មន្ត្រីបក្សប្រឆាំង ជំរុញឱ្យរាជរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅលើឧកញ៉ាមួយចំនួនដែលកំពុងធ្វើអាជីវកម្មបោកប្រាស់ប្រជាពលរដ្ឋ ដោយការលក់ដីខ្យល់ និងផ្ទះខ្យល់ស្ទើរពេញប្រទេស។
សមាជិករដ្ឋសភាពីគណបក្សសង្គ្រោះជាតិ លោក សួន រីដា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ វិច្ឆិកា នេះថា នៅពេលដែលឧកញ៉ាៗដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យប្រមូលយកលុយពីប្រជាពលរដ្ឋរួចហើយ តែមិនបានប្រគល់ដី និងផ្ទះឱ្យអតិថិជនរបស់ខ្លួនទៅតាមកិច្ចសន្យា នោះគឺបង្ហាញថាពួកគេកំពុងធ្វើអាជីវកម្មបោកប្រាស់យ៉ាងពិតប្រាកដ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា តាមស្ថានភាពពីការរកស៊ីបោកប្រាស់ពីក្រុមឧកញ៉ាលក់ដីខ្យល់ និងផ្ទះខ្យល់សព្វថ្ងៃនេះ ពលរដ្ឋខ្មែរមិនត្រឹមតែរងគ្រោះដោយសារក្រុមឧកញ៉ាបោកប្រាស់ទាំងនោះទេ ប៉ុន្តែក៏រងគ្រោះដោយសារភាពយឺតយ៉ាវនៃប្រព័ន្ធយុត្តិធម៌ក្នុងរាជរដ្ឋាភិបាលដែរ។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ប្រជាពលរដ្ឋដែលជាជនរងគ្រោះរាប់រយនាក់តាមបណ្តាខេត្តនានា ដូចជាខេត្តរតនគិរី ជាដើម បានប្រមូលផ្ដុំគ្នាដោយបិទផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យស្ថាប័នតុលាការ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជួយរកយុត្តិធម៌ដល់ពួកគេ ដោយអនុវត្តច្បាប់ចាប់ខ្លួនអតីតឧកញ៉ា ហ៊ី គីមហុង និងបក្ខពួកដាក់ពន្ធនាគារវិញ។
ប្រភពដដែលបញ្ជាក់ថា ពលរដ្ឋរងគ្រោះពីក្រុមហ៊ុនអចលនទ្រព្យជាង ១ពាន់នាក់ (១៤២៦នាក់) ដែលចាញ់បោកលោក ហ៊ី គីមហុង ដែលជាប្រធានក្រុមហ៊ុន ពិភពដីមាស បានស្នើឱ្យតុលាការចាប់ខ្លួនឧកញ៉ា ហ៊ី គីមហុង ដាក់ពន្ធនាគារវិញ បើប្រធានក្រុមហ៊ុនរូបនេះនៅតែមិនព្រមសងលុយដល់ពួកគេវិញ ព្រោះបញ្ហានេះបានអូសបន្លាយអស់រយៈពេល ៣ឆ្នាំមកហើយ។
ពលរដ្ឋរងគ្រោះទាំងនេះ បញ្ជាក់ថា ឧកញ៉ា ហ៊ី គីមហុង បានធ្វើលិខិតផ្ដិតស្នាមមេដៃលើកិច្ចសន្យារួចហើយថាពេលពលរដ្ឋរងគ្រោះផ្ដិតមេដៃធានាឱ្យគាត់បាននៅក្រៅឃុំ ឧកញ៉ារូបនេះនឹងសងលុយដល់ពួកគេវិញ ប៉ុន្តែចាប់តាំងពីចេញពីពន្ធនាគារមក ឧកញ៉ា ហ៊ី គីមហុង មិនដែលសងលុយដល់ពួកគេឡើយ។
ប្រភពដដែលបញ្ជាក់ថា ក្រោយចេញពីពន្ធនាគារ ឧកញ៉ា ហ៊ី គីមហុង មិនត្រឹមតែមិនសងលុយដល់ពួកគាត់ទេ ថែមទាំងគំរាមចាប់ពួកគាត់ដាក់គុកវិញថែមទៀត ខណៈទ្រព្យសម្បត្តិដែលស្ថិតក្រោមឈ្មោះរបស់គាត់ ក៏បានលួចលាក់ផ្ទេរទៅជាកម្មសិទ្ធិសាច់ញាតិរបស់គាត់ទាំងអស់។
ជុំវិញបញ្ហានេះ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ទិត សុទ្ធីបូរ៉ាឆាត បានចេញមកបញ្ជាក់ចំពោះមុខប្រជាពលរដ្ឋរងគ្រោះនៅថ្ងៃទី២៤ វិច្ឆិកា ថា តុលាការនឹងអនុវត្តតាមសំណើរបស់ពលរដ្ឋរងគ្រោះតាមនីតិវិធីច្បាប់ ប៉ុន្តែតុលាការនឹងមិនអាចចេញដីកាចាប់ខ្លួនឧកញ៉ា ហ៊ី គីមហុង ភ្លាមៗបានទេ។
អនុប្រធានសាលាដំបូងរូបនេះ បញ្ជាក់ថា តុលាការនឹងប្រឹងប្រែងដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ ប៉ុន្តែការអនុវត្តនីតិវិធីច្បាប់ត្រូវការពេលវេលា និងដំណើរការក្តីទៅតាមលំដាប់លំដោយ ដូច្នេះបញ្ហានេះក៏ត្រូវការតំណាងពលរដ្ឋរងគ្រោះ ដូចជា ឈ្មោះ ម៉ៅ រតនា អួង គឹមស្រេង ពេជ្រ រដ្ឋានី ដើម្បីបំភ្លឺ និងដាក់ភស្តុតាងជុំវិញបញ្ហានេះផងដែរ។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុន ពិភពដីមាស និងក្រុមអង្គរក្សសរុប ១៤នាក់ នៅទីស្នាក់ការក្រុមហ៊ុន ពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។
ទោះជាដូច្នេះក៏ដោយ លោក ហ៊ី គីមហុង ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីចាប់ឃុំខ្លួនបានតែជាង ៣ខែ គឺកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ពីបទឆបោកប្រាក់ពលរដ្ឋទិញដីឡូត៍ ក្រុមហ៊ុន ពិភពដីមាស ក្រោមបណ្តឹងពីពលរដ្ឋជាង ១ពាន់បណ្តឹង (១១០៥បណ្ដឹង) ដែលបានខាតបង់ទឹកប្រាក់ជាង ២១លានដុល្លារសហរដ្ឋអាមេរិក។ ដោយសារតែបែបនេះ លោក ហ៊ី គីមហុង ត្រូវបានដកហូតគោរមងារជាឧកញ៉ាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

