ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា រដ្ឋាភិបាលកម្ពុជាដែលជាអ្នកមានអំណាចពីពលរដ្ឋខ្មែរ គួរតែប្រើប្រាស់នីតិវិធីច្បាប់ដើម្បីបញ្ចប់សកម្មភាពអតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី ដើម្បីកុំឲ្យរំខានខ្លួនឯង និងអ្នកដទៃតទៅទៀត។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២២ ខែកក្កដា ថា មនុស្សវៃឆ្លាតនឹងមិនទៅអើពើដឹងឮ មិនឆ្លើយ មិនឆ្លង មិនឈ្លោះជាមួយមនុស្សដែលត្រូវបានគេចាត់ទុកជាទណ្ឌិតអត់បានការ គ្មាននរណាយកចិត្តទុកដាក់នោះទេ។
លោកអះអាងថា រដ្ឋាភិបាលកម្ពុជាគួរតែសហការជាមួយអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិដែលគេហៅកាត់ថា អាំងទែរប៉ូល ឲ្យចាប់ខ្លួនអតីតមេបក្សប្រឆាំងរូបនេះបញ្ជូនទៅកាត់ទោស និងទទួលទណ្ឌកម្មនៅពន្ធនាគារស្របតាមច្បាប់របស់កម្ពុជា ទើបជារឿងត្រឹមត្រូវ។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា កម្ពុជាក៏អាចស្នើឲ្យរដ្ឋាភិបាលបារាំងចាប់ខ្លួនលោក សម រង្ស៊ី បញ្ជូនទៅកាត់ទោសនៅកម្ពុជាដោយឈរលើមូលដ្ឋាន និងក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបត្យាប័នរវាងរដ្ឋាភិបាលសាធារណរដ្ឋបារាំង និងរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៥ ផងដែរ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយអំពាវនាវឲ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជានៅពេលខាងមុខ។

ប៉ុន្តែក្រោយការប្រកាសរបស់អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានគេមើលឃើញថាគ្រាន់តែជាការប្រកាសខ្យល់ប៉ុណ្ណោះ ខណៈផែនការនៃការអនុវត្ត និងកម្លាំងនយោបាយដើម្បីបង្កើតរដ្ឋាភិបាលដែលខ្លួនបានប្រកាសនោះ មិនទាន់លេចចេញជាសកម្មភាពអ្វីមួយនៅឡើយទេ ស្របពេលដែលអ្នកវិភាគនយោបាយសង្គមអះអាងថា ជាផែនការដែលរំលោភច្បាប់កម្ពុជាទាំងស្រុង។
ប៉ុន្តែប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២១ ខែកក្កដា ថា ការប្រកាសឲ្យមានការចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យ៉ាងធ្ងន់ធ្ងរ។
លោក ទូច វិបុល បញ្ជាក់ថា អ្នកនយោបាយប្រឆាំងមិនត្រូវចូលរួមលេងល្បែងនយោបាយខុសច្បាប់ដូចដែលគណបក្សកាន់អំណាចធ្លាប់ប្រព្រឹត្តកន្លងមកនោះទេ ព្រោះថាអ្នកនយោបាយខាងប្រឆាំងត្រូវតែធ្វើជាគំរូល្អឲ្យពលរដ្ឋអនុវត្តតាម មិនអាចព្រោះតែដើម្បីល្បិចកលនយោបាយរបស់ខ្លួន មិនគិតពីភាពមិនស្របច្បាប់នៃទង្វើរបស់ខ្លួននោះឡើយ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា អតីតមេដឹកនាំបក្សប្រឆាំងចូលចិត្តលេងល្បែងនយោបាយខុសច្បាប់ដែលនាំឲ្យខូចប្រយោជន៍ជាតិខ្មែរ មិនចាញ់មេដឹកនាំបក្សកាន់អំណាចប៉ុន្មានទេ មានពេលខ្លះ ពួកគេនាំគ្នាលេងល្បែងទាំងនោះជាមួយគ្នាថែមទៀតផង។ ជាក់ស្តែងកាលពីឆ្នាំ២០០៦ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បាននាំគ្នារំលោភរដ្ឋធម្មនុញ្ញកែច្បាប់ពី ២ភាគ៣ មក ៥០បូក១ ជាដើម។
ពួកគេព្រមានថា មន្ត្រីបក្សប្រឆាំងគួរតែបញ្ឈប់សកម្មភាពនយោបាយដែលរំលោភលើច្បាប់របស់កម្ពុជាបន្តទៀតទៅ ប្រសិនបើពួកគេពិតជាចង់បញ្ចប់វិបត្តិនយោបាយនៅកម្ពុជាមែននោះ ព្រោះថាការលេងល្បែងល្បិចកលដាក់គ្នាទៅវិញទៅមកបែបនេះ មានតែធ្វើឲ្យពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាធ្លាក់រណ្តៅវិនាសហិនហោចកាន់តែខ្លាំងប៉ុណ្ណោះ។
ជុំវិញផែនការរំលោភច្បាប់របស់អតីតមេដឹកនាំប្រឆាំង ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី Rhona Smith ធ្លាប់បានថ្កោលទោសផែនការរបស់លោក សម រង្ស៊ី ផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ថ្ងៃទី០៩ វិច្ឆិកា ផងដែរថាជាការរំលោភបទដ្ឋានអន្តរជាតិស្ដីពីដំណោះស្រាយដោយសន្តិវិធី និងអហិង្សា៕