34 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធ​មនុស្ស​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើន​យុទ្ធនាការ​បំបិទ​សំឡេង​សកម្មជន​បរិស្ថាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​បំបិទ​មាត់​សកម្មជន​តស៊ូ​មតិ​ដើម្បី​ការពារ​បរិស្ថាន។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ប្រចាំ​អាស៊ី លោក ហ្វីល រ៉ូបឺតសុន នៅ​ថ្ងៃ​ទី​២២ មិថុនា នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទៅលើ​សកម្មជន​បរិស្ថាន​ចំនួន ៤​នាក់ ដែល​ចូលរួម​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា​កន្លងមក និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

លោក​រិះគន់​ថា តុលាការ​ដែល​កាត់​ក្តី​មាន​លក្ខណៈ​នយោបាយ​ទៅលើ​សកម្មជន​បរិស្ថាន​ទាំងនោះ គឺ​ពិតជា​មិន​យុត្តិធម៌​សម្រាប់​ពួកគេ​នោះ​ទេ ព្រោះ​ថា​តុលាការ​មិន​បាន​បង្ហាញ​ភស្តុតាង​ណាមួយ​ដែល​បាន​បញ្ជាក់​ឲ្យ​បាន​ពិតប្រាកដ​ក្នុង​ការ​ចោទប្រកាន់​ទៅលើ​សកម្មជន​បរិស្ថាន​ទាំងនេះ​នោះ​ឡើយ។

លោក ហ្វីល រ៉ូបឺតសុន បញ្ជាក់​ថា ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនោះ បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា ដែល​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទាំងស្រុង។

ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន ៣​រូប​ពី​បទ​រួម​គំនិត​ក្បត់ និង​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន។

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ Facebook មួយ​ឈ្មោះ កម្ចាត់​ជន​ក្បត់ បាន​បង្ហាញ​ភស្តុតាង​វីដេអូ​មួយ​អំពី​ការ​ជួប​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​គេ​ចោទ​ថា​ជា​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម​ដើម្បី​ធ្វើ​សកម្មភាព​ផ្តួល​រំលំ​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៣​រូប ក្នុង​នោះ​រួម​មាន​លោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី នៅ​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់។

បញ្ហា​នេះ ប្រសិនបើ​សកម្មជន​បរិស្ថាន​ទាំងនោះ​ពិតជា​ត្រូវ​បាន​ផ្ដន្ទាទោស​មែន ពួកគេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១០​លាន​រៀល។

ទាក់ទិន​នឹង​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy បាន​សរសេរ​លើ​បណ្តេញ Tweeter របស់​លោក​ថា សកម្មជន​បរិស្ថាន​ទាំងនោះ​មិន​បាន​ចូលរួម​អំពើ​ភេរវកម្ម​នោះ​ទេ ពួកគេ​គ្រាន់តែ​ធ្វើ​ខ្សែ​វីដេអូ​ទាក់ទង​នឹង​ការ​ថែរក្សា​បរិស្ថាន​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​យុវជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ រួម​មាន លោក ថុន រដ្ឋា លោក អាឡិច កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​កញ្ញា ជា គន្ធី ម្នាក់ៗ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ចាប់ពី ១៨​ខែ​ទៅដល់ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស