មន្ត្រីជាន់ខ្ពស់របស់បក្សក្រៅរដ្ឋាភិបាលមួយ លើកឡើងថា សកម្មភាពនៃការបំផ្លិចបំផ្លាញស្លាកសញ្ញាគណបក្សខ្មែរស្រឡាញ់ជាតិ បានបង្ហាញឲ្យឃើញពីការរើសអើងនយោបាយនៅកម្ពុជា ដែលបានបន្តពីអតីតកាលមកមិនទាន់អាចបំបាត់បាននៅឡើយ។
អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក កង គឹមហាក់ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ថា ការបណ្តែតបណ្តោយឲ្យមានសកម្មភាពកាប់បំផ្លាញស្លាកសញ្ញាគណបក្សក្រៅរដ្ឋាភិបាលដោយមិនមានការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ដែលជាការបង្ហាញឲ្យឃើញនូវការរើសអើង ការបំភិតបំភ័យផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា តាំងពីអតីតកាលរហូតដល់សព្វថ្ងៃនេះ។
លោកអះអាងថា សកម្មភាពដែលបានប្រព្រឹត្តផ្ទុយពីផ្លូវច្បាប់បែបនេះ គឺជាការប្រមាថទៅដល់ស្ថាប័នកំពូលរបស់រដ្ឋាភិបាល គឺក្រសួងមហាផ្ទៃទាំងស្រុងដែលបានចេញលិខិតអនុញ្ញាតឲ្យគណបក្សខ្មែរស្រឡាញ់ជាតិ អាចធ្វើសកម្មភាពនយោបាយទូទាំងប្រទេស ប៉ុន្តែត្រូវជនអគតិធ្វើសកម្មភាពប្រឆាំងដោយចំហមិនកោតញញើតនឹងផ្លូវច្បាប់ទាល់តែសោះ។
លោក កង គឹមហាក់ បញ្ជាក់ជំហរយ៉ាងមុតមាំថា សកម្មជន និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់គណបក្សនេះ នឹងមិនរាថយជាដាច់ខាត បើទោះបីជាមានឧបសគ្គដោយការគំរាមកំហែងជាបន្តបន្ទាប់នាពេលកន្លងមកក៏ដោយ ក៏ក្រុមរបស់លោកនៅតែបន្តដំណើរឆ្ពោះទៅមូលដ្ឋានដើម្បីការផ្លាស់ប្ដូរដោយសន្តិវិធីស្របតាមប្រព័ន្ធលទ្ធិប្រជាធិបតេយ្យជានិច្ច។
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ស្លាកសញ្ញាគណបក្សខ្មែរស្រឡាញ់ជាតិ ដែលស្ថិតនៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចកាត់ចេញពីទីតាំងដើមបាត់ស្រមោលតែម្តង ខណៈអាជ្ញាធរមូលដ្ឋានមិនមានចំណាត់ការណាមួយលើករណីនេះនៅឡើយទេ។
ជុំវិញបញ្ហានេះ សកម្មជនមូលដ្ឋានរបស់គណបក្សនេះ បានអះអាងថា ការបំភិតបំភ័យនៅមូលដ្ឋានមិនមែនត្រឹមតែកាត់ស្លាកសញ្ញាគណបក្សរបស់ពួកគេមួយលើក ឬពីរលើកប៉ុណ្ណោះទេ គឺតែងតែកើតឡើងជាហូរហែរហូតមក។ ជាងនេះទៀត ក៏មានការរឹតត្បិតពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ នៅពេលដែលមានការជួបជុំរវាងមន្ត្រីជាន់ខ្ពស់ និងសកម្មជននៅមូលដ្ឋានរបស់ពួកគេ។
ក្រោយលេចចេញរូបរាងជាផ្លូវការដែលអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយពីក្រសួងមហាផ្ទៃ អស់រយៈពេលជិត ២ឆ្នាំមកនេះ គណបក្សថ្មីដែលទើបតែហក់ចូលសង្វៀននយោបាយមួយនេះ បានរៀបចំបេក្ខភាពរបស់ខ្លួនដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ បានជាងពាក់កណ្តាលនៃឃុំ-សង្កាត់ទូទាំងប្រទេសហើយ។
គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២០ ក្រោមការផ្ដួចផ្ដើមរបស់លោក ជីវ កត្តា និងលោក កង គឹមហាក់ ដែលជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីតុលាការកំពូលប្រកាសរំលាយបក្សប្រឆាំងដ៏ធំមួយនេះកាលពីឆ្នាំ២០១៧ កន្លងទៅ៕