ក្រុមអ្នកតស៊ូមតិរិះគន់ថា កម្ពុជា គឺជាប្រទេសដែលមានអធិបតេយ្យភាពត្រឹមតែសម្រកក្រៅប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធផ្ទៃក្នុងជាតិ គឺស្ថិតក្នុងការគ្រប់គ្រងរបស់បរទេសឈ្លានពានទាំងស្រុង បើទោះបីជានាយករដ្ឋមន្ត្រីខ្មែរអួតពីការការពារអធិបតេយ្យភាពជាតិពេញៗមាត់ក៏ដោយ ប៉ុន្តែការប្រព្រឹត្តគឺផ្ទុយពីការអួតអាងរបស់គាត់ដាច់ស្រឡះតែម្តង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ខែកក្កដា នេះថា រដ្ឋអធិបតេយ្យ គឺជារដ្ឋដែលមានឯករាជភាពពេញលេញស្របតាមច្បាប់កំពូលរបស់ខ្លួន ដោយមិនចំណុះឲ្យបរទេសជិតខាងនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជាស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន គឺបានដាក់កម្ពុជា ឲ្យទៅជារដ្ឋចំណុះឲ្យរដ្ឋបរទេសតាំងពីយូរណាស់មកហើយ។
លោកអះអាងថា សព្វថ្ងៃនេះប្រទេសវៀតណាម មិនត្រឹមតែរំលោភលើប្រទេសកម្ពុជា ប៉ុណ្ណោះទេ តែពួកគេបានឈ្លានពានលើអធិបតេយ្យភាពកម្ពុជាពេញទំហឹងថែមទៀត ដូចជា៖
- ការបង្កើតសន្ធិសញ្ញាខុសច្បាប់ឆ្នាំ២០០៥ ដើម្បីឲ្យវៀតណាមបន្តរំលោភទឹកដីកម្ពុជាបន្ថែមទៀត
- ការបង្ហូរជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលកម្ពុជា ឆ្នាំ១៩៨៦ និង
- កិច្ចព្រមព្រៀងដែនសមុទ្រខុសច្បាប់ឆ្នាំ១៩៨២ ដែលបានកាត់កោះត្រល់ និងចង្កោមកោះក្រចកសេះ ឲ្យទៅវៀតណាម គ្រប់គ្រងដល់សព្វថ្ងៃនេះ។
ជាងនេះទៀត គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នក៏ជាបក្សកុម្មុយនីស្ត ដែលបង្កើតឡើងដោយវៀតណាម ហើយសូម្បីតែនាយករដ្ឋមន្ត្រីខ្មែរសព្វថ្ងៃនេះ ក៏អាជ្ញាធរវៀតណាមលើកបន្តុបផងដែរ។ ដូច្នេះ កម្ពុជាត្រូវគេមើលឃើញថាមិនមានលក្ខណៈណាមួយជារដ្ឋអធិបតេយ្យនោះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា ដើម្បីឲ្យកម្ពុជាក្លាយជារដ្ឋឯករាជ្យពិតប្រាកដ លុះត្រាតែលោក ហ៊ុន សែន ប្រកាសធ្វើមោឃភាពរាល់ឯកសារខុសច្បាប់ដែលបានចុះកិច្ចព្រមព្រៀងជាមួយវៀតណាមចោលទាំងអស់ ហើយប្រើយន្តការអន្តរជាតិប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ ពីការឈ្លានពានរបស់វៀតណាម នោះទើបកម្ពុជាអាចរក្សាអធិបតេយ្យភាពរបស់ខ្លួនបានពិតប្រាកដ។
ការអះអាងនេះ ធ្វើឡើងដើម្បីរិះគន់មេដឹកនាំកម្ពុជាដែលតែងអួតពីជំហររក្សាអធិបតេយ្យភាពរបស់កម្ពុជា ប៉ុន្តែការឈ្លានពានរបស់វៀតណាមលើកម្ពុជា បែរជារដ្ឋាភិបាលមួយនេះចាត់ទុកថាជាកិច្ចសហប្រតិបត្តិល្អរវាងប្រទេសទាំងពីរទៅវិញ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះថា សង្គ្រាមរវាងកម្ពុជា-វៀតណាម ដែលពាក់ព័ន្ធនឹងការរំលោភអធិបតេយ្យភាពរបស់កម្ពុជា ចាប់ពីឆ្នាំ១៩៧៨ រហូតដល់ឆ្នាំ១៩៩១ បណ្តាលឲ្យពលរដ្ឋខ្មែររាប់រយនាក់បាត់បង់ជីវិតនៅពេលនោះ។
លោកអះអាងថា ដើម្បីបញ្ចប់ការឈ្លានពាននេះ អង្គការសហប្រជាជាតិបានរៀបចំសន្និសីទអន្តរជាតិពីរលើកស្ដីពីស្ថានការណ៍នៅកម្ពុជា ដែលតម្រូវឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមរកដំណោះស្រាយផងដែរ ក្នុងនោះ លើកទី១ បានធ្វើឡើងកាលពីដើមឆ្នាំ១៩៨១ នៅឯទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែសន្និសីទនេះត្រូវបរាជ័យ ដោយសារភាគីពាក់ព័ន្ធមិនព្រមចូលរួម ជាពិសេសគឺរដ្ឋាភិបាលតំណាងប្រទេសវៀតណាមតែម្តង។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា សន្និសីទនេះបានធ្វើជាលើកទី២ នៅឆ្នាំ១៩៩១ នៅឯទីក្រុងប៉ារីស ក្នុងប្រទេសបារាំង ដែលបានរៀបចំដោយសហប្រធានចំនួនពីរ គឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសបារាំង ដែលមានតំណាងប្រទេស១៨ បានចូលរួម និងកម្ពុជាខ្លួនឯងផង ត្រូវជា ១៩ប្រទេស ដែលត្រូវគេហៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ តាំងពីពេលនោះមក។
កាលពីឆ្នាំ១៩៨១ អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ក្នុងសន្និសីទស្ដីពីកម្ពុជា ដែលបានលើកឡើងអំពីការការពារអធិបតេយ្យភាពរបស់កម្ពុជា ពីប្រទេសជិតខាង ដោយមិនអនុញ្ញាតឲ្យបញ្ចូលកងទ័ព ឬបោះទីតាំងមូលដ្ឋានយោធាចូលទៅកម្ពុជាជាដាច់ខាត។ លើសពីនេះ អង្គការសហប្រជាជាតិ បានជំរុញឲ្យភាគីវៀតណាម ចូលរួមក្នុងមហាសន្និបាតក្រោយៗទៀត ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា។
កាលពីឆ្នាំ១៩៧៩ លោក ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព សន្តិភាព និងសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ដែលសម្រេចដាក់កម្ពុជាឲ្យទៅជាចំណុះក្រោមការត្រួតត្រារបស់វៀតណាមទាំងស្រុង។ ជាងនេះទៀត នាយករដ្ឋមន្ត្រីខ្មែររូបនេះបានចុះហត្ថលេខាខុសច្បាប់យល់ព្រមជាមួយវៀតណាម លើកិច្ចព្រមព្រៀងដែលរំលោភច្បាប់អន្តរជាតិជាច្រើន ដូចជា៖
- ការចុះកិច្ចព្រមព្រៀងស្ដីពីព្រំដែនទឹកឆ្នាំ១៩៨២
- ការចេញសារាចរអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលទៅរស់នៅកម្ពុជាទាំងខុសច្បាប់អន្តោប្រវេសន៍របស់ខ្លួនកាលពីឆ្នាំ១៩៨៦
- ការចុះកិច្ចព្រមព្រៀងស្ដីពីលក្ខន្តិកៈព្រំដែនឆ្នាំ១៩៨៣ និង
- ការចុះហត្ថលេខាយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាដើម។
ការចុះកិច្ចព្រមព្រៀងខុសច្បាប់ជាមួយវៀតណាមជាបន្តបន្ទាប់បែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងហាណូយ បានលើកបន្តុបលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីខ្មែរតាំងពីឆ្នាំ១៩៨៥ មក។
ក្រុមអ្នកឃ្លាំមើលសង្គម ព្រមានថា កម្ពុជានឹងត្រូវរលាយបាត់ពីផែនទីពិភពលោកទៅថ្ងៃអនាគតមិនខានឡើយ ត្បិតកម្ពុជាមិនត្រឹមតែរងនូវវិបត្តិព្រំដែនមិនរឹងមាំប៉ុណ្ណោះទេ តែថែមទាំងប្រឈមនឹងការបាត់បង់ប្រទេសទាំងមូលថែមទៀតផង ព្រោះថាលោក ហ៊ុន សែន ប្រឹងលុបដានប្រវត្តិសាស្ត្រព្រំដែនកម្ពុជា-វៀតណាម ដែលខ្លួនបានឃុបឃិតដើម្បីលួចបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី ដោយរំលោភបំពានលើខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕