27 C
Phnom Penh

អ្នក​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​នៅ​កម្ពុជា​ធ្វើ​ឡើង​តាម​ទំនើង​ចិត្ត​របស់​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ប្រតិកម្ម​ថា សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​អ្នក​តវ៉ា ឬ​អ្នក​សម្ដែង​មតិ​នានា តែង​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត ហើយ​ផ្ទុយ​ទៅ​នឹង​នីតិវិធី​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ធ្ងន់ធ្ងរ។

ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ អះអាង​ថា ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ គឺ​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាន​ចរិត​ជា​នយោបាយ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ មិនមែន​ដើម្បី​អនុវត្ត​ច្បាប់ និង​ជា​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នោះ​ទេ ប៉ុន្តែ​ដើម្បី​កេងចំណេញ​នយោបាយ​ប៉ុណ្ណោះ។

លោក​អះអាង​ថា នៅ​ពេល​អាជ្ញាធរ​កម្ពុជា​អនុវត្ត​តួនាទី​របស់​ពួកគេ​ក្នុង​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី​កន្លង​មក គឺ​ធ្វើឡើង​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាន​ចរិត​ជា​នយោបាយ​យ៉ាង​ច្បាស់ក្រឡែត ព្រោះ​ការ​ចាប់​ខ្លួន​អ្នក​ទាំងនោះ ធ្វើឡើង​ក្នុង​ចេតនា​បំបិទ​សំឡេង​ប្រឆាំង និង​បំបាត់​ការរិះគន់​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ។

លោក ទូច វិបុល បញ្ជាក់​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​មាន​មនសិការ​ចង់​រក្សា​មុខមាត់​កម្ពុជា លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត​នោះ គួរតែ​ពិចារណា​ដោះលែង​អ្នកទោស​មនសិការ​ទាំងនោះ​ជា​បន្ទាន់ ត្បិត​កា​រដាក់​សម្ពាធ​នយោបាយ​ការទូត និង​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​ជុំ​ទិស​ពី​សហគមន៍​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​សេរី​សព្វថ្ងៃ​នេះ ល្មម​គ្រប់គ្រាន់​អាច​បញ្ជាក់​បាន​ថា ការ​ចាប់​ខ្លួន​សកម្មជន​នានា​កន្លង​មក គឺ​មិនមែន​ដើម្បី​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​រឹងមាំ​នោះ​ទេ តែ​ផ្ទុយទៅវិញ​គឺ​ដើម្បី​តែ​កេងចំណេញ​នយោបាយ​សម្រាប់​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ថា សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​ទាំង ២០ ដែល​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ គឺ​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាន​ចរិត​ជា​នយោបាយ។

លោក​អះអាង​ថា នៅ​កម្ពុជា​មិន​មាន​អ្នកទោស​នយោបាយ ឬ​អ្នកទោស​មនសិការ​នោះ​ទេ គឺ​មាន​តែ​អ្នក​នយោបាយ​ដែល​មាន​ទោស​ដោយសារតែ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​មិន​មាន​អំណាច​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​តុលាការ​នោះ​ទេ ហើយ​ក៏​គ្មាន​បុគ្គល ឬ​ស្ថាប័ន​ណា​អាច​បង្គាប់​បញ្ជា​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ឲ្យ​ធ្វើ​តាម​ខ្លួន​បាន​នោះ​ដែរ។

អង្គការ​សមាគម​ចំនួន ២០​ស្ថាប័ន​ដែល​ធ្វើ​ការ​លើ​ផ្នែក​គាំពារ​សិទ្ធិមនុស្ស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ និង​ងាក​ទៅ​លើក​កម្ពស់​សិទ្ធិ​មូលដ្ឋាន​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​សង្គម និង​នយោបាយ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​កាលពី​ខែ​សីហា ឆ្នាំ​២០២០ ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​អ្នក​តវ៉ា​ដទៃទៀត គឺ​ធ្វើឡើង​តាម​បញ្ជា​របស់​លោក​តែ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​របស់​លោក នឹង​មិន​រួច​ខ្លួន​ជាដាច់ខាត គឺ​ចេញ​១ វ៉ៃ​១ ចេញ​២ វ៉ៃ​២ មិន​មាន​ករណី​លើកលែង​នោះ​ទេ។

ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បារម្ភ​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​ឃុំ​ខ្លួន​សកម្មជន​ការពារ​ព្រៃឈើ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​អ្នក​សារព័ត៌មាន​ប្រមាណ​ជាង ៥០​នាក់​ហើយ។

កាលពី​អំឡុង​ឆ្នាំ​២០២០ របាយការណ៍​មួយ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ស្ដីពី​នីតិរដ្ឋ​នៅ​កម្ពុជា បាន​ផ្តល់​ពិន្ទុ​ឲ្យ​កម្ពុជា​ជាប់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨ នៅ​ជុំវិញ​ពិភពលោក ដោយ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាក្រក់​បំផុត​នៅ​ក្នុង​លោក ប៉ុន្តែ​ល្អ​ជាង​តែ​ប្រទេស​វេណេហ្ស៊ុយអេឡា តែ​មួយ​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស