27 C
Phnom Penh

មេធាវី​ថា​អ្នកស្រី អ៊ុងសាន ស៊ូជី ស្នើសុំ​ស្បៀងអាហារ និង​ថវិកា​មួយ​ចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ទីប្រឹក្សា​រដ្ឋ​ភូមា និង​ជា​មេដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០ អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ស្នើសុំ​ស្បៀង និង​ថវិកា ខណៈ​អ្នកស្រី​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន។

គេហទំព័រ​នៃ​សារព័ត៌មាន Coconuts Yangon បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា អ្នកស្រី ស៊ូជី បាន​ប្រាប់​មេធាវី​របស់​អ្នកស្រី​ថា រយៈពេល ២​សប្ដាហ៍​មក​នេះ អ្នកស្រី​ពុំ​មាន​ថវិកា​ដើម្បី​ទិញ​របស់របរ​ផ្សេងៗ និង​ស្បៀងអាហារ​នោះ​ទេ។

អ្នកស្រី​បាន​ស្នើសុំ​ឱ្យ​មេធាវី​របស់​អ្នកស្រី គឺ​មេធាវី Min Min Soe ផ្ដល់​ឲ្យ​អ្នកស្រី​នូវ​ថវិកា និង​ស្បៀង​មួយ​ចំនួន។ អ្នកស្រី ស៊ូជី បាន​ស្នើសុំ​ថវិកា និង​ស្បៀង ទាំង​សម្រាប់​អ្នកស្រី និង​សហការី​របស់​អ្នកស្រី​ចំនួន ៩​នាក់​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន។ មេធាវី Min Min Soe បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នកស្រី ស៊ូជី ពិតជា​បាន​ស្នើសុំ​ដូចនេះ​មែន។ មេធាវី​រូប​នេះ​បញ្ជាក់​ថា លោក​កំពុង​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ តែ​លោក​ថា​មិន​សុំ​ជំនួយ​ពី​ពួក​យោធា​នោះ​ទេ។ តាម​មេធាវី​រូប​នេះ អ្នកស្រី ស៊ូជី ក៏​បាន​ស្នើសុំ​ជួប​អតីត​ប្រធានាធិបតី U Win Myint ទៀត​ផង។

មេធាវី​របស់​មេដឹកនាំ​ភូមា ដែល​ត្រូវ​យោធា​ទម្លាក់​ពី​អំណាច បាន​ឲ្យ​ដឹង​ថា សវនាការ​ជំនុំ​ជម្រះ​ក្តី​របស់​អ្នកស្រី ស៊ូជី នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នេះ​ហើយ។

ចាប់តាំង​ពី​ត្រូវ​យោធា​ទម្លាក់​ពី​អំណាច និង​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ លោកស្រី ស៊ូជី បាន​រង​ការ​ចោទប្រកាន់​ចំនួន ៦​ករណី ក្នុង​នោះ​រួម​មាន​ការ​ល្មើស​វិធានការ​ការពារ​ជំងឺ COVID-19 ការ​កាន់កាប់​ឧបករណ៍​ទាក់ទង​ដោយ​គ្មាន​ការអនុញ្ញាត អំពើ​ពុករលួយ និង​ការ​បំពាន​ច្បាប់​ការពារ​កិច្ចការ​សម្ងាត់​ជាតិ​ជាដើម។

លោក​មេធាវី Min Min កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែ​មិថុនា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សវនាការ​ក្នុង​សំណុំរឿង​ប្រឆាំង​អ្នកស្រី ស៊ូជី និង​អតីត​ប្រធានាធិបតី U Win Myint នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​នេះ ដោយ​មាន​ការ​ចូល​ផ្តល់​សក្ខីកម្ម​ពី​ដើម​បណ្តឹង និង​សាក្សី​ទាំង​ភាគី​ដើមចោទ និង​ចុងចោទ។

មេធាវី​រូប​នេះ​បញ្ជាក់​ទៀត​ថា លោក​បាន​ជួប​មុខ​អ្នកស្រី​តែ​ពីរ​លើក​ប៉ុណ្ណោះ ចាប់តាំង​ពី​ពួក​យោធា​បាន​ឃុំ​ខ្លួន​អ្នកស្រី​នៅក្នុង​ផ្ទះ ក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១។

អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​បាន​ហៅ​តុលាការ​ថា​ជា​ឧបករណ៍​របស់​ពួក​យោធា បើ​កាត់ទោស​អ្នកស្រី​ឱ្យ​មាន​ទោស ព្រោះ​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី ស៊ូជី គឺ​កើតឡើង​ក្រោយ​រដ្ឋប្រហារ។

សវនាការ​នឹង​ធ្វើឡើង​នេះ បន្ទាប់ពី​ប្រេសិត​របស់​អាស៊ាន​មក​ជួប​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​សប្ដាហ៍​មុន។ រដ្ឋមន្ត្រី​ការបរទេស​ទី​២ នៃ​ប្រទេស​ព្រុយណេ គឺ​លោក Dato Erzwan Pehin Yusof និង​អគ្គលេខាធិការ​អាស៊ាន Lim Jock hoi បាន​ទៅដល់​ប្រទេស​ភូមា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មិថុនា។ ប្រតិភូ​សមាគម​អាស៊ាន​បាន​ជួប​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង។ នៅ​ក្នុង​ជំនួប​នោះ ប្រតិភូ​អាស៊ាន បាន​បន្ត​ប្រាប់​ឱ្យ មីន អ៊ុងឡាំង បញ្ចប់​ហិង្សា និង​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់។

តែ​ជាក់ស្ដែង ដំណោះស្រាយ​នយោបាយ​នៅ​ភូមា នៅតែ​បន្ត​ជាប់​គាំង បើ​ទោះ​មាន​ការ​អំពាវនាវ​ពី​មេដឹកនាំ​អាស៊ាន​ដែល​បាន​ដាក់​ចេញ​ផែនការ ៥​ចំណុច​ឱ្យ​អនុវត្ត​ក៏ដោយ។ ការ​បង្ក្រាប​លើ​ក្រុម​បាតុករ​នៅតែ​បន្ត​កើត​មាន ដែល​ធ្វើ​ឱ្យ​មាន​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ជាង ៨៤០​នាក់ និង​ចាប់​ខ្លួន​ជិត ៤៥០០​នាក់។

ដោយ​មើលឃើញ​ពី​បញ្ហា​នេះ រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី Vivian Balakrishnan បាន​បង្ហាញ​ការ​ខក​ចិត្ត​ដែល​ពួក​យោធា​ធ្វើ​ឱ្យ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​របស់​ខ្លួន។

ក្រោយ​កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បូក​ចិន ប្រព្រឹត្ត​ទៅ​លើ​ទឹកដី​ចិន រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី រូប​នេះ​បាន​លើកឡើង​ថា អាស៊ាន​ពិតជា​ដឹង​ណាស់​ថា​ប្រជាជន​ភូមា​ឈឺចាប់ ហើយ​អ្នក​នយោបាយ​ដែល​ជាប់ឃុំ​កាន់តែ​ឈឺចាប់ និង​គ្រួសារ​អ្នក​ស្លាប់​រឹត​តែ​ឈឺចាប់។

តាម​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ទូរទស្សន៍​សិង្ហបុរី Channel News Asia លោក Balakrishnan បាន​បន្ត​លើកឡើង​ថា សាមគ្គីភាព​របស់​អាស៊ាន​ធ្វើឡើង​តាម​ការចាំបាច់​សម្រាប់​ទាមទារ​ការ​បញ្ឈប់​ហិង្សា​ភ្លាមៗ ហើយ​ត្រូវ​ដោះលែង​អ្នក​ជាប់ឃុំ ដោយ​រៀបចំ​កិច្ច​ចរចា​ជាមួយ​ភាគី​ជាប់​ពាក់ព័ន្ធ​ទាំងអស់។ នៅមុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន គឺ​មេ​រដ្ឋប្រហារ​ភូមា មីន អ៊ុងឡាំង បង្ហាញ​ឆន្ទៈ​សហការ​ជាមួយ​អាស៊ាន​ដើម្បី​ស្ថិរភាព​ជាតិ។

ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​និយាយ​ថា​ក្រុមប្រឹក្សា​យោធា​ភូមា​មាន​បំណង​ធ្វើ​ការងារ​រួមគ្នា​ជាមួយ​អាស៊ាន ដើម្បី​រក្សា​ស្ថិរភាព​នៅ​ក្នុងស្រុក និង​អនុវត្ត​តាម​គោលការណ៍​ឯកច្ឆន្ទ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​ធ្វើការ​កត់សម្គាល់​ដូចនេះ​អំឡុង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ភូមា គឺ​លោក Chen Hai ក្នុង​ទីក្រុង​ណៃពិដោរ កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​នេះ មុន​ពេល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​ចិន ក្នុង​ជំនួប​ចិន​បូក​អាស៊ាន។ ជា​ការ​កត់សម្គាល់​មួយ​ទៀត​នោះ គឺ​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​ចិន​ដែល​បាន​ជួប​លោក មីន អ៊ុងឡាំង បន្ទាប់ពី​ប្រតិភូ​អាស៊ាន​មក​ជួប​មេ​រដ្ឋប្រហារ​រូប​នេះ​ដោយ​ប្រាប់​ថា​អាស៊ាន​នឹង​រុញ​រឿង​ភូមា ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ បើ​អាស៊ាន​អស់​លទ្ធភាព​អន្តរាគមន៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស