33 C
Phnom Penh

បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ថា​បើ​បក្ស​កាន់​អំណាច​រំឭក​ថ្ងៃ​ខួប គួរតែ​រំឭក​គុណ​វៀតណាម ហូ ជីមិញ ផង​ដែរ​ទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​លើកឡើង​ថា បើ​គណបក្ស​កាន់​អំណាច​រំឭក​ខួប​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា គួរតែ​បង្ហាញ​ពី​គុណសម្បត្តិ​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ ដែល​បាន​បង្កើត​គណបក្ស​នេះ​ឡើង​កាលពី​ឆ្នាំ​១៩៥១ ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន បាន​លើកឡើង​ពី​គុណសម្បត្តិ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មុន​ថ្ងៃ​ខួប ៧០​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​របស់​ពួកគេ។

នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដែល​ជា​កូនប្រុស​ទី​៣ របស់​លោក ហ៊ុន សែន បាន​សរសេរ​លើ​គណនី Facebook របស់​លោក ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី​៧០ នៃ​បក្ស​ប្រជាជន​កម្ពុជា នា​ពេល​ខាងមុខ​នេះ​ថា ការ​ចាប់កំណើត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​១៩៥១ គឺ​បាន​នាំ​មក​នូវ​ការ​រំដោះ​ជីវិត​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​សម្រាប់​កម្ពុជា។

លោក​អះអាង​ថា ក្នុង​ដំណាក់កាល​លំបាក​ទាំងអស់​របស់​កម្ពុជា តែងតែ​ឃើញ​មាន​វត្តមាន​ឥស្សរជន យុទ្ធជន យុទ្ធនារី​កម្ពុជា បាន​ប្រើ​អាយុជីវិត​ផ្ទាល់ខ្លួន​តស៊ូ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ប្រាជ្ញា​ស្មារតី​ជា​ដើមទុន ដើម្បី​ជ្រោង​ទង់​បង្រួបបង្រួម​ជាតិ​ក្នុង​គោលដៅ​តែ​មួយ​គត់ គឺ​ការ​គិតគូរ​ពី​ប្រទេស​ជាតិ និង​ប្រជាជន​ជា​អាទិភាព។

លោក ហ៊ុន ម៉ានី បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​អាយុជីវិត​ផ្ទាល់ខ្លួន​ជា​ទុន​ទៅ​ប្រយុទ្ធ​ធ្វើ​សង្គ្រាម​តទល់​នឹង​របប ប៉ុល ពត យ៉ាង​សស្រាក់សស្រាំ ដោយ​ឥត​រួញរា ក្នុង​គោលបំណង​តែ​មួយ​គត់ គឺ​រំដោះ​ប្រជាជន​ដែល​នៅ​មាន​ជីវិត​ឱ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់ និង​រំដោះ​ប្រទេស​ជាតិ​ឱ្យ​ត្រឡប់​មក​រក​សុខ​សន្តិភាព និង​ស្ថិរភាព​ឡើងវិញ រហូត​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។

ទោះជាយ៉ាងណាក៏ដោយ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា ការ​លើកឡើង​ពី​ការ​ចាប់កំណើត​របស់​គណបក្ស​កាន់​អំណាច និង​គុណសម្បត្តិ​របស់​គណបក្ស​នេះ គឺជា​ភស្តុតាង​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន រួម​ទាំង​កូនៗ​របស់​គាត់ មិន​អាច​ចេញ​ផុត​ពី​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ជាដាច់ខាត។

លោក​អះអាង​ថា ការ​រំឭក​ខួប​របស់​មន្ត្រី​បក្ស​កាន់​អំណាច​នេះ ក៏​ជា​តឹកតាង​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ ដើម្បី​ពិចារណា​ផង​ដែរ​ថា មន្ត្រី​រដ្ឋាភិបាល​របស់​ខ្លួន​នៅ​តែ​ដឹង​គុណ​វៀតណាម ព្រោះ​ថា​គណបក្ស​នេះ​វៀតណាម​ជា​អ្នក​បង្កើត និង​ជា​អ្នក​ជួយ​ជ្រោមជ្រែង ដូច្នេះ​វៀតណាម ត្រូវតែ​ប្រើ​គណបក្ស​ដែល​គេ​បង្កើត​ឡើង​នេះ​ដើម្បី​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ត​ទៀត​តាម​គ្រប់​រូបភាព និង​គ្រប់​កាលៈទេសៈ។

លោក ម៉ែន ណាត បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​ជម្រះ​មន្ទិល​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​ទំនាក់ទំនង​មិន​ប្រក្រតី​របស់​ខ្លួន​នឹង​វៀតណាម កម្ពុជា​ត្រូវតែ​ធ្វើ​មោឃភាព​សន្ធិសញ្ញា កិច្ចព្រមព្រៀង និង​ឯកសារ​ខុសច្បាប់​នានា​ដែល​មាន​ខ្លឹមសារ​កាត់​ទឹកដី​ឲ្យ​វៀតណាម​ទាំងអស់ ហើយ​ប្រើ​យន្តការ​អន្តជាតិ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នោះ​ទើប​ពលរដ្ឋ​ខ្មែរ​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​បន្ត​ទៀត។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥១ ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មាន ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​មាន​ឪពុក​ជា​ពលរដ្ឋ​ខ្មែរក្រោម និង​ម្តាយ​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម​នា​ពេល​នោះ។ ប៉ុន្តែ​លោក ផាម យ៉ាំង ហួ ឬ​អាចារ្យ មាន នេះ មាន​ប្រវត្តិ​ពិត​ជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០ មក​ម្ល៉េះ។

នៅ​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨ អតីត​កម្មាភិបាល​ខ្មែរក្រហម ដូចជា​លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម បាន​នាំគ្នា​រត់​ទៅ​ប្រទេស​វៀតណាម ដើម្បី​គេច​ពី​ការ​តាម​សម្លាប់​របស់​កងទ័ព​ខ្មែរក្រហម។ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​វៀតណាម ពួកគេ​បាន​បង្កើត​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨។ នៅ​ខែ​មករា ឆ្នាំ​១៩៧៩ ឈ្មោះ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​គេ​ប្រើប្រាស់​ឡើងវិញ​រហូត​ដល់​ឆ្នាំ​១៩៩១ ហើយ​បក្ស​នេះ​ត្រូវ​បាន​គេ​ប្ដូរ​ទៅជា​គណបក្ស​ប្រជាជន​កម្ពុជា រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា អតីត​កម្មាភិបាល​បក្ស​កាន់​អំណាច​តែងតែ​រំឭក​ថ្ងៃ​កំណើត​បក្ស​កុម្មុយនីស្ត​ដែល​បង្កើត​ឡើង​ដោយ​វៀតណាម តែ​ផ្ទុយទៅវិញ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដែល​ជា​គោលការណ៍​អន្តរជាតិ​ជួយ​កម្ពុជា ឲ្យ​មាន​ស្ថិរភាព​នយោបាយ មាន​អធិបតេយ្យភាព បូរណភាព​ទឹកដី​សព្វថ្ងៃ​នេះ មិន​ត្រូវ​បាន​ស្វាគមន៍ ឬ​ធ្វើ​ពិធី​រំឭក​ខួប​ពី​សំណាក់​អតីត​បក្ខជន​កុម្មុយនិស្ត​ទាំងនោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស