25.7 C
Phnom Penh

តុលាការ​សម្រេច​បន្ត​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃទី​៩ មេសា នេះ ខណៈ​អ្នក​ឃ្លាំមើល​ស្នើ​ទម្លាក់​បទ​ចោទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​សម្រេច​បន្ត​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​៩ មេសា បន្ថែម​ទៀត ដែល​ជា​វេន​មេធាវី​បក្ស​ប្រឆាំង​ធ្វើ​សេចក្តី​សន្និដ្ឋាន​វិញ​ម្តង ខណៈ​ចុងបញ្ចប់​នៃ​សវនាការ​នេះ លោក កឹម សុខា ក៏​នឹង​ថ្លែង​សារ​ចុងក្រោយ​ទៅ​កាន់​អង្គ​សវនាការ​ផង​ដែរ។

សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ បាន​បន្ត​សវនាការ​លើ​សេចក្តី​សន្និដ្ឋាន​ផ្ទាល់មាត់​ក្នុង​សំណុំរឿង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រយៈពេល ១​ថ្ងៃ​ពេញ ក្នុង​នោះ សវនាការ​ពេល​ព្រឹក ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំជម្រះ​ដាក់​ទោស​ទណ្ឌ​ឱ្យ​កាន់តែ​ធ្ងន់ ស្នើ​បញ្ឈប់​ការ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ ដោយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​វិញ និង​ដកហូត​សិទ្ធិ​នយោបាយ​របស់​គាត់​ថែមទៀត។

ចំណែក​ពេល​រសៀល តំណាង​មេធាវី​រាជរដ្ឋាភិបាល បាន​ធ្វើការ​សន្និដ្ឋាន​ចំនួន ៣​ចំណុច គឺ៖

  • ទី​១ ស្នើ​សុំ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក កឹម សុខា ទុក​ជា​អសារបង់
  • ទី​២ ស្នើ​ឱ្យ​ផ្ដន្ទាទោស​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ
  • និង​ទី​៣ ស្នើ​ឱ្យ​សង​សំណង​ខូចខាត មាត្រា​២១ មាត្រា​២២ មាត្រា​២៣ និង​មាត្រា​២៦ នៃ​ក្រមព្រហ្មទណ្ឌ​ផង​ដែរ។

ក្នុង​សវនាការ​នេះ តំណាង​មេធាវី​លោក កឹម សុខា ក៏បាន​បង្ហាញ​ពី​នីតិវិធី​នៃ​អង្គហេតុ និង​អង្គច្បាប់ ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែរ ដោយ​អះអាង​ថា​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ គឺ​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់ ក្រោម​ហេតុផល​ថា​មិនមែន​ជា​បទ​ព្រហ្មទណ្ឌ​ជាក់ស្តែង។

ជាង​នេះ​ទៀត ក៏​រំលោភ​ទៅ​លើ​អភ័យឯកសិទ្ធិ​របស់​គាត់​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ ខណៈ​ភស្តុតាង​ខ្សែអាត់​សំឡេង​ដែល​បាន​កាត់ត​នោះ បាត់បង់​ខ្លឹមសារ​ដើម​ថែមទៀត ដែល​បង្ហាញ​ថា​ជា​ភស្តុតាង​ក្លែងក្លាយ និង​ទុច្ចរិត។

ដំណើរការ​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃទី​៨ មេសា នេះ មាន​បណ្តា​អង្គទូត​បរទេស​ជាច្រើន​ទៅ​ចូលរួម​តាមដាន រួម​មាន អាមេរិក បារាំង អូស្ត្រាលី ជប៉ុន ចក្រភព​អង់គ្លេស និង​តំណាង​គណបក្ស​នយោបាយ​នានា ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

លោក ផែង ហេង ដែល​ជា​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​អះអាង​នៅ​មុខ​សាលា​ឧទ្ធរណ៍​ក្រោយពី​សវនាការ​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃទី​៨ មេសា នេះ ដោយ​ចាត់ទុក​ការ​អូស​បន្លាយ​ពេល​រឿងក្ដី​របស់​លោក កឹម សុខា ជិត ១​ទសវត្សរ៍​មក​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​មេ​បក្ស​ប្រឆាំង​រូប​នេះ​រួច​ទៅ​ហើយ កុំ​ថា​ឡើយ​ដល់​ទៅ​ឃុំ​ខ្លួន​គាត់​ជិត ១០​ឆ្នាំ​នោះ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត អះអាង​ថា ការ​ឃុំ​ខ្លួន​លោក កឹម សុខា ជិត ១០​ឆ្នាំ​មក​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា រឿងក្ដី​នេះ​ជា​រឿង​នយោបាយ ច្រើន​ជាង​ការ​ប្រព្រឹត្ត​បទល្មើស ព្រោះ​គ្រាន់តែ​ធ្វើ​សេចក្តី​សន្និដ្ឋាន តុលាការ​បាន​ប្រើ​ពេល​រហូត​ដល់​ទៅ ២​ឆ្នាំ​ឯណោះ គិត​ត្រឹម​ឆ្នាំ​២០២៦ នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​យប់​ឈាន​ចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ តាម​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចោទ​ថា​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​គប់គិត​ជាមួយ​សហរដ្ឋ​អាមេរិក ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ មេសា នេះ​ថា លទ្ធផល​នៃ​សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នា​ពេលនេះ មិនមែន​គ្រាន់តែ​ជា​ការ​សម្រេច​ក្តី​លើ​ជោគវាសនា​របស់​បុគ្គល​ម្នាក់​ទេ ប៉ុន្តែ​គឺជា​ការ​សម្រេច​លើ​ទិសដៅ​អនាគត​នៃ​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល។ លើស​ពី​នេះ ក៏​ជា​ឱកាស​មាស​សម្រាប់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ប្រើប្រាស់ «វិបត្តិ​ទៅ​ជា​ឱកាស» ផង​ដែរ។

លោក សេង វណ្ណលី បញ្ជាក់​ថា បើ​លោក កឹម សុខា ត្រូវ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឃុំ​ខ្លួន ឬ​ផ្តល់​សេរីភាព នោះ​វា​នឹង​ក្លាយ​ជា​ជ័យជម្នះ​ផ្នែក​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា «សន្លឹកបៀ​ការទូត» ដ៏​មាន​តម្លៃ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដូចជា EBA និង GSP យ៉ាង​ធំធេង ក្នុង​ការ​រក្សា​ទីផ្សារ​នាំចេញ​របស់​កម្ពុជា ទៅ​ថ្ងៃ​មុខ។

ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​សំណុំរឿង​លោក កឹម សុខា និង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់ ដើម្បី​វិល​ទៅ​រក​ឯកភាព​ស្មារតី​ជាតិ​ខ្មែរ ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា៕

លោក កឹម សុខា (រូប​ក្នុង​ឡាន) អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា (រូប​ក្នុង​ឡាន) អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស