29.3 C
Phnom Penh

ពលរដ្ឋ​ថា​បទល្មើស​ជីក​កកាយ​ដី​ព្រៃ​ភ្នំ​នៅ​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​គ្មាន​ការ​បង្ក្រាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ស្រុក​កំពង់សីលា អះអាង​ថា បទល្មើស​ទន្ទ្រាន​ដី​ព្រៃឈើ និង​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ មាន​ទីតាំង​ក្នុង​ភូមិ​វាល ឃុំ-ស្រុក​កំពង់សីលា បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​បែរជា​អភិបាល​ស្រុក​កំពង់សីលា និង​អភិបាល​ខេត្ត​ព្រះសីហនុ មិន​មាន​វិធានការ​ទប់ស្កាត់​ទៅវិញ។

ប្រភព​បញ្ជាក់​ថា បទល្មើស​ជីក​កាយ​ដី​ភ្នំ​ទៅ​ចាក់​បំពេញ​ឲ្យ​បុរី លីលី ក្នុង​ស្រុក​កំពង់សីលា រាល់​ថ្ងៃ​នេះ គឺ​មាន​ការ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ចាប់​ពី​មេឃុំ​រហូត​ដល់​អភិបាល​ស្រុក​កំពង់សីលា ហើយ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​យក​ដី​ខាងលើ​នេះ គឺ​ដី​ព្រៃ​ភ្នំ​ទាំងនោះ​ស្ថិត​ក្នុង​ដែន​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​២០០២ ហើយ​ក៏​ទំនង​ជា​ត្រូវ​បំផ្លាញ​រលាយ​ហិនហោច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។

អ្នក​ភូមិ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ដី​ព្រៃឈើ ឬ​ព្រៃ​ភ្នំ​ធម្មជាតិ​ដែល​នៅ​សេសសល់​នៅ​មូលដ្ឋាន​ស្រុក​កំពង់សីលា នា​ថ្ងៃ​អនាគត​កាន់តែ​ធ្ងន់​ទៅៗ ហើយ​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​លើ​បទល្មើស​ជីក​កាយ​ដី​ភ្នំ​ទាំងនេះ។

ទាក់ទិន​បញ្ហា​នេះ លោក សម ប្រាថ្នា ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដឹង​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ថា ចំពោះ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​ដើម្បី​យក​ដី​ដឹក​ចាក់​បំពេញ​ឲ្យ​ក្រុមហ៊ុន បុរី លីលី មាន​ទីតាំង​នៅ​ស្រុក​កំពង់សីលា នេះ គឺ​មិន​ទាន់​មាន​ច្បាប់​នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា ករណី​នេះ​មន្ត្រី​ក្រសួង មន្ទីរ​ឧស្សាហកម្ម និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​រួច​ហើយ​កាលពី​សប្តាហ៍​មុន។ លោក​បន្ត​ថា ករណី​នេះ មន្ត្រី​ជំនាញ​នឹង​ចុះ​វាស់វែង​រណ្ដៅ​ដែល​ក្រុមហ៊ុន​បាន​ជីក​ដី​ភ្នំ​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នេះ ដើម្បី​ឈាន​ទៅ​ផាក​ពិន័យ​ទៅ​តាម​ទំហំ​ជាក់ស្ដែង និង​តម្រូវ​ម្ចាស់​ក្រុមហ៊ុន ត្រូវ​ទៅ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ។

ចំណែក​អ្នកស្រី កែវ មុំ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​កំពង់សីលា (Economic Zone) អ៊ីឃើណម៉ិក ហ្សូន បាន​អះអាង​ថា សកម្មភាព​ជីក​កកាយ​ដី​នៅ​ភ្នំ​បាក់កង លើ​ផ្ទៃដី ៥០​ហិកតារ​នេះ គឺ​ក្រុមហ៊ុន​កំពុង​រត់​ច្បាប់​អនុញ្ញាត។

អ្នកស្រី​បន្ត​ថា ក្រុមហ៊ុន​នេះ​បាន​ដាក់​លិខិត​ស្នើសុំ​ច្បាប់​អនុញ្ញាត​ទៅកាន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ មក​ម្ល៉េះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ទេ។ លោកស្រី​បាន​បន្ទោស​ទៅលើ​មន្ត្រី​ស្ថាប័ន​ជំនាញ និង​ច្បាប់​ស្រុក​ខ្មែរ​ថា​ធ្វើ​ការ​យឺតយ៉ាវ។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក​អភិបាល​ស្រុក​កំពង់សីលា ដើម្បី​បំភ្លឺ​លើ​ករណី​មាន​សកម្មភាព​គ្រឿងចក្រ​ឈូស​បំផ្លាញ​ដី​ភ្នំ ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​កំពុង​កើត​មាន​អនាធិបតេយ្យ​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​កំពង់សីលា បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស