ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា និងលោកហ៊ុន សែន ក្នុងរយៈពេលជិត៤០ឆ្នាំកន្លង មកនេះ កម្ពុជាជាប្រទេសមួយដែលកំពុងប្រណាំងប្រជែងយ៉ាងស្វិតស្វាញជាមួយបណ្តាប្រទេសផ្តាច់ការ មួយចំនួនក្នុងពិភពលោកក្នុងការដណ្តើមយកចំណាត់ថ្នាក់អាក្រក់ជាងគេ ដូចជា ជាប្រទេសដែលក្រីក្រជាងគេ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាងគេ ពុករលួយជាងគេ និងវិស័យសុខាភិបាលឬសេវ៉ាសាធារណៈដទៃ ទៀតអន់ជាងគេ ជាដើម។
ក្រុមអ្នករិៈគន់ទាំងខ្មែរនិងបរទេសបានរិៈគន់ថា លោកហ៊ុន សែន ជា មេដឹកនាំមិនបានបំរើ និងទទួលខុសត្រូវចំពោះពលរដ្ឋនិងប្រទេសជាតិ តែជាមនុស្សគិតតែពី អំណាចផ្ទាល់ខ្លួននិងផលប្រយោជន៍ក្រុមគ្រួសារ ដោយសុខចិត្តបំរើនយោបាយបរទេសទោះជាត្រូវបំផ្លាញ ជាតិឯងក្នុងតម្លៃណាក៏ដោយ។
នេះជាអ្វីដែលគេតែងតែបានឃើញតាមរយៈរបាយការណ៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិ របាយការណ៍ស្រាវជា្រវ និងអត្ថបទសារព័ត៌មានល្បីៗក្នុងពិភពលោក។ ប៉ុន្តែដើម្បីផ្ទៀង ផ្ទាត់នូវការលើកឡើងខាងលើ គេអាចលើកយកទិដ្ឋភាពជាក់ស្តែង នៃការគ្រប់គ្រងប្រទេសរបស់ គាត់ក្នុងការដោះស្រាយបញ្ហាជាតិ និងពលរដ្ឋក្នុងគ្រាដែលសង្គមមានវិបត្តិ ដូចជាបញ្ហាកូវីដ១៩ នេះជាដើម។
នៅពេលដែលមេរោគឆ្លងកូវីដ១៩នេះបានផ្ទុះឡើងក្នុងទីក្រុងវូហាននៃប្រទេសចិន នាខែធ្នូ ឆ្នាំ២០១៩ លោកហ៊ុន សែន ចង់ជិះយន្តហោះទៅទីនោះ ដើម្បីបង្ហាញភាពក្លាហាននិងយកចិត្តចិន។
ប៉ុន្តែពេលនោះ បំណងរបស់លោកហ៊ុន សែន ត្រូវចិនបដិសេធ ព្រោះសូម្បីតែប្រធានាធិបតីចិនក៏មិនទាន់អាចធ្វើដំណើរ ទៅទីនោះនៅឡើយ ក្នុងខណៈដែលដែលអ្នកជំនាញមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាន និងកំពុង រវល់មមាញឹកនឹងការងារជំនាញដើម្បីទប់ទល់នឹងមេរោគដ៏កាចសាហាវនេះ។ ចំណុចនេះអាចឆ្លុះបញ្ចាំង ថា លោកហ៊ុន សែន ជាមេដឹកនាំខ្វះភាពចាស់ទុំ និងមិនយល់អំពីរបៀបធ្វើការ ព្រោះបើចិនអនុញ្ញាតិ ឲ្យគាត់ទៅទីក្រុងវូហានក្នុងពេលនោះមែន ប្រធានាធិបតីចិន ត្រូវមកទទួលគាត់ក្នុងនាមជា ប្រមុខរដ្ឋាភិបាលឬមេដឹកនាំជាតិមួយ ដែលនេះជានិតិវីធីការងារ ឬពិធីការប្រូត្រូកូល។
ជាទូទៅ សុវត្ថិភាពមេដឹកនាំជាតិនៃប្រទេសនិមួយៗគឺសំខាន់ណាស់ ហើយក្រុមសន្តិសុខជាតិរបស់គេមាន ការប្រយ័ត្នប្រយ៉ែងខ្ពស់បំផុត។
ហេតុនេះ ប្រធានាធិបតីចិនមិនអាចធ្វើដំណើរទស្សនៈកិច្ចនៅ ទីក្រុងវូហានក្នុងពេលនោះទេ ព្រោះចិនបារម្មណ៍អំពីសុវត្ថិភាពរបស់មេដឹកនាំគេ។
ម៉្យាងទៀត បើគេមើលមួយភ្លែត វាហាក់ដូចជាលោកហ៊ុន សែន ជាមនុស្សក្លាហានណាស់ ប៉ុន្តែគាត់ប្រាកដជាយល់ថា បើចិនអនុញ្ញាតិឲ្យគាត់ទៅ នោះចិនត្រូវតែទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់គាត់។
ឩបមាថា ចិនអនុញ្ញាតិអោយគាត់ទៅទីក្រុងវូហានក្នុងពេលនោះមែន ហើយគាត់ឆ្លងមេរោគកូវីដ១៩ តើវាជាការ អាម៉ាសរបស់ចិនក្នុងនាមជាប្រទេសមហាអំណាចយ៉ាងដូចម្តេចទៅ ដែលគ្មានសមត្ថភាពការពារសុវត្ថិ ភាពមេដឹកនាំបរទេសយ៉ាងដូច្នេះ? អញ្ចឹង អ្វីដែលលោកហ៊ុន សែន បង្ហាញនូវភាពក្លាហានបែបនេះ វា គ្រាន់តែជាការសំដែងរបស់គាត់ឬបន្លំភ្នែកពលរដ្ឋខ្មែរ។ ជាឩទាហរណ៍ លោកហ៊ុន សែន មានកងអង្គរក្ស ផ្ទាល់ខ្លួនរាប់ពាន់ ដែលនេះបង្ហាញថា គាត់ជាមនុស្សភ័យខ្លាច គឺមិនមែនជាមនុស្សក្លាហាននោះទេ។
ខណៈដែលមានការផ្ទុះមេរោគកូវីដ១៩នៅប្រទេសចិន ក្រុមសង្គមស៊ីវិល អ្នកនយោបាយក្រៅរដ្ឋាភិបាល និងបញ្ញាវ័ន្តខ្មែរមួយចំនួនបានផ្តល់យោបល់ឲ្យលោកហ៊ុន សែន បិទជើងយន្តហោះមកពីប្រទេស ចិន តែលោកហ៊ុន សែន មិនស្តាប់ ហើយថែមទាំងផ្គើនដឹកជនជាតិចិនចូលក្នុងប្រទេសថែមទៀត ក្នុងពេលដែលប្រទេសមួយចំនួនបានបិទជើងយន្តហោះមកពីប្រទេសចិន ដោយរួមទាំងដែនដីហុងកុងដែល ជាជនជាតិដូចគ្នាផង។
ទីបំផុត ជនជាតិចិនដំបូងបំផុតក្នុងខេត្តព្រះសីហនុ ដែលត្រូវបានប្រការជាផ្លូវការ ដោយរដ្ឋាភិបាលលោកហ៊ុន សែន ថាមានផ្ទុកមេរោគកូវីដ១៩ គឺនៅថ្ងៃ២៧ ខែមករា ឆ្នាំ២០២០។
បន្ទាប់មក ទៀត លោកហ៊ុន សែន បានអនុញ្ញាតិអោយចូលចតនៃកប៉ាល់ទេសចរឈ្មោះ MS Westerdam ក្នុងខណៈ ដែលប្រទេសជាច្រើន ដោយរួមទាំងបប្រទេសជិតខាងកម្ពុជាផង បានបដិសេធនៃការចូលចតរបស់ កប៉ាលមួយនេះ ព្រោះគេបារម្ភអំពីការនាំមកនូវមេរោគកូវីដ១៩។ ពេលនោះ លោកហ៊ុន សែន បានចំណាយលុយជាតិរៀបចំពិធីទទួលអ្នកទេសចរបរទេស ចំរុះជាតិសាសន៍ទាំងនោះ និងដឹកពួកគេដើរកំសាន្ត ពេញទីក្រុងភ្នំពេញ ខណៈដែលពលរដ្ឋខ្មែររាប់លាននាក់រស់នៅក្នុងភាពក្រីក្រតោកយ៉ាក។ ចំណុចនេះ បញ្ជាក់ថា លោកហ៊ុន សែន គិតមុខមាត់ខ្លួនឯង ជាជាងក្រពះ និងសុវត្ថិភាពរបស់ពលរដ្ឋខ្មែរ។
ការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីអ្នកទេសចរជនជាតិអាមេរិកពីរនាក់ប្តីប្រពន្ធដែលរួមដំណើរ ក្នុងកប៉ាល់នោះបានចេញពីប្រទេសកម្ពុជា ហើយត្រូវបានរកឃើញមានមេរោគកូវីដ១៩ ពេលមកដល់ ប្រទេស ម៉ាឡេស៊ី។
នេះជារឿងដ៏អាម៉ាស់បំផុតសំរាប់រដ្ឋាភិបាលលោកហ៊ុន សែន ដែលខ្លួន អះអាងថាបានធ្វើការពិនិត្យហ្មត់ចត់ ហើយអ្នកទេសចរទាំងអស់នោះអត់មានបញ្ហាទេ តែប្រទេសម៉ាឡេស៊ីបែរជារក ឃើញអ្នកទេសចរពីរអ្នកប្តីប្រព័ន្ធនោះគឺម្នាក់មានផ្ទុកមេរោគកូវីដ១៩ទៅវិញ។
ដើម្បីលុបលាងភាពអាម៉ាស់នេះ រដ្ឋាភិបាលលោកហ៊ុន សែន បានព្យាយាមស្នើរសុំឲ្យប្រទេសម៉ាឡេស៊ី ធ្វើការផ្ទៀងផ្ទាត់រហូត ដល់ទៅពីរដង តែលទ្ធផល គឺនៅតែវិជ្ជមានដដែល។ ចំណុចនេះអាចឆ្លុះបញ្ចាំងថា របៀបធ្វើការ និងគុណភាពវិស័យសុខាភិបាលរបស់រដ្ឋាភិបាលលោកហ៊ុន សែន គឺពិបាកទុកចិត្តបានជាខ្លាំង។
ជាក់ស្តែង ទោះបីជាលោក ហ៊ុន សែន ប្រកាសថាកម្ពុជាគ្មានអ្នកឆ្លងមេរោគកូវីដ១៩ នាពេលនោះក្តី ក៏ប្រទេសផ្សេងៗមិនទុក្ខចិត្ត លោកហ៊ុន សែន ដែរ។ ជាឩទាហរណ៍ ប្រទេសថៃនិងវៀតណាមបិទព្រុំដែន ហើយប្រទេសអូស្ត្រាលីនិងប្រទេស ខ្លះទៀតដាក់កម្ពុជាក្នុងបញ្ជីខ្មៅ។
គេហទំព័រ WikiPedia បានផ្សាយថា នៅដំណាក់កាលដំបូងនៃការផ្ទុះ ឡើងនៃមេរោគកូវីដ១៩ ក្នុងប្រទេសចិន កម្ពុជាមានការឆ្លើយតបយឺតយ៉ាវ។ ចំណុចនេះអាចឆ្លុះបញ្ចាំង ថា អ្វីដែលលោកហ៊ុន សែន និយាយ ឬអះអាង គឺមិនអាចទុកចិត្តបានទេ ហើយមិនមែនតែប្រជាពលរដ្ឋខ្មែរទេ សូម្បីតែពួកបរទេស ក៏មិនអាចទុកចិត្តបានដែរ។
ជាក់ស្តែងលោកហ៊ុន សែន ធ្លាប់សន្យាកាត់ “ក” ក្នុងទសវត្សឆ្នាំ២០០០ ប្រសិនបើគាត់មិនអាចទប់ស្កាត់បទល្មើសព្រៃឈើបាន។ ប៉ុន្តែនៅក្នុងខែមិនា ឆ្នាំ២០១៦ លោកហ៊ុន សែន បានសារភាពថាកម្ពុជានៅមានបទល្មើសព្រៃឈើធ្ងន់ធ្ងរ ដោយបានបង្កើតគណកម្មការមួយដឹកនាំដោយលោកសៅ សុខា ធ្វើយុទ្ធនាការបង្ក្រាបបទល្មើសទាំង នោះ និងបានចាប់ឩកញ្ញ៉ាខ្លះដែលពាក់ព័ន្ធ តែមិនចាប់មនុស្សជំនិតរបស់គាត់ដូចជាលោកទ្រី ភាព ដែលប្រទេសអាមេរិកបានដាក់ចូលក្នុងបញ្ជីខ្មៅនោះទេ។
ស្រដៀងគ្នានឹងការលើកឡើងរបស់វេបសាយ WikiPedia លោកហ៊ុន សែន មិនមែនគ្រាន់តែ ឆ្លើយតបយឺតយ៉ាវនៅដំណាក់កាលដំបូងៗនៃការផ្ទុះមេរោគកូវីដ១៩ប៉ុណ្ណោះទេ តែថែមទាំងមើលស្រាល បញ្ហា ហើយជំរុញអោយមន្ត្រី និងពលរដ្ឋខ្មែរធ្វើការធ្វេសប្រហែសថែមទៀត ដូចជា គាត់គំរាមដល់អ្នកណា ដែលហ៊ានពាក់ម៉ាស់ គឺបញ្តេញចេញពីបន្ទប់ប្រជុំ និងថា ទាល់តែថ្ងៃ៣១ ខែកុម្ភៈ ទើបមានអ្នកឆ្លងមេ រោគកូវីដ១៩នៅកម្ពុជា។ បន្ទាប់មកទៀត នៅពេលមានអ្នកឆ្លងមេរោគនេះក្នុងចំនួនតិចតួចនៅឡើយ គាត់អួតអាងម្តងទៀតថា កម្ពុជានឹងគ្មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ទេ។ ប៉ុន្តែ អ្វីៗក្នុងពេល បច្ចុប្បន្ននេះគឺផ្ទុយពីការអះអាងរបស់លោកហ៊ុន សែន ទាំងអស់។
កាលណោះ លោកប៉ា ងួនទៀង ប្រធានមជ្ឈ មណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានថ្លែងតាមសារព័ត៌មាន The Cambodia Daily ថា លោកបន់កុំឲ្យមានមេរោគកូវីដ១៩ផ្ទុះឡើងក្នុងប្រទេសកម្ពុជា និងកុំឲ្យមានពលរដ្ឋខ្មែរស្លាប់ ដូចការអះអាងរបស់លោកហ៊ុន សែន តែលោកតែងតែបារម្ភថា អ្វីៗច្រើនតែផ្ទុយពីអះអាង របស់លោកហ៊ុន សែន។
ចំណុចដែលអាចឆ្លុះបញ្ចាំងថា លោកហ៊ុន សែន ជាមេដឹកនាំដែលគ្មានផែនការ ច្បាស់លាស់ និងការប្រុងប្រយ័ត្នជាមុន ហើយវាជាការប្រថុយប្រថានណាស់ដែលជាតិមួយផ្ញើរវាសនាលើ មេដឹកនាំបែបនេះ។
ឩទាហរណ៍ ពេលទាហានថៃចូលលុកលុយទឹកដីខ្មែរក្នុងតំបន់ប្រាសាទព្រះវិហារក្នុង ខែកក្កដា ឆ្នាំ២០០៨ កងទ័ពកម្ពុជាពុំទាន់មានការការពារព្រុំដែន និង ពុំមានការត្រៀមអ្វីច្បាស់លាស់ នោះទេ។
កាលណោះ ទាហានថៃតែ៥០នាក់ប៉ុណ្ណោះ ចូលមកកាន់កាប់វត្តកែវគីរីស្វារៈរបស់ខ្មែរ ដោយងាយ ស្រួល ហើយទាហានខែ្មរដែលបញ្ជូនពីតំបន់នានាអោយទៅទប់ទល់នៅទីនោះពុំមានស្តង់ដា ទាហានត្រឹម ត្រូវនោះទេ គឺ សារព័ត៌មានជាតិនិងអន្តរជាតិបានផ្សាយរូបទាហានខ្មែរដែលពាក់ស្បែកជើងផ្ទាត់ និង ស្ពាយបង្វិចក្រមា។
ចាស់ទុំខ្មែរតែងតែប្រៀនប្រដៅកូនៗថា “ប្រហេសបាត់ ប្រយ័ត្នគង់ ឬ ការពារប្រសើរ ជាងព្យាបាល”។ ពាក្យពេជ្យន៍ទាំងនេះគឺចង់អោយកូនខ្មែរចេះធ្វើអ្វីៗត្រូវតេមានការគិតជាមុន មានផែនការជាមុន ឬ ហាមកុំអោយមើលងាយបញ្ហា ដូចជាការលើកឡើងថា “គោបាត់ ទើបធ្វើរបង” ជាដើម។ ប៉ុន្តែ បើគេសង្កេតមើលអ្វីដែលលោកហ៊ុន សែន បានធ្វើកន្លងមក គឺ គាត់ច្រើនតែងតែ ក្អេងក្អាងឬធ្វើឡូយនៅដំណាក់កាលដំបូង ដែលបណ្តាលអោយ បញ្ហារីកធំនិងស្មុគស្មាញឡើងៗ រហូតបង្ករ អោយមានការប៉ះពាល់ប្រជាពលរដ្ឋនិងផលប្រយោជន៍ជាតិ ដោយសារតែការធ្វេសប្រហែសរបស់គាត់។
រឿងមួយដែលបានកើតឡើងក្នុងខែកញ្ញាឆ្នាំ២០២០ គឺជាកំហុសឆ្គងនិងជារឿងអាម៉ាសមួយទៀតរបស់ លោកហ៊ុន សែន។ នោះគឺដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី។ រដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសឲ្យពលរដ្ឋខ្មែរពាក់ម៉ាស់ រក្សាគម្លាតសង្គមសង្គម វិធានការផ្សេងៗទៀតដើម្បី ការពារការឆ្លងនៃមេរោគកូវីដ១៩។
ប៉ុន្តែ លោកហ៊ុន សែន និង មន្ត្រីរបស់គាត់មិនបានអនុវត្តន៍តាមការណែនាំនោះទេ ពេលទទួលជួបភ្ញៀវ ហើយទីបំផុតមានការភ្ញាក់ផ្អើលបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស រូបនោះត្រូវបានរកឃើញថាមានការឆ្លងមេរោគកូវីដ១៩ ពេលគាត់ទៅដល់ប្រទេសថៃ។
ជារួម គេអាចកត់សំគាល់ថា អ្នកនាំអោយមានបញ្ហាគឺហ៊ុន សែន ហើយអ្នកដែលប្រកាសយកគុណ សម្បត្តិគឺហ៊ុនសែន។
រឿងបែបនេះគឺស្រដៀងគ្នានិងរឿងប្លន់យកដីអ្នកបឹងកក់។ ក្នុងឆ្នាំ២០០៧ លោកហ៊ុន សែន សម្រេចផ្តល់ ដីបឹងកក់ទំហំ៩០ហិកតាក្រោមគោលនយោបាយដីសម្បទានអោយទៅក្រុម ហ៊ុន ស៊ូកាគូ របស់សមាជិកព្រឹទ្ធសភាពីខាងគណបក្សប្រជាជនកម្ពុជា គឺលោក ឡៅ ម៉េងឃីន ដែលជាប្តីរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ត្រូវជាកូនធម៌ឳពុករបស់លោកហ៊ុន សែន គឺលោកហ៊ុន នាង។
ពលរដ្ឋបឹងកក់រាប់ពាន់គ្រួសារ ដែលអ្នកខ្លះជា កូនទាហាននិងជាកូននគរបាល ផងនោះ ត្រូវបានគេជម្លាសចេញចេញពីលំនៅដ្ឋាន វាយដំ និង ចាប់ដាក់គុកជាដើម។ អ្នកភូមិបឹងកក់ បានតស៊ូរាប់ឆ្នាំរហូតដល់អ្នកខ្លះព្រាត់ប្រាស់គ្រួសារនិងស្លាប់ខ្លួនទៀតផង។ បន្ទាប់ពីការតស៊ូដ៏ស្វិតស្វាញ របស់អ្នកភូមិបឹងកក់ជាច្រើនឆ្នាំ លោកហ៊ុន សែន សម្រេចកាត់ដីនោះចំនួយ១២ហិកតាចែកអោយអ្នក ភូមិវិញ។
ពេលនោះ ក្រុមមន្រ្តីនៃរបបលោកហ៊ុន សែន និងប្រព័ន្ធផ្សព្វផ្សាយរបស់គាត់បានសរសើរថា នេះជាគតិបណ្ឌិត និងជាមេត្តាធម៌ដ៏ថ្លៃថ្លារបស់លោកហ៊ុន សែន។
បើគេពិនិត្យមើលចំណុច នេះ គេអាចកត់សំគាល់ថា អ្នកដែលបង្កើតបញ្ហាគឺហ៊ុន សែន ហើយអ្នកដែលដោះស្រាយបញ្ហា និងមាន គុណសម្បត្តិ គឺហ៊ុន សែន។ ដូចករណីបឹងកក់ គាត់យកដីគេចំនួន៩០ហិកតា ហើយសងគេវិញតែ១២ ហិកតា បែរជាគាត់ជាអ្នកមានគុណដ៏មហិមាទៅវិញ។ រឿងដីរបស់អ្នកបឹងកក់ស្រដៀងគ្នានឹង រឿងកូវីដ១៩ដែរ គឺអ្នកធ្វេសប្រហែសនាំឲ្យមានការផ្ទុះកូវីដ គឺលោក ហ៊ុន សែន ហើយអ្នកដែលមានគុណ សម្បត្តិក្នុងការទប់ទល់នឹងកូវីដ១៩ គឺលោកហ៊ុន សែន។
ក្នុងនាមជានាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះសេចក្តីសុខ និងសុវត្ថិភាពរបស់ពលរដ្ឋ និងជាតិ។ ភាពខ្វះការទទួលខុសត្រូវរបស់លោក ដែលមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុង ការការពារមេរោគកូវីដ១៩នៅតំណាក់កាលដំបូងៗ បាននាំអោយមានការឆ្លងរីករាលដាលទូទាំងប្រទេស និងប៉ះពាល់ផលប្រយោជន៍របស់ពលរដ្ឋ និងជាតិដូចសព្វថ្ងៃនេះ។
ភាពខ្វះការទទួលខុសត្រូវរបស់លោក គឺរួមទាំងការមិនបានត្រៀមរៀបចំប្រព័ន្ធដ៏រឹងមាំ និងខ្លាំងក្លាមួយឲ្យច្បាស់លាស់ដើម្បីឆ្លើយតបទាន់ ពេលវេលាក្នុងការការពារការផ្ទុះការឆ្លងមេរោគដ៏កំណាចនេះ។
វេបសាយ WikiPedia បានកត់សំគាល់ថា រហូតមកដល់ខែមិនា ឆ្នាំ២០២០ ទើបប្រទេសកម្ពុជាបង្កើតគណៈកម្មាធិការឆ្លើបតបថ្នាក់ជាតិមួយ ហើយថា របាយការណ៍ ស្តីពីសូចនាករសុវត្ថិភាពសុខភាពពិភពលោកក្នុង ឆ្នាំ២០១៩ បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី៨៩ ក្នុងចំណោម១៩៥ប្រទេស ចំពោះការត្រៀមឆ្លើយតបនឹងការរាត ត្បាតនៃជំងឺឆ្លងនានា។
បើគេពិនិត្យមើលពិន្ទុនេះ ប្រព័ន្ធត្រៀមការពារការរាតត្បាតនៃជំងឺឆ្លងរបស់កម្ពុជាគឺនៅខ្សោយខ្លាំង បើប្រៀបធៀបនឹងប្រទេសជឿនលឿន តែគ្រាន់បើបន្តិច បើប្រៀប នឹងប្រទេសអន់ថយ។
ប៉ុន្តែ នៅពេលដែលនិយាយអំពីការផ្ទុះមេរោគកូវីដ១៩ ក្នុងប្រទេសកម្ពុជា គេអាចបកស្រាយថា ការរីករាលដាលនៃមេរោគនេះ គឺមិនមែនតែកម្ពុជាទេ តែវាបានផ្ទុះឡើងស្ទើគ្រប់ប្រទេសក្នុងសកលលោក ជាពិសេស ប្រទេសជឿនលឿននានាដូចជាអាមេរិកជាដើម។ នេះជាការពិត តែកុំភ្លេចថា ការរីករាលដាលមេរោគ កូវីដ១៩នៅអាមេរិកគឺជាផ្នែកមួយដែលធ្វើឲ្យលោកប្រធានាធិបតីដូណាល់ ត្រាំ បាត់បង់តំណែង ដោយចាញ់ឆ្នោតក្នុងការបោះឆ្នោតសំរាប់អាណត្តិទី២របស់លោក។
ប៉ុន្តែ លោកហ៊ុន សែន ធ្វេសប្រហែស និងបង្ខំអោយគេធ្វើតាមលោកទាំងខុសរហូតដល់មានការរីករាលដាលនៃមេរោគកូវីដ១៩នេះ ក្នុងទ្រង់ទ្រាយធំដូចសព្វថ្ងៃ។ ប៉ុន្តែគាត់អត់ទទួលខុសត្រូវ ហើយដើតួរជាអ្នកមានគុណថែមទៀត។
តាមពិត ការទប់ ស្កាត់និងការជួយប្រជាពលរដ្ឋក្នុងរឿងកូវីដនេះគឺជាកាតព្វកិច្ចរបស់លោក ហ៊ុន សែន ក្នុងការបំរើពលរដ្ឋ និងជាតិ ហើយវាជាកំហុសនៃការធ្វេសប្រហែសរបស់លោក នៅតំណាក់កាលដំបូងៗនៃការកើត មានមេរោគនេះ។
ប្រើសិនបើកម្ពុជាមានការបោះឆ្នោតដោយសេរីដូចនៅអាមេរិក លោកហ៊ុន សែន អាចនឹងអស់អំណាចដោយសារតែការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩នេះមិនបានល្អ និងការមិនអាចបំរើ ឬជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋបានល្អ។ តែនេះដោយសារតែលោកហ៊ុន សែន បំផ្លាញដំណើរការ ប្រជាធិបតេយ្យ និងគ្រប់អំណាចតាមបែបផ្តាច់ការនៅកម្ពុជា។ ដូច្នេះអ្នកដែលរងគ្រោះដោយប្រព័ន្ធគ្រប់អំណាចផ្តាច់ការរបស់លោកហ៊ុន សែន នេះ គឺពលរដ្ឋខ្មែរ និងជាតិខ្មែរទាំងមូល។
ក្នុងទសវត្សឆ្នាំ១៩៧០ របបយង់ឃ្នងរបស់ខ្មែរក្រហមបានបង្ខំឲ្យពលរដ្ឋខ្មែរធ្វើការហួសកំលាំង ហូបអាហារមិនឆ្អែត ព្រមទាំងចោទនិងចាប់ពលរដ្ឋដាក់គុកស្រេចតែចិត្ត និងបានសំលាប់ខ្មែរ ប្រមាណពីរលាននាក់។
ពេលនោះ របបខ្មែរក្រហម ក៏បានបង្ខំអោយពលរដ្ឋខ្មែរដឹងគុណខ្លួនថាជា អ្នកមានគុណដ៌មហិមាគ្រប់រឿងដែរ។ វិនាសកម្មលើពលរដ្ឋ ខ្មែរដែលកើតឡើងក្នុងសម័យខ្មែរក្រហម គឺដោយសារតែការពិសោធន៍មនោគមន៍វិជ្ជនយោបាយកុម្មុយនីស្តរបស់ចិនផង និង ដោយសារចរិកឬ ឆ្ទៈនយោបាយរបស់ពួកមេដឹកនាំខ្មែរក្រហមផងដែរ។
ស្រដៀងគ្នានឹងរបបខ្មែរក្រហម លោកហ៊ុន សែន ក៏កំពុងចាប់បង្ខំពលរដ្ឋខ្មែរអោយធ្វើអ្វីៗតាមចិត្តចង់របស់គាត់ក្នុងការឆ្លើយតបនឹងការរីករាលដាលមេរោគកូវីដ១៩នេះដែរ ជាពិសេសរឿងការចាក់វ៉ាក់សាំង ចិន។
ជាការពិត រដ្ឋាភិបាលត្រូវមានអំណាចចាប់បង្ខំខ្លះដើម្បីប្រយោជន៍សាធារណៈ ដូចជាបញ្ហាសុខភាព សាធារណៈនេះ ជាដើម។ ប៉ុន្តែ ក្រៅពីអំណាចចាប់បង្ខំ រដ្ឋាភិបាលក៏ត្រូវមានកាតព្វកិច្ចការពារសិទ្ធិនិង ផលប្រយោជន៍ជាមូលដ្ឋានរបស់ពលរដ្ឋដែរ។
ឩទាហរណ៍ ការចែងវិធានការនានាក្នុងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។ ច្បាប់នេះបានចែងអំពីវិធានការផ្សេងៗដែលសុទ្ធសឹងតែចាប់បង្ខំនិងគំរាម ប៉ុន្តែ ច្បាប់នេះមិនបានចែងអំពីវិធានការការពារសិទ្ធិ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ពលរដ្ឋឡើយ។
គេគួតែផ្តល់ឲ្យពលរដ្ឋមានសិទ្ធក្នុងសម្រេចចិត្តសំរាប់បញ្ហាផ្ទាល់ខ្លួននិងការបញ្ចេញមតិលើនិតិ វិធីការងាររបស់រដ្ឋាភិបាល។ ឩទាហរណ៍ ការសម្រេចចិត្តចាក់សាំងឬអត់ ឬការជ្រើសយកវ៉ាក់សាំងមួយណាគួរជាការសម្រេចចិត្តរបស់ពលរដ្ឋម្នាក់ៗ ហើយរដ្ឋាភិបាលគួរដើរតួអប់រំ ពន្យល់ និង លើកទឹកចិត្ត ដល់ពលរដ្ឋ។
នៅអាមេរិក អតីតប្រធាធិបតីល្បីៗបីរូបបានស្ម័គ្រចិត្តចាក់មុនគេ ហើយពួកគាត់ បានបង្ហាញរូបភាពទាំងនោះលើបណ្តាញសង្គមនិងបានអំពាវនាវឲ្យពលរដ្ឋអាមេរិកកាំងចេញទៅចាក់វ៉ាក់សាំង។
លោកហ៊ុន សែន បានបង្ខំអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គំរាមអ្នកជំនួញផ្សេងៗ និងចាប់អ្នកណាដែលសរសេររិៈគន់លើបណ្តាញសង្គមអំពីរឿងវ៉ាក់សាំចិន។
ទង្វើនេះរបស់ លោកហ៊ុន សែន បែបនេះ ប្រហែលជាបណ្តាលមកពីមូលហេតុពីរគឺ ទី១)លោក ហ៊ុន សែន ដឹងខ្លួនថា សំដីខ្លួនឯងសាប ហើយគេលែងជឿទុក្ចចិត្ត និង ទី២) ពលរដ្ឋមិនទុកចិត្តវ៉ាក់សាំងចិន។
ត្រង់ចំណុចទី១នេះ គឺគ្មានអ្វីចម្លែកទេ ដែលលោកហ៊ុន សែន ដឹងខ្លួនថា ពលរដ្ឋខ្មែរ មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធលែងជឿសំដីរបស់លោក ព្រោះដោយសារតែហេតុនេះហើយ ទើបលោកមិនដែលហ៊ាន ប្រកួតយកអំណាចតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ទេ ឬមិនដែលជ្រើសយកវិធីបកស្រាយឬពន្យល់ តតាំងជាមួយអ្នករិះគន់លើរដ្ឋាភិបាលរបស់លោកនោះទេ គឺលោកជ្រើយកវិធីបំបិទមាត់តែម្តង ដូចជាការចាប់ និងឃុំខ្លួនអ្នកសរសេររិះគន់វ៉ាក់សាំងចិន ឬរបៀបធ្វើការរបស់រដ្ឋាភិបាលគាត់។
តាមពិតលោក ហ៊ុន សែន គួរមានលទ្ធភាពធ្វើឲ្យគេជឿលោក ព្រោះលោកមានឋានៈខ្ពស់ មានធនធាន និងមធ្យោបាយច្រើន ដូចជាវិទ្យុ និងទូរទស្សន៍ជាដើម។
ចំពោះចំណុចទី២ គឺពលរដ្ឋខ្មែរមិនទុកចិត្តវ៉ាក់សាំងចិន ដោយសារ តែដំណើរការផលិតវ៉ាក់សាំងនេះពុំទាន់បញ្ចប់តំណាក់ពិសោធន៍លើកចុងក្រោយនៅឡើយ ហើយប្រធានក្រុមហ៊ុនដែលផលិតវ៉ាក់សាំងចិន និងមន្ត្រីជំនាញរបស់ចិនក៏ត្រូវបានសារព័ត៌មាននានាស្រង់សំដីចុះផ្សាយថា ពួកគេទទួលស្គាល់ថា វ៉ាក់សាំងចិននៅក្នុងដំណាក់កាលេពិសោធន៍លោកទី៣ និងរង់ចាំលទ្ធផលពិសោធន៍ នៅក្រៅប្រទេស ហើយក៏ទទួលស្គាល់ផងដែរថាគុណភាពរបស់វាគឺនៅមានកំរិតទាបនៅឡើយ និងប្រហែលជាអាចត្រូវការដូសជំនួយបន្ថែម (booster shot)។
កាលពីចុងខែមិនកន្លងទៅនេះ ទូរទស្សន៍ជាតិកម្ពុជា (ទទក) និងសារព័ត៌ Reuters ក៏បានផ្សាយអំពីបញ្ហាគុណភាពវ៉ាក់សាំងចិននេះដែរ តែ ទទក បានលុបអត្ថបទផ្សាយនោះចោលវិញក្នុងរយៈពេលប្រមាណពីរម៉ោងក្រោយមក។ កាលពីដើមខែមេសារនេះ វិទ្យុបារាំង RFI និង Reuters បានផ្សាយ រឿងនេះម្តងទៀត បន្ទាប់ពីមន្ត្រីសុខាភិបាលនៃរដ្ឋាភិបាលចិនបានសារភាពអំពីកំរិតទាបនៃវ៉ាក់សាំងចិន។
រឿងមួយទៀតដែលគួរឲ្យបារម្ភ គឺគេមិនដែលឃើញ និងឮរបបលោកហ៊ុន សែន ធ្វើការតាមដាន និងវាយតម្លៃលើប្រសិទ្ធិភាព ឬផលប៉ះពាល់នៃការចាក់វ៉ាក់សាំងចិននោះឡើយ។ សំណួរសួរថា តើរបបលោក ហ៊ុន សែន កំពុងយកវ៉ាក់សាំង ចិនមកពិសោធន៍លើប្រជាពលរដ្ឋខ្មែរ ឬយ៉ាងណា?
ការដែលរបបខ្មែរក្រហមបានយកទ្រឹស្តីកុម្មុយនិស្តចិនមកពិសោធន៍ក្នុងប្រទេសកម្ពុជានាទសវត្សឆ្នាំ១៩៧០ បានបណ្តាលឲ្យស្លាប់ខ្មែរប្រមាណពីរលាននាក់។
ជាងនេះទៅទៀត យីហោចិនបានខូចនៅក្នុងពិភពលោកនេះ ដោយសារតែចិនតែងបោកប្រាស់ និងកេងចំណេញ ដោយមិនខ្វល់ពីសីលធម៌ ឬគុណធម៌អ្វីនោះឡើយ។
ដូច្នេះ ការមិនទុកចិត្តរបស់ពលរដ្ឋខ្មែរចំពោះវ៉ាក់សាំងចិន នោះមិនមែនជាកំហុសរបស់ពលរដ្ឋខ្មែរឡើយ តែផ្ទុយទៅវិញ វាគឺជាទង្វើ និង អត្តចរិករបស់ចិន។ ទង្វើរបស់លោកហ៊ុន សែន ក៏អាចជាគំរូដែលធ្វើអោយពលរដ្ឋខ្មែរមិនទុកចិត្តចិនដែរ។
លោកហ៊ុន សែន មិនបានចាក់វ៉ាក់សាំងចិនដោយអះអាងថា មនុស្សចាស់អាយុចាប់ពីអាយុ៦១ឆ្នាំឡើងទៅ មិនអាចចាក់វ៉ាក់សាំងចិនបានគឺជារឿងដ៏ពិបាកជឿណាស់ ព្រោះគេពុំឃើញមានការអះអាងបែបនេះ ជាផ្លូវការណាមួយ ជាពិសេសនៅក្នុងគេហ័រទំព័ររបស់ក្រុមហ៊ុនវ៉ាក់សាំងរបស់ចិននោះទេ។ ចំណុចនេះអាចបញ្ជាក់ថា លោកហ៊ុន សែន និយាយផ្សេង តែធ្វើផ្សឹង។
ជាក់ស្តែងលោកហ៊ុន សែន តែងតែអួតសរសើរ និងលើកតម្កើងចិន តែកូនៗរបស់គាត់ និងសមាជិកគ្រួសារត្រកូលហ៊ុនជាច្រើនបានទៅរៀននិងកំពុងបោះទុនវិនិយោគនៅប្រទេសលោកសេរី គឺហាក់ដូចជាមិនទាន់ឃើញនរណាម្នាក់ទៅរស់នៅ ឬបោះទុនវិនិយោគ ធំៗនៅក្នុងប្រទេសចិនឡើយ។
ស្រដៀងគ្នាដែរ មេដឹកខ្មែរក្រហមបង្ខំឲ្យពលរដ្ឋខ្មែរធ្វើការហួសកំលាំង និងហូបបបររាវៗបន្តិចបន្តួច ហើយថា បើនរណាហ៊ានតវ៉ានឹងមានទោសព្រោះគេចាត់ទុកថាហ៊ាន ប្រឆាំងនឹងអង្គការ តែបើពួកគេ ជាកម្មាភិបាលដែលតែងតែអះអាងថាស្មោះត្រង់នឹងអង្គការនោះ បែរជាហូបបាយឆ្អែតតាមចិត្ត។
ក្រៅពីនេះ គេក៏ពុំឃើញរដ្ឋាភិបាលលោកហ៊ុន សែន កំណត់ក្នុងច្បាប់អំពីកាតព្វកិច្ចដែលខ្លួនត្រូវជួយនិង សងការខាតដល់ពលរដ្ឋនោះទេ។ ជាក់ស្តែង របបលោកហ៊ុន សែន បានប្រកាសបញ្ចេញលុយជាតិរាប់ រយលានដុល្លារដើម្បីជួយ អ្នកក្រីក្រដែលធ្វើឡើង ដោយគ្មានតម្លាភាព តែលោកហ៊ុន សែន មិនបាន ប្រកាសថា នោះជាកាតព្វកិច្ចរបស់រដ្ឋាភិបាលឡើយ ហើយបែរជាប្រកាសថាជាអំណោយទៅវិញ និងឲ្យអ្នកដែលបានទទួលជំនួយនោះ អរគុណសន្តិភាពរបស់គាត់។
ប៉ុន្តែ របបលោក ហ៊ុន សែន ឬច្បាប់ពុំបានបញ្ជាក់ច្បាស់លាស់អំពីការជួយ ឬសងសំណងដល់ជំនួញខ្នាតតូចនិងមជ្យមប្រមាណ ៩០%ក្នុងប្រទេស និងអាជីវករ ឬអាជីវកម្មផ្សេងៗ ដែលអាជ្ញាធរបង្ខំឲ្យបិទទ្វារដោយសារ តែពាក់ព័ន្ធនឹងអ្នកឆ្លងមេរោគនេះទេ។ ផ្ទុយទៅវិញ នៅពេលដែល រដ្ឋាភិបាលនេះប្រកាសអំពីការបញ្ចេញ លុយជាតិចំនួន ២ពាន់លានដុល្លារអាមរិកដើម្បីជួយដល់វិស័យឯកជន លោកហ៊ុន សែន បានសម្រេចជួយ ដល់ក្រុមហ៊ុនធានាគារទៅវិញ។
ក្នុងឆ្នាំ២០១៦ អង្គការ Global Withness បានរកឃើញថា សមាជិក គ្រួសារលោកហ៊ុន សែន សុទ្ធតែមានភាគហ៊ុនដោយមិនចាំបាច់ដាក់ដើមទុននៅក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជា។ ចំណុចនេះអាចឆ្លុះបញ្ចាំងថា លោកហ៊ុន សែន អាចជាត្រីងៀតឆ្លៀតពងដោយកេង ចំណេញលុយជាតិក្នុងគ្រាមានវិបត្តិសង្គម ជាជាងការគិតគូរពីសុខទុក្ខនិងជីវភាពប្រជាពលរដ្ឋខ្មែរ។