31 C
Phnom Penh

លោក ទៀ បាញ់ អះអាង​ថា​កម្ពុជា​មិន​បាន​ប្រគល់​កំពង់ផែ​រាម​ឱ្យ​ចិន​កាន់កាប់​ផ្ដាច់មុខ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អះអាង​ថា កម្ពុជា​ពិតជា​បាន​ទទួល​ជំនួយ​ពី​ចិន ដែល​ជា​មិត្ត​ដែកថែប​ក្នុង​ការ​ជួយ​សាងសង់​កំពង់ផែ​តំបន់​រាម ដើម្បី​ឱ្យ​មាន​លក្ខណៈ​ធំ​ទូលាយ និង​ទំនើប​ជាង​មុន​ប្រាកដ​មែន តែ​មិន​បាន​ប្រគល់​ឱ្យ​ចិន​កាន់កាប់​ផ្ដាច់មុខ​ដូច​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា កន្លង​ទៅ​នេះ ដែល​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ថា​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ចិន នៅ​កំពង់ផែ​រាម​នា​ពេល​កន្លង​មក។

សារព័ត៌មាន​ក្នុងស្រុក​ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ Fresh News បាន​ដកស្រង់​សន្តី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា កម្ពុជា គ្រាន់តែ​ទទួល​បាន​ជំនួយ​ពី​ចិន​ក្នុង​ការ​ជួយ​សាងសង់​កំពង់ផែ​តំបន់​រាម​ឱ្យ​មាន​លក្ខណៈ​ធំ​ទូលាយ និង​ទំនើប​ជាង​មុន ដើម្បី​ឱ្យ​កម្ពុជា​ប្រើប្រាស់​ខ្លួនឯង​តែ​ប៉ុណ្ណោះ។

លោក​អះអាង​ថា បន្ទាប់ពី​សាងសង់​កំពង់ផែ​នេះ​រួច កម្ពុជា​គឺជា​អ្នក​ប្រើប្រាស់​កំពង់ផែ​ទំនើប​នេះ ដោយ​មិន​បាន​ប្រគល់​ឱ្យ​ចិន​កាន់កាប់​ផ្ដាច់មុខ​ដូច​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​នោះ​ឡើយ។

លោក​ថា ប្រសិនបើ​ពឹង​លើ​លទ្ធភាព​របស់​កម្ពុជា​ខ្លួនឯង ប្រហែលជា​មិន​អាច​សាងសង់​រួច​ទេ ដោយសារ​តែ​កំពង់ផែ​នេះ​មាន​លក្ខណៈ​ទំនើប និង​ធំ​ទូលាយ​ទាន់សម័យ​ជាង​មុន ដូច្នេះ​មាន​តែ​ស្វែងរក​ដៃគូ​ផ្តល់​ជំនួយ​តែប៉ុណ្ណោះ។

លោក ទៀ បាញ់ បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​កំពង់ផែ​រាម​កំពុង​ស្ថិត​នៅ​ក្នុង​ការរៀបចំ​ស្ថាបនា​នៅឡើយ ខណៈ​ដៃគូ​ផ្តល់​ជំនួយ​បាន​បញ្ជូន​សម្ភារៈ និង​ឧបករណ៍​ប្រើប្រាស់​ដើម្បី​សាងសង់​ជា​បណ្តើរៗ​ផង​ដែរ។ លោក​បញ្ជាក់​ថា ជំនួយ​ចិន​ដែល​បាន​ផ្តល់​ក្នុង​ការ​សាងសង់​កំពង់ផែ​រាម​នេះ មិន​មាន​លក្ខខណ្ឌ​តម្រូវ​ដូច​ជំនួយ​នៃ​មហា​អំណាច​ដទៃ​ទៀត​នោះ​ឡើយ។

អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ការ​លើកឡើង​ចំៗ​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​បកស្រាយ​ពី​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ គឺ​មាន​ន័យ​ថា​កម្ពុជា​កំពុង​មើលស្រាល​អធិបតេយ្យភាព​ខ្លួនឯង ហើយ​ក៏​ជា​ការ​បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​កម្ពុជា-អាមេរិក​ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា នេះ​ថា ការ​លើកឡើង​របស់​លោក ទៀ បាញ់ គឺ​ខំ​លាក់​ផង និង​ដោះសា​កុហក​ភូតភរ​ផង។

លោក​រិះគន់​ថា បញ្ហា​បង្ក​ឱ្យ​មាន​ការ​សង្ស័យ​ពី​មូលដ្ឋាន​យោធា​ចិន​នៅ​កំពង់ផែ​រាម​នេះ គឺ​កម្ពុជា​ជា​អ្នក​បង្ក​ឡើង​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ មិនមែន​ជា​រឿង​ចោទ​ប្រកាន់​របស់​អាមេរិក​នោះ​ទេ។

លោក​អះអាង​ថា សហរដ្ឋ​អាមេរិក​គ្រាន់តែ​ទាមទារ​ឲ្យ​កម្ពុជា​បំភ្លឺ​ពី​រឿង​វាយ​កម្ទេច​អគារ​ដែល​អាមេរិក​បាន​ឧបត្ថម្ភ ថា​តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​មិន​ជូនដំណឹង​ដល់​ពួកគេ​អំពី​បញ្ហា​នេះ​តែប៉ុណ្ណោះ ព្រោះ​ថា​បញ្ហា​នេះ​បាន​នាំ​ឱ្យ​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង ស្របពេល​ដែល​មាន​ការ​លេច​ធ្លាយ​នូវ​ព័ត៌មាន​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​រវាង​កម្ពុជា-ចិន ថា​កម្ពុជា​បាន​បើក​ផ្លូវ​ឱ្យ​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន​ឈរ​ជើង​នៅ​តំបន់​រាម​នេះ។

លោក​បញ្ជាក់​ថា បញ្ហា​នេះ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត ថា​ការ​វាយ​កម្ទេច​អគារ​ទាំងពីរ​នោះ និង​ការ​សាងសង់​កំពង់ផែ​នេះ​ឡើងវិញ មិន​ពាក់ព័ន្ធ​ជាមួយ​ការ​បោះ​មូលដ្ឋាន​កងទ័ព​របស់​ចិន​នៅ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​ចុងក្រោយ រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង​សារភាព​ថា​ការ​សាងសង់​នេះ គឺ​ពិតជា​ទទួល​ជំនួយ​ពី​ចិន​ពិតប្រាកដ​មែន ដែល​នេះ​គឺ​ពិតជា​ធ្វើ​ឱ្យ​មាន​ការសង្ស័យ និង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​សន្តិសុខ​ក្នុង​តំបន់​ចំពោះ​ទំនាក់ទំនង​កម្ពុជា-ចិន លើ​បញ្ហា​នេះ។

កាលពី​ឆ្នាំ​២០១៩ កាសែត​អាមេរិក The Wall Street Journal បាន​ចុះផ្សាយ​ថា កម្ពុជា​និង​ចិន​បាន​ចុះ​ហត្ថលេខា​ជា​សម្ងាត់​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឱ្យ​ចិន​មាន​សិទ្ធិ​ផ្ដាច់មុខ​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុងរយៈពេល ៣០​ឆ្នាំ ដោយ​អាច​បន្ត​ឡើងវិញ​នៅ​រៀងរាល់ ១០​ឆ្នាំ​ម្ដង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​អះអាង​ជា​ចំហ​ថា បើ​មិន​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ពឹង​មហា​អំណាច​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​បរទេស​មួយ​ណា ខណៈ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស