28.4 C
Phnom Penh

សកម្មជន​ព្រៃឈើ​ថា​សម្បត្តិ​ធម្មជាតិ​ខ្មែរ​នឹង​រលាយ​បើ​សកម្មជន​ត្រូវ​បាន​រឹតត្បិត​ចុះ​ល្បាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សកម្មជន​ឃ្លាំមើល​ព្រៃឈើ​អះអាង​ថា ចាប់តាំង​ពី​សកម្មជន និង​សហគមន៍​ការពារ​ព្រៃឈើ​ត្រូវ​បាន​រារាំង និង​ហាមឃាត់​ដោយ​អាជ្ញាធរ និង​ក្រសួង​បរិស្ថាន មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​កន្លង​មក​នេះ គឺ​ស្មើ​នឹង​បើក​ឱកាស​ពេញ​ទំហឹង​ឱ្យ​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ពុករលួយ​មួយ​ចំនួន​អាច​សហការ​គ្នា​បំផ្លាញ​ព្រៃឈើ​ខ្មែរ​បាន​យ៉ាង​រលូន។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សហគមន៍​ជនជាតិ​ភាគតិច​កួយ​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​មាន​បទល្មើស​ព្រៃឈើ​ជិត ១០០​ករណី​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ក្នុង​ពេល​ថ្មីៗ​នេះ។

សកម្មជន​ការពារ​ព្រៃឈើ​លោក សាន់ ម៉ាឡា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ដរាបណា​ក្រសួង​បរិស្ថាន​នៅតែ​បន្ត​រឹតត្បិត​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ចំពោះ​សកម្មជន និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ហើយ​ក្រសួង​បរិស្ថាន​ខ្លួន​ឯង​មិន​មាន​ការ​កែ​ទម្រង់​ក្នុង​កិច្ច​គាំពារ​ព្រៃ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​សព្វថ្ងៃ​នេះ​ទេ ព្រៃឈើ​ខ្មែរ​ដែល​មាន​តម្លៃ​មហាសាល​នេះ នឹង​រលាយ​បាត់​ពី​ទឹកដី​កម្ពុជា​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ជា​មិនខាន។

សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​អះអាង​ថា ដើម្បី​ឱ្យ​ព្រៃឈើ​ទាំងនេះ​ចៀស​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​នោះ គឺ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​អនុញ្ញាត​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ជាសកម្ម​ជន​បរិស្ថាន សហគមន៍​ការពារ​ព្រៃឈើ និង​អង្គការ​សមាគម​នានា​ចូលរួម​ល្បាត​ព្រៃ​ទាំងនោះ​គ្រប់គ្នា នោះ​ទើប​ជា​វិធានការ​ដែល​មាន​ប្រសិទ្ធភាព​អាច​រក្សា​សម្បត្តិ​ធម្មជាតិ​នេះ​បាន​គង់វង្ស។

លោក​បញ្ជាក់​ថា អង្គការ​សមាគម និង​សហគមន៍​ដែល​ធ្វើការ​លើ​វិស័យ​បរិស្ថាន គឺជា​តួអង្គ​ឯករាជ្យ​ដែល​មិន​ចំណុះ​ឱ្យ​ស្ថាប័ន​នយោបាយ​ណាមួយ​នោះ​ឡើយ ដូច្នេះ​ក៏​អាច​ធានា​បាន​នូវ​តម្លាភាព​ដែល​មិន​មាន​ការ​ឃុបឃិត​ជាមួយ​នឹង​មន្ត្រី​ខិលខូច ឬ​ឈ្មួញ​ទុច្ចរិត​បំផ្លាញ​ព្រៃឈើ​កម្ពុជា​ក្នុង​បេសកកម្ម​ដើម្បី​អភិរក្ស​ព្រៃឈើ​របស់​ខ្លួន​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដែល​មាន​ផ្ទៃដី​ជាង ៩​ម៉ឺន​ហិកតារ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ។ អនុក្រឹត្យ​ដដែល​នេះ​បាន​បញ្ជា​ឱ្យ​ក្រសួង​បរិស្ថាន​យក​ចិត្ត​ទុកដាក់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ​នេះ និង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព។


ទាក់ទិន​នឹង​បញ្ហា​នេះ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ប្រចាំ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ស្ដីពី​បទល្មើស​ព្រៃឈើ​ដែល​បាន​កើត​ឡើង​ចំនួន ៩០​ករណី​បន្ថែម​ទៀត ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ​ក្នុង​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល​អះអាង​ថា កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ នេះ ពួកគេ​បាន​រក​ឃើញ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ​លើ​ប្រភេទ​ឈើ​ងាយ​រងគ្រោះ និង​មាន​ទំហំ​ធំៗ​ដែល​មាន​មុខកាត់​ចាប់ពី​ជាង ៣​តឹក​រហូត​ដល់​មុខកាត់​ជាង ១​ម៉ែត្រ​កន្លះ។

សហគមន៍​ដដែល​បញ្ជាក់​ថា ប្រភេទ​ឈើ​ងាយ​រងគ្រោះ​ដែល​ត្រូវ​ទទួល​រង​ការ​កាប់​បំផ្លាញ​ភាគច្រើន​មាន​ដូចជា ដើមឈើ​ទាល កកោះ គគីរ ស្ទៀង ផ្ដៀក ពពេល ផ្ចឹក ត្រាច ត្រសេក សុក្រំ និង​ដើម​ខ្វាវ ជាដើម។

ពួកគេ​ថា​បទល្មើស​ព្រៃឈើ​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ភូមិ​បុស្សធំ ឃុំ​ប្រមេរុ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ពី​ឈ្មួញ​ទុច្ចរិត​ធំៗ​ដែល​កំពុង​ឈរ​ជើង​ប្រមូល​ឈើ​ខុសច្បាប់​ក្នុង​តំបន់​នោះ។

យ៉ាងណាក៏ដោយ ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ជូនដំណឹង​ក្នុង​ឱកាស​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ៥ មិថុនា ក្រោម​ប្រធានបទ «ជីវចម្រុះ និង​សុខភាព​មនុស្ស» ថា​ក្រសួង​នឹង​ផ្សព្វផ្សាយ​អំពី​គោលបំណង​ក្នុង​ការ​លើក​កម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ​អំពី​ការ​គ្រប់គ្រង និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព និង​ការ​អភិរក្ស​ជីវៈ​បន្ត​ទៀត។

ក្នុង​សេចក្តី​ជូន​ដដែល​នោះ ក្រសួង​មិន​បាន​លើក​ឡើង​ពី​បទល្មើស​ព្រៃឈើ​ណាមួយ​ឡើយ ហើយ​ក៏​មិន​បាន​លើក​ឡើង​ពី​វិធានការ​ការពារ​ព្រៃឈើ​ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ឈ្មួញ​ដែល​កំពុង​កាប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ​សព្វថ្ងៃ​នេះ​ដែរ។

ជុំវិញ​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ អង្គការ​សមាគម​ជាង ១០​ស្ថាប័ន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០២១ នេះ ដោយ​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ បើក​ចំហ​ការ​ចូលរួម​របស់​យុវជន ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន ឱ្យ​ចូលរួម​ការពារ​បរិស្ថាន និង​ការពារ​ធនធាន​ធម្មជាតិ​ស្របតាម​បញ្ញត្តិ​ដែល​មាន​ជាធរមាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស