30 C
Phnom Penh

រដ្ឋការ​លោក ចូ បៃដិន ចាប់ផ្ដើម​ផ្ដោត​លើ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​អាគ្នេយ៍​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា លោក ចូ បៃដិន បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​រយៈពេល ៦​ខែ​មក​ហើយ។ ៦​ខែ​ដំបូង​នេះ មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​ក្នុង​ពិភពលោក ក្នុង​នោះ​រឿងរ៉ាវ​លើ​ទឹកដី​អាស៊ី​អាគ្នេយ៍ ក៏​ត្រូវ​បាន​គេ​ចាំ​មើល​ថា​តើ​លោក បៃដិន មាន​គោលនយោបាយ​អភិបាលកិច្ច​សកល​ដូចម្ដេច ជាពិសេស​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍។

សេចក្ដី​អស់សង្ឃឹម​នៃ​ប្រជាជន​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ដែល​មិន​អាច​រើ​ខ្លួន​រួច​ពី​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ បាន​ញាំញី​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ។ យ៉ាងហោចណាស់​ប្រទេស​ពីរ​នៅ​ក្នុង​តំបន់​នេះ លើកលែងតែ​ប្រទេស​វៀតណាម និង​ឡាវ​ដែល​ប្រកាន់​របប​សង្គមនិយម​ទៅ​ហើយ។

ប្រទេស​ពីរ​នេះ​មាន​ប្រទេស​ភូមា ដែល​កំពុង​ធ្លាក់​ក្នុង​របប​រដ្ឋប្រហារ ហើយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ​សភានិយម​មាន​បក្ស​តែ​មួយ​ប៉ុណ្ណោះ ដោយ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​រាជាណាចក្រ​នេះ ត្រូវ​បាន​វាយកម្ទេច​ដោយ​ប្រព័ន្ធ​តុលាការ​ដែល​ត្រូវ​មើល​ឃើញ​ថា​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច។

សភា​កម្ពុជា ក៏​មិន​ខុស​ពី​ប្រទេស​វៀតណាម និង​ឡាវ​នោះ​ដែរ គឺ​វា​ដូចជា​ផែនការ និង​គោលនយោបាយ​បក្ស​ទម្លាក់​ទៅ​រដ្ឋសភា​ដែល​ចាំ​តែ​ប្រថាប់ត្រា​ប៉ុណ្ណោះ។ ដោយ​ចាប់ផ្ដើម​ពង្រឹង​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ចូល​មក​ដល់​សប្ដាហ៍​ទី​២ នៃ​ខែ​កក្កដា នេះ រដ្ឋការ​របស់​លោក បៃដិន ស្រាប់តែ​ប្រកាស​អំពី​ជំហរ​ការទូត និង​ការពារ​ជាតិ​ដែល​ជា​ចលនា​មួយ​ត្រូវ​បាន​ពិពណ៌នា​ថា ក្រុង​វ៉ាស៊ីនតោន ដែល​ម្ចាស់​សេតវិមាន​ថ្មី​ចាប់ផ្ដើម​បោះ​ជំហាន​ចូល​អាស៊ី​អាគ្នេយ៍​ហើយ។

វត្តមាន​តួអង្គ​រដ្ឋមន្ត្រី​ការបរទេស និង​ការពារ​ជាតិ បាន​ហក់​ចូល​តំបន់​នេះ។ នៅ​ក្នុង​ជំនួប​ដំបូង​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Atony Blinken បាន​សង្កត់​ធ្ងន់​លើ​ផលប្រយោជន៍​រួម និង​ការ​ប្ដេជ្ញាចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​តំបន់​អាស៊ាន សំដៅ​ពង្រីក​ស្ថាបត្យកម្ម​សន្តិសុខ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាន់តែ​ទូលំទូលាយ។

ប្រមុខ​ការទូត​មហាអំណាច​មួយ​នេះ ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយតប​ដោយ​មាន​ការ​សម្របសម្រួល​មួយ​ចំពោះ​វិបត្តិ​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ភូមា ស្រប​ពេល​ដែល​ក្រុង​វ៉ាស៊ីនតោន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ទាមទារ​ដែនសមុទ្រ​ពី​សំណាក់​ប្រទេស​ចិន​ដោយ​ខុសច្បាប់​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រុង​ប៉េកាំង​បាន​ទាមទារ​ថា​ខ្លួន​គេ​មាន​កម្មសិទ្ធិ​ដល់ ៩០% នៃ​ផ្ទៃ​សមុទ្រ​ជាង ៣​លាន​គីឡូម៉ែត្រ​ក្រឡា និង​មាន ២៥០​កោះ។

នៅ​ចន្លោះ​ពី​ពាក់កណ្តាល​ខែ​ឧសភា ដល់​ពាក់កណ្តាល​ខែ​មិថុនា គឺ​នាវា​ចិន​ចំនួន ២៣៨​គ្រឿង​បាន​ធ្វើ​ប្រតិបត្តិការ​ខុសច្បាប់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ហ្វីលីពីន ដែល​ជា​សម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក។

ជំហរ​តឹងរ៉ឹង​របស់​ប្រមុខ​ការទូត​អាមេរិក​ប្រឆាំង​នឹង​ការ​ទាមទារ​ពង្រីក​មាឌ​របស់​ក្រុង​ប៉េកាំង​ដូចនេះ គឺ​កើតឡើង​ចំ​ពេល​ភាព​តានតឹង​កាន់តែ​កើន​ឡើង​រវាង​ចិន និង​បណ្តា​រដ្ឋ​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ជម្លោះ​ដែនសមុទ្រ​ខាងត្បូង។

ទាក់ទង​នឹង​ការ​ធ្វើ​ការទូត​វ៉ាក់សាំង​វិញ គឺ​សហរដ្ឋ​អាមេរិក​ក៏​បាន​ធានា​ដល់​តំបន់​អាស៊ាន​ថា វ៉ាក់សាំង Covid-19 ផលិត​ដោយ​ជនជាតិ​អាមេរិក នឹង​ផ្គត់ផ្គង់​ទៅ​ដល់​មនុស្ស​រាប់​រយ​លាន​នាក់​នៅ​ក្នុង​តំបន់​នេះ។

ប្រទេស​វៀតណាម ទទួល​បាន ៥​លាន​ដូស ឥណ្ឌូនេស៊ី ៤​លាន​ដូស ហ្វីលីពីន ៣​លាន ២​សែន​ដូស ម៉ាឡេស៊ី ១​លាន​ដូស និង​ប្រទេស​ឡាវ ១​លាន ៨​ពាន់​ដូស គឺ​វ៉ាក់សាំង Moderna។ ចំណែក​ប្រទេស​ដទៃ​ទៀត​ក៏​នឹង​ទទួល​បាន​វ៉ាក់សាំង​នេះ​ដែរ។

ដើម្បី​ធានា​ដល់​រដ្ឋ​ក្នុង​តំបន់​ដែល​រង​ការ​ឡោមព័ទ្ធ​ពី​ចិន គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin ប្រកាស​ការ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​រដ្ឋ​ជួរមុខ​ដែល​មាន​ជម្លោះ និង​មាន​ឥទ្ធិពល​ទប់ទល់​នឹង​ចិន ដូចជា​ហ្វីលីពីន វៀតណាម និង​សិង្ហបុរី។ លោក Lloyd Austin នឹង​មក​ដល់​ប្រទេស​៣​នេះ​នៅ​ថ្ងៃ​សុក្រ ក្នុង​សប្ដាហ៍​នេះ។

កិច្ចប្រជុំ​តំបន់​វិញ ក៏​គេ​រំពឹង​ថា លោក ចូ បៃដិន នឹង​មិន​ទុក​អាស៊ាន​ចោល​ដូច​លោក ដូណាល់ ត្រាំ ទេ គឺ​លោក​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ចុង​ឆ្នាំ​នេះ។

ពេញ​មួយ​ទសវត្ស​មក​នេះ អាស៊ី​អាគ្នេយ៍​បាន​ក្លាយ​ជា​ឆាក​ល្ខោន​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​អាមេរិក។ ប៉ុន្តែ​ដោយ​ភាព​ពឹងផ្អែក​ខ្លាំង​លើ​ប្រទេស​នៃ​អាស៊ី​អាគ្នេយ៍​អំពី​អន្តរភាព​នៃ​ការ​អភិវឌ្ឍ​របស់​ចិន ហើយ​រដ្ឋការ​លោក ដូណាល់ ត្រាំ ផ្ដោត​ជា​សំខាន់​នៅ​មជ្ឈិមបូព៌ា បាន​ធ្វើ​ឱ្យ​អាស៊ាន​ពុំសូវ​មាន​ភាព​កក់ក្ដៅ​ពី​អាមេរិក។

ការស្ទង់មតិ​ប្រចាំ​ឆ្នាំ​ដោយ​វិទ្យាស្ថាន ISEAS Yusof-Ishak មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​រក​ឃើញ​ថា​ជាង ៦១% នៃ​អ្នក​ឆ្លើយតប គឺ​ចូលចិត្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋការ ចូ បៃដិន គឺ​ជាង​លោក ស៊ី ជីនពីង មេដឹកនាំ​ចិន។ នេះ​បើ​តាម​កាសែត​ជប៉ុន Nikkei Review។

ទោះ​យ៉ាងណា រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ អាស៊ាន​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទីក្រុង​វ៉ាស៊ីនតោន នៅ​ពេល​ដែល​លោក Blinken និង​លោក Austin បាន​ចាប់ផ្តើម​ធ្វើ​នយោបាយ​ការទូត​នៅ​អាស៊ី​អាគ្នេយ៍។

ការប្រជុំ​រៀបចំ​តាម​អ៊ីនធឺណិត​រវាង​លោក Blinken និង​ប្រមុខ​ការទូត​អាស៊ាន​ដំបូង គឺ​គេ​អាច​មើល​ឃើញ​ថា ការ​បោះ​ជំហាន​របស់​រដ្ឋមន្ត្រី​ការបរទេស​នេះ គឺជា​ឥរិយាបថ​អធ្យាស្រ័យ​ដ៏​ទន់ភ្លន់ និង​ប្រកប​ដោយ​ការ​យកចិត្ត​ទុកដាក់។ ដោយ​ចង់​ទទួល​បាន​មកវិញ​នូវ​ដៃគូ​អាស៊ី​អាគ្នេយ៍ គឺ​លោក Blinken បាន​សង្កត់​ធ្ងន់​លើ​ការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋការ Biden ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់។

ក្នុង​អំឡុង​ពេល​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​អាស៊ាន​ក្នុង​ខែ​នេះ គឺ​ប្រមុខ​ការទូត​អាមេរិក​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​ទីក្រុង​វ៉ាស៊ីនតោន ចំពោះ​កង្វះ​សកម្មភាព​លើ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ភូមា។

លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​ប្រជាធិបតេយ្យ និង​មេដឹកនាំ​ស៊ីវិល​ជាបន្ទាន់ គឺ​ត្រូវ​ឆ្លើយតប​ទៅ​នឹង​យន្តការ ៥​ចំណុច​របស់​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ភូមា។

លោក Blinken ក៏​បាន​រំឭក​ឡើងវិញ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​មេគង្គ​សេរី និង​បើក​ចំហ ខណៈ​ដែល​បណ្តា​ប្រទេស​ខ្សែទឹក​ខាងលើ​ដូចជា​ប្រទេស​ចិន ពង្រីក​គម្រោង​ទំនប់​វារីអគ្គិសនី​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន​ទន្លេ និង​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​រស់​អាស្រ័យ​លើ​ភោគផល​ធម្មជាតិ។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក Lloyd Austin គឺ​លោក John Kirby អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ បាន​ប្រកាស​ថា វត្តមាន​របស់​លោក Austin នឹង​បង្ហាញ​ពី​សារសំខាន់​នៃ​រដ្ឋការ​លោក បៃដិន គឺថា​មិន​អាច​អត់​អាស៊ាន​បាន​ទេ​ក្នុង​ការ​ស្ថាបនា និង​ពង្រឹង​សន្តិសុខ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី លោក Hishammuddin Hussein បាន​ស្វាគមន៍​ភ្លាមៗ​ចំពោះ​ការ​សន្យា​របស់​សហរដ្ឋ​អាមេរិក ដោយ​ចាត់ទុក​ជា​សញ្ញា​មួយ​នៃ​ការ​ប្ដេជ្ញាចិត្ត​ឡើងវិញ​របស់​រដ្ឋការ​លោក Biden ដែល​បង្កើន​ទំនាក់ទំនង​ការពារ​ជាតិ និង​យុទ្ធសាស្ត្រ​ជាមួយ​នឹង​មហាអំណាច​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺ​ប្រទេស​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស