26.2 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ស្ដេច​ថៃ​បច្ចុប្បន្ន​កំពុង​ក្បត់​ដូនតា​ខ្លួនឯង ដោយសារ​មិន​ទទួលស្គាល់​សន្ធិសញ្ញា​បារាំង-សៀម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ដែល​ថៃ មិន​ទទួលស្គាល់​សន្ធិសញ្ញា​បារាំង-សៀម នៅ​ពេលនេះ គឺ​មាន​ន័យ​ថា​មហាក្សត្រ​ថៃ បច្ចុប្បន្ន កំពុង​ក្បត់​នឹង​មហាក្សត្រ​ដែល​ជា​ដូនតា​របស់​ខ្លួន គឺ​ស្តេច​រាមា​ទី​៥ ដែល​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ជួយ​ឱ្យ​ប្រទេស​ទាំង​ពីរ​បាន​ទទួល​ឯកសារ​ផ្លូវច្បាប់​រឹងមាំ និង​រស់នៅ​ប្រកប​ដោយ​សន្តិភាព​រហូត​មក។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មេសា ថា ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា គឺ​ថៃ​ចង់បាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ​សម្រាប់​ដោះស្រាយ​ជាមួយ​កម្ពុជា តែ​មិនមែន​ជា​ការ​ប្រើ​សន្ធិសញ្ញា​បារាំង-សៀម ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​នោះ​ឡើយ។

លោក​ថា ជម្រើស​ទី​១ គឺ​ការ​បង្ក​ឱ្យ​មាន​សង្គ្រាម​ឡើងវិញ ព្រោះ​ថៃ ដឹង​ថា​បើ​សង្គ្រាម​ផ្ទុះ​ឡើង​ម្តង​ទៀត ពួកគេ​នឹង​ចំណេញ​ថែម​ពី​អ្វី​ដែល​គេ​បាន​ចំណេញ​កន្លង​មក​បន្ត​ទៀត។ ចំណែក​ជម្រើស​ទី​២ គឺ​ការ​ប្រើ​កិច្ចចរចា​ទ្វេភាគី ប៉ុន្តែ​អ្វី​ដែល​ថៃ ប៉ុនប៉ង គឺ​បង្កើត​ឱ្យ​មាន​ដំណោះស្រាយ​ទី​១ គឺ​ការ​ផ្ទុះ​សង្គ្រាម​ដើម្បី​ជា​លេស​បង្ខំ​ឱ្យ​កម្ពុជា​ទទួលយក​ជម្រើស​ទី​២ គឺ​ការ​ចរចា​ដែល​ពួកគេ​បាន​រង់ចាំ​យក​ប្រៀប​លើ​កម្ពុជា​រួចស្រេច​នោះ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​លើកឡើង​ថា រាល់​ពេល​ដែល​ថៃ ទទួល​ដំណឹង​ថា​កម្ពុជា​គ្រោង​ប្តឹង​អំពី​បញ្ហា​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ ពួកគេ​តែងតែ​បង្ហាញ​ពី​ការ​ប្រើ​កម្លាំង​អាវុធ​លើ​កម្ពុជា​គ្រប់​រូបភាព ប៉ុន្តែ​សម្រាប់​កម្ពុជា​វិញ ទោះជា​មាន​ជម្រើស​ចង្អៀត​យ៉ាងណាក៏ដោយ ក៏​ត្រូវតែ​ត្រៀម​ទាំង​ទ្វារ​មុខ និង​ទ្វារ​ក្រោយ​ដែរ ទើប​ការពារ​តម្លៃ និង​ភាព​មាន​ប្រៀប​របស់​ខ្លួន​ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ បាន។

បណ្ឌិត មាស នី បញ្ជាក់​ថា ការ​ធ្វើជា​អ្នក​រងគ្រោះ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ ព្រោះ​ពេល​មាន​អាសន្ន គ្មាន​បរទេស​ណា​អាណិត​កម្ពុជា​ឡើយ ហើយ​ក៏​គេ​មិន​ផ្តល់​ដំណោះស្រាយ​យុត្តិធម៌​ឱ្យ​ដែរ ប៉ុន្តែ​កម្ពុជា​ត្រូវតែ​គិត​ឱ្យ​ជ្រៅ​ជាង​ពេលនេះ ព្រោះ​កម្ពុជា​មាន​ឯកសារ​ផ្លូវច្បាប់​រឹងមាំ​ដែល​អាច​តតាំង​ការ​ឈ្លានពាន​របស់​ថៃ បាន​ដោយ​ជោគជ័យ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ កំពុង​ជាប់​គាំង​ដោះស្រាយ​មិន​ចេញ ខណៈ​ភាគី​ថៃ បាន​បដិសេធ​សន្ធិសញ្ញា​បារាំង-សៀម សម្រាប់​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៥ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ (JBC) កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​បន្ត​ធ្វើ​សកម្មភាព​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​កំណត់​ការវាស់វែង​រួម​គ្នា និង​បោះ​បង្គោល​បណ្ដោះអាសន្ន ដោយ​ប្រើប្រាស់​ផែនទី ១/២០០០០០ សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ និង​កំណត់ហេតុ​បោះ​បង្គោល​របស់​គណៈកម្មការ​បោះ​បង្គោល​បារាំង-សៀម ធ្វើជា​មូលដ្ឋាន។

យ៉ាងណាក៏ដោយ កាសែត​ថៃ The Nation បាន​ចុះផ្សាយ​សម្ដី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក សិរិពង្ស អង្គកាសាគុលគីត (Siripong Angkasakulkiat) នៅ​ថ្ងៃ​បន្ទាប់​ថា ក្នុង​កិច្ចប្រជុំ​នោះ ភាគី​ថៃ មិន​បាន​ឯកភាព​នឹង​ការ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ណា​មួយ​ទាក់ទង​នឹង​មាត្រដ្ឋាន​ផែនទី​មាត្រដ្ឋាន ១/២០០០០០ និង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ដូច​ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត ឡើយ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​អះអាង​ថា កម្ពុជា​គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ (ICJ) ដោយ​ប្រើ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១០៩៤ និង​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​បារាំង​ខ្នាត ១/២០០០០០ ស្ដីពី​ការ​កំណត់​ព្រំដែន​គោក​កម្ពុជា-ថៃ នោះ​ទេ។

លោក​ព្រមាន​ថា ការ​ប្តូរផ្តាច់​ការពារ​សន្តិភាព​ដោយ​ការ​បោះបង់​ផែនទី​ខ្នាត ១/២០០០០០ គឺ​ស្មើ​នឹង​ទទួលយក​ផែនទី​ខ្នាត ១/៥០០០០ របស់​ថៃ ដែល​នឹង​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​ថ្ងៃ​មុខ ហើយ​សន្តិភាព​បែប​នេះ​គ្រាន់តែ​ជា​សន្តិភាព​លើ​ជ្រញ់​សម្រាប់​បរទេស​ឈ្លានពាន​កាប់​ចិញ្ច្រាំ​យក​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ ដែល​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អស់​ទឹក​អស់​ដី​នៅ​ថ្ងៃ​អនាគត។

ចំណែក​អ្នកវិភាគ​នយោបាយ-សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មេសា នេះ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​យន្តការ​ដោះស្រាយ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ យ៉ាង​ពេញលេញ តាមរយៈ​កិច្ចព្រមព្រៀង​ទី​២ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

លោក​បញ្ជាក់​ថា ប្រទេស​ថៃ ក៏ដូចជា​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​ដែរ ដែល​បាន​សន្យា​ជា​ឧឡារិក​ចំពោះ​ការ​ទទួលស្គាល់ និង​គោរព​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​រំលោភ​លើ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​កម្ពុជា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស