អតីតប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino ទី៣ បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ក្នុងអាយុ ៦១ឆ្នាំ បន្ទាប់ពីលោកត្រូវបានសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយនៃរដ្ឋធានីម៉ានីល។
តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុនសេចក្តីប្រកាសអំពីការស្លាប់របស់លោក Benigno Aquino III សេចក្តីរាយការណ៍មួយផ្សេងទៀតបានអះអាងថា លោកត្រូវបានជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាពីតូល (Capitol Medical Centre) នៅក្នុងទីក្រុង Quezon នៅព្រឹកថ្ងៃនេះ ប៉ុន្តែព័ត៌មានពាក់ព័ន្ធផ្សេងៗទៀតមិនត្រូវបានទម្លាយឲ្យដឹងនោះឡើយ ដែលទីបំផុតដំណឹងមរណភាពរបស់លោក អាគីណូ ក៏បានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គម។
ដោយឡែកប្អូនស្រីរបស់លោក Benigno Aquino III គឺអ្នកស្រី Kris Aquino ក៏បានបង្ហាញមុខនៅមន្ទីរពេទ្យទីក្រុងម៉ានីល ផងដែរ ប៉ុន្តែអ្នកស្រីមិនបានថ្លែងអ្វីនោះឡើយ។
ជុំវិញមរណភាពរបស់លោក Benigno Aquino III ចៅក្រមតុលាការកំពូលហ្វីលីពីន Marvic Leonen ដែលត្រូវបានលោក Aquino តែងតាំងឲ្យកាន់តំណែងនេះកាលពីឆ្នាំ២០២១ ក៏បានសម្ដែងនូវមរណទុក្ខយ៉ាងជ្រាលជ្រៅផងដែរ។
ចំពោះការស្លាប់របស់លោកក្នុងវ័យ ៦១ឆ្នាំនេះ គឺមិនទាន់មានប្រភពណាមួយបញ្ជាក់ថា លោកបានជួបបញ្ហា ឬមានជំងឺអ្វីឲ្យប្រាកដឡើយ។
អតីតប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino III ដែលជាកូនប្រុសរបស់អ្នកលទ្ធិប្រជាធិបតេយ្យដែលបានជួយផ្តួលរំលំមេដឹកនាំផ្ដាច់ការ Ferdinand Marcos និងជាមេដឹកនាំប្ដឹងចិន ទៅតុលាការអន្តរជាតិករណីរំលោភដែនសមុទ្រហ្វីលីពីន។
អតីតសមាជិកព្រឹទ្ធសភាម្នាក់បាននិយាយថា លោកមានការខូចចិត្តដោយសារមរណភាពរបស់បងប្អូនជីដូនមួយរបស់គាត់។ លោកបាននិយាយថា លោក អាគីណូ បានលះបង់ទាំងអស់សម្រាប់ជនជាតិហ្វីលីពីន។ គាត់ស្លាប់ទៅនេះមិនបានទុករឿងអាស្រូវជាប់ទៅជាមួយទេ គឺមានតែកិត្តិយសល្អតែប៉ុណ្ណោះ។
លោក អាគីណូ ដែលបានបម្រើការជាប្រធានាធិបតីពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ គឺជាអ្នកទទួលមរតកនយោបាយរបស់គ្រួសារមួយដែលត្រូវបានគេចាត់ទុកថាជាការប្រឆាំងនឹងរបបផ្ដាច់ការនៅក្នុងប្រទេសហ្វីលីពីន។ ឪពុករបស់លោក អាគីណូ ដែលជាអតីតសមាជិកព្រឹទ្ធសភា គឺលោក Benigno Aquino Jr។
លោកត្រូវបានធ្វើឃាតនៅឆ្នាំ១៩៨៣ នៅពេលគាត់ស្ថិតនៅក្រោមការឃាត់ខ្លួនដោយពួកយោធានៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល។ ក្នុងពេលភ្លាមនោះ ម្ដាយរបស់គាត់ឈ្មោះ ខូរ៉ាហ្សុន អាគីណូ បានដឹកនាំការបះបោរដ៏ធំដែលគេហៅថាអំណាចប្រជាជននាឆ្នាំ១៩៨៦ គឺជាឆ្នាំបានបណ្តេញជនផ្ដាច់ការ ម៉ាកូស ពីអំណាច។ ការបះបោរដែលគាំទ្រដោយកងទ័ព បានក្លាយជាអ្នកគាំទ្រនៃការបះបោរដ៏ពេញនិយមប្រឆាំងនឹងរបបផ្ដាច់ការមួយនេះ។
ទោះបីជាត្រកូលនៃត្រកូលនយោបាយដែលកាន់កាប់ដីមានទ្រព្យស្តុកស្តម្ភនៅភាគខាងជើងប្រទេសហ្វីលីពីនក៏ដោយ គឺលោក អាគីណូ ដែលត្រូវបានគេហៅថា ណូយណូយ គឺជាមេដឹកនាំស្អាតស្អំ។
ប្រជាជនហ្វីលីពីន រួមនឹងអ្នកនយោបាយបានទទួលស្គាល់មេដឹកនាំរូបនេះមិនចេះពុករលួយ ជាអ្នកប្រយុទ្ធនឹងភាពក្រីក្រ។
បន្ទាប់ពីប្រទេសចិន បានចាប់យកដែនទឹករបស់ហ្វីលីពីន គឺក្នុងឆ្នាំ២០១២ លោក អាគីណូ បានអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកដាក់ពាក្យបណ្តឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដោយបានបើកក្ដីរឿងនេះប្រឆាំងចិន។
លោក អាគីណូ បានថ្លែងនៅក្នុងសុន្ទរកថាក្នុងខែឧសភា ឆ្នាំ២០១១ ថា ហ្វីលីពីនមិនចង់បង្កើនភាពតានតឹងជាមួយប្រទេសណានោះទេ ប៉ុន្តែត្រូវតែប្រាប់ពិភពលោកឱ្យដឹងថា គឺត្រៀមខ្លួនដើម្បីការពារអ្វីដែលជារបស់ហ្វីលីពីន។
ទីបំផុត ហ្វីលីពីនឈ្នះក្ដីរឿងនេះនៅឆ្នាំ២០១៦ ខណៈចិន មិនបានឡើងតតាំងក្ដី។ ប្រទេសចិន បានបដិសេធមិនចូលរួមក្នុងការកាត់ក្ដីដោយអាជ្ញាកណ្ដាលអន្តរជាតិមួយនេះ ហើយបានច្រានចោលការកាត់សេចក្តីរបស់សាលាក្តីនេះ។ សាលក្រមរបស់តុលាការអន្តរជាតិអង្គការសហប្រជាជាតិនេះ បានធ្វើឱ្យទីក្រុងប៉េកាំង អស់មានសុពលភាព ដែលបានបញ្ជាក់ច្បាស់ថា សមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុងស្ថិតក្នុងច្បាប់អន្តរជាតិសមុទ្រឆ្នាំ១៩៨២ មិនមែនសុទ្ធតែជាកម្មសិទ្ធិរបស់ចិនឡើយ។
ការតវ៉ាផ្នែកច្បាប់របស់ អាគីណូ និងសេចក្តីសម្រេចរបស់សាលាក្ដីអន្តរជាតិ បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងម៉ានីល ធ្លាក់ចុះដល់កម្រិតទាបក្នុងពេលនោះ។
នេះជារឿងក្ដីប្រវត្តិសាស្ត្រ ដែលហ្វីលីពីនក្រោមការដឹកនាំរបស់លោក អាគីណូ បានចាត់ការប្រឆាំងប្រទេសចិន ដ៏ធំមួយនៅអាស៊ី។
លោក បេនីកណូ អាគីណូ (Benigno Aquino) ជាប្រធានាធិបតីទី១៥ របស់ហ្វីលីពីនក្នុងអាណត្តិឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ មុនលោក Rodrigo Duterte ស្នងតំណែងបន្ត។ លោក អាគីណូ ធ្លាប់ជាសមាជិកព្រឹទ្ធសភាពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ ជាកូនប្រុសរបស់អតីតប្រធានាធិបតី អ្នកស្រី Corazon Aquino និងសមាជិកព្រឹទ្ធសភាល្បីឈ្មោះខាងលើកកម្ពស់ប្រជាធិបតេយ្យ បេនីកណូ នីណយ អាគីណូ។
កើតនៅឆ្នាំ១៩៦០ ជាកូនទី៣ ក្នុងចំណោមបងប្អូន ៥នាក់ លោក អាគីណូ មិនដែលរៀបការ និងគ្មានកូនទេ។ និស្សិតបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចរូបនេះបានធ្វើអាជីវកម្មមុនពេលចូលប្រឡូកក្នុងវិស័យនយោបាយ។
ម្ដាយរបស់គាត់ជាស្ត្រីដំបូងគេកាន់តំណែងប្រធានាធិបតីនៅរវាងឆ្នាំ១៩៨៦-១៩៩២ ជាឆ្នាំចាប់ផ្ដើមកសាងប្រជាធិបតេយ្យឡើងវិញក្រោយពីបញ្ចប់របបផ្ដាច់ការរបស់លោក ម៉ាកូស។
ក្នុងអំឡុងពេលប្រទេសហ្វីលីពីន ក្នុងភាពវឹកវរនយោបាយ គឺលោក អាគីណូ បានរងរបួសដោយការបាញ់កាំភ្លើងក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចរបស់ពួកឧទ្ទាម ដែលបានប៉ុនប៉ងឡោមព័ទ្ធនៅវិមានប្រធានាធិបតី។ លោក អាគីណូ បានស្ថិតនៅក្នុងឡានជាមួយម្ដាយនៅតាមផ្លូវត្រឡប់ទៅវិមាននៅទីក្រុងម៉ានីល នៅពេលបានរងការបាញ់រះយ៉ាងខ្លាំង។ អ្នកអមដំណើររបស់លោកចំនួន ៣នាក់ត្រូវបានសម្លាប់ ហើយលោក អាគីណូ បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយគ្រាប់មួយគ្រាប់ដែលបន្សល់ទុកពេញមួយជីវិតរបស់គាត់។
លោក អាគីណូ បានឈ្នះអាសនៈនៅក្នុងសភាតំណាងរាស្ត្រដ៏មានឥទ្ធិពលក្នុងឆ្នាំ១៩៩៨ ជាកន្លែងដែលលោកបានបម្រើការរហូតដល់ឆ្នាំ២០០៧ បន្ទាប់មកលោកបានឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភា។
លោក អាគីណូ បានប្រកាសយុទ្ធនាការសម្រាប់តំណែងប្រធានាធិបតីចាប់តាំងពីឆ្នាំ២០០៩ ដោយនិយាយថា លោកកំពុងឆ្លើយតបការអំពាវនាវរបស់ប្រជាជនឱ្យបន្តកេរ្តិ៍ដំណែលម្តាយរបស់លោក។
ទីបំផុត លោកបានជាប់តំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១០។
អាគីណូ នៅតែទទួលបានការគាំទ្រខ្ពស់នៅឆ្នាំទី៦ របស់លោក ដែលជាឆ្នាំបិទបញ្ចប់អាណត្តិប្រធានាធិបតី ស្របរដ្ឋធម្មនុញ្ញ គឺក្នុងឆ្នាំ២០១៦។ ប៉ុន្តែពេលនោះ ក៏មានការកើនឡើងនៃប្រជាប្រិយភាពរបស់លោក Rodrigo Duterte ក្នុងការសន្យាបង្ក្រាបគ្រឿងញៀនខុសច្បាប់ក្នុងប្រទេសហ្វីលីពីន។
លោក Rodrigo Duterte ក៏បានឈ្នះឆ្នោតក្នុងការប្រកួតតំណែងប្រធានាធិបតីជំនាន់ក្រោយបន្តពីអាណត្តិរបស់លោក អាគីណូ មកដល់សព្វថ្ងៃនេះ។ រដ្ឋធម្មនុញ្ញហ្វីលីពីន បានកំណត់អាណត្តិប្រធានាធិបតីតែមួយអាណត្តិប៉ុណ្ណោះ គឺមានរយៈពេល ៦ឆ្នាំ៕