38 C
Phnom Penh

GDP៖ ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​ឲ្យ​រឹងមាំ​គឺ​ត្រូវ​ធ្វើ​នយោបាយ​ប្រឈម​នឹង​បុគ្គល​ធិបតេយ្យ​យ៉ាង​ស្វិតស្វាញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​លើកឡើង​ថា ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ឲ្យ​បាន​រឹងមាំ គឺ​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​លើ​សមរភូមិ​នយោបាយ​បែប​បុគ្គលធិបតេយ្យ​យ៉ាង​ស្វិតស្វាញ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពិតជា​ត្រូវការ​ពេលវេលា​សមរម្យ​មួយ​ក្នុង​ការ​បោះជំហាន​ទៅមុខ​ម្តង​មួយ​ជំហានៗ​ប្រៀប​ដូចជា​ការ​សាងសង់​ផ្ទះ​ធំ​ទូលាយ និង​រឹងមាំ​មួយ​សម្រាប់​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទាំងមូល​ដូច្នេះ​ដែរ។

លោក​អះអាង​ថា ដើម្បី​លើកស្ទួយ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការចូលរួម​ប្រកួតប្រជែង​រក​ការ​គាំទ្រ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ដើម្បី​ចូលរួម​អភិវឌ្ឍ​ឲ្យ​មាន​ឃុំ-សង្កាត់​គំរូ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ដាក់​ផែនការ​ពង្រីក​ការ​កសាង​ឃុំ-សង្កាត់​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​បែប​ប្រជាធិបតេយ្យ​ឲ្យ​បាន​ជាង ១០០​ឃុំ-សង្កាត់​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ខាងមុខ​នេះ ដោយ​ផ្តើម​ចេញពី​ភាព​ជា​គំរូ​ក្នុង​ឃុំ​ចំនួន​៣ ដែល GDP ទទួល​បាន​កាលពី​អាណត្តិ​ទី​៤ កន្លងទៅ​នោះ។

លោក​បញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺជា​ជម្រើស​ថ្មី​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​តំណាង​ឲ្យ​វប្បធម៌​នយោបាយ​ថ្មី​ដើម្បី​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស និង​កសាង​ភាព​សម្បូរ​សប្បាយ​ជូន​ជាតិ​មាតុភូមិ ដោយ​បំពេញ​តួនាទី​ជូន​កម្ពុជា​នូវ​ការ​តាមដាន រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លើ​គ្រប់​វិស័យ ដូចជា​វិស័យ​សុខាភិបាល កសិកម្ម សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន ជាដើម។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បង្ហាញ​ជំហរ​នយោបាយ​របស់​ខ្លួន ខណៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ខិត​ជិត​មកដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​អាច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​បាន ប៉ុន្តែ​ត្រូវ​នាំគ្នា​ពិនិត្យ​មើល​ប្រព័ន្ធ​បោះឆ្នោត​នោះ​ជា​មុន​សិន ថា​តើ​មាន​ភាព​ឯករាជ​គួរ​ឲ្យ​ទុកចិត្ត​ដែរ​ឬ​ទេ។

លោក​អះអាង​ថា ដើម្បី​ធានា​ការបោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គណបក្ស​ក្រៅ​រដ្ឋាភិបាល​គួរតែ​នាំគ្នា​ដាក់​សំណើ​រួម​មួយ​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឲ្យ​មាន​ភាព​ឯករាជ​ជា​មុន​សិន។ បន្ថែម​ពី​នេះ ស្នើ​ឲ្យ​បើក​ទូលាយ​នូវ​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន ជាដើម ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​បាន​តាម​សំណើ​នេះ​ទេ នោះ​មិន​គួរ​នាំគ្នា​ចូលរួម​ការបោះឆ្នោត​ដែល​គ្មាន​តម្លាភាព​នោះ​ឡើយ។

បណ្ឌិត សេក សុជាតិ បញ្ជាក់​ថា ការ​នាំគ្នា​ចូលរួម​បោះឆ្នោត​ព្រោងព្រាត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស គឺ​ពិតជា​ល្អ​ហើយ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ មាន​តម្លាភាព និង​ប្រសិទ្ធភាព​លើ​ដំណើរការ​បោះឆ្នោត​នោះ គឺ​រឹត​តែ​សំខាន់​ទៅទៀត។

ដូច្នេះ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​ការ​កែលំអ​តាមរយៈ​ការ​សហការ​គ្នា​រវាង​បក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ ដោយ​ការ​ធ្វើ​ពហិការ​មិន​ចូល​ក្នុង​ការបោះឆ្នោត ជាដើម ប្រសិនបើ​ប្រព័ន្ធ​បោះឆ្នោត​នោះ​គ្មាន​ភាព​ឯករាជ សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ទាល់តែ​មន្ត្រី​រាជការ​ស៊ីវិល យោធា នគរបាល និង​មន្ត្រី​តុលាការ​មិន​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ និង​មិន​ធ្វើ​សកម្មភាព​នយោបាយ ទើប​អាច​រៀបចំ​ការបោះឆ្នោត​ឲ្យ​មាន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទៅ​បាន។

ពួកគេ​អះអាង​ថា ដំណើរការ​ប្រជាធិបតេយ្យ​មិន​អាច​អព្យាក្រឹត ឥត​លម្អៀង យុត្តិធម៌ និង​ស្មើភាព​គ្នា​ទៅ​កើត​ទេ បើ​មន្ត្រី​រាជការ​មួយ​នគរ​ដែល​រាស្ត្រ​ផ្តល់​បៀវត្ស​ចិញ្ចឹម និង​មាន​អំណាច​លើ​រាស្ត្រ ជា​សមាជិក​បក្ស និង​ធ្វើ​សកម្មភាព​បម្រើ​បក្ស​របស់​ពួកគេ​ទៅវិញ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស