ជនជាតិវៀតណាមរស់នៅខុសច្បាប់ចំនួន ១០៦នាក់ដែលប្រមូលបានមកពី ២កន្លែងផ្សេងគ្នា ត្រូវបានសមត្ថកិច្ចជំនាញនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញពីកម្ពុជានៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ថ្មីៗនេះ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ខ្លួនកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ថ្មីៗនេះថា អគ្គនាយកអន្តោប្រវេសន៍នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិតខេត្តស្វាយរៀង និងចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបញ្ជូន និងបណ្តេញចេញជនជាតិវៀតណាមចំនួន ៨៨នាក់ (ស្រី ១៦នាក់) តាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិតពាក់ព័ន្ធនឹងបទល្មើសលួចឆ្លងដែន ស្នាក់នៅ ធ្វើការងារដោយខុសច្បាប់។
ករណីបណ្ដេញជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជានេះដែរ កាលពីម្សិលមិញ សមត្ថកិច្ចខេត្តព្រះសីហនុ បានសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាកខេត្តកំពត បានបណ្តេញជនជាតិវៀតណាមចំនួន ១៨នាក់ (ស្រី ១១នាក់) ចេញពីប្រទេសកម្ពុជាតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ឱ្យទៅប្រទេសដើមវិញដោយហាមចូលកម្ពុជារយៈពេល ៣ឆ្នាំ។
ជនជាតិវៀតណាមទាំង ១៨នាក់នេះ គឺស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកោះកុង ចាប់បញ្ជូនឲ្យស្នាក់ការត្រៀមបញ្ជូនចេញពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន) និងឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងមិនប្រថាប់ត្រា) ព្រមទាំងល្មើសបម្រាមបិទខ្ទប់របស់រដ្ឋបាលខេត្ត៕