ក្រុមអង្គការសង្គមស៊ីវិលជិត ៤០ស្ថាប័ន ប្រមូលគ្នាដាក់សំណើជិត ១០ចំណុចជូនរដ្ឋាភិបាល និងដៃគូអន្តរជាតិ ដើម្បីឱ្យជួយស្ដារ និងកែទម្រង់ឡើងវិញនូវឧបសគ្គនានាដែលរារាំងដល់ការអនុវត្តសេរីភាពរបស់សហជីពនៅកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិការងារ និងសិទ្ធិមនុស្ស ព្រមទាំងសហព័ន្ធសហជីពជិត ៤០ស្ថាប័ន រួមមានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) សហព័ន្ធសហជីពកម្ពុជា (CATU) និងសហព័ន្ធសហជីពសេរីឯករាជ្យ (FUFI) ជាដើម បានដាក់ញត្តិរួមគ្នានៅថ្ងៃទី១ ឧសភា នេះ ទៅកាន់រដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិ ឱ្យជួយដោះស្រាយលើចំណុចអាទិភាពចំនួន ៨ ដែលជាឧបសគ្គដល់ការអនុវត្តសេរីភាពរបស់សហជីពសព្វថ្ងៃនេះ។
ប្រភពដដែល បង្ហាញថា សំណើទាំងនោះរួមមាន ការធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីព ដើម្បីធានាការការពារសិទ្ធិកម្មករនិយោជិតឱ្យបានពេញលេញ និងសម្រួលនីតិវិធីសាមញ្ញដើម្បីចុះបញ្ជីសហជីពដែលជាប់គាំងសរុប ៣៨ករណី និងលុបបំបាត់ការប្រើប្រាស់កិច្ចសន្យាមានថេរវេលាកំណត់ ដើម្បីធានាថាកម្មករនិយោជិតអាចអនុវត្តសិទ្ធិសេរីភាពសហជីព ភាពជាតំណាងក្នុងការចរចាជាសមូហភាពបានពេញលេញ ដោយគ្មានការរើសអើង។
ជាងនេះទៀត ត្រូវលុបបំបាត់រាល់អំពើជ្រៀតជ្រែកផ្ទៃក្នុងដែលនាំឱ្យប៉ះពាល់ណាមួយទៅលើសុពលភាព នីតិសម្បទា និងសកម្មភាពស្របច្បាប់របស់សហជីព និងហាមឃាត់ការប្រើអំពើហិង្សា ការគំរាមកំហែង ការគាបសង្កត់ ឬការរើសអើងណាមួយប្រឆាំងនឹងអ្នករៀបចំ បង្កើត ឬលើថ្នាក់ដឹកនាំសហជីពឯករាជ្យនៅកម្ពុជាផងដែរ។
បន្ថែមពីនេះ រដ្ឋាភិបាលត្រូវបង្កើតតុលាការការងារឯករាជ្យ សម្រាប់ដោះស្រាយវិវាទការងារ ព្រមទាំងរក្សាទុក និងពង្រឹងតួនាទីក្រុមប្រឹក្សាអាជ្ញាកណ្ដាល ធានាប្រសិទ្ធភាពប្រព័ន្ធអធិការកិច្ចការងារ រួមទាំងពិគ្រោះយោបល់ដោយបើកចំហ និងផ្សព្វផ្សាយគោលការណ៍ណែនាំស្ដីពីការបែងចែក និងចាត់ថ្នាក់វិវាទការងាររួម ឬវិវាទបុគ្គលផងដែរ។
លើសពីនេះ ត្រូវទម្លាក់ចោលរាល់បទចោទប្រឆាំងថ្នាក់ដឹកនាំសហជីពឯករាជ្យនៅកម្ពុជា ដែលនៅសេសសល់ ដោយអនុលោមតាមអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិផ្នែកការងារ គណៈកម្មការអឺរ៉ុប និងសហរដ្ឋអាម៉េរិក ជាដើម។
អង្គការសង្គមស៊ីវិលទាំងនេះ បញ្ជាក់ថា សហជីពមូលដ្ឋាន និងសហព័ន្ធសហជីពថ្នាក់ជាតិ កំពុងប្រឈមនឹងឧបសគ្គជាច្រើន ដូចជា ការអនុវត្តសិទ្ធិមូលដ្ឋាន រួមមានសិទ្ធិក្នុងការចរចាអនុសញ្ញារួម សិទ្ធិក្នុងការចងក្រង ការចុះបញ្ជិកាសហជីព ការទទួលស្គាល់សហជីព ព្រមទាំងសិទ្ធិក្នុងការធ្វើកូដកម្មដោយសន្តិវិធី ជាដើម រួមទាំងឧបសគ្គជាច្រើនផ្សេងៗទៀតផងដែរ។
ញត្តិនេះ ធ្វើឡើងស្របពេលដែលទិវាពលកម្មអន្តរជាតិ ១ ឧសភា ត្រូវបានប្រារព្ធសម្រាប់ឆ្នាំ២០២៦ ក្នុងប្រទេសកម្ពុជា នៅថ្ងៃសុក្រនេះ។
នៅថ្ងៃទី១ ខែឧសភា នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា កម្មករនិយោជិត និងសហជីពនៅកម្ពុជាប្រមាណជាង ៣ពាន់នាក់ បានជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាការបង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ។
ក្រសួងការងារ បញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ អង្គការវិជ្ជាជីវៈបានចុះបញ្ជិកាជាង ៦ពាន់ហើយ (៦៥២០) ក្នុងនោះ សហភាពសហជីពជាង ៤០ (៤៣) សហព័ន្ធសហជីពជិត ៣០០ (២៨៥) សហជីពមូលដ្ឋានជាង ៦ពាន់ (៦០៥៩) និងសមាគមនិយោជកជាង ១០ (១៣) ផងដែរ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងក្នុងពិធីអបអរសាទរខួបទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ឧសភា នេះថា ការទាមទារលើកកម្ពស់សិទ្ធិការងារ ក៏ដូចជាកិច្ចសន្ទនាសង្គម មិនមែនមានតែថ្ងៃនេះនោះទេ គឺត្រូវតែធ្វើបន្តជារៀងរាល់ថ្ងៃ។
យ៉ាងណាក៏ដោយ ក្រុមកម្មករ និងសហជីពប្រមាណ ២០០នាក់ នៅថ្ងៃទី១ ឧសភា នេះ បានដង្ហែក្បួនដើម្បីដាក់ញត្តិទៅកាន់ស្ថានទូតនានានៅកម្ពុជា ដូចជា ស្ថានទូតអង់គ្លេស បារាំង កាណាដា និងសហរដ្ឋអាមេរិក ជាដើម ប៉ុន្តែត្រូវបានអាជ្ញាធរបិទផ្លូវមិនអនុញ្ញាតឱ្យពួកគេដង្ហែញត្តិទៅកាន់ស្ថានទូតទាំងនោះឡើយ។
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម បានអះអាងថា ការដាក់ញត្តិនេះ គឺដោយសារការស្នើរបស់កម្មករ និងសហជីពកន្លងមក ទៅកាន់រាជរដ្ឋាភិបាល មិនដែលទទួលបានការឆ្លើយតបម្តងណាឡើយ ដូច្នេះហើយទើបកម្មករ និងសហជីព នាំគ្នាដង្ហែញត្តិទៅកាន់ស្ថានទូតដោយខ្លួនឯង ប៉ុន្តែជាអកុសល ត្រូវអាជ្ញាធររាំងខ្ទប់ទៅវិញ។
អ្នកស្រី អ៊ូ ទេពផល្លីន បញ្ជាក់ថា ការដាក់ញត្តិនេះមិនមែនជាចេតនាដើម្បីធ្វើឱ្យខូចមុខមាត់របស់ប្រទេសកម្ពុជានោះទេ ប៉ុន្តែគឺជាការចូលរួមស្ដារមុខមាត់របស់កម្ពុជាទៅវិញប៉ុណ្ណោះ ព្រោះបញ្ហាជាច្រើនត្រូវបានផ្អឹបទុកមិនដោះស្រាយរហូតមក ដែលបញ្ហានេះនឹងនាំឱ្យខូចមុខមាត់របស់ប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

