ក្រសួងការពារជាតិនៃប្រទេសកម្ពុជា អះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅសង្កេតការណ៍អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបទឈប់បាញ់គ្នាចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ កុម្ភៈ នេះថា ក្រុមសម្របសម្រួល (CLG) ខាងខ្មែរ បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពខូចខាតជាក់ស្តែងនៅលើទីតាំងផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ នេះ។
អ្នកនាំពាក្យដដែលអះអាងថា ចាប់តាំងពីពេលបទឈប់បាញ់ចូលជាធរមានមក ប្រទេសកម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់គ្នា សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅផងដែរ។
កាលពីថ្ងៃទី២៤ កុម្ភៈ កាសែត Thai Enquirer បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែលប្រាប់នាយកអង្គការយូណេស្កូ (UNESCO) លោក Khaled Ahmed El-Enany Ali Ezz ថា ប្រាសាទព្រះវិហារត្រូវបានប្រទេសកម្ពុជាប្រើប្រាស់ក្នុងគោលបំណងយោធា ជុំវិញជម្លោះព្រំដែននៃប្រទេសទាំងពីរ ពោលគឺបោះទីតាំងទ័ពជាជម្រក និងកន្លែងស្តុកអាវុធ។
ប្រភពដដែលបញ្ជាក់ថា ប្រទេសថៃ មានការសោកស្តាយចំពោះឧប្បត្តិហេតុចំពោះប្រាសាទនេះ ព្រោះថៃ មិនចង់ឱ្យព្រឹត្តិការណ៍បែបនេះកើតឡើងនោះទេ ប៉ុន្តែរឿងដ៏អាក្រក់នេះនឹងមិនកើតឡើងឡើយ ប្រសិនបើប្រាសាទនេះមិនត្រូវបានភាគីកម្ពុជា យកទៅប្រើប្រាស់សម្រាប់គោលបំណងយោធានោះ។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីពេលថ្មីៗនេះថា សង្គ្រាមរវាងកងទ័ពថៃ និងកងទ័ពខ្មែរ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានវាយប្រហារលើភូមិសាស្ត្រប្រាសាទព្រះវិហារប្រមាណជាង ៤០លើក។
ចំពោះជម្លោះចោទគ្នាទៅវិញទៅមករកដំណោះស្រាយចុងក្រោយមិនទាន់បាននេះ រដ្ឋាភិបាលជប៉ុន បង្កើនសកម្មភាពការទូតដោយបញ្ជូនឯកអគ្គរាជទូតសម្រាប់តំបន់ទន្លេមេគង្គ លោក Hayashi Teiji កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ទៅជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសស្តីទី អ្នកស្រី អ៊ាត សោភា និងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា។ លោក ហាយ៉ាស្ហី សម្ដែងចំណាប់អារម្មណ៍ថា ទំនាក់ទំនងប្រពៃរឹងមាំយូរអង្វែងរវាងអ្នកជិតខាង មានសារសំខាន់បំផុតសម្រាប់ស្ថិរភាព និងអភិវឌ្ឍនៅតំបន់ទន្លេមេគង្គ។
ទស្សនកិច្ចនេះ ធ្វើឡើងចំពេលមានសមយុទ្ធយោធា «ពស់វែកមាស ទី៤៥» ក្នុងទឹកដីប្រទេសថៃឡង់ដ៍ ដែលមានប្រទេស ១០ ចូលរួមផ្ទាល់ និងប្រទេស ២០ ចូលរួមផ្នែកផ្សេងៗគ្នា លើកលែងតែប្រទេសកម្ពុជា និងប្រទេសភូមា។
ជុំវិញបញ្ហាវិវាទជាមួយប្រទេសថៃឡង់ដ៍នេះ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានលើកឡើងកាលពីថ្ងៃទី១៣ កុម្ភៈ ដោយជំរុញឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវមានជំហរជាក់លាក់ឱ្យកាន់តែខ្លាំងក្នុងការផ្សព្វផ្សាយរាល់ការរំលោភបំពានទាំងឡាយពីភាគីថៃ លើទឹកដីប្រទេសកម្ពុជា ហើយក៏ត្រូវតែបញ្ជាក់ឲ្យច្បាស់ដែរថាការរំលោភបំពានណាមួយដែលមិនគោរពដល់សហរដ្ឋអាមេរិក និងអាស៊ាន រហូតមកនោះ។
លោក ឆាំង យុ អះអាងថា សកម្មភាពរំលោភបំពាន គឺមិនមែនគ្រាន់តែជាការរំលោភអធិបតេយ្យជាតិខ្មែរតែប៉ុណ្ណោះនោះទេ ប៉ុន្តែវាគឺជាការមិនគោរព និងគ្មានភាពអាម៉ាស់មុខចំពោះសហរដ្ឋអាមេរិក និងអាស៊ានថែមទៀត ដែលតម្រូវឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ពិនិត្យ រាយការណ៍ដោយយុត្តិធម៌សម្រាប់ភាគីរងគ្រោះជុំវិញបញ្ហានេះ។
យ៉ាងណាមិញ តាមកាសែតថៃ The Nation នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យយោធាថៃ បានបដិសេធទៅនឹងការអះអាងពីលោក ប្រាក់ សុខុន ដែលថាវត្តមានយោធាថៃ ក្នុងដីខ្មែរ បង្កឲ្យមានជនស៊ីវិលបោះបង់លំនៅឋានជាង ៦សែននាក់ ដោយថ្លែងថាយោធាថៃ ការពារទឹកដីខ្លួនដែលខ្មែរទន្ទ្រានយកនៅ ហើយកន្លែងខ្លះ យោធាខ្មែរប្រើជាទីតាំងផ្លោងផ្តក់ដាក់យោធា និងភូមិប្រជាពលរដ្ឋថៃ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

