អភិបាលស្រុកកោះកុង លោក ជា សូវី ព្រមានថា អាជ្ញាធរនឹងអនុវត្តតាមវិធានការរបស់រដ្ឋបាលស្រុក និងបញ្ជូនសំណុំរឿងទៅតុលាការបន្តនីតិវិធីចំពោះម្ចាស់ទីតាំងសំណង់ និងចាក់ដីលុបមាត់ព្រែកតាតៃ នៅរឹងទទឹងមិនរុះរើតាមកិច្ចសន្យាកំណត់ និងជីកកាយដីចេញពីចំណីព្រែក។
លោកបន្តថា ក្នុងចំណោមម្ចាស់ទីតាំងដីចំនួន ៥នាក់ ដែលប្រព្រឹត្តល្មើសសង់សំណង់អណាធិបតេយ្យ និងដឹកដីចាក់រំលោភយកមាត់ព្រែកតាតៃកន្លងមកនេះ គឺមាន ៤នាក់ បានអនុវត្តតាមកិច្ចសន្យា ប៉ុន្តែនៅមានម្ចាស់ដីម្នាក់ទៀតឈ្មោះ គិន ប៊ូកាន មិនទាន់អនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុកកោះកុង នៅឡើយ។
លោក ជា សូវី អភិបាលស្រុកកោះកុង បានបញ្ជាក់ថា សប្តាហ៍ក្រោយនេះ រូបលោកនឹងចាត់ឱ្យអភិបាលរងស្រុកកោះកុងម្នាក់ និងក្រុមមន្ត្រីជំនាញ ឱ្យចុះទៅពិនិត្យដល់ទីតាំងមាត់ព្រែកតាតៃ ដើម្បីវាយតម្លៃអំពីការអនុវត្តវិធានការខាងលើ ដោយធ្វើរបាយការណ៍បញ្ចប់ចុងក្រោយបញ្ជូនទៅរដ្ឋបាលខេត្តកោះកុង ពិនិត្យ និងសម្រេច។
លោកអភិបាលស្រុកបញ្ជាក់ថា ករណីម្ចាស់ទីតាំងមិនព្រមរុះរើសំណង់ខុសច្បាប់ និងកាយដីចេញពីមាត់ព្រែកតាតៃទេនោះ គឺអាជ្ញាធរនឹងបន្តបញ្ជូនសំណុំរឿងទៅតុលាការដើម្បីបន្តនីតិវិធី។
អាជ្ញាធររដ្ឋបាលស្រុកកោះកុង បានដាក់បទបញ្ជាឱ្យម្ចាស់ទីតាំងដីចំនួន ៥កន្លែងដែលលួចសាងសង់សំណង់ខុសច្បាប់ និងចាក់ដីរំលោភចូលចំណីព្រែក ឱ្យជីកកកាយដី រុះរើសំណង់ទាំងនោះចេញពីចំណីព្រែកឱ្យដូចដើមវិញក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ក៏ប៉ុន្តែគិតមកដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ គឺនៅមានបុគ្គលម្នាក់ឈ្មោះ គិន ប៊ូកាន ជាមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង ជាម្ចាស់ទីតាំងដីល្មើសច្បាប់មួយកន្លែង នៅមិនអនុវត្តតាមបទបញ្ជារបស់អាជ្ញាធរស្រុកកោះកុង។
មន្ត្រីរដ្ឋបាលស្រុកកោះកុង បានឱ្យដឹងថា ម្ចាស់ទីតាំងដីដែលបានបំពានចូលចំណីព្រែកទាំង ៥ទីតាំងខាងលើរួមមាន៖
- ទី១ លោក តេង ប៊ុន ជាអ្នកលក់គ្រឿងសំណង់នៅទីរួមខេត្តកោះកុង
- ទី២ ឈ្មោះ អឹម ផល
- ទី៣ ឈ្មោះ កេត សុជាតិ
- ទី៤ ឈ្មោះ កេត វិចិត្រ អ្នកទាំង ៤បានអនុវត្តតាមវិធានការរបស់រដ្ឋបាលស្រុកកោះកុង រួចរាល់ហើយ
- ទី៥ គឺលោក គិន ប៊ូកាន ដែលជាមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង មិនបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុកកោះកុង។
លោក គិន ប៊ូកាន ជាប្រធានការិយាល័យផ្នែកទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា មូលហេតុរូបគាត់មិនទាន់រុះរើសំណង់កញ្ចុះចេញពីមាត់ព្រែកតាតៃ គឺដោយសារតែស្ថានភាពរាតត្បាតនៃជំងឺ Covid-19 មិនទាន់ធូរស្បើយ ហើយកូនចៅរបស់លោកមិនមានកន្លែងស្នាក់នៅ ទើបពុំទាន់បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។
សាធារណជនកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរស្រុកកោះកុង អាចចាត់វិធានការច្បាប់ទៅលើលោក គិន ប៊ូកាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង កំពុងប្រព្រឹត្តល្មើសនេះដែរឬទេ៕