រដ្ឋាភិបាលសម្រេចជួលដីកោះមាស ដែលមានទំហំ ៣៤០ហិកតារ ៦១អា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកចំនួនពីរក្នុងខេត្តកណ្តាល ទៅឱ្យក្រុមហ៊ុន ឃុន សៀ ដើម្បីអភិវឌ្ឍក្នុងរយៈពេល ៥០ឆ្នាំ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបាននោះ ឱ្យដឹងថា ការធ្វើអនុបយោគផ្ទៃដីសាធារណៈកោះមាសរបស់រដ្ឋ ៣៤០ហិកតារ ៦១អា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ជាដីឯកជនរបស់រដ្ឋ។
អនុក្រឹត្យឱ្យដឹងទៀតថា ដីកោះមាសចំនួន ៣៤០ហិកតារ និង ៦១អា ក្នុងនោះផ្ទៃដីទំហំ ១៨១ហិកតារ និង ៥០អា ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រគល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ខណៈផ្ទៃដីទំហំ ១៥៩ហិកតារ និង ១១អា ស្ថិតនៅឃុំពាមឧកញ៉ាអុក ស្រុកល្វាឯម និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានចុះបញ្ជីប្រគល់ឱ្យរដ្ឋបាលខេត្តកណ្តាល។
បើតាមអនុក្រឹត្យដដែលបញ្ជាក់ថា ផ្ទៃដីកោះមាសទំហំ ៣៤០ហិកតារ ៦១អា ដែលធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ នឹងជួលអចិន្ត្រៃយ៍ឱ្យទៅក្រុមហ៊ុន ឃុន សៀ Import Export ដើម្បីធ្វើការអភិវឌ្ឍរយៈពេល ៥០ឆ្នាំ។

កាលពីខែមីនា ឆ្នាំ២០២០ ឧកញ៉ា ឃុន សៀ បានបរិច្ចាគថវិកាចំនួន ១សែនដុល្លារដល់លោក ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈកាលពីខែតុលា ឆ្នាំ២០២០ ឧកញ៉ា ឃុន សៀ បានបរិច្ចាគថវិកា ១សែនដុល្លារដល់រដ្ឋាភិបាលសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ហើយនៅខែធ្នូ ឆ្នាំ២០២០ ដដែល ឧកញ៉ា ឃុន សៀ ក៏បានបរិច្ចាគ ៥០ម៉ឺនដុល្លារបន្ថែមទៀតដល់លោក ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។
ក្រៅពីបរិច្ចាគថវិកាខាងលើ ឧកញ៉ា ឃុន សៀ ដែលមានប្រវត្តិក្ដីក្ដាំជាមួយពលរដ្ឋរឿងវិវាទដីធ្លីទាំងនៅបឹងកក់ និងពលរដ្ឋស្ថិតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក៏បានបរិច្ចាគថវិកា ៥០ម៉ឺនដុល្លារបន្ថែមទៀតឱ្យលោក ហ៊ុន សែន កាលពីខែមីនា ឆ្នាំ២០២១ ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» ផងដែរ។
ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) ជារបស់ឧកញ៉ា ឃុន សៀ ដែលធ្លាប់ទទួលបានសិទ្ធិអភិវឌ្ឍតាមដងទន្លេមេគង្គផ្នែកខាងក្រោមនៅតំបន់អរិយក្សត្រ រយៈពេល ៥០ឆ្នាំផងដែរ៕