31 C
Phnom Penh

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថា​ ការ​បញ្ជូន​ជនជាតិ​វៀតណាម​ខុសច្បាប់​ទៅ​ប្រទេស​កំណើត​វិញ​មិនមែន​ជា​សមត្ថកិច្ច​របស់​ខ្លួន​ឡើយ

បទវិភាគ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​ទាត់​ចោល​ការ​លើកឡើង​របស់​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​បាន​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដេញ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា សព្វថ្ងៃ​នេះ ថា​ជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល ទាមទារ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ជូន​ជនជាតិ​វៀតណាម​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ក្រោម​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចេញ​លិខិត​បំភ្លឺ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា ការ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​លំនៅឋាន និង​ទីតាំង​លំនៅឋាន​របស់​ជនបរទេស​ខុសច្បាប់​នៅ​កម្ពុជា មិន​ស្ថិត​ក្រោម​តួនាទី​ភារកិច្ច​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឡើយ ប៉ុន្តែ​វា​គឺជា​តួនាទី​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងស្រុង។

ប្រភព​ដដែល​អះអាង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្នើ​ឲ្យ​លោក សយ សុភាព ផ្តល់​កិច្ចសហការ​តាមរយៈ​ការ​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​ជនបរទេស​ខុសច្បាប់ ដើម្បី​ឲ្យ​ពួកគេ​ចាត់​កម្លាំង​ទៅ​ធ្វើ​ការ​ត្រួតពិនិត្យ​ស្របតាម​នីតិវិធី​ច្បាប់ ដែល​ជា​ការ​បង្ហាញ​ពី​ស្មារតី​ចូលរួម​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ។

ទោះជាយ៉ាងណាក៏ដោយ លោក សយ សុភាព បាន​ប្រាប់​សាព័ត៌មាន The Cambodia Daily នៅ​មុន​ការផ្សាយ​នេះ​បន្តិច​ថា លោក​អគុណ​ចំពោះ​ការ​យកចិត្ត​ទុកដាក់​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ទៅលើ​ការ​លើកឡើង​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពាក់ព័ន្ធ​នឹង​សំណើ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

លោក​អះអាង​ថា លោក​មិន​មាន​ទិន្នន័យ​ច្បាស់លាស់​អំពី​ចំនួន​ជនជាតិ​វៀតណាម​ខុសច្បាប់​ថា​មាន​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​លោក​មិនមែន​ជា​សមត្ថកិច្ច​ដែល​បម្រើ​ការ​ក្នុង​កិច្ចការ​របស់​រដ្ឋ​នោះ​ឡើយ ដោយ​លោក​គ្រាន់តែ​ជា​អ្នកកាសែត​ដែល​ចង់​ឃើញ​អំពី​ចំណាត់ការ​ផ្លូវច្បាប់​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ជន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​ប៉ុណ្ណោះ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បញ្ជាក់​ថា កន្លង​មក​ខ្លួន​បាន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជាប្រចាំ​ចំពោះ​ជនបរទេស​ខុសច្បាប់​តាម​គ្រប់​រូបភាព ដោយ​ធ្វើ​ការ​ឃាត់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​បណ្តេញ​ចេញពី​កម្ពុជា ស្រប​តាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត។

កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ដោយ​អះអាង​ថា ភារកិច្ច​ស្នូល​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មាន​ភារកិច្ច​ធ្វើ​ជា​សេនាធិការ​ជូន​ក្រសួង​មហាផ្ទៃ លើ​ការ​គ្រប់គ្រង​ជនបរទេស ក៏ដូចជា​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជនបរទេស​ដែល​ស្នាក់នៅ និង​បម្រើ​ការ​ដោយ​ខុសច្បាប់​ទូទាំង​ប្រទេស​កម្ពុជា។

យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​បង្ក្រាប និង​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ចាប់ពី​ឆ្នាំ​២០១៤ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០២១ ថា អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ចេញពី​កម្ពុជា​សរុប​ជាង ១​ម៉ឺន ៨​ពាន់​នាក់ ក្នុង​នោះ​មាន​ដល់​ទៅ​ជាង ១០០​សញ្ជាតិ​ឯណោះ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា តើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែរ​ឬ​ទេ ខណៈ​ពលរដ្ឋ​ខ្មែរ​មួយ​នគរ​នាំ​គ្នា​អបអរ​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​អនុវត្ត​កន្លងមក​នោះ។

លោក​អះអាង​ថា អគ្គនាយកដ្ឋាន​នេះ​ត្រូវតែ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​និគមជន​វៀតណាម ដែល​ធ្លាប់​តែ​រស់នៅ និង​បង្ក​ភាព​អណាធិបតេយ្យ​បំពុល​បរិស្ថាន​តាម​ដងទន្លេ​កន្លងមក និង​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​ស្រង់​ស្ថិតិ​ឲ្យ​បាន​លម្អិត ថា​តើ​ពួកគេ​ចូល​ស្រុក​ខ្មែរ​តាំងពី​ពេលណា និង​មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ​ដែរ​ឬ​ទេ។

ជុំវិញ​ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​រុះរើ​ផ្ទះ​បណ្តែតទឹក​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​បាន​រស់នៅ​យ៉ាង​អណាធិបតេយ្យ​តាម​ដងទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្រោយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១ នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​វៀតណាម លោក ផាម ម៉ិញជិញ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​សម្រួល​ការ​រស់នៅ​ដោយ​ខុសច្បាប់​របស់​ប្រជាជន​វៀតណាម​ឲ្យ​បាន​ល្អ​ប្រសើរ​បន្ត​ទៀត។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ប្រតិកម្ម​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ចេញ​សេចក្តី​បំភ្លឺ​នេះ​គ្រាន់តែ​បង្ហាញ​ពី​ការ​ដោះ​ខ្លួន​ចេញ​ពី​ការ​ទទួល​ខុសត្រូវ ដោយ​ទម្លាក់​បញ្ហា​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នក​ទទួល​ដោះស្រាយ​រឿង​ជន​អន្តោប្រវេសន៍​យួន​ខុសច្បាប់​តែម្នាក់​ឯង​តែប៉ុណ្ណោះ។ ពួកគេ​បញ្ជាក់​ថា សេចក្តី​បំភ្លឺ​នេះ​មាន​ចេតនា​ថា រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​ធ្វើ​តេស្ដ​សាកល្បង និង​ជា​ការ​បំភាន់​ភ្នែក​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋាភិបាល​គ្មាន​ផែនការ​ជាក់លាក់ និង​គ្មាន​បំណង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​លើ​ជនបរទេស​ខុសច្បាប់​ទាំងនោះ​ដោយ​ពិតប្រាកដ​នោះ​ទេ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ស្ដីពី​ការ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា ថា​ការ​ដោះស្រាយ​អំពី​បញ្ហា​ជន​អន្តោប្រវេសន៍​ត្រូវ​បាន​អូស​បន្លាយ និង​រាំងស្ទះ​ដោយសារតែ​ហេតុផល​នយោបាយ​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស