កងកម្លាំងប្រដាប់អាវុធខេត្តកណ្តាល បាញ់ប្រហារលើប្រជាពលរដ្ឋម្នាក់ឲ្យរងរបួសធ្ងន់ក្នុងរឿងទំនាស់ដីធ្លីនៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
កងកម្លាំងយោធាដែលប្រដាប់ដោយអាវុធជាច្រើននាក់ បានបង្ក្រាបការតវ៉ារបស់ប្រជាពលរដ្ឋ ខណៈពលរដ្ឋទាំងនោះកំពុងនាំគ្នារារាំងគ្រឿងចក្រដែលកំពុងឈូសឆាយដីរបស់ពួកគាត់។ ក្នុងការបង្ក្រាបនោះ កងកម្លាំងប្រដាប់អាវុធទាំងនោះបានបាញ់ចំស្មារបស់ពលរដ្ឋម្នាក់ធ្លាយពីម្ខាងទៅម្ខាងបណ្តាលឱ្យរបួសយ៉ាងធ្ងន់ធ្ងរឈាមហូរស្រោចពេញខ្លួន។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអង្គស្រែពរ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈពលរដ្ឋព្យាយាមការពារដីធ្លីស្រែចម្ការរបស់ពួកគាត់ដែលត្រូវបានគ្រឿងចក្រចូលឈូសឆាយទាំងបំពាន និងមានក្រុមទាហានជាអ្នកកាងការពារដែលបំពាក់ដោយអាវុធវែងខ្លីគ្រប់ដៃ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៣ មិថុនា ថា ទង្វើរបស់កងកម្លាំងយោធាដែលបានចុះបង្ក្រាបប្រជាពលរដ្ឋបែបនេះ គឺជាឃាតកម្មដែលកើតមកពីចរិតដឹកនាំរបស់អ្នកកាន់អំណាចដែលតែងប្លន់ដីពលរដ្ឋជាប្រព័ន្ធនាពេលកន្លងមក។
លោកអះអាងថា ការដឹកនាំរបស់ក្រុមលោក ហ៊ុន សែន នឹងអាចនាំទៅដល់ការធ្វើបដិវត្តន៍យុត្តិធម៌សង្គមទូទាំងប្រទេស ពីព្រោះទង្វើរបស់កងកម្លាំងប្រដាប់អាវុធក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្ននេះ គឺកំពុងធ្វើសកម្មភាពជាក្រុមឧទ្ទាមក្នុងច្បាប់ និងប្រើអំណាចតាមទំនើងចិត្តដែលប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញទាំងស្រុង៕