ពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានអះអាងថា ក្រុមហ៊ុន ឬឈ្មួញពុះដីឡូត៍ បានដឹកយកដីចាក់លុបចំណីព្រែកធម្មជាតិដែលជាដីសាធារណៈរបស់រដ្ឋ ក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានកើតឡើងយ៉ាងអណាធិបតេយ្យ នាំឲ្យប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ជម្រកមច្ឆាសមុទ្រ និងបណ្តាលឲ្យទឹកសមុទ្រតំបន់នោះប្រែជាល្អក់។
ប្រជានេសាទនៅតាមដងព្រែកកោះប៉ោ បានឲ្យដឹងនៅថ្ងៃសុក្រ ថា សកម្មភាពរបស់ក្រុមហ៊ុន ឬម្ចាស់ដីឡូត៍មួយចំនួន បានដឹកដីចាក់លុបចំណីព្រែក ប៉ុន្តែមិនឃើញមានមន្ត្រីស្ថាប័នជំនាញ ឬអាជ្ញាធរមូលដ្ឋានចុះទប់ស្កាត់នោះទេ។ ជាងនេះទៀត អាជ្ញាធរហាក់មានចេតនាលាក់បាំងអត្តសញ្ញាណម្ចាស់ក្រុមហ៊ុន ឬអ្នកដែលដឹកដីចាក់រំលោភលើចំណីមាត់ព្រែកម្តុំកោះប៉ោ នោះទៅវិញ។
ពលរដ្ឋបញ្ជាក់ថា ចំពោះសកម្មភាពឈ្មួញដី ឬក្រុមហ៊ុនអចលនទ្រព្យដែលធ្វើសកម្មភាពទន្ទ្រានដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់ពីសំណាក់ក្រុមឈ្មួញខិលខូចមួយចំនួន ដែលមានខ្នងបង្អែកជាមន្ត្រីមានឋានៈបុណ្យស័ក្តិធំៗក្នុងជួររាជរដ្ឋាភិបាលបច្ចុប្បន្ន ស្ទើរក្លាយជាទម្លាប់ទៅហើយ ហើយចំពោះសកម្មភាពបង្ក្រាបរបស់អាជ្ញាធររដ្ឋបាលខេត្តកោះកុង វិញ ហាក់មិនមានប្រសិទ្ធភាពយូរអង្វែងទេ។
ក្រុមអ្នកភូមិក៏បានសំណូមពរយ៉ាងទទូចដល់អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង សកម្មភាពឈ្មួញទាំងនោះផង និងវែកមុខថាតើមន្ត្រីរូបណាខ្លះបានឃុបឃិតជាមួយឈ្មួញ ឬមានការជាប់ពាក់ព័ន្ធនឹងសកម្មភាពទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ ដើម្បីផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ។
ពលរដ្ឋឲ្យដឹងថា បច្ចុប្បន្ននេះ បទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ឬដីសាធារណៈរបស់រដ្ឋនៅខេត្តកោះកុង បានបន្តកើតយ៉ាងអណាធិបតេយ្យ ហើយថាបញ្ហានេះ វិធានការរបស់អាជ្ញាធរខេត្តកោះកុង ហាក់មិនទាន់មានប្រសិទ្ធភាពនៅឡើយ។
ពួកគេសង្ស័យថា ទំនងមានការឃុបឃិតជាមួយមន្ត្រីសាលាខេត្តកោះកុង ទើបបទល្មើសទន្ទ្រានកាប់រានដីព្រៃរដ្ឋ ដឹកដីចាក់លុបចំណីអូរ ឬចំណីព្រែកធម្មជាតិ ព្រៃកោងកាង និងសកម្មភាពដឹកដីចាក់ដីរំលោភចំណីឆ្នេរសមុទ្រជាដើម អាចដំណើរការដោយរលូន និងគ្មានការបង្ក្រាប។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក នាម យ៉ុង ចៅសង្កាត់ស្មាច់មានជ័យ និងក្រុមហ៊ុនពុះដីឡូត៍ ដើម្បីបំភ្លឺជុំវិញការរិះគន់របស់ពលរដ្ឋបាននៅឡើយទេ៕