អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) អះអាងថា មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលបានបង្កើតគណបក្សថ្មី និងអ្នកដែលបានចូលរួមទាំងអស់ ត្រូវអស់សុពលភាពជាមេដឹកនាំ ឬជាតំណាងនៃគណបក្សសង្គ្រោះជាតិ ដោយស្វ័យប្រវត្តិ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនបាននាំគ្នាទៅបង្កើតគណបក្សនយោបាយថ្មីរៀងៗខ្លួន ដែលក្នុងនោះក៏មានការសង្ស័យថា អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ជាខ្នងបង្អែកនៃការបង្កើតបក្សថ្មីនោះផងដែរ។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) និងជាអគ្គនាយកអង្គការមជ្ឈមណ្ឌលប្រជាធិបតេយ្យកម្ពុជា (CDC) លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ថា ថ្នាក់ដឹកនាំរបស់បក្សប្រឆាំងរូបណាក៏ដោយដែលបានផ្ដួចផ្ដើមបង្កើត និងចូលរួមក្នុងគណបក្សផ្សេង ក្រៅពីបក្សសង្គ្រោះជាតិ ឬបានចូលរួមដើរកេណ្ឌសកម្មជនសង្គ្រោះជាតិនៅមូលដ្ឋាន ពួកគេមិនត្រូវបានទទួលស្គាល់ថាជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបន្តទៀតនោះទេ។
លោកអះអាងថា ផ្អែកតាមគោលការណ៍ច្បាប់ និងក្រមសីលធម៌ អ្នកទាំងនោះត្រូវអស់សុពលភាពជាមេដឹកនាំ ឬជាតំណាងនៃគណបក្សសង្គ្រោះជាតិជាស្វ័យប្រវត្តិ ពីព្រោះជាចេតនាកម្ម និងជានីតិកម្ម គឺពួកគាត់បានក្លាយទៅជាស្ថាបនិក ជាថ្នាក់ដឹកនាំ និងជាសកម្មជននៃគណបក្សថ្មីនោះទៅហើយ។
លោក ប៉ុន សៅរី បញ្ជាក់ថា ក្នុងនាមលោកជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូបដែលបានចូលរួមការពារ និងពង្រីកការគាំទ្របក្សនេះ ទាំងក្នុងសហគមន៍ខ្មែរ និងសហគមន៍អន្តរជាតិ នឹងមិនបណ្តោយឲ្យអតីតថ្នាក់ដឹកនាំទាំងអស់នេះរួមដៃជាមួយលោក ហ៊ុន សែន បំផ្លាញគណបក្សសង្គ្រោះជាតិ និងបំផ្លាញនូវសេចក្តីសង្ឃឹមប្រជាធិបតេយ្យនៅកម្ពុជាបានឡើយ។
ក្រោយតុលាការកំពូល ប្រកាសរំលាយគណបក្សសង្គ្រោះជាតិ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន ១១៨រូប ក៏ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ ៥ឆ្នាំ ផងដែរ។ ប៉ុន្តែ ១ឆ្នាំក្រោយនៃការរំលាយគណបក្សនេះ មន្ត្រីជាប់បម្រាមមួយចំនួន បាននាំគ្នាស្នើសុំសិទ្ធិធ្វើនយោបាយពីព្រះមហាក្សត្រឡើងវិញជាបន្តបន្ទាប់។ ក្នុងចំណោមនោះ មានមន្ត្រីខ្លះបានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីបើកគណបក្សនយោបាយដោយខ្លួនឯងថែមទៀតផង ចាប់តាំងពីឆ្នាំ២០១៨ មក។
បើគិតមកទល់នឹងពេលនេះ គណបក្សដែលបង្កើតឡើងដោយមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានចំនួន ៥គណបក្សហើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានថ្លែងនៅក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃទី២៨ ខែមិថុនា ថា លោកទទួលបានព័ត៌មានពីសកម្មជនបក្សប្រឆាំងនៅមូលដ្ឋានថា មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងប្រចាំខេត្តបន្ទាយមានជ័យ គឺលោក ហុង សុជាតិ កំពុងតែដើរអូសទាញអតីតតំណាងស្រុកទាំង ៩ រួមទាំងអតីតមេឃុំ និងក្រុមប្រឹក្សាឃុំរបស់បក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យ ឲ្យចូលរួមជាមួយគណបក្សបេះដូងជាតិ យ៉ាងសស្រាក់សស្រាំក្នុងពេលនេះ។
លោកថា មន្ត្រីបក្សប្រឆាំងដែលដើរអូសទាញទាំងអស់នោះ បានអះអាងដោយត្រង់ៗទៅសកម្មជននៅមូលដ្ឋានថា គណបក្សបេះដូងជាតិ ត្រូវបានបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និងអតីតសមាជិកព្រឹទ្ធសភាពីខាងបក្សប្រឆាំងលោក សោ ចាន់ដេត ដែលធ្លាប់ជាតំណាងក្រុមការងារខេត្តបន្ទាយមានជ័យ។
ជុំវិញការបង្កើតគណបក្សនយោបាយថ្មីៗនេះ សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក ចាន់ ចេន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៩ មិថុនា ថា ការបង្កើតគណបក្សនយោបាយថ្មីៗទាំងនោះ មិនមែនជាការផ្ដួចផ្ដើម ឬជាការគាំទ្រនៅពីក្រោយដោយមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា នោះទេ។
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានអតីតមន្ត្រីបក្សប្រឆាំងដែលបានចេញទៅបើកគណបក្សថ្មីៗមួយចំនួន បានប្រាប់សកម្មជនបក្សសង្គ្រោះជាតិនៅខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ ថាគណបក្សរបស់ពួកគេ គឺមានប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅពីក្រោយ ក្រោមលេសថាលោកនៅជាប់បម្រាមនយោបាយនៅឡើយ ទើបបានជាមិនទាន់ចេញមុខ។
លោក ហ៊ុន សែន កាលពីចុងខែឧសភា ឆ្នាំ២០២១ បានអះអាងថា កម្ពុជាកំពុងតែអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានយ៉ាងល្អ បើទោះបីជាគ្មានអតីតបក្សសង្គ្រោះជាតិ ក៏ដោយ ព្រោះថាមន្ត្រីបក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ បាននាំគ្នាទៅបង្កើតបក្សថ្មីដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ ខាងមុខ។
កាលពីចុងឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍របស់ខ្លួនថា កម្ពុជាមានគណបក្សនយោបាយជាង ៤០គណបក្សហើយដែលបានចុះបញ្ជីជាផ្លូវការ ខណៈមន្ត្រីបក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញមួយចំនួន កំពុងតែស្វះស្វែងដាក់ពាក្យស្នើសុំបង្កើតបក្សនយោបាយបន្ថែមទៀត៕