26 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល និង​ក្រុម​លោក សម រង្ស៊ី នាំគ្នា​ប្រឌិត​រឿង​ទម្លាក់​កំហុស​លើ​ពួកគេ

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ព្រមាន​ភាគី​ស្មោះស្ម័គ្រ​នឹង​លោក សម រង្ស៊ី និង​ភាគី​គាំទ្រ​លោក ហ៊ុន សែន ត្រូវ​ឈប់​នាំគ្នា​ប្រតិដ្ឋ​រឿង​មួលបង្កាច់​ទាំង​កម្រោល​មក​លើ​ថ្នាក់​ដឹកនាំ​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ជា​ទង្វើ​មិន​ល្អ​នេះ​ជាបន្ទាន់។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ទាមទារ​ឲ្យ​ក្រុម​លោក ហ៊ុន សែន និង​ក្រុម​លោក សម រង្ស៊ី ទម្លាក់​ចោល​ការវាយប្រហារ​តាម​ល្បិចល្បែង​ប្រតិដ្ឋ​រឿង នោះ​ទើប​ពួកគេ​អាច​រក​ឃើញ​នូវ​ផ្លូវ​រីកចម្រើន​សម្រាប់​ប្រជាជាតិ​ខ្មែរ​ក្នុង​ការ​ដឹកនាំ​នយោបាយ​របស់​ពួកគេ​បាន។

ប្រភព​ដដែល​អះអាង​ថា សម្ដី​អសុរោះ​របស់​ក្រុម​ទាំង​ពីរ​ដែល​បាន​ដាក់​បណ្ដាសា​តាម​កំហឹង​ចិត្ត​របស់​ពួកគេ បាន​ជះ​ភាព​ស្អប់ខ្ពើម​មក​លើ​ក្រុម​ចលនា​និស្សិត​បញ្ញវន្ត​ខ្មែរ និង​បាន​ក្លាយ​ជា​វប្បធម៌​នយោបាយ​ដ៏​ជក់ចិត្ត​របស់​ពួកគេ ហើយ​ទង្វើ​នេះ​ក៏​កំពុងតែ​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​នៃ​សង្គម​ជាតិ​ខ្មែរ​ទាំងមូល​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) បញ្ជាក់​ថា ទោះបី​ពួកគេ​ជា​ជនរងគ្រោះ​ពី​ការ​បំភ្លៃ និង​ការប្រមាថ​ដ៏​ជូរចត់​របស់​ក្រុម​ទាំង​ពីរ​ខាងលើ​យ៉ាងណាក៏ដោយ ក៏​ពួកគេ​នៅតែ​ប្រកាន់​ជំហរ​បំភ្លឺ​ដោយ​សីលធម៌​លើ​ការ​ខ្វែង​យោបល់​គ្នា​តាម​តម្លៃ​សេរីភាព និង​ទស្សនៈ​គុណធម៌​នយោបាយ​ដដែល។

SMD បញ្ជាក់​ថា ពួកគេ​នៅតែ​បន្ត «និយាយ​ការពិត មិន​និយាយ​ការពារ​នូវ​រឿង​មិន​ពិត​នោះ​ទេ» ហើយ​ការ​និយាយ​ការពារ​សច្ចភាព​នេះ គឺ​ក្នុង​បំណង​ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​នយោបាយ និង​សកម្មជន​នៃ​ក្រុម​ទាំង​ពីរ​នោះ​នាំគ្នា​ភ័ន្ត​ពលរដ្ឋ​នូវ​រឿង​ដែល​មិន​ពិត​ថា​ជា​រឿង​ពិត តាម​ល្បិច​នយោបាយ​ភូតភរ​របស់​ពួកគេ​កន្លងមក។

ក្រុម​នេះ​អះអាង​ថា ពួកគេ​នៅតែ​រក្សា​គោលការណ៍​កែលំអ​អ្នក​នយោបាយ​គ្រប់​ភាគី ដើម្បី​បម្រើ​បុព្វហេតុ​ជាតិ​កម្ពុជា និង​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដើម្បី​ចូលរួម​លើក​កម្ពស់​ក្រមសីលធម៌​នយោបាយ​ទាំងអស់​គ្នា។

SMD សម្ដែង​ការ​សោកស្តាយ​ចំពោះ​ឥរិយាបថ​ដែល​ជា​គំរូ​មិន​ល្អ​របស់​ក្រុម​នយោបាយ​ទាំង​ពីរ​នេះ​យ៉ាង​ខ្លាំង ព្រោះ​ថា​សកម្មជន​នយោបាយ​ថ្លៃថ្នូរ និង​អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ ត្រូវ​ផ្ដោត​លើ​គំរូ​ប្រតិបត្តិ​នេះ​ក្នុង​ទិសដៅ​ស្ថាបនា​សង្គម​ទៅកាន់​ប្រជាធិបតេយ្យ ដែល​គ្រប់​ភាគី​នយោបាយ​ទាំងអស់​ត្រូវ​យក​ការ​ខ្វែង​គំនិត​គ្នា ទៅ​ជជែក​លើ​គោលការណ៍​ច្បាប់ និង​ហេតុផល​សង្គម​នយោបាយ​ដោយ​ការគោរព​គ្នា​ទៅវិញ​ទៅមក។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​គាំទ្រ​លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ​បាន​នាំគ្នា​កាត់ត​រូបភាព​ក្រុម​ចលនា​និស្សិត​ទាំងនោះ​ដោយ​ការ​ដាក់​សញ្ញា​ផ្កាយ​លើ​ថ្ងាស ក្នុង​ន័យ​ថា​ជា​ជនជាតិ​យួន ដែល​ចេញ​មក​បំផ្លាញ​ខ្មែរ​ជាដើម ហើយ​សកម្មភាព​កាត់ត​រូបភាព ឬ​វីដេអូ​ទាំងនោះ​តែង​ត្រូវ​បាន​គេ​ធ្វើ​ជា​ប្រចាំ​ទៅលើ​អ្នក​ណា​ដែល​មិន​ស្រប​ទៅ​នឹង​ទស្សនៈ​របស់​ពួកគេ។

អតីត​សមាជិក​ក្រុម​អ្នក​លាប​ពណ៌​តាម​ប្រព័ន្ធ​អនឡាញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ភាគី​លោក សម រង្ស៊ី បាន​ទម្លាយ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ ថា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ភាគី​លោក សម រង្ស៊ី ដែល​មាន​ក្រុម​ការងារ​ជាច្រើន​តាម​អង្គការ​ចាត់តាំង​ច្បាស់លាស់​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស តាម​ជំនាញ​របស់​ពួកគេ​រៀង​ខ្លួនៗ។

ពួកគេ​ជំនាញ​ខាង​កាត់ត​រូបភាព ក្រុម​កាត់ត​វីដេអូ ក្រុម​ជេរប្រមាថ និង​ក្រុម​អ្នក​លាប​ពណ៌ ដើម្បី​ធ្វើ ទុក្ខបុកម្នេញ និង​គំរាមកំហែង​ទៅលើ​បុគ្គល ឬ​ក្រុម​ណា​ដែល​មិន​គាំទ្រ​ទស្សនៈ​របស់​ពួកគេ។

ក្រុម​អ្នក​សង្កេតការណ៍ បាន​លើកឡើង​ថា មេដឹកនាំ​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដូចជា​លោក ទូច វិបុល លោក ម៉ែន ណាត លោក អ៊ាប គឹមសេង និង​លោក គឹម សុខ ជាដើម ត្រូវ​បាន​ក្រុម​អ្នក​នយោបាយ​ខាង​បក្ស​កាន់​អំណាច​ចោទ​ថា​ជា​ក្រុម​មនុស្ស​បម្រើ​ឲ្យ​ក្រុម​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ខាង​ក្រុម​អ្នក​នយោបាយ​បក្ស​សង្គ្រោះ​ជាតិ ចោទ​ក្រុម​បញ្ញវន្ត​ទាំងនេះ​ថា ជា​ក្រុម​បម្រើ​បក្ស​កាន់​អំណាច​ដើម្បី​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​នយោបាយ​ទាំង​ពីរ​ក្រុម​នេះ​កំពុង​លេង​ល្បែង​នយោបាយ​បំបែកបំបាក់​សាមគ្គី​ជាតិ និង​ជា​ល្បែង​នយោបាយ​ស្វា​ស៊ី​បាយ​យក​ទៅ​លាប​មាត់​ពពែ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស