27 C
Phnom Penh

មនុស្ស​៧​នាក់​ស្លាប់​និង​ជាង​៣០​នាក់​កំពុង​សង្គ្រោះ​បន្ទាន់​សង្ស័យ​ពុល​ស្រា​ស​នៅ​ពោធិ៍សាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៧​នាក់​បាន​ស្លាប់​ជាបន្តបន្ទាប់ និង​មនុស្ស​ជាង ៣០​នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ មក ដោយ​សង្ស័យ​ពុល​ស្រា​ស។

សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ បញ្ជាក់​ក្នុង​របាយការណ៍​បឋម​ថា ករណី​សង្ស័យ​ពុល​ស្រា​ស​ខាងលើ​នេះ បាន​កើតឡើង​បន្ទាប់ពី​មាន​ពលរដ្ឋ​បាន​ជួបជុំ​គ្នា​ផឹក​ស្រា​ស​នៅ​ក្នុង​កម្មវិធី​កំដរ​បុណ្យ​សព​មួយ​កន្លែង​ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​ក្រគរ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ដែល​ចូលរួម​ផឹក​ស្រា​ស​ក្នុង​ពិធី​បុណ្យ​សព​នោះ​បាន​ស្លាប់​ជាបន្តបន្ទាប់។

សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​ចំណោម​ពលរដ្ឋ​រងគ្រោះ​បាត់បង់​ជីវិត​ទាំង ៧​នាក់​នោះ គឺ​ស្ត្រី​ភេទ​ទាំងអស់។ សមត្ថកិច្ច​បញ្ជាក់​ថា បច្ចុប្បន្ន​អ្នក​សង្ស័យ​ដែល​ជា​អ្នក​បិទ ឬ​ផលិត​ស្រា​ស​ម្នាក់​ឈ្មោះ ទ្រី វណ្ណា ភេទ​ស្រី អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ​សានស ឃុំ​អន្សាចំបក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​ស្រាវជ្រាវ និង​ឈាន​ទៅ​បន្ត​នីតិវិធី​ច្បាប់។

សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​ស្រា​ស​មួយ​ចំនួន ដើម្បី​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ និង​វិភាគ ហើយ​ពេលនេះ​សមត្ថកិច្ច និង​គ្រួសារ​ជន​រងគ្រោះ​កំពុង​រង់ចាំ​មើល​លទ្ធផល​នេះ​នៅឡើយ។

កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ មាន​ករណី​ពុល​ស្រា​ស​ចំនួន ២​លើក​ហើយ​បាន​កើតឡើង គឺ​មាន​ករណី​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល និង​មួយ​ករណី​ទៀត​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង ២០​នាក់។

ទាក់ទិន​បញ្ហា​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​តាម​បណ្តា​រាជធានី-ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា សូម​កុំ​ពិសា​ស្រា​ស ឬ​ស្រា​ថ្នាំ​ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ព្រោះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ និង​ឈាន​ដល់​ពុល​ស្លាប់។

លោក ម៉ម ប៊ុនហេង ក៏​បាន​ក្រើន​រំឭក​ដល់​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បណ្តាល​មកពី​ការ​ពិសា​ស្រា​ស និង​ស្រា​ថ្នាំ ដូចជា​ត្រូវ​ឈប់​ពិសា​ស្រា​ស ឬ​ស្រា​ថ្នាំ​ដែល​បិទ ឬ​លាយ​សារធាតុ​ដែល​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​ការ​ត្រួត​ពិនិត្យ។

ចំពោះ​អ្នក​ប្រកប​អាជីវកម្ម ហាម​ដាច់ខាត​យក​សារធាតុ​មេតាណុល​មក​លាយ​ធ្វើ​ស្រា​ស​ដែល​បង្ក​ឱ្យ​ពុល និង​ស្លាប់។

លោក​បន្ត​ថា អាជ្ញាធរ​តាម​មូលដ្ឋាន​ស្រុក-ខេត្ត​នីមួយៗ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង និង​ទប់ស្កាត់​ការ​លក់​ស្រា​បិទ ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ព្រមទាំង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចៀសវាង​យក​សារធាតុ​មេតាណុល​មក​លាយ​ធ្វើ​ស្រា​ស ដែល​បង្ក​ឲ្យ​ពុល និង​ស្លាប់​ជីវិត​មនុស្ស​តទៅទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស