រាជរដ្ឋាភិបាលប្រទេសកម្ពុជា បន្តបណ្តេញជនជាតិវៀតណាម ជាង ៣០នាក់ (៣៤នាក់) បន្ថែមទៀតចេញពីប្រទេសកម្ពុជា បន្ទាប់ពីរកឃើញថាបានជាប់ពាក់ព័ន្ធការលួចស្នាក់នៅ និងធ្វើការងារបោកប្រាស់តាមប្រព័ន្ធអនឡាញដោយខុសច្បាប់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៣ វិច្ឆិកា ថា ជនជាតិវៀតណាម សរុប ៣៤នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅ និងប្រព្រឹត្តអំពើឆបោកតាមអនឡាញ (Online Scams)។
ប្រភពដដែល អះអាងថា រយៈពេល ៩ខែក្នុងឆ្នាំ២០២៥ នេះ អាជ្ញាធរបានបង្ក្រាបគោលដៅដែលពាក់ព័ន្ធក្នុងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជិត ៥០លើក (៤៨លើក) ដោយឃាត់ខ្លួនជនសង្ស័យជិត ៣ពាន់នាក់ (២៩១០នាក់) និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការជិត ២០០នាក់ (១៦៨នាក់) ចំណែកជាង ៧០០នាក់ផ្សេងទៀត (៧២២នាក់) ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ថ្មីៗនេះ កម្ពុជាបានបណ្ដេញជនជាតិយៀកណាម ប្រមាណជាង ១៥០នាក់ចេញ ដែលអ្នកទាំងនោះត្រូវបានរកឃើញថាលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។
សេចក្តីរាយការណ៍នេះ ធ្វើឡើងស្របពេលដែលកម្ពុជាត្រូវរងនូវការចោទប្រកាន់ថាជាទីតាំងលាក់បំពួនឧក្រិដ្ឋជនបោកប្រាស់សព្វថ្ងៃនេះ។
ដំណាលពេលគ្នានេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនបានប្រឹងប្រែងបង្ក្រាបប៉ុណ្ណោះទេ មានករណីខ្លះជួយគាំពារបិទបាំងទៀតផង។
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ កាសែតប្រទេសសិង្ហបុរី (CNA) បានរាយការណ៍ថា ប៉ូលិសសិង្ហបុរី (SPF) បានរកឃើញឧក្រិដ្ឋជនជាង ៣០នាក់ (៣៤នាក់) បានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទឧក្រិដ្ឋនៅប្រទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញ ដែលក្នុងនោះគឺមានពលរដ្ឋសិង្ហបុរី ២៧នាក់ និងពលរដ្ឋម៉ាឡេស៊ី ៧នាក់ផងដែរ។
ប្រភពដដែល អះអាងថា បណ្ដាញអំពើឧក្រិដ្ឋកម្មទាំងនេះបានធ្វើឱ្យប្រទេសសិង្ហបុរី ខាតបង់ទឹកប្រាក់យ៉ាងតិច ៤១លានដុល្លារសិង្ហបុរី ឬប្រមាណជាង ៣០លានដុល្លារសហរដ្ឋអាមេរិក (៣១,៧លានដុល្លារ) ក្នុងចំណោមអំពើឧក្រិដ្ឋដែលបានរកឃើញជាង ៤០០ករណី (៤៣៨ករណី)។
កាសែតដដែលនេះ បញ្ជាក់ថា ប៉ូលិសសិង្ហបុរី កំពុងសហការជាមួយប៉ូលិសអន្តរជាតិអាំងទែរប៉ូល (Interpol) ដើម្បីស្វែងរកចាប់ខ្លួនអ្នកទាំងនោះឱ្យបាន ទោះពួកគេប្រតិបត្តិការអំពើឧក្រិដ្ឋឆបោកទាំងនោះនៅក្រៅស្រុកក៏ដោយ។
កាលពីចុងខែមិថុនា ឆ្នាំ២០២៥ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនថា មនុស្សសរុបជាង ១សែននាក់ (១២០០០០នាក់) ត្រូវគេបង្ខាំងទុក និងបង្ខំឱ្យធ្វើការដូចទាសករនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើក្រុមឧក្រិដ្ឋជនដែលកំពុងធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតជុំវិញពិភពលោកសព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញបទបញ្ជាពីការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ ក្រោមហេតុផលថា ប្រទេសកម្ពុជាកំពុងត្រូវបានក្រុមឧក្រិដ្ឋជនជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពេញប្រទេសសព្វថ្ងៃនេះ៕



© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

