26 C
Phnom Penh

ចិន​បន្ត​បាក់​មុខ​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង និង​ហុងកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិកា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​អង្គារ ទី​២២ មិថុនា សមាជិក​របស់​ក្រុមប្រឹក្សា​នេះ​ដែល​មាន​សំឡេង ៤០​ប្រទេស​ក្នុង​ចំណោម ៤៧​ប្រទេស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចិន ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង និង​ហុងកុង។

ប្រទេស​កាណាដា ដែល​លើក​នេះ​ជា​ប្រធាន​វេន​នៃ​កិច្ចប្រជុំ​បាន​និយាយ​តំណាង​ឲ្យ​ប្រមាណ ៤០​ប្រទេស ដោយ​ប្រើ​ពាក្យ​សម្ដី​វាយប្រហារ​ធ្ងន់​ទៅលើ​ការរំលោភ​សិទ្ធិមនុស្ស​របស់​ចិន នៅ​ក្នុង​តំបន់​ទាំង​ពីរ​នេះ។

ទីភ្នាក់ងារ​សារព័ត៌មាន Anadolu បាន​ចុះផ្សាយ​ថា ចិន​បាន​និយាយ​តំណាង​ឲ្យ​ប្រទេស​ចំនួន ៧ ក៏​បាន​វាយប្រហារ​លើ​ប្រទេស​កាណាដា អំពី​ការរំលោភ​សិទ្ធិមនុស្ស​លើ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​កាណាដា។ ចំណែក​ប្រទេស​បេឡារូស បាន​ឡើង​និយាយ​គាំទ្រ​ចិន ហើយ​ខំ​វាយប្រហារ​ប្រទេស​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​វាយប្រហារ​ចិន។

ប្រទេស​បេឡារូស សព្វថ្ងៃ​កំពុង​ដឹកនាំ​ដោយ​លោក លូកាឈេនកូ ដែល​បាន​ឡើង​កាន់​អំណាច​ជា​ថ្មី​ទៀត​ដោយ​ការ​បន្លំ​សន្លឹកឆ្នោត។ ប្រទេស​នេះ​ក៏​កំពុង​រង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប អាមេរិក កាណាដា ករណី​រំលោភ​សិទ្ធិមនុស្ស និង​បំបិទ​សំឡេង​ប្រឆាំង។ តែ​បែប​នេះ​ក្ដី ក៏​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដែល​មាន​សំឡេង​ភាគច្រើន​នៅតែ​បន្ត​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចិន។

សេចក្តី​ថ្លែងការណ៍​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ប្រមាណ ៤០ និង​ត្រូវ​បាន​អាន​ដោយ​ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​អង្គការ​សហប្រជាជាតិ អ្នកស្រី Leslie Norton ដែល​ជា​ប្រធាន​វេន​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។

សេចក្តី​ថ្លែងការណ៍​នេះ ក៏​បាន​ទទូច​ឲ្យ​ចិន បើក​ទ្វារ​ទទួល​ក្រុម​អ្នក​សង្កេតការណ៍​ឯករាជ្យ និង​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ ចូល​ទៅ​តំបន់​ស៊ីនជាំង រួម​ទាំង​បិទ​បញ្ចប់​ការ​ឃុំ​ខ្លួន​ជនជាតិ​អ៊ុយហ្គឺ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ជនជាតិ​ភាគតិច​អ្នក​កាន់​សាសនា​អ៊ីស្លាម​ផ្សេងទៀត។ ក្រៅពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង អ្នកស្រី Leslie Norton ក៏​បាន​សម្ដែង​ក្តី​បារម្ភ​លើ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ហុងកុង និង​នៅ​ទីបេ។

តែ​បែប​នេះ​ក្ដី អ្នក​តំណាង​ចិន បាន​អាន​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន​ដែល​ចុះហត្ថលេខា​ដោយ ៧​ប្រទេស​ដែល​គាំទ្រ​ចិន មាន​ប្រទេស​រុស្ស៊ី បេឡារូស កូរ៉េ​ខាងជើង វ៉េណេស៊ុយអេឡា អ៊ីរ៉ង់ ស៊ីរី និង​ស្រីលង្កា។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រទេស​ចិន បាន​វាយប្រហារ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​លើ​ជនជាតិ​ដើម​ភាគតិច​នៅ​កាណាដា ដោយ​បាន​សម្ដែង​ក្តី​បារម្ភ​ពី​ភាព​រើសអើង​លើ​ជន​អន្តោប្រវេសន៍​នៅ​កាណាដា និង​ទង្វើ​អមនុស្សធម៌​លើ​ជន​អន្តោប្រវេសន៍​ដែល​កំពុង​ជាប់​ឃុំ​នៅ​កាណាដា។

ប៉ុន្តែ​ក្រុម​សិទ្ធិមនុស្ស​មាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អាមេរិក Human Rights Watch បាន​ហៅ​តំបន់​ស៊ីនជាំង ជា​កន្លែង​លុត​ដំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​បាន​ហៅ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ប្រចាំ​អង្គការ​សហប្រជាជាតិ Louis Charbonneau បាន​ចោទ​ចិន កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ទៅលើ​សហគមន៍​មូស្លីម តួកគី អ៊ុយហ្គឺ។

សម្រាប់​អង្គការ Human Rights Watch បាន​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ ចោទ​ទៅ​បក្ស​កុម្មុយនិស្ត​ចិន ថា​ជា​ក្រុម​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ។

ក្រុម​ប្រទេស​លោក​ខាងលិច តែងតែ​ទាមទារ​ឱ្យ​ចិន បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជនជាតិ​ភាគតិច​នៅ​ខេត្ត​ស៊ីនជាំង ទី​ដែល​មនុស្ស​ប្រមាណ​ជាង ១​លាន​នាក់ ត្រូវ​គេ​ជឿ​ថា​ត្រូវ​ជាប់​ក្នុង​កន្លែង​ឃុំឃាំង។

នេះ​ជា​លើក​ទី​២ ហើយ​ដែល​ចិន ព្យាយាម​បាំង​មុខ​របស់​ខ្លួន​នៅ​លើ​វេទិកា​អន្តរជាតិ។ កាលពី​ថ្ងៃ​ទី​១៤ ឧសភា ព្រឹត្តិការណ៍​ដូចនេះ​ត្រូវ​បាន​រៀបចំ​ដោយ​អាមេរិក អង់គ្លេស និង​អាល្លឺម៉ង់ ដោយ​ពិភាក្សា​គ្នា​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង និង​មធ្យោបាយ​ដែល​អន្តរជាតិ​អាច​ជំរុញ​ឱ្យ​មាន​ការគោរព​សិទ្ធិ​សេរីភាព​របស់​ជន​ភាគតិច​នៅ​តំបន់​នោះ​ឡើងវិញ។

ក្នុង​ព្រឹត្តិការណ៍​នេះ តំណាង​កាណាដា អូស្ត្រាលី នូវែលហ្សេឡង់ និង​ប្រទេស​អឺរ៉ុប មួយ​ចំនួន​ទៀត ក៏​ជា​អ្នក​គាំទ្រ​វេទិកា​នេះ ហើយ​ប្រទេស​ជាច្រើន​ដល់​ទៅ​ជាង ៥០ ដែល​មិន​ស្ដាប់​តាម​ការ​ទទូច​របស់​ប្រទេស​ចិន សុំ​កុំ​ឱ្យ​ចូលរួម ក៏​បាន​ចូលរួម​ផង​ដែរ។

ក្នុង​វេទិកា​ដែល​ចិន ព្យាយាម​បិទបាំង​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ចិន បាន​នាំ​ឱ្យ​តំណាង​ប្រទេស​ទាំងនោះ​បញ្ចេញមតិ​រិះគន់​ចិន ហើយ​ស្រប​ពេល​នោះ ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​លាតត្រដាង​កំណត់ហេតុ​របស់​ពួកគេ ដោយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ចិន នៅ​តំបន់​ស៊ីនជាំង ថា​បាន​រំលោភ​សិទ្ធិ​ជនភាគតិច​អ៊ុយហ្គឺ និង​ជនភាគតិច​ផ្សេងៗ​ដោយ​ចាប់​ខ្លួន​ជនជាតិ​នោះ​មក​លុត​ដំ និង​ធ្វើ​ទារុណកម្ម​នៅ​ឯ​ជំរំ​នានា​ក្នុង​ខេត្ត​មួយ​នេះ។

តំណាង​ប្រទេស​ប្រជាធិបតេយ្យ និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស បាន​ថ្លែង​ប្រហាក់ប្រហែល​គ្នា ដោយ​ថ្កោលទោស​រដ្ឋាភិបាល​ចិន ហើយ​បាន​ហៅ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។

នៅ​វេទិកា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ធ្វើ​នៅ​ប្រទេស​ស្វីស កាលពី​ថ្ងៃ​អង្គារ ក្នុង​សប្ដាហ៍​នេះ អ្នកស្រី Michelle Bachelet ស្នងការ​ជាន់ខ្ពស់ បាន​ឡើង​ទទូច​ប្រាប់​ចិន ថា​គួរ​យល់ព្រម​ឱ្យ​មាន​ក្រុម​អ្នកជំនាញ​ទៅកាន់​តំបន់​ស៊ីនជាំង ដើម្បី​ស្វែងរក​ការពិត​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​តំបន់​នោះ។

ជាមួយ​នឹង​ការ​ទាមទារ​នេះ តំណាង​ប្រទេស​កាណាដា អ្នកស្រី Leslie Norton បាន​ទាមទារ​ថា បើ​ចិន តាំង​ខ្លួន​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ផង​ដែរ​នោះ គឺ​ត្រូវ​អនុញ្ញាត​ឱ្យ​អ្នកស្រី Michelle Bachelet ដឹកនាំ​អ្នក​ជំនាញ​ទៅដល់​ទីតាំង​ដែល​មាន​ការសង្ស័យ​នៃ​ការ​ធ្វើ​ទារុណកម្ម​ក្រុម​សហគមន៍​អ៊ុយហ្គឺ។ តែ​តំណាង​ចិន មិន​បាន​ឆ្លើយតប​ក្រៅពី​ប្រតិកម្ម ហើយ​ខិតខំ​និយាយ​ការពារ​ខ្លួន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស