31 C
Phnom Penh

បទល្មើស​កាប់​ទន្ទ្រាន​ព្រៃស្មាច់​យក​ដី​ធ្វើ​កម្មសិទ្ធិ​បន្ត​កើតមាន​នៅ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ស្រុក​បុទុមសាគរ បាន​អះអាង​ថា ព្រៃស្មាច់ ឬ​ដើមស្មាច់​មាន​ផ្ទៃដី​រាប់​រយ​ហិកតារ​នៅ​ក្នុង​បរិវេណ​តំបន់​ដី​ព្រៃស្មាច់​ដែល​រដ្ឋ​បម្រុង​ទុក ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ត្រូវ​បុគ្គល​ជា​អ្នក​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​ជួល​មនុស្ស​ពី​ខេត្ត​ផ្សេងៗ​ចូល​ទៅ​កាប់​ទន្ទ្រាន ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ឃើញ​មន្ត្រី​ជំនាញ​ពិនិត្យ ឬ​ទប់ស្កាត់​នោះ​ឡើយ។

ក្រុម​អ្នក​ភូមិ​ព្រលាន និង​ភូមិ​តាំកន់ ឃុំ​កណ្ដោល បាន​បញ្ជាក់​ថា អ្នក​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ដី​ព្រៃស្មាច់​ក្នុង​ស្រុក​បុទុមសាគរ ខាងលើ​នេះ គឺ​ភាគច្រើន​ជា​អ្នក​មាន​ទ្រព្យ​ធន និង​ជា​មន្ត្រី​មាន​អំណាច​មកពី​រាជធានី​ភ្នំពេញ។

ពលរដ្ឋ​បន្ត​ថា ជន​ខិលខូច​ទាំងនោះ​បាន​ជួល​មនុស្ស​ពី​ក្រៅ​តំបន់ ឬ​ខេត្ត​ផ្សេងៗ​ឲ្យ​ចូល​ទៅ​កាប់​ដើមស្មាច់​ដែល​រដ្ឋ​បម្រុង​ទុក​នោះ ដើម្បី​រាន​ដី​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល។ ពួកគេ​បន្ត​ថា ការ​កាប់​រាន​ដី​ព្រៃស្មាច់​ខាងលើ​នេះ គឺ​ពួកគេ​ទាំងនោះ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ដែល​អាច​រំលង​ពី​ភ្នែក​ច្រមុះ​របស់​សមត្ថកិច្ច។

អ្នក​ភូមិ​បន្ត​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ នេះ បរិវេណ​ព្រៃស្មាច់​ដែល​ជន​ខិលខូច​កំពុង​កាប់​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ​ទាំងនោះ អាច​មាន​ផ្ទៃដី​ច្រើន​ជាង ៣០០​ហិកតារ។ ចំណែក​ឯ​សកម្មភាព​កាប់​រាន​ព្រៃស្មាច់​នេះ បាន​កើតឡើង​ជាង ២​ខែ​មក​ហើយ ដោយ​មិន​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ-ស្រុក ជាពិសេស​មន្ត្រី​ក្រសួង មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ផ្នែក​ណាមួយ​នៃ​រដ្ឋបាល​ខេត្ត​កោះកុង ចុះ​មក​ពិនិត្យ ឬ​ទប់ស្កាត់​នៅឡើយ​ទេ។

ពលរដ្ឋ​រស់នៅ​ឃុំ​កណ្ដោល បាន​ស្នើសុំ​ដល់​អ្នកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង និង​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជាដើម បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​បទល្មើស​កាប់​ទន្ទ្រាន​ព្រៃស្មាច់​ដោយ​ខុសច្បាប់​ទាំងនេះ​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព។ ពួកគាត់​បន្ត​ថា បទល្មើស​កាប់​រាន​ដើមស្មាច់​នៅ​មូលដ្ឋាន​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​បំផុត ចំណែក​ឯ​មន្ត្រី​ឧទ្យាន​ជាតិ​ទីស្នាក់ការ​ល្បាត​កណ្តោល នៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដងពែង មិន​បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេះ​ឡើយ។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​អ្នកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង និង​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​ស្នើសុំ​ការ​បំភ្លឺ​ជុំវិញ​បទល្មើស​កាប់​រាន​ដើមស្មាច់​នៅ​ស្រុក​បុទុមសាគរ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​សុក្រ ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស