31 C
Phnom Penh

បទវិភាគ៖ យុទ្ធសាស្ត្រ​ដែល​អាច​ធ្វើ​ឱ្យ​លោក ហ៊ុន សែន កាន់​អំណាច​យូរ​ជាង​គេ និង​រហូត​ដល់​លែង​ចង់​ធ្វើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាជនទូទៅសុទ្ធតែបានដឹងរួចទៅហើយថា លោក ហ៊ុន សែន ជាជនផ្តាច់ការដ៏ឆ្លាតម្នាក់ អមទៅដោយយុទ្ធសាស្ត្រនយោបាយកខ្វក់ និង មន្រ្តីបាតដៃប្រឡាក់ឈាមជាច្រើនជួយទ្រ ទ្រង់អំណាចត្រកូល ហ៊ុន របស់លោក។ 

បុរសខ្លាំងនៅកម្ពុជាវ័យ៦៨ រូបនេះ ត្រូវបានពលរដ្ឋប្រសិទ្ធនាមទៅតាមកាលៈទេសៈ និងព្រឹទ្ធការណ៏សំខាន់ៗ ដែលបានកើតឡើងនៅក្នុងសង្គម ដូចជាមានឈ្មោះថា បុរសខ្លាំងដើរបញ្ជ្រាសទិស ឪបណ្ឌិត ឬ មេស្ថាបនិក៣១កុម្ភៈ ជាដើម។

អ្នកសិក្សាស្រាវជ្រាវនៅតាមបណ្តាប្រទេសលោកសេរីខ្លះលើកឡើងថា ជនផ្តាច់ការជាទូទៅ តែងមានជនឱកាសនិយម (opportunists) ហែរហម ចាំបញ្ជោរ បញ្ចើចបញ្ចើ  សសើរ លើកជើង និង ផ្គាប់ចិត្ត តាមរយៈពាក្យផ្អែមល្ហែម បង្កប់ទៅដោយពាក្យកុហកបោកប្រាស់ ហើយខ្លះទៀត អាចប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម និង ទារុណកម្មដើម្បីយកចិត្តជនផ្តាច់ការដែលជាមេកោយរបស់ខ្លួនទៀតផង។

សៀវភៅដែលមានចំណងជើងថា «អំណាចក្នុងការដឹកនាំ» បោះពុម្ពនៅឆ្នាំ២០០៨ របស់លោក ចូសេហ្វ ណាយ (Joseph S. Nye) សាស្ត្រាចារ្យ សាកលវិទ្យាល័យ អុក្សហ្វ៊ត នៃចក្រភពអង់គ្លេសបានសរសេរថា អ្នកដឹកនាំ ដែលមានបុគ្គលិកលក្ខណៈជាជនផ្តាច់ ឬជនកុម្មុយនីស្តនិយមប្រើយុទ្ធសាស្ត្រកខ្វក់ ប្រើកម្លាំងបាយ ប្រើល្បិចកល រំលោភច្បាប់ ប្រើស្ថាប័នរដ្ឋជាឧបករណ៏ ដើម្បីទទួលបានអំណាច ឬអាចប្លន់អំណាចពីអ្នកដ៏ទៃ និង និយមក្រាញអំណាច ដោយមិនមានភាពខ្មាស់អៀនទៀតផង។ 

អ្នកតាមដានសង្គម និង នយោបាយខ្លះក៏មានការសង្កេតស្រដៀងគ្នាទៅនឹងអ្វីដែលលោកសាស្ត្រាចារ្យ ចូសែស្វ ណាយ បានសរសេរនៅក្នុងសៀវភៅរបស់គាត់ដែរ។ ពួកគេរកឃើញថា យុទ្ធសាស្ត្រនយោបាយកខ្វក់របស់ជនផ្តាច់ការមាន ការសម្លុតគម្រាមកំហែង ការទិញទឹកចិត្ត ការចចារ ការបំបែកបំបាក់ ការកម្ទេចតែម្តង។

ក្នុងចំណោមជនផ្តាច់ការទាំងអស់ មិនមែនពួកគេគ្រប់គ្នាសុទ្ធតែមានភាពឆ្លាតវៃក្នុងការសម្រេចមហិច្ឆតានយោបាយ និង រក្សាអំណាចរបស់ខ្លួនបានយូរតាមរយៈយុទ្ធសាស្ត្រនិយាយពីខាងដើមមកនោះទេ។ ជនផ្តាច់ការខ្លះក៏បានបញ្ចប់ជិវិតនយោបាយដោយតុលា ការប្រជាជន ហិនហោចទ្រព្យសម្បត្តិ វិនាសគ្រួសារ ឧទាហរណ៍មានដូចជា ករណីលោក មូ អាមើរ៍ ហ្គាដាហ្វី ប្រធានាធិបតីប្រទេសលីប៊ី និង សាដាំ ហ៊ូសេន នៃប្រទេសអ៊ីរ៉ាក់ជាដើម។

ជនផ្តាច់ការខ្លះក៏មានភាពឆ្លាតវ័យ មានទេព្យកោសល្យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រស្មោក គ្រោករបស់ខ្លួន ដែលធ្វើឲ្យពួកគេអាចរក្សាអំណាចរបស់ពួកគេបានយ៉ាងយូរ និង ពេលខ្លះស្រមៃចង់ចែកអំណាចនោះទៅកូនចៅជំនាន់ក្រោយ ដើម្បីស្នងត្រកូលរបស់ពួកគេថែមទៀតផង មានដូចជាលោក ហ៊ុន សែន នៃប្រទេសកម្ពុជាបច្ចុប្បន្នជាឧទាហរណ៍។

យុទ្ធសាស្ត្រដ៏កខ្វក់របស់លោក ហ៊ុន សែន មិនមែនប្រើសម្រាប់តែកំទេចដៃគូប្រឆាំងប៉ុ ណ្ណោះទេ ប៉ុន្តែលោកបានប្រើដើម្បីកំចាត់ដៃគូប្រជែងអំណាចក្នុងបក្សរបស់លោកផងដែរ ដូចជា លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី លោក ជា ស៊ីម និង លោក ស ខេងជាដើម។

លោក ប៉ែន សុវណ្ណ និង លោកចាន់ ស៊ី ដែលជាបិតា ៧មករា និង ជាអតីតអ្នកប្រឆាំងវត្ត មានកងទ័ពវៀតណាម និង ផែនការ ក៥ ហើយធ្លាប់ធ្វើនាយករដ្ឋមន្ត្រីពីចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨៣ មានវាសនាដ៏គួរអោយរន្ធត់បំផុត ម្នាក់ត្រូវបានរដ្ឋអំណាចជំនាញការយួនចាប់ដាក់គុកងងឹតនៅហាណូយ និង ម្នាក់ទៀតត្រូវបានស្លាប់ដោយអាថ៏កំបាំង។ បិតាខាង វប្បធម៌ សិល្បៈខ្មែរ ព្រឹទ្ធាចារ្យ ពៅ យូឡេង ក៏ស្លាប់ដោយអាថ៌កំបាំងដែរ។

ឯកសារប្រវត្តិសាស្រ្តបានសរសេរថាលោក ហ៊ុន សែន ជាមនុស្សដែលត្រូវបានរដ្ឋការក្រុងហាណូយលើកបន្តុប ហើយក៏ជាមនុស្សដែលមេដឹកនាំយួន ទុកចិត្តបំផុតផងដែរ ទោះបីជាពេលនោះគាត់ទើបមានអាយុជាង ២០ឆ្នាំក៏ដោយ។ នេះប្រហែលជាលោក ហ៊ុន សែន មាននិស្ស័យជាមនុស្សមានល្បិចកល ចេះសំដែងធ្វើជាជនស្មោះត្រង់ជាមួយមេដឹកនាំយួន និងហ៊ានសម្លាប់មនុស្សជុំវិញខ្លួន ដើម្បីបំពេញមហិច្ឆតារបស់លោក និង បម្រើប្រយោជន៍ចៅ ហ្វាយប៉ុណ្ណោះ។ និស្ស័យរបស់លោក ហ៊ុន សែន បែបនេះហាក់ដូចជាមិនមានការប្រែប្រួល អ្វីនោះឡើយ ពីព្រោះលោកនៅតែប្រើយុទ្ធសាស្រ្តមិនស្អាតស្អំគ្រប់បែបយ៉ាងដើម្បីមហិច្ឆតាអំណាចរបស់លោកដដែល។

ឧទាហរណ៍ជាក់ស្តែង ក្រុមលោក ជា ស៊ីម និង ស ខេង ក៏មានវាសនាមិនខុសពីក្រុមលោក ប៉ែន សុវណ្ណ និង ចាន់ ស៊ី ប៉ុន្មានដែរ គឺថាលោក ហ៊ុន សែន តែងតែបំពានអំណាចតាមមធ្យោបាយកខ្វក់ដដែល បំបែកកងកំលាំងនគរបាលដែលគ្រប់គ្រងដោយលោក ស ខេង ដើម្បីឲ្យឧត្តមសេនីយ៍ ហុក ឡង់ឌី វិញ។

មេដឹកនាំខ្មែរក្រហម ដែលមានមូលដ្ឋាននៅតាមបណ្តោយព្រំដែនខ្មែរថៃ ក៏ត្រូវបានលោក ហ៊ុន សែន ចាត់ទុកជាសត្រូវនយោបាយ និង ជាក្រុមដែលត្រូវកំទេច ឬ បំបែកឲ្យខ្ទេច។

ការកំទេចក្រុមខ្មែរក្រហមចុងក្រោយ ត្រូវបានចំណាយពេលជិតមួយទសវត្សតាមសកម្ម ភាពផ្សេងៗដូចជា៖ បង្កើតក្រុមបាតុករហិង្សាប្រឆាំងនិងដំណើរមាតុភូមិននិវត្តន៍របស់លោក ខៀវ សំផន ការរារាំងភាគីខ្មែរក្រហមមិនបានចូលរួមបោះឆ្នោតដែលរៀបចំឡើងដោយដUNTAC ឆ្នាំ ១៩៩៣ ការទិញទឹកចិត្តមេដឹកនាំខ្មែរក្រហមមួយចំនួនតាមរយៈការផ្តល់មុខនាទី លាភសក្ការៈ ការសន្យាលើកលែងទោស ការបំបែកបំបាក់ និង បង្កឲ្យមានការសម្លាប់ខ្មែរគ្នាឯង ដូចជាក្នុងពេលមានរដ្ឋប្រហារខែកក្កដា ១៩៩៧ ជាដើម។

បច្ចុប្បន្ននេះ ក្រុមខ្មែរក្រហមជាអតីតកូនចៅចាស់របស់ចិនកុម្មុយនិស្ត នៅសេសសល់ចុងក្រោយឯតំបន់ប៉ៃលិន បានមើលឃើញ និង កំពុងប្រឈមនឹងយុទ្ធសាស្ត្រកំទេចរបស់ លោក ហ៊ុន សែន។ នៅក្នុងភ្នែករបស់លោក ហ៊ុន សែន ពួកគេនៅតែជារងើកភ្លើងដែលកំពុងកប់ក្នុងផេះដដែល។

ម្យ៉ាងវិញទៀតប្រទេសចិន ក៏បាន ហើយនិង កំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅប្រទេសកម្ពុជាយ៉ាងខ្លាំងដែរ ជាហេតុធ្វើអោយលោក ហ៊ុន សែន កាន់តែបារម្មណ៍ថែមទៀត ក្រែងប្រ ទេសចិនអាចត្រឡប់មកគាំទ្រកូនចៅចាស់របស់ខ្លួន ព្រមទាំងនឹងអាចឈានទៅដល់ការប៉ះពាល់អំណាច និង ផលប្រយោជន៍របស់គ្រួសារត្រកូលហ៊ុនផងដែរ។ ហេតុនេះហើយបានជាក្រុមខ្មែរក្រហមនៅសេសសល់បច្ចុប្បន្ន មិនមានសាមគ្គីភាពដូចកាលពីខ្លួននៅជាកម្មាភិបាលនៃលទ្ធិកុម្មុយនិស្តនោះទេ ពួកគេត្រូវបានច្រៀកហែក ធ្វើអោយលែងទុកចិត្តគ្នា តាមរយៈបណ្តាញចារកម្មលោក ហ៊ុន សែន បញ្ចូនទៅតាមដានគ្នាឯង និង រាយការណ៍ជាយូរមកហើយនោះ។

ប្រភពពីអតីតមេដឹកនាំខ្មែរក្រហមដែលជិតស្និទ្ធ នឹងលោក អ៊ី ឈាន និយាយថាចារនារីម្នាក់ដែលបានក្លាយជាប្រពន្ធក្រោយរបស់លោក អ៊ី ឈាន ហើយបច្ចុប្បន្នបានក្លាយជាអភិបាលខេត្តប៉ៃលិននោះ គឺជាចារនារី ដែលបានបំបែកសាមគ្គីភាពរបស់ពួកគេតាមរយៈការលូក លាន់កិច្ចការគ្រប់គ្រងក្នុងខេត្តប៉ៃលិនតាំងពីលោក អ៊ី ឈាន នៅជាអភិបាលខេត្តម្លេះ ។   

ចំណែកគណបក្សរាជានិយមហ៊្វុនស៊ីនបិច ក៏មានវាសនាមិនខុសពីពួកខ្មែរក្រហមដែរ ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ពេលដែលគណបក្សនេះទទួលបានជ័យជំនះផុតលេខ ក៏ប៉ុន្តែត្រូវបានបដិសេធមិនប្រគល់អំណាចដោយការគម្រាមថានឹងបង្កើតតំបន់អប្បគមន៍ពុះចែកប្រទេសកម្ពុជាជា២។ ដោយខ្លាចភ្លើងសង្រ្គាមរវាងខ្មែរ និង ខ្មែរនៅតែបន្តទៅទៀត សម្តេចព្រះ នរត្តម សីហនុ បានដាក់ចេញរូបមន្តប្រទេសមួយមាននាយករដ្ឋមន្ត្រី ២ ដោយនាយករដ្ឋមន្ត្រីទី ១ គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង នាយករដ្ឋមន្ត្រីទី ២ គឺ លោកហ៊ុន សែន។

នាយករដ្ឋមន្ត្រីទាំងពីរនេះមិនបានសហការគ្នាក្នុងការធ្វើឲ្យប្រទេសជាតិបានល្អប៉ុន្មាននោះទេ ពួកគេតែងរវល់នឹងការរៀបចំល្បិចកលកំចាត់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ ទីបំផុតបានត្រឹមតែ ៤ឆ្នាំប៉ុណ្ណោះ គឺនៅឆ្នាំ ១៩៩៧ រដ្ឋប្រហារយោធាមួយបានកើតឡើង ហើយអ្នកដែលត្រូវខ្ទាតពីតំណែងជាសហនាយករដ្ឋមន្ត្រីនោះសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ 

ក្នុងចំណោមនោះដែរ មន្រ្តីជាន់ខ្ពស់ម្នាក់ពីបក្ស ហ៊្វុនស៊ីនប៉ិច បានកសាងប្រជាប្រិយភាពនយោបាយបានយ៉ាងឆាប់រហ័ស ហើយបានក្លាយជាអ្នកដឹកនាំប្រឆាំងដ៏មានឥទ្ធិពលម្នាក់ក្នុងឆាកនយោបាយខ្មែរ។ អ្នកនយោបាយនោះគឺលោក សម រង្ស៊ី។

នៅចុងឆ្នាំ២០១២ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានសម្រេចបង្កើតគណបក្សប្រឆាំងដ៏ធំរួមគ្នាមួយ គឺគណបក្ស សង្គ្រោះជាតិ ក្រោយពីមានការជម្រុញពីមហាជន។ ប្រជាប្រិយភាពរបស់មេដឹកនាំនយោបាយបក្សប្រឆាំងទាំងពីររូបនេះ បានគម្រាមកំហែងជា

ខ្លាំងដល់ការកាន់អំណាចរបស់លោក ហ៊ុន សែន បន្ទាប់ពីគណបក្សនេះទទួលបានអាសនៈចំនួន ៥៥ ក្នុងសម័យបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ដោយសារការភ័យខ្លាចពីការបាត់បង់អំណាចនេះហើយ លោក ហ៊ុន សែន បានប្រើគ្រប់វិធីទាំងអស់ដើម្បីកំចាត់គណបក្ស សង្គ្រោជាតិ និង ប្រើគ្រប់វិធីដើម្បីបំបែកមេដឹកនាំបក្សប្រឆាំងទាំងពីរនេះចេញពីគ្នាឲ្យទាល់តែបាន។ 

ដូចការគ្រោងទុក មេដឹកនាំគណបក្ស សង្រ្គោះជាតិ ទាំងពីររូបនេះត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ប្រើប្រាស់តុលាការចោទប្រកាន់អំពីបទ ក្បត់ជាតិ ដោយម្នាក់ត្រូវបានបំបិទសិទ្ធិសេរីភាពនយោបាយ ហើយម្នាក់ទៀតត្រូវបាននិរទេសខ្លួនទៅនៅក្រៅប្រទេស ។

បច្ចុប្បន្ននេះ គណបក្ស សង្រ្គោះជាតិ កំពុងតែតស៊ូក្នុងយុទ្ធសាស្រ្តបំបែក និង កំទេចរបស់លោកហ៊ុន សែន ឬអាចនិយាយបានថា តស៊ូក្នុងស៊ងរបស់ ហ៊ុន សែន។ ដូច្នេះហើយលោក ហ៊ុន សែន នឹងមិនធ្វើការចចារជាមួយមេដឹកនាំគណបក្ស សង្គ្រោះជាតិ ឡើយ។  សំនួរសួរថាតើវាសនារបស់គណបក្ស សង្រ្គោះជាតិ ទៅជាយ៉ាងណា?

ពួកគេអាចឆ្លងកាត់យុទ្ធសាស្ត្រកខ្វក់របស់លោក ហ៊ុន សែន បានយូរដល់ណា? តើពួកគេអាចមានវាសនាដូចក្រុមខ្មែរក្រហម គណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិច ដែរឬទេ? ឬក៏ពួកគេមានវាសនាប្រសើរជាង អាចទទួលបានជ័យជំនះក្នុងសមរភូមិនយោបាយនៅប្រទេសកម្ពុជា? 

ទាំងអស់នេះ គឺអាស្រ័យលើការតស៊ូរបស់មេដឹកនាំគណបក្ស សង្រ្គោះជាតិ ជាពិសេសការតស៊ូជាធ្លុងមួយ និង ប្រកបដោយភាពឆ្លាតវៃក្នុងការបំបែកយុទ្ធសាស្ត្រកខ្វក់របស់លោកហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស