែលជាមនុស្សជំនិតរបស់ភរិយាលោកហ៊ុន សែន ព្រមទាំងក្មួយស្រីម្នាក់ទៀតរបស់លោកហ៊ុន សែនឈ្មោះហ៊ុន ចន្ថា បាន ចំណាយប្រាក់វល់លានដុល្លារអាមេរិក លើគំរោងវិនិយោគទុននានា ក្នុងប្រទេស Cyprus ដើម្បីទទួលបានសញ្ជាតិ នៃប្រទេសនេះថែមទៀត។

បើតាម Reuter ឲ្យដឹងថា ដើម្បីទទួលបានសញ្ជាតិ Cyprus ជនបរទេសម្នាក់ ត្រូវមានលុយ វិនិយោគចាប់ពីពីរលាន ប្រាំសែនដុល្លារអាមេរិក (USD2.5 millions) ឡើងទៅ។

គេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍន៍ឲ្យដឹងថា ប្រាក់ខែរបស់លោកហ៊ុន សែន បានឡើងពី៣លាន៦សែនរៀល ទៅ១០លានរៀល ឬស្មើនឹង $900 ទៅ $2,500 អាមេរិក ក្នុងឆ្នាំ២០១៧។  

បើគេធ្វើការគណនា លើតួលេខ $900 ដែលជាប្រាក់ខែរបស់លោក ហ៊ុន សែន រាប់ឆ្នាំកន្លងមក ទៅនឹងរបស់អ្វីមួយដូចជានាឡិការ ឬផ្ទះ ដែលមានតំលៃត្រឹមតែមួយលានដុល្លារអាមេរិកចុះ ពេលនោះគេឃើញថា គាត់ត្រូវការពេលជាង៩២ឆ្នាំ ដោយមិនចាយអ្វីមួយរៀលសោះ ដើម្បីសន្សំប្រាក់ខែរបស់គាត់បានគ្រប់មួយលានដុល្លារនោះ។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជារបស់គាត់បានគ្រប់គ្រងអំណាចត្រឹមតែ៤២ឆ្នាំប៉ុណ្ណោះ បើគិតពីឆ្នាំ១៩៧៩ រហូតដល់ បច្ចុបន្ននេះ ហើយលោកហ៊ុន សែន បានតំណែងជានាយករដ្ឋមន្ត្រីត្រឹមតែ៣៦ឆ្នាំប៉ុណ្ណោះ បើគិតពីពេលដែលវៀតណាមលើកបន្តុបលោកក្នុងឆ្នាំ១៩៨៥រហូតដល់បច្ចុប្បន្ននេះ។ ចុះទំរាំដូចការលើកឡើងខាងលើ ដែលថាគាត់មានលុយរាប់សិប ឬរាប់រយលានដុល្លារ តើគាត់ត្រូវការពេលប៉ុន្មានរយឆ្នាំដើម្បីសន្សំប្រាក់ខែគាត់ឲ្យគ្រប់នោះ?

ម្យ៉ាងទៀត បើគេគិតអំពីលទ្ធភាពដែលលោកហ៊ុន សែន ក៏ដូចជាអ្នកមានអំណាចក្នុងក្នុងគណបក្សប្រជាជនកម្ពុជាអាចមានលទ្ធភាពប្រើប្រាស់តួនាទីឬអំណាចរកលុយនោះ គឺពួកគេមានរយៈពេលតែ ៣១ឆ្នាំប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២១នេះ ព្រោះបើគេគិតពីរយៈពេលដែលគណបក្សមួយនេះកាន់អំណាច ពីឆ្នាំ១៩៧៩នោះ គឺវាមានរយៈពេល៤២ឆ្នាំដូចលើកឡើងខាងលើមែន តែយួនបានត្រួតត្រា រដ្ឋាភិបាលគាត់រហូតដល់ឆ្នាំ១៩៨៩ គឺ វាមានរយៈពេល១០ឆ្នាំ មុននឹងយួនដកទ័ពចេញពីប្រទេសកម្ពុជា តាមកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសក្នុងឆ្នាំ១៩៩១។

ដូច្នេះ វាមានន័យថា លោកហ៊ុន សែន និង ក្រុមរបស់គាត់មានលទ្ធភាពប្រើអំណាចក្នុងប្រទេសខ្លួនពីត្រឹមឆ្នាំ១៩៩០មកតែប៉ុណ្ណោះ ហើយបើគេគិត មកត្រឹមពេលដែលអង្គការ Global Witness ចេញផ្សាយរបាយការណ៍អំពីទឹកប្រាក់របស់គ្រួសារ និងសែរស្រលាយហ៊ុនក្នុងខែកក្កដា ឆ្នាំ២០១៦ នោះ គឺវាមានរយៈពេលប្រមាណជិត២៦ឆ្នាំ ប៉ុណ្ណោះ។

បើតាមសារព័ត៌មាន The Dipliomat ដែលដកស្រង់របាយការណ៍និងមន្ត្រីរបស់អង្គការGlobal Witness ដែលថា គ្រួសារត្រកូលហ៊ុនអាចមានលុយរហូតដល់ទៅ ៤ពាន់ ២០០លានដុល្លារអាមេរិក នោះមានន័យថា គ្រួសារ ឬសែស្រលាយត្រកូលហ៊ុនមានលុយទាំងនោះ ដោយប្រើពេលវេលា តែ២៦ឆ្នាំប៉ុណ្ណោះ។

បើគេធ្វើការ គណនាដោយយកចំនួនលុយនេះចែកនឹងចំនួនឆ្នាំនោះ គេទទួលចំលើយថា ត្រកូលហ៊ុន អាចរកលុយបានជាង ១៦១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ដូច្នេះមានសំណួរ ចោទសួរថា តើគ្រួសារនេះ រកលុយបានដោយវិធីណា? ដោយអំពើពុករលួយ?

ពួកគេអាចដោះសារថា វាមិនមែនជាអំពើពុករលួយទេ តែជាការរកលុយដោយមុខជំនួញស្របច្បាប់។ ប្រសិនបើជាមុខជំនួញមែន ក៏គេនៅតែសង្ស័យថា អាចទាក់ទិននឹងមុខជំនួញទុច្ចរិត ឬអំពើពុករលួយច្រើនជាង។

ម្យ៉ាងវិញទៀតមាត្រា១២០ នៃរដ្ឋធម្មនុញ្ញបានហាមសមាជិករាជរដ្ឋាភិបាលក្នុងការធ្វើជំនួញអ្វីមួយ ដោយចែងថា “មុខងារនៃសមាជិករាជរដ្ឋាភិបាលមានវិសមិតភាព និងសកម្មភាពខាងវិជ្ជាជីវៈផ្នែកពាណិជ្ជកម្ម ឬឩស្សាហ៌កម្មណ៍”

បើតាមរដ្ឋធម្មនុញ្ញ សមាជិករាជរដ្ឋាភិបាលរួមមាន នាយរដ្ឋមន្ត្រីឩបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីដទៃទៀត។

ទោះជាយ៉ាងណាក៏ដោយ ក៏គេនៅតែអាច លើកជាហេតុផលថា ក្រែងលុយកាក់ឬទ្រព្យមហាសាលទាំងអស់នោះគឺជាអំណោយដែលគេឲ្យមកគាត់ ទេដឹង?

ប្រសិនបើមានសំណួរបែបនេះមែន គេត្រូវពិនិត្យមើលច្បាប់ប្រឆាំងអំពើពុករលួយត្រង់មាត្រា ៣២នៃជំពូក៦ ដែលចែងអំពីប្រភេទនិងទោសនៃអំពើពុករលួយ។

បើតាមច្បាប់នេះ មន្រ្តីរាជការឬមន្ត្រី ដែលជាប់ឆ្នោតដែលទទួលអំណោយឬជំនូនត្រូវបានចាត់ទុកជាមានទោស ពីបទស៊ីសំណូក ដែលត្រូវជាប់ពន្ធនាគារពី៧ ទៅ១៥ឆ្នាំ។ ថ្វីបើមានច្បាប់គ្រប់គ្រាន់យ៉ាងដូច្នេះក្តី ក៏គេឃើញលោកហ៊ុន សែន និង មន្ត្រី របស់គាត់ដទៃទៀតតែងតែងមានប្រាក់ច្រើនសន្ធឹកសន្ធាប់ ប្រើប្រាស់សម្ភារៈទំនើបៗដែលមានតម្លៃរាប់ សិបឬលានដុល្លារអាមរិក ហើយក៏ធ្លាប់ផ្តល់អំណោយដល់ស្រីស្នេហ៍ឬមនុស្សសំណព្វចិត្តរបស់ពួកគេក្នុង ទំហំទឹកប្រាក់ដ៏ច្រើនក្រាស់ក្រែលផងដែរ។

ជាឩទាហរណ៍ ក្នុងសារសម្លេងបែកធ្លាយមួយក្នុងឆ្នាំ២០១៦ លោកហ៊ុន សែន បានសន្យាអោយកញ្ញាធី សុវណ្ណថា ចំនួនមួយលានដុល្លាអាមរិក។  

ដោយឡែកបើគេពិនិត្យមើលប្រាក់ខែមន្ត្រីរាជការ កងនគរបាល និង កងយោធាវិញ គេអាចវាយតម្លៃ ថាពួកគេរស់ក្នុងស្ថានភាពលំបាក បើទោះបីពួកគេមានភារៈកិច្ចសំខាន់សំរាប់ប្រទេសជាតិ ជាពិសេស ក្នុងការធានាស្ថេរភាពនៃអំណាចរបស់លោកហ៊ុន សែន។

បើតាមអត្ថបទមួយរបស់សារព័ត៌មានកោះ សន្តិភាពចុះផ្សាយក្នុងខែមករា ឆ្នាំ២០២០ ប្រាក់ខែរបស់យោធិនថ្នាក់ពលទោដែលបានតម្លើងចាប់ពីខែមករា ឆ្នាំ២០២០ នេះទៅ គឺ ១ ១២៣ ៥០០រៀល ឬ ២៨០ដុល្លារអាមេរិក ហើយក្នុងចំណោមមន្ត្រីទាំងបីប្រភេទនេះ កងយោធាមានប្រាក់បៀវត្សខ្ពស់ជាងគេ គឺចន្លោះពី២៨០ដុល្លារអាមរិកទៅ៥៨០ដុល្លារ អាមេរិក ដោយអាស្រ័យតាមឋានៈ។ ជាទូទៅ ក្នុងជួរកងទ័ព ឋានៈពលទោឬកូនទាហាន គឺជាឋានៈដែល មានចំនួនច្រើនជាងគេ។

អង្គការ Asia Floor Wage Alliance ដែលធ្វើការសិក្សាស្រាវជ្រាវលើកំរិតប្រាក់ចំណូលរបស់ កម្មករក្នុងតំបន់អាស៊ីសំរាប់ការរស់នៅដោយសមរម្យ បានរកឃើញថា នៅកម្ពុជា កម្មករម្នាក់ត្រូវមានប្រាក់ចំណូល២៩៤ អាមរិកក្នុងមួយខែ ឬគ្រួសារមួយត្រូវការ ៥៨៨ អាមរិកក្នុង មួយខែ ទើបអាចរស់ក្នុងកំរិតសមរម្យបាន។ ដូច្នេះកំរិតប្រាក់ខែរបស់ពលទោ ឬកូនទាហានចំនួន ២៨០ដុល្លារអាមេរិក ដូចលើកឡើងខាងលើ គឺមិនអាចធ្វើឲ្យពួកគេមានលទ្ធភាពរស់នៅដោយសមរម្យឬថ្លៃថ្នូរបាន នៅឡើយ។

ជារួម ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងនគរបាល និងកងទ័ព ដែលមិនអាចអោយពួកគេរស់នៅក្នុងកំរិតជីវភាពសមរម្យបានឬថ្លៃថ្នូរបាន គឺមានន័យថា ពួកគេរស់បានត្រឹមមួយគ្រប់ៗ ក្រពះ ឬខ្វះមុខ            ខ្វះក្រោយ ហើយរស់ក្នុងហានិភ័យ ព្រោះពួកគេមិនអាចមានប្រាក់សន្សំសល់ប្រចាំខែ នោះទេ។

ហានិភ័យរបស់ពួកគេគឺអាចកើតឡើងដោយជៀសមិនផុត ព្រោះតំរូវការបន្ថែមរបស់គ្រួសារ រមែងតែងតែកើតមាន ដូចជាតំរូវការបញ្ហាសុខភាពនិងការរៀនសូត្ររបស់កូនជាដើម ដោយមិនទាន់ គិតពីតម្លៃទំនិញទីផ្សារឡើងថ្លៃជាប្រចាំនោះផង។ ជាងនេះទៅទៀត បើប្រាក់បៀវត្សរបស់ពួកគេហូប មិនគ្រប់ផង តើពួលគេអាចមានលទ្ធភាពមានជំរករស់នៅដោយសមរម្យទេ?

ប៉ុន្តែបើគេប្រៀបធៀបអំពីអំណោយឬការចំណាយសំរាប់កំសាន្តរបស់អ្នកធំម្តងៗទៅនឹងប្រាក់បៀវត្ស របស់ពលទោ គឺវាមានទំហំខុសគ្នាឆ្ងាយណាស់។ ឩទាហរណ៍ លោកគឹម រស្មី អតីតមេប៉េអឹមខេត្តរតនគីរី បានចំណាយលុយ៥០ម៉ឺនដុល្លារអាមេរិក សំរាប់ចែកលុយឲ្យកូនរបស់គាត់៥នាក់ ដែលម្នាក់ៗទទួល បាន១០ម៉ឺនដុល្លារក្នុងពិធីខួបកំណើមួយកាលពីខែចុងខែកុម្ភៈ ឆ្នាំ២០១៩។

ស្រដៀងគ្នានេះ អតីតស្នង ការ រងនគរបាលខេត្តកណ្តាលគឺលោកស្រេង សុខា បានឲ្យថ្លៃទឹកដោះ១០ម៉ឺនដុល្លារ និងរថយន្ត ទំនើប Lexus 570 មួយគ្រឿង ដែលមានតម្លៃ២២ម៉ឺនដុល្លារអាមេរិក ក្នុងពិធីភ្ជាប់ពាក្យរបស់លោក កាលពី ចុងខែកុម្ភៈ ឆ្នាំ២០១៩។

បើប្រៀបធៀបនឹងប្រាក់ខែត្រឹម២៨០ដុល្លារ ក្នុងមួយខែរបស់កូន ទាហាន ឬនគរបាល គេត្រូវការពេលជាង២៩ឆ្នាំ ដោយមិនចាយមួយសេនសោះ ទើបពលទោម្នាក់អាច មានលុយសើ្ម នឹងថ្លៃទឹកដោះកូនក្រមុំរបស់មេប៉ូលីសចំនួន១០ម៉ឺនដុល្លារ។ ចុះទំរាំអំណោយរបស់អ្នកធំដទៃ ទៀតដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ ឬអំណោយរបស់លោកហ៊ុន សែន ដែលឲ្យចៅស្រីខុសត្រកូល ធី សុវណ្ណថា របស់គាត់ ចំនួនមួយលានដុល្លារ តើវាស្មើប្រាក់ខែរបស់ពលទោម្នាក់ក្នុងរយៈពេលប៉ុន្មានពាន់ខែ ឬប៉ុន្មានរយឆ្នាំទៅ?

របាយការណ៍អង្គការឃ្លាំមើលកងទ័ពក្នុងពិភពលោក (Global Fire Power) កាលពីឆ្នាំ២០១៧ បង្ហាញថា ក្នុងចំណោមកងទ៏ពជិតពីរសែននាក់ កម្ពុជាមានកងទ័ព សកម្មចំនួន១២ម៉ឺន ៥ពាន់នាក់។ ដូចអ្វីដែលលើកឡើងខាងលើ គ្រួសារត្រកូលហ៊ុនអាចរកចំណូល បាន ១៦១លានដុល្លារអាមរិកក្នុងមួយឆ្នាំៗ ដែលគេសង្ស័យថាបានមកដោយអំពើពុករលួយរបស់គ្រួសារដ៏មានអំណាចនេះ។

ឩបមាថា គ្រួសារហ៊ុនមិនប្រព្រឹត្តិអំពើពុករលួយ ហើយដាក់ចំនួនលុយនេះចូលក្នុងថវិកាជាតិសំរាប់បើកប្រាក់ខែអោយកងទ័ពវិញទៅចុះ គេឃើញថា កងទ័ពម្នាក់ៗអាចទទួលប្រាក់បន្ថែម លើប្រាក់ខែបច្ចុប្បន្នចំនួន ១ពាន់ ២៩២ ដុល្លារអាមរិកក្នុងមួយឆ្នាំ ឬ១០៧ ដុល្លារអាមរិកក្នុងមួយខែ លើប្រាក់ខែដែលពួកគេមានស្រាប់។ នេះគ្រាន់តែជាតួរ លេខនៃអំពើពុករលួយរបស់គ្រួសារ ឬសែស្រលាយហ៊ុន ចុះអំពើពុករលួយរបស់គ្រួសារអ្នកមានអំណាចដទៃៗជាច្រើនរូបទៀតនោះ?

ដូច្នេះប្រាក់ខែរបស់កងទ័ពតិចបំផុតអាចមានចំនួន ៣៨៧ ដុល្លារអាមរិកក្នុង មួយខែ ដែលធ្វើអោយជីវិតកងទ័ពម្នាក់អាចរស់ក្នុងកំរិតសមរម្យបាន ព្រោះវាជាចំណូលខ្ពស់ជាង ២៩៤ ដុល្លារអាមរិកក្នុងមួយខែ ដែលអង្គការ Asia Floor Wage Alliance រកឃើញថាជាកំរិតមួយសំរាប់ការរស់ នៅដោយសមរម្យសំរាប់ជីវិតមនុស្សម្នាក់។

តែបើទោះបីជាកងទ័ពម្នាក់ៗអាចទទួលបានប្រាក់ខែចំនួន ៣៨៧ ដុល្លារអាមេរិក ក៏ដោយ ក៏មិនប្រាកដថា គ្រួសាររបស់ពួកគេអាចរស់បានក្នុងភាពសមរម្យបាននោះទេ ព្រោះបើតាម អង្គការ Asia Floor Wage Alliance គ្រួសារនិមួយៗអាចរស់ក្នុងកំរិតជីវភាពសមរម្យបាន លុះណាតែមានចំណូលយ៉ាងតិច ៥៨៨ ដុល្លារអាមេរិកក្នុងមួយខែ។

ថ្វីបើអំពើពុករលួយជាមូលហេតុមួយដែលធ្វើអោយមន្ត្រីរាជការ នគរបាល និង យោធិន រស់ក្នុងភាព ក្រីក្រ និងធ្វើអោយស្ថានភាពជីវិតមានគម្លាតគ្នាខ្លាំងរវាងថ្នាក់ក្រោម និងថ្នាក់លើ ក៏គេនៅតែអាច ចោទជាសំណួរថា បើមេៗថ្នាក់លើអាចប្រព្រឹត្តិអំពើពុករលួយក្លាយជាអ្នកមានមហាសាល ចុះហេតុអីថ្នាក់ក្រោម មិនអាចធ្វើដូចគ្នាដើម្បីជីវិតធូរធារបាន?

បើមិនធ្វើការគិតដោយស៊ីជំរៅទេ គេអាចឆ្លើយដោយសាមញ្ញថា មកពីមេៗជាអ្នកធំ គឺគេមានឩិកាស ជាងអញ្ចឹងហើយ។ តែបើធ្វើការវិភាគបន្តិច គេអាចមើឃើញនូវមូលហេតុសំខាន់បី៖

ទីមួយ៖ ថ្វីបើរបបលោកហ៊ុន សែន ពុករលួយយ៉ាងណា ក៏លោកហ៊ុន សែន មិនអនុញ្ញាតិឲ្យមន្រីរាជការ នគរបាល និងកងទ័ព គ្រប់ជាន់ថ្នាក់អាចប្រព្រឹត្តិអំពើពុករលួយបាន ដូចពួកគាត់ និងបក្សពួកនោះដែរ ព្រោះបើម្នាក់ៗអាចធ្វើដូច្នោះ នោះវាក្លាយជារឿងអនាធិបតេយ្យ ហើយពលរដ្ឋ និងជាតិទាំងមូល ក៏គ្មានធនធានឯណាគ្រប់គ្រាន់សំរាប់ពួកគេគ្រប់គ្នាប្រជែងហែកស៊ីឡើយ ហើយវាក៏អាចដុតកំហឹងពលរដ្ឋ អោយឆេះខ្លាំងដល់កំរិតទ្រាំលែងបានរហូតដល់ការបោះបោរលែងខ្លាចស្លាប់ ដូចសម័យខ្មែរបះបោរវាយ បារាំងក្នុងរឿងភូមិតិរិច្ឆាន។

ទីពីរ៖ វីធីគ្រប់គ្រងអំណាចរបស់លោកហ៊ុន សែន គឺជាការគ្រប់គ្រងដោយបក្សពួកនិយម គឺមានន័យថា គាត់យកចិត្តទុកដាក់ឬផ្តល់ឩិកាសឲ្យតែក្រុម ឬបក្សពួករបស់គាត់ប៉ុណ្ណោះ ឬគេអាចនិយាយម្យ៉ាង ទៀតថា បើអ្វីដែលបក្សពួកគាត់ធ្វើបាន គឺគ្មានអ្នកណា ឬក្រុមផ្សេងអាចធ្វើដូចបានឡើយ។ វិធីនេះ ត្រូវបានគេមើលឃើញថា លោកហ៊ុន សែន បានប្រើប្រាស់រាប់ឆ្នាំដើម្បីពង្រឹងអំណាចរបស់គាត់ទាំងនៅផ្ទៃក្នុងបក្ស និងក្នុងក្របខ័ណ្ឌរដ្ឋ ដូចជាការកំចាត់ក្រុមលោកជា ស៊ីម ជាដើម។

កាលពីខែ ធ្នូ ឆ្នាំ២០១៩ អង្គការ Global Witness បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា លោក ហ៊ុន សែន បានពង្រឹងអំណាចផ្ទាល់ខ្លួនមរយៈការកាងបក្សពួកនិងសមាជិកគ្រួសាររបស់គាត់ ដែលបានបំផ្លាញអត្ថ ប្រយោជន៍និងសេចក្តីសុខពលរដ្ឋ  សាមញ្ញ។ បើយោងតាមទហីករណ៍នេះ មានន័យថា លោកហ៊ុន សែន មិនអាចអនុញ្ញាតិឲ្យមន្រីរាជការ នគរបាល និង កងទ័ព គ្រប់រូបធ្វើអ្វីបានដូចបក្សពួករបស់ គាត់នោះទេ។ ផ្ទុយទៅវិញ បើគាត់អនុញ្ញាតិគ្រប់គ្នាធ្វើអ្វីៗបានដូចបក្សពួករបស់គាត់ តើគាត់មានតម្លៃពិសេសអ្វី សំរាប់បក្សពួករបស់គាត់ ដែលជាអ្នកកាងអំណាចរបស់គាត់នោះ? ហើយលោក ហ៊ុន សែន ក៏មិនចង់អោយក្រុម ផ្សេងណាមួយមានលទ្ធភាពស្មើ ឬខ្លាំងលើសក្រុមរបស់លោកនោះឡើយ។

ទីបី៖ លោកហ៊ុន សែន ប្រហែលជាគ្មានការតាំងចិត្តច្បាស់លាស់ក្នុងការលើកំពស់ជីវភាពរបស់កងទ័ព ឬ រដ្ឋភិបាលរបស់គាត់គ្មានលទ្ធភាពឡើយ បើទោះបី គាត់តែងតែអួតអំពីការរីកចំរើនគ្រប់វិស័យ ឬ មាន មាសរាប់តោនយ៉ាងណាក្តី។ ជាឩទាហហហរណ៌ លោកហ៊ុន សែន តំរូវក្រុមហ៊ុនឬអង្គភាពស៊ីវិលចងសម្ព័ន្ធ ភាពជាមួយអង្គភាពទ័ព ដើម្បីជួយឩបត្ថម្ភកងទ័ព។

ការធ្វើបែបនេះគឺជាការបង្ហាញថា ការជួយឩបត្ថម្ភ កងទ័ពគឺជារឿងមនុស្សធម៌ ឬហេងសយ ព្រោះសប្បុរសជនទាំងនោះអាចធ្វើតាមសទ្ធាឬលទ្ធភាព ហើយវា អាចធ្វើអោយកងទ័ពបាត់បង់តម្លៃឬមោទភាពដែលខ្លួនលះបង់ដើម្បីជាតិដែលខ្មែរគ្រប់រូបត្រូវគោរព។

តែផ្ទុយទៅវិញ កងទ័ពជាតិបែរជាត្រូវគោរពសប្បុរសជនទាំងនោះវីញដោយសារតែអំណោយដែលតាមពិត វាគួរតែជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន ឬបុគ្គលខ្លះនោះសុទ្ធតែជាជនពុករលួយ ឬជនទុច្ចរិតបំផ្លាញជាតិទៀតផងដែលមិនសមនឹងត្រូវ  ផ្តល់ការគោរពទាល់តែសោះ។    

សរុបសេចក្តីមក ប្រព័ន្ធដឹកនាំរបស់លោកហ៊ុន សែន បែបនេះ ធ្វើឲ្យមន្រី រាជការ នគរបាល និងកងទ័ព ថ្នាក់ក្រោមត្រូវតែរស់ក្នុងកំរិតជីវភាពក្រីក្រ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស