30.7 C
Phnom Penh

អ្នកកាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​រស់នៅ​លើ​ទូក​កាលពី​ដំបូង តែ​ពួកគេ​នឹង​ទៅ​រស់នៅ​លើ​ដីគោក​នៅ​ពេល​បន្ទាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន អះអាង​ថា ជនជាតិ​វៀតណាម ដែល​ចូល​មក​កម្ពុជា លើកដំបូង​គ្រាន់តែ​ជិះ​ទូក​ទៅ​សំចត​រស់នៅ​ក្នុង​តំបន់​ផ្ទៃ​ទឹក​អរិយក្សត្រ ដោយ​គ្រាន់តែ​រស់នៅ​លើ​ទូក​មួយ​រយៈ​ប៉ុណ្ណោះ បន្ទាប់មក​ពួកគេ​នាំគ្នា​រស់នៅ​លើ​គោក​តែម្តង ដូច្នេះ​សូម​កុំ​ឱ្យ​ដាន​ប្រវត្តិសាស្ត្រ​រជ្ជកាល​ស្តេច​ជ័យជេដ្ឋាទី២ វិល​មក​វិញ​ម្តង​ទៀត​លើ​ទឹកដី​កម្ពុជា។

នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​វៀតណាម បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ជាង ១០០​នាក់​ឲ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​ចោទ​ថា​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ចូល​ប្រទេស​របស់​ពួកគេ​ដោយ​ខុសច្បាប់។

លោក​អះអាង​ថា កម្ពុជា ត្រូវ​រៀនសូត្រ​តាម​ប្រទេស​បិតា​ប្រជាធិបតេយ្យ​ផង​ដែរ ដូច្នេះ​ប្រសិនបើ​ជន​ណា​ម្នាក់​ប្រព្រឹត្ត​ខុសច្បាប់​ប្រទេស គឺ​ត្រូវតែ​ជាប់​គុក និង​បណ្តេញ​ចេញ​ជាដាច់ខាត ដូចជា​ករណី​សហរដ្ឋ​អាមេរិក បណ្តេញ​ពលរដ្ឋ​ខ្មែរ​កន្លងមក ឬ​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ចេញ​ពី​ប្រទេស​គេ​ដូច្នោះ​ដែរ។

លោក សយ សុភាព បញ្ជាក់​ថា បញ្ហា​នេះ បើ​និយាយ​ពី​កម្ពុជា វិញ សូម​ពលរដ្ឋ​ខ្មែរ​នាំគ្នា​អាន​ប្រវត្តិសាស្ត្រ​ពី​រជ្ជកាល​ព្រះស្រីសុរិយោព័ណ៌ និង​រាជបុត្រ​របស់​ព្រះអង្គ ព្រះនាម ជ័យជេដ្ឋាទី២ ដែល​មាន​មហេសី​ជា​ជនជាតិ​វៀតណាម ព្រះនាម ង្វៀនហ្វុក ងុកវ៉ាន់ ឬ​ព្រះនាង​អង្គចូវ ដែល​ធ្វើ​ឲ្យ​វៀតណាម មាន​ឥទ្ធិពល​លើ​ទឹកដី​ខ្មែរ​រហូត​មក។

ដូច្នេះ សូម​កុំ​ឱ្យ​ដាន​ប្រវត្តិសាស្ត្រ​រជ្ជកាល​ស្តេច​ជ័យជេដ្ឋាទី២ វិល​មក​វិញ​ឲ្យ​សោះ ព្រោះ​ថា​ការ​បណ្តេញ​វៀតណាម មិន​ឲ្យ​រស់នៅ​លើ​ផ្ទៃ​ទឹក តែ​បែរជា​ឲ្យ​ទៅ​រស់​នៅ​លើ​គោក គឺ​ដូចតែ​គ្នា​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ដើម​ខែ​មិថុនា នេះ ឲ្យ​ពលរដ្ឋ​ខុសច្បាប់ វៀតណាម ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រុះរើ​ផ្ទះ​បណ្ដែតទឹក​ទៅ​រស់នៅ​លើ​គោក​ជំនួស​វិញ។

កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​វៀតណាម កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រុះរើ​ផ្ទះ​បណ្ដែតទឹក ផ្ទះ​ទូក​តូចៗ​ចេញ​ពី​ផ្ទៃ​ទឹក តែ​សាលា​រាជធានី​ភ្នំពេញ​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ទៅ​នៅ​លើ​គោក​ជំនួស​វិញ។

ជុំវិញ​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា ជុំវិញ​ការ​អនុវត្ត​លើ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា រដ្ឋាភិបាល​មិន​គួរ​ប្រើ​សេចក្តី​ជូនដំណឹង ឬ​ប្រកាស​ដូច​ដែល​បាន​អនុវត្ត​កន្លងមក​នោះ​ទេ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺ​អាច​ប៉ះពាល់​ទៅ​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា-វៀតណាម គោលការណ៍​មនុស្សធម៌ និង​ការរើសអើង​ពូជសាសន៍​ផង​ដែរ។

លោក​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​លើ​ការ​អនុវត្ត​ចំពោះ​ជន​អន្តោប្រវេសន៍​ខុសច្បាប់ រដ្ឋាភិបាល​ត្រូវតែ​ប្រើ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ នោះ​ទើប​ជា​រឿង​ត្រឹមត្រូវ។

ចំណែក​អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​សម្រាប់​ទាមទារ​ឲ្យ​វៀតណាម ទទួល​យក​ជនជាតិ​របស់​គេ​ត្រឡប់​ទៅវិញ ដូច្នេះ​ដើម្បី​ឲ្យ​មាន​អធិបតេយ្យភាព កម្ពុជា​ត្រូវតែ​អនុវត្ត​ច្បាប់​នេះ​ជាដាច់ខាត។

លោក​បញ្ជាក់​ថា និគមជន​វៀតណាម ចូល​ទៅ​រស់នៅ​កម្ពុជា នៅពេល​ដែល​កងទ័ព​វៀតណាម ចូល​ទៅ​កាន់កាប់​កម្ពុជា ដូច្នេះ​ពួកគេ​ត្រូវតែ​ចេញ​ទៅ​វិញ​នៅ​ពេល​កងទ័ព​វៀតណាម ចេញ​ពី​កម្ពុជា​វិញ​ផង​ដែរ។

ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩០ មហាសន្និបាត​អង្គការ​សហប្រជាជាតិ ជា​រៀងរាល់​ឆ្នាំ តែងតែ​ទាមទារ​ឲ្យ​កងទ័ព​វៀតណាម ដក​ចេញ​ពី​កម្ពុជា​ជានិច្ច ព្រោះ​ថា​ទាំង​កងទ័ព​វៀតណាម ទាំង​និគមជន​វៀតណាម ចូល​ទៅ​កម្ពុជា គឺ​ខុស​ទៅ​នឹង​ច្បាប់​អន្តរជាតិ​ទាំងស្រុង។ អ្នក​លេង Facebook គ្រប់​មជ្ឈដ្ឋាន​នាំគ្នា​បញ្ចេញមតិ​ព្រោងព្រាត​គាំទ្រ​ចំណាត់ការ​សាលា​រាជធានី​ភ្នំពេញ ចំពោះ​ការ​អនុវត្ត​លើ​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា ប៉ុន្តែ​ពួកគេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​លើ​ជនបរទេស​ទាំងនោះ ជាជាង​ត្រឹមតែ​ការ​រុះរើ​ផ្ទះ​បណ្តែតទឹក​ពី​ក្នុង​ទន្លេ ឲ្យ​ទៅ​រស់​នៅ​លើ​គោក​ដូច្នេះ។

កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​ជនជាតិ​វៀតណាម ដែល​បាន​ចូល​ទៅ​រស់នៅ​កម្ពុជា ដោយ​ផ្តល់​ដីធ្លី ទីជម្រក ឧបត្ថម្ភ ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់ ជាដើម ទៅលើ​ជនជាតិ​វៀតណាម​ទាំងនោះ​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត ដែល​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ។

បញ្ហា​នេះ ត្រូវ​អ្នក​សង្កេតការណ៍​រិះគន់​ថា ជនជាតិ​វៀតណាម​ខុសច្បាប់​បាន​ហូរ​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា កាន់តែ​ច្រើន​ឡើងៗ បន្ទាប់ពី​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​កាលពី​ឆ្នាំ​១៩៨៥ មក។ ពួកគេ​រិះគន់​ថា សម័យ​ស្តេច​ជ័យជេដ្ឋាទី២ គ្រាន់តែ​ឲ្យ​ដី​វៀតណាម ខ្ចី​ប៉ុណ្ណោះ តែ​សម័យ​លោក ហ៊ុន សែន ហៅ​វៀតណាម​ឲ្យ​ចូល​ស្រុក​ខ្មែរ​ហើយ កាត់​ដី​ឲ្យ​ជនជាតិ​ឈ្លានពាន​ទាំងនោះ​រស់នៅ​ថែមទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ស្ដីពី​ការ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា ថា​ការ​ដោះស្រាយ​អំពី​បញ្ហា​ជន​អន្តោប្រវេសន៍ ត្រូវ​បាន​អូស​បន្លាយ និង​រាំងស្ទះ​ដោយសារតែ​ហេតុផល​នយោបាយ​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស